ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃនាយក សម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាង កញ្ញា!
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មី នៃសា លារាជធានីភ្នំពេញ។ សុំអភ័យទោសផងដែរ កាលកំណត់មុននោះ គឺយើងយកព្រឹកថ្ងៃទី ៤ ខែ មេសា គឺពីម្សិលមិញនេះ ក៏ប៉ុន្តែ ដោយសារតែរដ្ឋសភាបានដាក់កម្មវិធីប្រជុំ នៅថ្ងៃទី ៤ យើងក៏បានលើកកម្មវិធី មកថ្ងៃទី ៥ នេះវិញ។
ជាង ៣០ ឆ្នាំ ឈរជើងនៅក្នុងរាជរដ្ឋាភិបាលមិនដាច់រយៈ
ពិតជាមានការរីករាយ ជាមួយនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីនេះ។ ខ្ញុំព្រះករុណាខ្ញុំ នៅចងចាំបានថា ទីស្តីការគណៈរដ្ឋមន្ត្រីចាស់របស់យើងនោះ គឺជាទីកន្លែងធ្វើការដំបូងរបស់សាលាក្រុង។ ពេលនោះ មិនមែនតាមការកត់ត្រាដែលបានបញ្ជូនមកខ្ញុំព្រះករុណា(ខ្ញុំ)នេះទេ។ និយាយអញ្ចឹង គឺខុសហើយ។ ចាប់ផ្តើមដំបូង គេហៅគណៈកម្មការយោធាគ្រប់គ្រង។ ឯកឧត្តម ឃឹម ប៉ុន ចាំច្បាស់រឿងហ្នឹង។ នេះវង្វេងប្រវត្តិសាស្ត្រហើយ។ អ្នកធ្វើឲ្យខ្ញុំនេះ វង្វេងប្រវត្តិសាស្ត្រ។ ដាក់ថា វ៉ាន់ សន ប្រធានគណៈកម្មការប្រជាជន។ តា វ៉ាន់ សន គាត់មកធ្វើលេខាទេ។ មកធ្វើមួយរយៈកាលនោះទេ។ ចាប់ផ្តើមចូលភ្នំពេញព្រឹប ភ្លាមដំបូង ហៅថា គណៈកម្មការយោធាគ្រប់គ្រងដឹកនាំដោយ ឯកឧត្តម ខាន់ សារិន។ កត់ត្រាវាទុកទៅ។ អ្នកដែលបន្តនិរន្តរភាពក្នុងរយៈពេលជាង ៣៧ ឆ្នាំ នៅក្នុង(រាជ)រដ្ឋាភិបាលនេះ គឺមានតែខ្ញុំម្នាក់គត់ ដែលឈរជើងនៅក្នុង(រាជ)រដ្ឋាភិបាលមិនដាច់រយៈ ពីរដ្ឋមន្ត្រីការបរទេស ទៅជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងទៅជានាយករដ្ឋមន្ត្រីរហូតមលដល់ពេលនេះ គឺជាង ៣៧ ឆ្នាំ។ អញ្ចឹងទេ បានជាចំណុចខ្លះត្រូវតែចងចាំ និងកត់ត្រាវាទុក ដើម្បីយើងធ្វើជាប្រវត្តិរបស់ទីក្រុងយើងក្រោយពេលរំដោះចេញពីរបប ប៉ុល ពត ថ្ងៃ ៧ មករា ១៩៧៩។
រដ្ឋប្រហារឆ្នាំ ១៩៧០
ការសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីនៅថ្ងៃនេះ ក៏វាដើរស្របទៅនឹងជំហានរីកចម្រើន នៃរាជធានី ភ្នំពេញរបស់យើងផងដែរ។ ខ្ញុំព្រះករុណាខ្ញុំផ្ទាល់ មិននឹកគិតស្មានថា ទីក្រុងភ្នំពេញអាចរីកចម្រើនដល់កម្រិតនេះទេ។ ពេលខ្ញុំព្រះករុណាខ្ញុំ ចូលមកដល់ទីក្រុងភ្នំពេញដំបូងនោះ មានមនុស្សតែ ៧០ នាក់គត់ នៅមិនឆ្ងាយពីធនាគារកាណាឌីយ៉ា ដែលខ្ញុំព្រះករុណាខ្ញុំ បានជួប ហើយភាគច្រើនគឺជាកុមារ ស្ត្រី និងមនុស្សចាស់។ ក្រុងភ្នំពេញក្នុងចន្លោះមុនចូលឆ្នាំខ្មែរ ឆ្នាំ ១៩៧៩ យើងមានប្រជាជនប្រមាណជា ១ ម៉ឺននាក់។ មិនដល់ផង។ នេះជារឿងសោកសៅមួយសម្រាប់ទីក្រុងមួយ ដែលធ្លាប់តែជាទីក្រុងរស់រវើកបន្ទាប់ពីបានឯករាជ្យនៅឆ្នាំ ១៩៥៣ ដែលដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ។ ក៏ប៉ុន្តែ រដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស បាននាំអោយកម្ពុជាកើតសង្គ្រាមជាទូទៅ ហើយភ្នំពេញក៏ក្លាយទៅជាជម្រកនៃជនភៀសខ្លួន ដែលសម្ពាធនគររូបនីយកម្មបានកើតឡើងយ៉ាងខ្លាំងនៅក្នុងដំណាក់កាលនោះ នៅត្រង់ថា ប្រជាពលរដ្ឋមួយចំនួនដែលរត់ភៀសខ្លួនចេញពីសង្គ្រាម បានចូលមកកាន់ទីក្រុងភ្នំពេញ។
