សេចក្តីដកស្រង់ ប្រសាសន៍សំណេះសំណាល សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានគណបក្សប្រជាជន សួរសុខទុក្ខប្រជាពលរដ្ឋជនភៀសសឹកក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បងប្អូនជនរួមជាតិ ជាទីគោរពស្រលាញ់! ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកជួបជុំបងប្អូនទាំងអស់។ ដំបូងនេះ អនុញ្ញាតឲ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ ជាទីសក្ការៈរបស់យើង ក៏ដូចជាសម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ផ្ញើជូនបងប្អូនជនភៀសសឹកទាំងអស់។ ព្រះអង្គ(តែងបាន)យកចិត្តទុកដាក់ចណពោះបងប្អូនជនភៀសសឹក។ ខ្ញុំក៏សូមបញ្ជាក់ជូនថា ព្រះមហាក្សត្ររបស់យើង រួមជាមួយនឹងសម្ដេចម៉ែ មានព្រះទ័យយកចិត្តទុកដាក់ជាខ្លាំង។ ពេលមួយ សភាពការណ៍កំពុងតែតានតឹង ព្រះមហាក្សត្របានស្នើសុំឲ្យរៀបចំ ដើម្បីព្រះអង្គអាចមកសួរសុខទុក្ខផ្ទាល់ចំពោះជនភៀសសឹក។ ក៏ប៉ុន្តែពេលនោះ ស្ថានភាពតឹងតែងខ្លាំង។ ខ្ញុំក៏បានទូលថ្វាយទៅព្រះមហាក្សត្រ ក្នុងឋានៈខ្ញុំជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថា ព្រះអង្គមិនគួរយាងចេញទេនៅពេលនេះ ដោយសារតែអ្នកឈ្លានពានមិនគិតថាទីកន្លែងណាដែលគេត្រូវវាយទេ។ ដូច្នេះ ព្រះអង្គក៏អាក់ខាន។ មិនមែនបានសេចក្ដីថា ព្រះអង្គមិនបានគិតគូរនិងយកចិត្តទុកដាក់ទៅលើជនភៀសសឹកទេ។ ជាបន្តបន្ទាប់ ព្រះមហាក្សត្ររបស់យើង ក៏ដូចជាសម្ដេចម៉ែ ព្រះអង្គតែងតែមានព្រះរាជតំណាងយកជំនួយមកចែកជូនចំពោះជនភៀសសឹក ក៏ដូចជាជូនកងកម្លាំងប្រដាប់អាវុធរបស់យើងផងដែរ។ នេះបង្ហាញអំពីការយកព្រះទ័យទុកដាក់របស់ព្រះមហាក្សត្រ ក៏ដូចជាសម្ដេចម៉ែចំពោះសុខទុក្ខរបស់យុទ្ធជនយុទ្ធនារី នៅសមរភូមិមុខ ក៏ដូចជាបងប្អូនជនភៀសសឹកនៅទូទាំងព្រំដែនកម្ពុជា-ថៃ។ បន្តទៅនេះ អនុញ្ញាតឲ្យខ្ញុំសំដែងការវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានចាត់តាំងរៀបចំកិច្ចការ(សាងសង់ជំរកបណ្តោះអាសន្ន)នេះដ៏រហ័ស។ ជាអតីតនាយករដ្ឋមន្ត្រី ហើយពេលនេះជាប្រ​ធានព្រឹទ្ធសភា និងកំពុងតែធ្វើជាប្រមុខរដ្ឋស្ដីទីក្នុងពេលដែលអវត្តមានព្រះមហាក្សត្រ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ដែលរាជរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានធ្វើសកម្មភាពបានឆាប់រហ័ស តាមរយៈគណៈកម្មការចំពោះកិច្ច ដែលមានឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម ធ្វើជាប្រធាន និងក្រុមការងារដឹកនាំដោយឯកឧត្ដម…

ការដកស្រង់សេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥

(១) ទោះបីជីវិតពោរពេញដោយភាពផុយស្រួយ តែជំនះបានកម្លាំងសង្កត់៣ ថ្ងៃនេះគឺថ្ងៃទី២៤ ខែតុលា។ បានសេចក្ដីថា ម្សិលមិញគឺជាថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស។ ថ្ងៃនេះ មិនទាន់ដល់ ២៤ម៉ោងទេ បើយើងគិតពីពេលវេលាចុះហត្ថលេខា។ នៅទីនេះ យ៉ាងហោចណាស់មានឥស្សរជន ៣រូប ដែលនៅចងចាំព្រឹត្តិការណ៍នេះ។ ទី១ គឺសម្ដេចព្រះរាជបុត្រី និងទី២ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាពិសេស ទី៣ គឺឯកឧត្ដម ចែម វីឌ្យ៉ា ដែលនៅជាប់នឹងខ្ញុំក្នុងពេលនោះ ជាមួយឯកឧត្ដម ចម ប្រសិទ្ធ និង ឯកឧត្ដម អ៊ុច គឹមអ៊ន។ ឯកឧត្តម ចម ប្រសិទ្ធ គឺជាឪពុករបស់រដ្ឋមន្រ្តីដែលមកការពារច្បាប់នៅទីនេះ។ ក្នុងការធ្វើជាម្ចាស់ផ្ទះ និងស្នាក់ការនៃ SNC (ឧត្តមក្រុមប្រឹក្សាជាតិ) បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ពេលនោះ ម៉ោងថ្មើរនេះ (រវាងកម្ពុជានិង)ប្រទេសបារាំង ខុសគ្នា ៦ម៉ោង។ ខ្ញុំមិនបានដេកទេ ដោយសារត្រូវរៀបចំច្រើនរឿង មុននឹងទៅប្រជុំនៅស្ថានទូតខ្មែរនៅបារាំង ​ដែលពេលនោះជាព្រះរាជដំ​ណាក់របស់ព្រះករុណាបិតា។ ខ្ញុំគួរតែរំព្ញកបន្តិចអំពីព្រឹត្តិការណ៍ខ្លះ ដែលបានកើតឡើង។ ខ្ញុំគិតថា…