សេចក្ដីអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥

ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលមានវត្តមាននៅទីនេះ។ មុនចូលដល់របៀបវារៈតាមទម្លាប់ ប្រសិនបើមានអ្វីត្រូវថ្លែង ប្រធានថ្លែងមុន។ ខ្ញុំគួរតែយកឱកាសនេះ និយាយបន្តិច ជូនពរសារជាថ្មីម្តងទៀតដល់ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មីកន្លងទៅនេះ។ ឆ្នាំនេះហាក់ដូចជាមានភាពចម្លែកបន្តិច ត្រង់ថាប្រជាពលរដ្ឋចូលរួមសប្បាយរីករាយ ប្លែកពី(ខុស)ធម្មតា។ កាលពីឆ្នាំ ២០២២ ក្រោយកូវីដ-១៩ ដែលយើងអាក់ខានចូលឆ្នាំក្នុងឆ្នាំ ២០២០ និង ២០២១, ប្រជាពលរដ្ឋក៏ក្លាំងក្លាណាស់ដែរក្នុងការចូលរួមចូលឆ្នាំ ដែលធ្វើឲ្យទូលបង្គំ ខ្ញុំមានការកង្វល់យ៉ាងខ្លាំងថា តើការសម្រេចចិត្តឲ្យប្រជាពលរដ្ឋជួបជុំក្នុងឱកាសចូលឆ្នាំនេះខុសឬត្រូវ។ ប៉ុន្តែជាកុសលល្អ បន្ទាប់ពីការចូលឆ្នាំហើយ អត្រាឆ្លងនៃកូវីដ-១៩ គឺពុំមានថែមទេ។ សម្រាប់ឆ្នាំនេះ ប្រជាពលរដ្ឋយើងសប្បាយគ្រប់ទីកន្លែង តាមរយៈ​ការរៀបចំសង្រ្កាន្ត។ ទូលបង្គំខ្ញុំនៅតែបន្តវាយតម្លៃថា មានកត្តា៤ យ៉ាងដែលធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយរីករាយ។ កត្តាទី១ គឺសុខសន្តិភាព។ នេះជាកត្តាចាំបាច់មុនគេ។ យើងបានឃើញហើយថាឆ្នាំ ១៩៧៥ នៅរដូវចូលឆ្នាំ គឺជាពេលវេលាវាយផ្តាច់ព្រ័ត្រនៅទីក្រុងភ្នំពេញ។ សួរថា តើប្រជាជននៅក្នុងកាលៈទេសៈ មានសង្រ្គាម បានចូលឆ្នាំទេ? ពិតជាមិនអាចទេ។ ជាមួយសុខសន្តិភាពដែលមាន និងការចាត់ចែងការពារសណ្តាប់ធ្នាប់បានយ៉ាងល្អ…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សម្ពោធស្ពានឫស្សីកែវ ឆ្លងទន្លេសាប ក្រុងភ្នំពេញ