ថ្ងៃនេះ គឺ(ថ្ងៃ) ៥ មេសា នៅសល់តែ ១២ ថ្ងៃ ទៀតតែប៉ុណ្ណោះ ដល់ថ្ងៃ(ទី) ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដែលរបប ប៉ុល ពត បានចូលមកដល់។ ប្រជាជនទីក្រុងភ្នំពេញបានស្វាគមន៍កងទ័ពរំដោះចូលមករំដោះពួកគេ ប៉ុន្តែផលដែលទទួលបានត្រឡប់មកវិញ គឺការកាប់សម្លាប់ និងបណ្តេញប្រជាជនចេញពីទីក្រុងភ្នំពេញ។ ប្រជាជន(នៅ)ទីក្រុងភ្នំពេញគួរតែចងចាំថា នៅថ្ងៃ(ទី) ១៧ ខែ មីនា ឆ្នាំ ១៩៧០ នៅស្រែក ជយោ សម្តេចឪៗ ដល់ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ បែរជាបរាជ័យ សីហនុ តាមរយៈរដ្ឋប្រហាររបស់ពួក លន់ នល់, សិរីមតៈ, ចេង ហេង។ បន្ទាប់ពី “ជយោ លោក លន់ នល់” និង ”បរាជ័យ សីហនុ” តើអ្នកភ្នំពេញបានទទួលផលអ្វី? គឺសោកនាដកម្ម ដែលបានផ្តល់ឲ្យខ្លួននៅពេលនោះ គាំទ្ររដ្ឋប្រហារមួយខុសច្បាប់។ បន្ទាប់ទៅចង់ណាស់រំដោះខ្លួនចេញពីសង្គ្រាម មិនថាប្រជាជននៅទីក្រុងភ្នំពេញទេ ប្រជាជននៅកន្លែងដទៃក៏សុទ្ធតែសង្ឃឹមដូចគ្នាថា នឹងចប់សង្គ្រាមហើយ។ ប៉ុន្តែ ផ្ទុយទៅវិញ របប ប៉ុល ពត បានចូលមកដល់ អ្នករងគ្រោះមុនគេ គឺអ្នករស់នៅទីក្រុងភ្នំពេញតែម្តង។ បន្ទាប់ពីការទទួល ស្វាគមន៍ដោយបាច់ផ្កា ចុងកាណុងមិនស្គាល់អ្នកណាទាំងអស់ បានបណ្តេញប្រជាជនចេញពីទីក្រុង ភ្នំពេញ។ មន្ទីរពេទ្យកាល់ម៉ែតដែលនៅមិនឆ្ងាយពីយើងនេះ តើមនុស្សប៉ុន្មានដែលមិនអាចយកចេញទៅរួច ហើយដែលស្លាប់នៅទីនេះ? …
យើងបានខិតខំរំដោះចេញពីរបប ប៉ុល ពត ហើយយើងស្ថិតក្នុងស្ថានភាព នៃការលំបាកខ្លាំងណាស់ ដែលត្រូវកសាងភ្នំពេញពីបាតដៃទទេ។ ខ្ញុំអាចជម្រាបជូនថា ខ្ញុំគឺជាអតីតនាយទាហានម្នាក់ ហើយក៏អតីតគ្រូផែនទី និងជាគ្រូបង្វឹកការប្រើប្រាស់ត្រីវិស័យ និងកែវយិត។ នោះជាមុខជំនាញរបស់ខ្ញុំនៅក្នុងការបង្រៀន វិស័យយោធា។ ប៉ុន្តែ ខ្ញុំបែរទៅជាអ្នកវង្វេងទីក្រុងភ្នំពេញតែម្តង។ ខ្ញុំក៏ធ្លាប់នៅទីក្រុងភ្នំពេញ ដែលវត្តនាគវ័ន្តនៅមិនឆ្ងាយពីហ្នឹងទេ។ ខ្ញុំជាអ្នកភ្នំពេញ តែខ្ញុំវង្វេងភ្នំពេញ អាចស្គាល់ពីត្រឹមពោធិ៍ចិនតុងមកត្រឹមពេទ្យលោកសង្ឃអីហ្នឹង ប៉ុន្តែចូលមក គឺវង្វេងព្រោះថាវាអត់មានមនុស្សនៅ។ ក្នុងស្ថានភាពបែបនេះ យើងរស់ទាំងវេទនា ជាមួយនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងប្រទេសមួយចំនួន ដែលមិនត្រឹមមិនជួយ ប៉ុណ្ណោះទេ ក៏ប៉ុន្តែបានដាក់ទណ្ឌកម្មចំពោះយើងទៀត។
សម្តេចរំឮកពីប្រវត្តិបែកបាត់ប្រពន្ធ និងកូន
យើងបានប្រឹងរស់ដោយលំបាក។ ថ្ងៃមុនខ្ញុំបានសរសេរអំពីកំហុសរបស់ខ្ញុំ ពេលចូលមកដល់ទីក្រុងភ្នំពេញ ទាក់ទិនជាមួយនឹងការត្រូវបាត់កូនម្នាក់ទៀត បន្ទាប់ពីស្លាប់កូនម្នាក់យ៉ាងវេទនា នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ក្នុងរបប ប៉ុល ពត។ ខ្ញុំបានជួបភរិយារបស់ខ្ញុំ និងកូនប្រុសរបស់ខ្ញុំ នៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩។ ក្រោយរំដោះជិត ២ ខែ នោះ អកុសលកូនរបស់ខ្ញុំនេះ វាមិនព្រមហៅខ្ញុំជាឪពុកទៅទៀត។ វាហៅខ្ញុំពូ។ ដល់ពេលកូនហៅខ្ញុំជាឪពុក ខ្ញុំត្រូវបាត់បង់កូនមួយទៀត។ ភាសាខ្មែរហៅថា រលូតកូន។ មូលហេតុអីទៅ? ប្រពន្ធរដ្ឋមន្ត្រីការបរទេសម្នាក់បែរជាទៅរលូតកូនទៅកើត។ ពេលនោះផ្ទះរបស់នាយករដ្ឋមន្ត្រីត្រូវទៅយកទឹក(នៅ)ទន្លេមេគង្គ។ ព្រលឹមឡើងអូសទឹកយកមកប្រើ។ ជាមួយបង ហេង សំរិន យើងនៅផ្ទះជាប់គ្នា ព្រឹកឡើងទៅអូសទឹកនៅទន្លេមេគង្គយកមកប្រើ។ អូសទឹកយកមកដាក់ ហើយត្រូវយកប៉ោតរែកឡើងទៅខាងលើ។
ពេលមួយនោះ ជាការធ្វេសប្រហែសរបស់ខ្ញុំ ដែលមិនបានយកទឹកទៅដាក់បំពេញពាងនៅខាងលើ ភរិយាខ្ញុំយួរទឹក(ខ្លួនឯង)ដែលធ្វើឲ្យរលូតកូន។ ខ្ញុំតែងរំឮកជនជាតិបរទេស និងមនុស្សមួយចំនួនមិនស្គាល់ទីក្រុងភ្នំពេញ ដែលមកជួបខ្ញុំថា ពេលដែល ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានឃើញទីក្រុងភ្នំពេញនៅថ្ងៃនេះ សូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កុំគិតថា កម្ពុជាក្នុងអតីតកាលគ្មានអ្វីកើតឡើងនោះ។ ឥឡូវភ្នំពេញដូចគេដូចឯងខ្លាំងណាស់។ មានសកម្មភាពពាណិជ្ជកម្ម មានសកម្មភាពវប្បធម៌ មានសកម្មភាពស្អីៗ គ្រប់បែបយ៉ាងដូចគេដូចឯង។ ដូច្នេះ អ្នកខ្លះគិតស្មានថា អតីតកាលរបស់កម្ពុជាអត់មានអ្វីកើតឡើងទេ។ ចំណុចនេះ បើយើងឧស្សាហ៍ចាក់ផ្សាយបន្តិច ឲ្យគេយល់។ ឯកសារដើមរបស់យើងបន្សល់ទុកនោះ អមដោយចម្រៀង “ឱ! ភ្នំពេញអើយ” ធ្វើអោយយើងស្រណោះស្រណោកណាស់ ក្នុងកាលៈទេសៈពេលនោះ។ សូម្បីតែសណ្ឋាគារមនោរម្យ សណ្ឋាគារ ៧ ជាន់ស្អីហ្នឹង អត់មានមនុស្សទេ ហើយពេលនោះចង់យកផ្ទះប៉ុន្មានម្នាក់ឯង ក៏គ្មានអ្នកគេដណ្តើមដែរ។ ឥឡូវ ដណ្តើមគ្នា កាប់ចាក់គ្នានឹងដីមួយចំអាម …។
