ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មីមួយទៀតតម្លៃជិត៥៧លានដុល្លារ តភ្ជាប់កំពង់ចាម ទៅត្បូងឃ្មុំ

FN ៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។ គម្រោងសាងសង់ស្ពាននិងផ្លូវនេះ គ្រោងចំណាយថវិកាជិត៥៧លានដុល្លារ ការសាងសង់នេះនឹងបញ្ចប់នៅឆ្នាំ២០២១ ដោយចំណាយពេលប្រមាណ៤២ខែ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតចិនថា ស្ពាន៨ ដែលចិនផ្តល់កម្ចីសម្រាប់សាងសង់មិនទាន់ចប់នោះទេ នៅយ៉ាងហោចណាស់៣ទៀត។ រួមមាន៖ ស្ពាននៅទីរួមខេត្តក្រចេះ ភ្ជាប់ទៅខេត្តកំពង់ធំ ស្ពានភ្ជាប់ពីជ្រោយចង្វា ទៅអរិយក្សត្រស្វាយជ្រុំ និងស្ពាំនភ្ជាប់ទៅក្តីតាកុយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាស្មានដឹងថា កុមារម្នាក់ដែលធ្លាប់តែឆ្លងទូកនៅស្ទឹងត្រង់-ក្រូចឆ្មារ និងឆ្លងសាឡាងនៅតំបន់នានានោះ បានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស ដែលមិនធ្លាប់បានគិតដល់នោះ។ * សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះលោក សម រង្ស៊ី…

សេចក្តីដកស្រង់សង្កថា បើកការដ្ឋានសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីស្ទឹងត្រង់ ទៅក្រូចឆ្មារ

ស្ពានទី ៨ ប្រសិទ្ធនាមហៅថា ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ​ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរព នឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានវិលត្រឡប់មកស្រុកកំណើតសាជាថ្មីម្ដងទៀត ដើម្បីសម្ពោធបើកការដ្ឋានសាងសង់នូវស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលខ្ញុំសូមប្រសិទ្ធនាមហៅថា ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានទី ៨ ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់ហិរញ្ញប្បទាន​ បូកជាមួយនឹងហិរញ្ញប្បទានរបស់ព្រះរាជាណាចក្រកម្ពុជា។ បើរាប់តាមស្ពាននៅតាមដងទន្លេមេគង្គនេះ មានចំនួនស្ពាន ៣៖ ស្ពានទី ១ គឺស្ពានទន្លេមេគង្គដែរ ដែលហៅថា សេកុង នៅឯស្ទឹងត្រែង។ ស្ពានទី ២ គឺ ស្ពានទន្លេមេគង្គស្ទឹងត្រែង។ សូមបញ្ជាក់ជូនបន្តិចថា ស្ពានទន្លេសេកុងស្ទឹងត្រែង គឺជាស្ពានមួយភ្ជាប់ទីមួយខេត្តស្ទឹងត្រែង ទៅជាមួយព្រំដែនឡាវឯណោះ។ ឯស្ពានទន្លេមេគង្គនៅស្ទឹងត្រែង​ គឺជាស្ពានមួយដើម្បីតភ្ជាប់រវាងខេត្តស្ទឹងត្រែង ក្រចេះ ជាមួយនឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ បន្តចុះពីស្ទឹងត្រែងរហូតមកដល់ទីនេះ គឺយើងមានស្ពានមួយទៀត ដែលបើកការដ្ឋាននៅថ្ងៃនេះ។ បន្តទៅ…