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រីបងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! មិននឹកស្មានថាកាលពីមកបើកការដ្ឋាននៅត្រើយម្ខាងខាងនោះពាក់ពាវក្នុង(ពណ៌)អញ្ចឹង។ ឥឡូវមកមើលអម្បាញ់មិញអាវក្នុងពណ៌ហ្នឹងដែរ។ វាជាការគាប់ជួនទេ អត់បានពិនិត្យថាកាលពីពេល(មុន)ហ្នឹងពាក់អាវអី ប៉ុន្តែសំបកក្រៅដូចជាមិនមែនខ្មៅទេ(ពណ៌)ខៀវ ប៉ុន្តែខាងក្នុងពណ៌ហ្នឹងដដែល។ មុខដដែលពាក់អាវដដែលមានស្អី។ (១) យកចំណូលពីទីក្រុងភ្នំពេញ អភិវឌ្ឍទីក្រុងភ្នំពេញ ថ្ងៃនេះខ្ញុំមានការសប្បាយរីករាយដែលបានមកចូលរួមជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប ក៏ដូចជាស្ពានអាកាសឫស្សីកែវដែលស្ថិតនៅតាមផ្លូវជាតិលេខ៥ រួមគ្នាតែម្ដង។ នេះជាសមិទ្ធផលថ្មីមួយទៀតដែលយើងបានរួមគ្នាកសាង ចាប់ផ្ដើមពីការលំបាកលំបិនរហូតទៅដល់មានការអភិវឌ្ឍបែបនេះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍ស្តីពីការសាងសង់ហើយ។ យើងកំពុងតែស្ថិតនៅលើវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត មានន័យថាយកចំណូលពីទីក្រុងភ្នំពេញអភិវឌ្ឍទីក្រុងភ្នំពេញ។ (២) ឆ្នាំ ១៩៨៩ ខ្មែរក្រហមបាញ់ H12 សំដៅឃ្លាំងសាំងឫស្សីកែវ តំបន់ដែលយើងកំពុងនៅទីនេះ តភ្ជាប់រហូតទៅដល់កន្លែងប្រកួតស៊ីហ្គេមនិងវិមានឈ្នះឈ្នះ គឺសុទ្ធជាតំបន់ដែលយើងបានបញ្ជូនយុវជនពីត្រើយម្ខាង រាប់ទាំងពីបណ្ដាស្ថាប័ន ដូចជាក្រសួងការបរទេសជាដើម មកកាប់ព្រៃ ដើម្បីការពារកុំឱ្យខ្មែរក្រហមចូលមកកៀកទីក្រុងភ្នំពេញ។ ត្រឹមឆ្នាំ១៩៨៩ ដប់ឆ្នាំក្រោយពេលដែលយើងរំដោះ ពេលនោះយើងក៏ធ្វើពិធីបុណ្យធំមួយ ដោយមានព្យុះហយាត្រានៃកងកម្លាំងប្រដាប់អាវុធក៏ដូចជាមហាជនផង។ ពួកខ្មែរក្រហមបានបាញ់ H12 ចូលមកតំបន់ឫស្សីកែវនេះសំដៅមកឃ្លាំងសាំង។ រដ្ឋាភិបាលជំនាន់នោះ ក៏បានតម្រូវឱ្យមានការកាប់ព្រៃនៅខាងតំបន់ត្រើយម្ខាង រហូតដល់កន្លែងនេះទៀត…

ការដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី នៃសាលារាជធានីភ្នំពេញ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃនាយក សម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាង កញ្ញា! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មី នៃសា លា​រាជធានីភ្នំពេញ។ សុំអភ័យទោសផងដែរ កាលកំណត់មុននោះ គឺយើងយកព្រឹកថ្ងៃទី ៤ ខែ មេសា គឺ​ពី​ម្សិល​មិញនេះ ក៏ប៉ុន្តែ ដោយសារតែរដ្ឋសភាបានដាក់កម្មវិធីប្រជុំ នៅថ្ងៃទី ៤ យើងក៏បានលើកកម្មវិធី​ មក​ថ្ងៃ​ទី​ ៥ នេះវិញ។ ជាង ៣០ ឆ្នាំ ឈរជើងនៅក្នុងរាជរដ្ឋាភិបាលមិនដាច់រយៈ ពិតជាមានការរីករាយ ជាមួយនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីនេះ។ ខ្ញុំព្រះករុណាខ្ញុំ នៅចង​ចាំ​បានថា ទីស្តីការគណៈរដ្ឋមន្ត្រីចាស់របស់យើងនោះ គឺជាទីកន្លែងធ្វើការដំបូងរបស់សាលាក្រុង។ ពេល​នោះ មិនមែនតាមការកត់ត្រាដែលបានបញ្ជូនមកខ្ញុំព្រះករុណា(ខ្ញុំ)នេះទេ។ និយាយអញ្ចឹង គឺខុសហើយ។ ចាប់ផ្តើមដំបូង គេហៅគណៈកម្មការយោធាគ្រប់គ្រង។ ឯកឧត្តម ឃឹម ប៉ុន ចាំច្បាស់រឿងហ្នឹង។ នេះ​វង្វេង​ប្រវត្តិ​សាស្ត្រហើយ។ អ្នកធ្វើឲ្យខ្ញុំនេះ វង្វេងប្រវត្តិសាស្ត្រ។ ដាក់ថា…