បញ្ហាធំស្ថិតនៅលើប្រសិទ្ធិភាពការងារ
… អគារធ្វើការនៅទីនេះ ដើរស្របទៅនឹងការរីកចម្រើននៅទីក្រុងភ្នំពេញទាំងមូល មិនមែនរីកចម្រើនដាច់ដោយឡែកតែវានោះទេ។ ខ្ញុំព្រះករុណាខ្ញុំ សុំជម្រាបជូនថា មិនខ្វះទេមន្ត្រីដែលបានទៅលើកសំណើឲ្យ ខ្ញុំព្រះករុណាខ្ញុំ កសាងនូវអគារទីស្តីការគណៈរដ្ឋមន្ត្រីថ្មី តាំងពីនៅក្នុងទសវត្សរ៍ ៨០ ឯណោះ និងដើមទសវត្សរ៍ ៩០។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ បានឆ្លើយតបត្រឡប់ទៅវិញថា ឥឡូវនេះ យើងកំពុងក្រ យើងមានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងសិនទៅ។ បញ្ហាធំមិនមែនស្ថិតនៅលើកន្លែងធ្វើការល្អទេ គឺប្រសិទ្ធិភាពការងារវាល្អ។ អ្នកខ្លះជួនកាលប្រើពាក្យថា ខ្ញុំព្រះករុណាខ្ញុំ គឺជាមនុស្សមិនទាន់សម័យ ដោយកន្លែងធ្វើការកំបាក់កំពុក ហើយត្រូវអគារនោះវាស្រុតស្លាបម្ខាងទៅទៀត។ ដំណាក់កាលនោះ មិនមែនជាដំណាក់កាលដែលត្រូវមកធ្វើកន្លែងសង្ហារសម្រាប់ធ្វើការរបស់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬក៏មន្ត្រី អ្នកមុខ អ្នកការទេ គឺដំណាក់កាលរកទុន ដើម្បីចិញ្ចឹមប្រជាជន ដើម្បីទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅពេលវេលាមកដល់ វាចេញជាអគារសន្តិភាព វាចេញជាអគារមិត្តភាពមក … មានសង្វាក់របស់វា ពេលណាត្រូវធ្វើអី ពេលណាត្រូវធ្វើអី ពេលណាគួរវិនិយោគផ្នែកណា ពេលណាគួរវិនិយោគផ្នែកណា។
រីករាយជាមួយនឹងសមិទ្ធផលថ្មី
… ខ្ញុំព្រះករុណាខ្ញុំ មិនរៀបរាប់ឡើងវិញ អំពីស្ថាបត្យកម្ម កន្លែងណាធ្វើអី កន្លែងណាធ្វើអី ដែល ឯកឧត្តម អភិបាលរាជធានី ប៉ា សុជាតិវង្ស បានធ្វើរបាយការណ៍អម្បាញ់មិញ។ អបអរសាទរណាស់ ហើយចេះដាក់ឡានទៅក្រោមដី។ ឥឡូវនេះ ក្នុងចំណោមមន្ត្រីរាជការនេះ នៅសល់ប៉ុន្មានភាគរយទៅដែលជិះកង់មកធ្វើការ? នៅសល់តិចណាស់។ ភាគច្រើនឡាន និងម៉ូតូហើយ។ បើគ្មានចំណត អត់បានទេ។ គ្រាន់បើចេះនឹក ឃើញកន្លែងចំណតរថយន្តនៅក្រោមដី ទុកផ្ទៃខាងលើគ្រាន់ជប់លៀងចូលឆ្នាំ។ សូមកុំភ្លេច ឆ្នាំ ១៩៧៩ អ្នកដែលមានកង់ជិះ ស្មើនឹងម៉ូតូហុងដាថ្ងៃនេះ អ្នកដែលមានម៉ូតូជិះ ស្មើនឹង Mercedes ឬ BMW ថ្ងៃនេះ។ តិចណាស់ឡាន ដែលថាល្អជាងគេ ម៉ាកជំនាន់នោះ គឺ Volga របស់សូវៀត។ អ្នកជិះ Volga មានតែ ៧ នាក់ទេ។ លំដាប់ទីពីរគឺរថយន្តម៉ាក Lada។ ហ្នឹងថ្នាក់រដ្ឋមន្ត្រី។ ចុះពីហ្នឹងទៅទៀត Moskvitch …។
ខ្ញុំព្រះករុណាខ្ញុំ រីករាយជាមួយនឹងសមិទ្ធផលថ្មីនេះ ហើយក៏សូមយកឱកាសនេះ ជម្រាបថា កន្លែងធ្វើការថ្មី ហើយ ល្អហើយ ក៏ប៉ុន្តែ វាមិនទាន់គ្រប់គ្រាន់ទេ។ កិច្ចការល្អទើបវាគ្រប់គ្រាន់។ សូមកុំភ្លេច ពេលដែលយើង ពិបាកបំផុតនាទស្សវត្សរ៍ ៨០ កន្លែងធ្វើការរបស់មន្ត្រីរដ្ឋការរបស់យើងដំណាក់កាលនោះលំបាកណាស់ ក៏ប៉ុន្តែប្រសិទ្ធិភាពការងារខ្ពស់ បើសិនជាការងារមិនខ្ពស់នៅពេលនោះទេ អា ពត វ៉ៃដួលបាត់ហើយ។ ជំនាន់ ឆាយ ថន ធ្វើរដ្ឋមន្ត្រីហិរញ្ញវត្ថុជាមួយនឹង ជា ចាន់តូ រដ្ឋមន្ត្រីផែនការ យើងផ្គត់ផ្គង់ទំនិញ ៩ មុខ មិនមែនប្រាក់ខែដូចរាល់ថ្ងៃទេ។ ប្រសិទ្ធិភាពការងារមិនមែនដូចសព្វថ្ងៃទេ។ ខ្ញុំមិនមែនបន្ទោសនោះទេ ក៏ប៉ុន្តែ ខ្ញុំសូមជម្រាប តាមខេត្តជួនកាលដាច់ស្ពាន ២០ ម៉ែត្រ ដោយ ប៉ុល ពត វ៉ៃ គេអត់ត្រូវការមកសុំពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ គឺគេធ្វើស្ពាននោះតែម្តង ដោយប្រើប្រាស់ឈើនៅហ្នឹងកន្លែងធ្វើស្ពានឆ្លងភ្លាម។ ឥឡូវនេះ ផ្លូវត្រឹម តែ ១០ ម៉ែត្រ ក៏មិនខ្ចីជួសជុលដែរ ប្រចាំគ្នានៅហ្នឹង អាហ្នឹងដោយសារក្រវាត់កធ្ងន់ ឬស្អី? … ប្រសិទ្ធិភាពទើបវាសំខាន់ …។
មិនបំពានកិច្ចការរដ្ឋមន្រ្តីណាមួយ តែរដ្ឋមន្រ្តីត្រូវធ្វើតាមច្បាប់កំណត់
ឥឡូវនេះ មិនថាតែរាជធានីភ្នំពេញទេ ស្ថាប័ននីមួយៗសុទ្ធតែមានអគារថ្មី ឬអគារចាស់ជួសជុលថ្មី ឬអគារ ថ្មីតែម្តង។ ខេត្តនីមួយៗសុទ្ធតែមានអគារថ្មី តែខ្ញុំសូមរំឮកថា កន្លែងធ្វើការល្អមិនទាន់គ្រប់គ្រាន់ទេ គឺត្រូវមានការងារល្អ និងប្រសិទ្ធិភាព … ខ្ញុំសូមអំពាវនាវសូមឲ្យគ្រប់ស្ថាប័ន និងគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តឲ្យបានម៉ឺងម៉ាត់តាមកិច្ចការដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានទាំងឡាយ ដែលបានដាក់ឲ្យអនុវត្ត។ បើសិនជាក្រសួង គឺមានអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័ននោះ។ មានអ្នកនិយាយ (ព្រោះស្រុកខ្មែរអត់មានអ្នកវិភាគទៀតទេ)ថា ដោះដូរ ឬមិនដោះដូរ មិនសំខាន់ទេ ព្រោះទៅចុងបំផុត អំណាចមកប្រមូលផ្តុំសម្រាប់មនុស្សម្នាក់ គឺសំដៅមកលើខ្ញុំ។
ខ្ញុំអាចនិយាយប្រាប់អស់លោក ហើយមានទាំងរដ្ឋមន្រ្តីទាំងអស់នៅទីនេះ ខ្ញុំមិនដែលទៅបំពានជាមួយនឹងកិច្ចការរដ្ឋមន្រ្តីណាមួយទេ សុំតែរដ្ឋមន្រ្តីហ្នឹងធ្វើទៅតាមច្បាប់កំណត់តែប៉ុណ្ណឹង។ ឥឡូវ អ្នកនិយាយទាំងឡាយបើចង់ដឹងច្បាស់មកសួររដ្ឋមន្រ្តីទៅ តើខ្ញុំមានដែលទៅរារាំងអស់លោកទេ? ផ្ទុយទៅវិញ អស់លោកខ្លះបំពានទាំងសិទ្ធិខ្ញុំទៅទៀត។ ម៉េចបានខ្ញុំហៅថាបំពានសិទ្ធិ? ខ្ញុំសុខចិត្តឲ្យបំពាន ដើម្បីខ្ញុំស្រូបយកនូវធាតុចូល។ បំពានត្រង់ថា មន្រ្តីមុខងារនយោបាយចាប់ពីអនុរដ្ឋលេខាធិការឡើង គឺជាសិទ្ធិផ្តាច់មុខរបស់នាយករដ្ឋមន្រ្តី ប៉ុន្តែរដ្ឋមន្រ្តីខ្លះបែរជាលើកសំណូមពរតែងតាំង។ ដោយសារតែអស់លោកជាអ្នកស្គាល់មនុស្ស ថ្នាក់ប្រធាននាយកដ្ឋាន ថ្នាក់អគ្គនាយក ថ្នាក់អគ្គនាយករងស្អីៗ តើខ្ញុំមានជំទាស់មួយណាទេ? អត់ទេ! ខ្ញុំស៊ីញ៉េឲ្យទាំងអស់។
បើមិនចេះធ្វើរដ្ឋាភិបាលទេ សុំកុំនិយាយ។ ខ្មាស់គេ។ ពួកអ្នកនិយាយ មិនហៅអ្នកវិភាគទេ។ អ្នកវិភាគទាល់តែពួកគេអ្នកចេះដឹងហ្មត់ចត់។ ដល់ពួកអ្នកនិយាយ ស្អីក៏វានិយាយកើតដែរ។ គេថា អំណាចទីចុងបំផុតវិលរកនាយករដ្ឋមន្រ្តីម្នាក់។ អត់ទេ។ ផ្ទុយទៅវិញ ខ្ញុំបាននឹងកំពុងតែរុញអស់លោកទៅតាមច្បាប់ដែលបានកំណត់ ភារកិច្ចដែលបានកំណត់។ ត្រង់ថាអស់លោកធ្វើអស់ឬមិនអស់ គឺជារឿងរបស់អស់លោក។ រឿងរ៉ាវឈឺក្បាលច្រើនណាស់ ទើបបង្ខំចិត្តត្រូវរុះរើគណៈរដ្ឋមន្រ្តីពីម្សិលមិញនេះ។ កិច្ចការ ២ ឆ្នាំកន្លះដែលកន្លងផុតទៅ បានដំណើរការមួយចំនួនហើយ។ នៅសល់ ២ ឆ្នាំកន្លះទៀត អស់លោកត្រូវធ្វើឲ្យមានការប្រែប្រួលជាមូលដ្ឋាន នៅលើកិច្ចការដែលត្រូវធ្វើ។ ខ្ញុំមិនឲ្យធ្វើនូវកិច្ចការដែលមិនត្រូវធ្វើនោះទេ។
សារធារណការក្រុងធ្វើផ្លូវ តែមិនជួសជុល
… ដូចជាទីក្រុងភ្នំពេញដូចជាអត់មានការផ្លាស់ប្តូរអីហ្នឹងគេទេ។ រឿងមួយចំនួននៅទីក្រុងភ្នំពេញនេះ ខ្ញុំធ្លាប់បានលើកហើយ ភ្នំពេញមានការកកស្ទះ ៣ យ៉ាង៖ កកស្ទះចរាចរណ៍ កកស្ទះលូ និងកកស្ទះសំរាម… ភ្នំពេញបានធ្វើការខិតខំ ក៏ប៉ុន្តែ ខ្ញុំមានការងឿងឆ្ងល់មួយដែលសុំនិយាយជាសាធារណៈ ងឿងឆ្ងល់ត្រង់ថា ផ្លូវចេះតែធ្វើ តែត្រង់ជួសជុលវាមិនសូវជួសជុល។ សេនាធិការ គឺប្រធានសាធារណការ សម្រាប់អភិបាលក្រុង។ តើភ្នែកមានបានមើលទេផ្លូវនេះ? ពេលខ្លះទាល់តែខ្ញុំទូរស័ព្ទរកអភិបាលក្រុងថា នែ!អាកន្លែងនេះវាអញ្ចេះវាអញ្ចុះ។ ទាល់តែប្រាប់។ មើលប្រធានសាធារណការ និងអនុប្រធានសាធារណការ លោកអភិបាលខណ្ឌអីទៅណាអស់ទៅ? កន្លែងថ្ងៃហ្នឹង វាខូចប៉ុនចានចង្កឹះ ស្អែកវាខូចប៉ុនចានគោម ខានស្អែកវាខូចប៉ុនឆ្នាំងខ្ទះ … និយាយត្រង់ ថ្ងៃមុនហ្នឹងខ្ញុំថា គិតដកប្រធានសារធារណការក្រុងចោល ឯណា សាំ ពិសិដ្ឋ មានភ្នែកមើលផ្លូវទេ? និយាយត្រង់ៗជាមួយគ្នាតែម្តង ឧស្សាហ៍ដើរមើល កុំនៅចងក្រវ៉ាត់កដើរក្នុងហ្នឹង។ ខ្ញុំនិយាយត្រង់ តាំងពីពេលលោកឯងឡើងមក គឺផ្លូវវាយ៉ាប់។ ធ្វើថ្មីបាន ហើយខ្ញុំអបអរហើយ ប៉ុន្តែអាចាស់មិនព្រមជួសជុល។ … និយាយគ្នាត្រង់ៗ បើមិនអញ្ចឹងទេ ប្រយ័ត្នថ្ងៃណាមួយអស់បុណ្យអស់ស័ក្តិ …។
សូមស្តាប់សំណូមពរប្រជាពលរដ្ឋផង
ខ្ញុំថាគិតតែធ្វើ(ស្ពាន)អាកាស ក្រោមដី ប៉ុន្តែ អាលើដីអត់ព្រមធ្វើ។ វង្ស (អភិបាលក្រុង)មើលអាហ្នឹងណា តើទទួលទូរស័ព្ទពីខ្ញុំប៉ុន្មានដងហើយ? មានពេលមួយខ្ញុំរក វង្ស មិនឃើញ ប្រហែលជាទៅក្រៅប្រទេស ខ្ញុំទូរស័ព្ទទៅរកកូនស្រី ថ្ងៃទៅវត្តជំពុះក្អែក។ ធ្វើតែអាលើ អាក្រោមនៅស្រកេកស្រកាកពេញហ្នឹង។ មួយទៀត គួរស្តាប់សំណូមពរប្រជាពលរដ្ឋផង។ គាត់លើកជាចម្ងល់ តាំងពីខ្ញុំមានហ្វេសប៊ុកមក គាត់សួររហូត ហើយសួរខ្លះសួរត្រឹមត្រូវ គួរតែខ្មាស់គាត់ដែរ។ គាត់ថា សម្តេច! “ហេតុអ្វីកន្លែងមួយ ធ្វើម្តង បន្តិចមកជីកដាក់លូ បន្តិចមកជីកដាក់ខ្សែកាប ហើយម៉េចមុននឹងធ្វើមិនសិក្សាឲ្យហើយ? ចាំជីកច្រើនដង?”។ គាត់និយាយត្រូវ។ គាត់លើកសំណូមពរមកត្រូវ។ ខ្ញុំសូមអរគុណដល់អ្នកលើកសំណូមពរ តាមហ្វេសប៊ុក។ (គាត់)សួរថា “គួរតែសិក្សាឲ្យហើយទៅ ដាក់លូប៉ុនណា ជួនកាលលូហ្នឹងយកទៅដាក់បានតែ ៣ ខែ ទៅគាស់វិញដាក់អាធំជាង”។
មិនឲ្យគាត់រអ៊ូយ៉ាងម៉េច បើជិតផ្ទះគាត់។ គាត់ចេញចូលតាមហ្នឹង។ គាត់រអ៊ូអត់ខុសទេ ហើយកុំថាអ្នកហ្នឹងបក្សប្រឆាំង ប្រឆាំង ឬមិនប្រឆាំងឲ្តតែសមស្រប យកទៅយោបល់ហ្នឹង។ អាហ្នឹងយើងគួរនិយាយ ហ៊ានទទួលយកការពិត។ សូម្បីតែខ្ញុំក៏ធុញដែរ។ នៅពេលដែលជិះឡានទៅឃើញ អាហ្នឹងវាយ៉ាងម៉េចហា? តាមផ្លូវជីកទៀតហើយអ្វី? ជីកហ្នឹង ថាផ្នែកប្រៃសណីយ៍ ឥឡូវដូររដ្ឋមន្ត្រីហើយ។ បង ត្រាំ អ៊ីវតឹក ដល់បងឯងហើយ។ កាលពីមុនបងឯងក៏ផ្លូវថ្នល់ ហេតុអីបានបញ្ជូនបង តឹក ទៅកន្លែងហ្នឹងវិញ? ពីដើមក្រសួងប្រៃសណីយ៍ និងគមនាគមន៍តែមួយទេ។ ក្រោយមកបំបែកគ្នាជាពីរ។ ឥឡូវឲ្យបង តឹក ទៅហ្នឹងវាអត់ខុសទេ។ នៅកន្លែងដដែលទេ។ ប៉ុន្តែ កាលពីដើមបងឯងរអ៊ូថា គេជីកចិញ្ចើមផ្លូវបងឯង កប់ខ្សែទូរស័ព្ទ កប់ខ្សែកាបស្អីៗ ដល់ឥឡូវដល់វេនបងឯងត្រូវទៅជីកម្តងត្រូវពិគ្រោះជាមួយ ស៊ុន ចាន់ថុល ត្រូវពិគ្រោះជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិឲ្យបានច្បាស់។ បន្តិចជីកថ្នល់ៗ។ បើគិតពីខាតទុន ខាតសម្បើមណាស់។ ឥឡូវ យើងគិតគ្នាមើល ថាបើយើងជីកតែម្តង យើងអាចដាក់ខ្សែកាបប៉ុន្មាន កុំឲ្យមួយក្រុមហ៊ុនជីកម្តងៗ។ បើដាក់នៅខាងលើរយីងរយោងពេញហ្នឹង។ សូមមើលអាហ្នឹងផង សណ្តាប់ធ្នាប់សាធារណៈ។
កាត់ដីជូនប្រជាពលរដ្ឋ
មានរឿងមួយដែលទាក់ទងនឹងសាលាក្រុង នឹងស្ថាប័នរបស់ជាតិ។ ខ្ញុំបានប្រាប់ឲ្យធ្វើ តែមិនព្រមធ្វើ។ អាចមានអ្នកខ្លះនៅក្នុងហ្នឹង។ នៅតែបញ្ជីសារពើភណ្ឌរបស់រដ្ឋហ្នឹងហើយ។ ខ្ញុំបានប្រាប់តាំងពីឆ្នាំ ២០០៥/៦ តែអត់ព្រមធ្វើ។ ឧបមាដីនៅអតីតអគ្គបញ្ជាការកងទ័ព។ ក្រោយមកខ្ញុំរក្សាដីហ្នឹង សម្រាប់ដាក់អង្គភាពប្រឆាំងអំពីពុករលួយ។ យកទីតំាងយោធាមួយ ហើយបញ្ចេញអគ្គមេបញ្ជាការកងទ័ពចេញទៅនៅខាងក្រៅ។ ឥឡូវគាត់មិនទៅនៅក្រៅទេ គាត់ទៅនៅជិតក្រសួងការពារជាតិ ព្រោះមានសាលាក្តីខ្មែរក្រហម។ ឲ្យជើងគោកទៅនៅត្រង់នោះ។ នៅជុំវិញហ្នឹង ត្រូវបាននាយទាហានគាត់នៅ។ នៅហើយគាត់លក់ដូរបីបួនតំណទៀត។ នៅតែបញ្ជីសារពើពន្ធរបស់រដ្ឋ។ ខ្ញុំបានប្រាប់ថា សុំកាត់ដីហ្នឹងឲ្យប្រជាពលរដ្ឋ រស់នៅប៉ុន្មានឲ្យគាត់ទៅ។ ទុកធ្វើអីទៀត។ ស្ថានភាពនេះ រដ្ឋឃើញថា នៅដីច្រើនណាស់។ តែការពិតដីមានច្រើនឯណា? បើប្រជាជននៅអស់ហើយហ្នឹង។ អាសូរតែគាត់នៅពីរបីថ្ងៃ នៅ ៣០ ឆ្នំាហើយហ្នឹង។ នៅតែបញ្ជីសារពើពន្ធរបស់រដ្ឋ។ គាត់លក់ ៣, ៤ ឬ៥ តំណ។ មិនដឹង ទៅណាទៅណីអស់ហើយ។
ឥឡូវ ខ្ញុំបង្កើតគណៈកម្មការមួយដោយ ប៉ា សុជាតិវង្ស ធ្វើជាប្រធាន។ អញ្ចឹង សូមប្រាប់អស់លោកតាមក្រសួងផង កាត់ចេញទៅ កុំខ្លាចនឹងកាត់ចេញ ហើយឲ្យប្រជាពលរដ្ឋយើង។ សល់ប៉ុន្មាន សុំតែមួយមុខទេ កុំទន្ទ្រានចូល តែទន្ទ្រានចូល គឺរឿងរាវដល់តុលាការហើយ។ អាណិតសុំកុំទាស់គ្នា។ អ្នកណានៅត្រង់ណា នៅត្រង់នោះទៅ។ រឿងនេះ ខ្ញុំបានធ្វើច្រើននៅខេត្តកំពង់ចាម។ សាលាកសិកម្ម សាកលវិទ្យាល័យស្អីៗ ចេះតែកាត់អោយប្រជាពលរដ្ឋ។ គាត់នៅត្រង់ហ្នឹងយូរហើយ រួចបើសិនជាយកគាត់ត្រឡប់មកវិញ យើងយកគាត់ទៅនៅឯណា? ប៉ុន្តែ យើងមិនទាន់ជម្រះបញ្ជី។ ឥឡូវ មើលជម្រះបញ្ជីឲ្យវាដាច់ឆ្នាំហ្នឹងមើល។ ហ្នឹងទាល់តែក្រសួងនានាសហការធ្វើផង ក្នុងហ្នឹងមានក្រសួងការពារជាតិក្រោយដេអិនគេហៅអី? សំណង់ ១២ អាសំណង់ ១២ ហ្នឹង ពីដើម សំណង់ ១២ មែន តែឥឡូវមិនមែនសំណង់ទៀតឯណា? ប្រជាជននៅពេញនោះអស់ទៅហើយហ្នឹង។
និយាយតាមមួយបែបទៅ បក្សប្រឆំាងរុកពីក្រោយរហូត។ បក្សប្រឆំាងចំណេញរហូត។ ខ្សឹបថា អត់អីទេ ចំាខ្ញុំឈ្នះខ្ញុំអោយតែម្តង។ វាទៅជាអញ្ចឹងទៅ។ បក្សប្រឆំាងនិយាយរឿងមួយទេ តែរឿងដែលសំខាន់នោះ រដ្ឋអត់គ្រប់គ្រងបានអចលនទ្រព្យពិតប្រាកដរបស់ខ្លួនមានប៉ុន្មាន ហ្នឹងទី ១។ ទី ២ ប្រជាពលរដ្ឋអត់ទាន់ បានកម្មសិទ្ធិ គាត់អត់ហ៊ានធ្វើអី គាត់មានលុយ គាត់រក្សាទុក គាត់អត់ហ៊ានធ្វើអី ខ្លាចគេយកវិញ។ រឿងវានៅកន្លែងហ្នឹង។ សូមជម្រះបញ្ជីកន្លែងហ្នឹងក្នុងឆ្នំាហ្នឹងតែម្តង។ កុំអូសបន្លាយតទៅទៀត។ … ចាត់តំាងគណៈកម្មការមួយហើយៗ និយាយចំហតែម្តង។ ប៉ុន្តែ សុំប្រជាពលរដ្ឋ តិចទៅថា លោក ហ៊ុន សែន ប្រកាស ថ្ងៃហ្នឹង យប់ហ្នឹងអញទន្ទ្រានបាន ២ ម៉ែត្រថែមទៀត អត់ទេណា។ អាហ្នឹងមិនត្រឹមតែមិនឲ្យ ថែមទាំងនំាខ្លួនឡើងតុលាការទៀត។
មន្ត្រីរាជការទាំងអស់ខិតខំដោះស្រាយសេវាសាធារណៈឲ្យបានល្អ ជាពិសេស សេវាតម្រូវការ
… ថ្ងៃនេះមានមន្ត្រីថា្នក់មូលដ្ឋានមក។ អារឿងសេវាសាធារណៈនេះជាចំណុចត្អូញត្អែរ។ ខ្ញុំបាននិយាយនៅក្រសួងមហាផ្ទៃហើយ ឥឡូវនេះសារជាថ្មីម្តងទៀត ខ្ញុំនិយាយទៅកាន់អស់លោក (អោយ)ខិតខំដោះស្រាយសេវាសាធារណៈ ពិសេសសេវាតម្រូវការត្រូវធ្វើអោយបាន បម្រើប្រជាជនឲ្យបានស្មោះត្រង់បំផុត។ កន្លែងខ្លះមន្រ្តី ១ ពាន់នាក់ មានមន្ត្រី ៤ ឬ ៥ នាក់ទេ ដែលខិលខូច ដែលវាធ្វើឲ្យខូចមន្ត្រី ១ ពាន់នាក់។ មិនមែនមន្ត្រីយើងខូចច្រើនជាងល្អទេ។ ភាគច្រើនល្អធ្វើការត្រឹមត្រូវ ប៉ុន្តែមួយចំនួនតូច ណានោះមានចេតនារុញឲ្យខ្លោចរោចឲ្យឆៅ។ តាមការស្រាវជ្រាវខ្លះ ជាមនុស្សរបស់បក្សផ្សេង។ គេចង់ធ្វើរឿងហ្នឹង(អីចឹង) ដើម្បីឲ្យរដ្ឋបាលរបស់យើងខូចឈ្មោះ។ រដ្ឋបាលសាធារណៈមិនមែនជារបស់បក្សនយោបាយណាមួយទេ ប៉ុន្តែ មានបក្សនយោបាយខ្លះបានប្រើប្រាស់មនុស្សដែលខ្លួនចាត់តាំងបាន នៅក្នុងរដ្ឋបាលសាធារណៈ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះមន្រ្តីរដ្ឋបាលសាធារណៈ។ ខ្ញុំសូមស្នើឲ្យមន្រ្តីដែលល្អៗ ចាប់ខ្លួននូវមនុស្សនោះ ដើម្បីផ្តន្ទាទោស ហើយលាងសងភាពស្អាតស្អំសម្រាប់យើងវិញ។
អ្វីខ្លះទៅដែលហៅថា សេវាតម្រូវការ? សេវាតម្រូវការវាមានគ្រប់សព្វ មានតាំងពីការកើតត្រូវមានបញ្ជីជាតិ អាហ្នឹងក្រែងយើងមានមន្រ្តីអត្រានុកូលដ្ឋាន? កើតឡើងត្រូវមានបញ្ជីជាតិ អាពាហ៍ពិពាហ៍ត្រូវចុះលិខិតអាពាហ៍ពិពាហ៍ ប៉ុន្តែខ្លះគេគ្រាន់តែការបង្រ្គប់កិច្ចទេណា គេអត់ទៅចុះលិខិតអាពាហ៍ពិពាហ៍ទេ គេខ្លាចបែកទ្រព្យសម្បត្តិ។ អ្នកខ្លះដែលលួចការប្រពន្ធនោះ។ វាត្រូវមានលិខិតបញ្ជាក់លិខិតនេះ លិខិតនោះ។ យើងធ្វើឲ្យបាន ធ្វើឲ្យលឿន ដូចដែល ឯកឧត្តម ប៉ា សុជាតិវង្ស ថាអម្បាញ់មិញនោះ ដោយមិនត្រូវបង់ថ្លៃសេវាអ្វីលើសពីតម្រូវការដែលរដ្ឋបានកំណត់។ ខ្ញុំបានប្រាប់ ឯកឧត្តម ស៊ុន ចាន់ថុល យប់មុនហៅ ទាំងយប់ និយាយគ្នាដល់ម៉ោង ១២ ថា “ថុល រឿងផ្នែកសាធារណការធ្វើឲ្យខ្ញុំឈឺក្បាល ប្រហែលជាមុនដាច់ឆ្នាំ និងរហូតមកដល់ពេលនេះ មិនទាន់បាត់ទេ”។ បានលើកលែងហើយ បណ្ណបើកបរម៉ូតូចាប់ពី ១២៥ CC ចុះក្រោម មិនចាំបាច់មានបណ្ណបើកបរទេ មានតែអត្តសញ្ញាណបណ្ណទៅបានហើយ។ ប៉ុន្តែ ១២៦ CC ឡើងលើ និងរថយន្តត្រូវមានបណ្ណបើកបរ។ ហ្នឹងជាសេវាតម្រូវការរបស់អ្នកបើកបររថយន្ត និង បើកម៉ូតូ ត្រូវធ្វើឲ្យបាន ធ្វើឲ្យប្រែប្រួល កុំឲ្យប្រជាជនធុញទ្រាន់ រអ៊ូរទាំ។
… រឿងចុះឈ្មោះផ្ទេរកម្មសិទ្ធិស្អីៗ តម្រូវឲ្យរកឈ្មោះអ្នកលក់។ ប្រជាពលរដ្ឋសំណូមពរថា មិនដឹងទៅរកនៅឯណាទេអ្នកលក់ឲ្យនោះ ព្រោះគេលក់ឡានគេលក់តាមសួនច្បារ អញ្ចឹង មិនដឹងតាមរកនៅឯណា? ដល់ទៅអញ្ចឹង ក៏បានធ្វើសេចក្តីប្រកាសតាមរយៈ សម្តេចក្រឡាហោម ស ខេង ទទួលស្គាល់ ការកាន់កាប់ជាក់ស្តែង។ ប៉ុន្តែ ត្រូវដឹងថា ការកាន់កាប់ជាក់ស្តែង ខ្លួនកាន់កាប់ឡានហ្នឹងឈ្មោះ “ក” ប៉ុន្តែ ឈ្មោះ “គ” បើដូច្នេះ ខ្លួនត្រូវយកឯកសារហ្នឹង ដើម្បីទៅដូរឲ្យចេញជាឈ្មោះ “គ”។ បងប្អូនលើកឡើងថា លំបាកពន្ធប្រថាប់ត្រា ខ្ញុំក៏បានសម្រេចប្រាប់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃថា មិនចាំបាច់យកពន្ធប្រថាប់ត្រាទេ … ចាំគាត់លក់មួយតទៀត ចាំបង់ពន្ធប្រថាប់ត្រា។ ចេញលេខចេញអីឲ្យគាត់ទៅ ព្រោះបើនៅបន្តកាន់កាប់ឈ្មោះ “ក” តទៅទៀត ចុះបើសិនជាឈ្មោះ “ក” ហ្នឹង គេស្រាវជ្រាវស្រាប់តែជាចោរ ដល់គេតាមរកឈ្មោះ ថាចោរហ្នឹងជិះឡានលេខប៉ុណ្ណេះ ទៅចាប់ខ្លួនឈ្មោះ “គ” សោះ។ អាហ្នឹងសុំឲ្យប្រជាពលរដ្ឋយើងយោគយល់ ទន្ទឹមនឹងរដ្ឋយោគយល់ ប្រជាពលរដ្ឋក៏ត្រូវយោគយល់មកវិញដែរ។
ប្រជាពលរដ្ឋទទួលផលប្រយោជន៍ធំណាស់ ពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល
… សេវាតម្រូវការនេះ ត្រូវធ្វើឲ្យបាន ធ្វើឲ្យលឿន គ្រប់ទីកន្លែងទាំងអស់។ ប្រជាពលរដ្ឋគាត់ទទួលផលប្រយោជន៍ពីសុខសន្តិភាព ទទួលផលប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធ ដែលរដ្ឋផ្តល់ឲ្យ ទទួលផលប្រយោជន៍ពីមុខរបរដែលបង្កើតឡើងសម្រាប់ប្រជាពលរដ្ឋរបស់យើង ពីភាពក្រីក្រ ១០០% នៅឆ្នាំ ១៩៧៩ ឥឡូវ អត្រានៃភាពក្រីក្រនៅក្នុងរង្វង់ ១៣,៥% តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋទទួលផលប្រយោជន៍ធំណាស់ ពីការដឹកនាំរបស់គណបក្សប្រជាជន ពីការដឹកនាំរបស់រដ្ឋាភិបាល ដែលដឹកនាំដោយ ហ៊ុន សែន ផ្ទាល់ ប៉ុន្តែ ប្រជាពលរដ្ឋមិនសប្បាយចិត្តជាមួយនឹងអំពើខ្លះ ដែលមន្រ្តីថ្នាក់ក្រោមរបស់យើងធ្វើមិនបានល្អ ដែលនាំទៅដល់ការខឹងគោវាយរទេះ។ រឿងនេះ ត្រូវដោះស្រាយជាមួយគ្នា។ កុំបានកន្លែងធ្វើការល្អហើយ អញខ្លាចបាត់បង់មិនព្រមទៅមើលប្រជាជន ក្រវាត់តែក ត្រង់ផ្លូវយ៉ាងម៉េច លូស្ទះយ៉ាងម៉េច សំរាមយ៉ាងម៉េចអញមិនដឹង។ អញដឹងតែអាទិត្យទីបីបើកប្រាក់ខែតែម្ដង ត្រូវប្រាក់ខែឡើងទៀត។ អាហ្នឹងដល់ហើយ …។
គាំទ្រសេវារថយន្តក្រុងសាធារណៈ, លុបគម្រោងផ្លូវល្បឿនលឿនភ្នំពេញទៅអាកាសយានដ្ឋានភ្នំពេញ …
… ការដែលយើងប្រឹងប្រែងរុញឲ្យមានការដឹកជញ្ជូនសាធារណៈ(រថយន្តក្រុង) ក៏ត្រូវបន្ដរឿងនេះ។ ខ្ញុំគាំទ្រដំណើរការនៃការដឹកជញ្ជូនសាធារណៈ(រថយន្តក្រុង) ដើម្បីកាត់បន្ថយការកកស្ទះ និងសម្រួលទៅដល់សិស្សានុសិស្ស ទៅដល់មនុស្សចាស់ ទៅដល់ជនពិការ។ យើងដាក់(រថយន្ដក្រុង)ច្រើនខ្សែតទៅទៀត។ ខ្ញុំសូមប្រកាសនៅថ្ងៃនេះ សូមបងប្អូននៅតាមផ្លូវរថភ្លើងពីភ្នំពេញទៅពោធិ៍ចិនតុង ឈប់ធ្វើបាតុកម្ម ឈប់ទាមទារធ្វើវេទិកាសាធារណៈអីទៅ ខ្ញុំមិនអនុញ្ញាតអោយធ្វើផ្លូវ High Way Express អីនោះទេ …។ ខ្ញុំបានចេញ(បញ្ជា)ហើយ ប៉ុន្តែក្រែងលោមិនទាន់បានផ្សព្វផ្សាយ។ មានក្រុមហ៊ុនដល់ ៣-៤ កំពុងសិក្សាធ្វើផ្លូវ High Way Express ពីភ្នំពេញទៅពោធិ៍ចិនតុង។ មិនទាន់តែបានអីផង ធ្វើបាតុកម្ម ទាមទារធ្វើវេទិកាសាធារណៈ។ ឥឡូវ បើយើងអត់(ផ្លូវនោះទេ) អត់ធ្វើវេទិកាសាធារណៈទេ ព្រោះមិនដឹងទៅនិយាយពីអី? …
ប៉ុន្តែឲ្យធ្វើអានេះមួយ។ ផ្លូវរទេះភ្លើងទៅគីឡូម៉ែត្រលេខ ៦។ ឥឡូវ មានបើករទេះភ្លើងទៅហ្នឹងឯណា? យកអាហ្នឹងធ្វើផ្លូវទាំងមូលតែម្ដងវាមិនល្អ? ចុះទុកធ្វើអី។ បើតាំងពីទសវត្សរ៍ ៨០ មិនដែលមានប្រើផង។ … លុបធ្វើផ្លូវរទេះភ្លើងចោល ហើយយើង(ពង្រីក)ផ្លូវឲ្យវាបានធំ ដើម្បីដោះចរាចរណ៍ចូលក្រុងភ្នំពេញ។ ពីមុនសុំខ្ញុំថាធ្វើសងខាង។ ខ្ញុំថា លុបផ្លូវដែកហ្នឹងចោលទៅ ព្រោះវាអត់មានការចាំបាច់ដឹកជញ្ជូនអីទៀត ព្រោះឥឡូវត្រូវការ(ដោះស្រាយ)រឿងស្ទះចរាចរណ៍ ហើយអាហ្នឹងវាអត់មានទាក់ទងជាមួយ ADB ឬក្រុមហ៊ុនស្អីៗទេ។ កាត់(ផ្លូវដែកហ្នឹង)គ្រឹប បើកការដ្ឋានធ្វើ(ផ្លូវ)បណ្ដោយទៅ។ (ផ្លូវហ្នឹង)ប៉ុន្មានគីឡូម៉ែត្រ? ៩ គីឡូម៉ែត្រ។ ហ្នឹងដោះស្រាយការស្ទះចរាចរណ៍បានច្រើនណាស់។ មិនតិចទេ។ កន្លងទៅនាំគ្នា សម្រុកកាត់តាមមុខវាំង កាត់មកខាងវត្តភ្នំ ប៉ុន្តែ បើសិនជាមានអាហ្នឹង គឺបុកចូលមកខាងក្នុងបឹងកក់នេះវិញ …។
… ថ្ងៃនេះ គឺថាឡើងសំឡេងបន្តិចហើយ។ ឡើងសំឡេងត្រង់ថា ទើបហ្នឹងកែសម្រួលរាជរដ្ឋាភិបាលពីមិ្សលមិញ។ ហើយបើកែសម្រួលរាជរដ្ឋាភិបាល បែរជាប្រសិទ្ធិភាពការងារទាប អាហ្នឹងមិនមែនកែសម្រួលទេ។ ខ្ញុំគិតថា ត្រឹមតែកែសម្រួលលើកទី ២ បានហើយ កុំឲ្យ(មានការ)កែសម្រួលលើកទី ៣។ សាធារណការក្រុងត្រូវយកចិត្តទុកដាក់ និងមើលថែផ្លូវក្នុងក្រុង។ ថ្ងៃនេះ ពិតមែនតែមកនិយាយជាមួយ នឹងអាជ្ញាធរថ្នាក់ក្រោមជាតិក៏មែនពិត ក៏ប៉ុន្តែ ទីក្រុងភ្នំពេញ គឺជាទីតាំងរបស់ស្ថាប័នថ្នាក់ជាតិទាំងអស់។ រឿងសាំញ៉ាំ ពាក់ព័ន្ធទៅហ្នឹងថ្នាក់ក្រោមជាតិ។ កិច្ចការខ្លះ ថ្នាក់ក្រោមជាតិត្រូវធ្វើ អត់រង់ចាំអ្នកណាទេ អត់រង់ចាំស្ថាប័នទេ។ បើនិយាយទៅក្នុងក្របខណ្ឌទីក្រុងភ្នំពេញ ទាំងផ្លូវ ទាំងស្អី អាហ្នឹងក្រុងទាំងអស់។ អញ្ចឹង បានខ្ញុំអត់បន្ទោសក្រសួងសាធារណការទេ (គឺ)បន្ទោសសាធារណការក្រុង បន្ទោសអភិបាលក្រុង ហ្នឹងនិយាយអោយចំ។ … សាំ ពិសិដ្ឋ ចាប់ពីពេលនេះទៅឡានវិលកង់រហូត ប៉ុន្តែ កុំតែមើលណា! តិចថាអោយមើលផ្លូវ មើលមែន។ …
មួយឆ្នាំរៀបចំកម្មវិធីជួបជុំក្រុមកីឡាម្ដង
… ខ្ញុំនិយាយប៉ុណ្ណឹងទៅចុះ។ ម្សិលមិញសប្បាយណាស់ សប្បាយមែនទែន។ អត់មិនបានទៅរាំជាមួយបងប្អូនកីឡាករ កីឡាការិនី ទាំងពិការ ទាំងស្អីៗ selfie ជាមួយគ្នា។ ខ្ញុំបង្ហោះ ២ ដង ហ្វេសប៊ុកចេញពីហ្នឹង មានបងប្អូនមួយចំនួនថា សូមរៀបចំជាប្រចាំឆ្នាំ។ ឥឡូវ សូមខ្ញុំប្រកាសជូនកីឡាករ កីឡាការិនី គឺមួយឆ្នាំជួបជុំគ្នាម្ដង ហើយកំណត់យកថ្ងៃទី ៤ ខែ មេសា … ឬមុនចូលឆ្នាំខ្មែរ ព្រោះអញ្ចេះ ជួនកាលថ្ងៃទី ៤ ខែ មេសា វាចំថ្ងៃ សុក្រ ថ្ងៃ សៅរ៍ ឬថ្ងៃ អាទិត្យ ថ្ងៃទាំងហ្នឹងពួកកីឡាគេប្រកួត អាហ្នឹងទី ១។ ទី ២. ពិបាករកសិល្បៈ ដោយសារថ្ងៃហ្នឹង គេលេង concert តាមស្ថានីយ៍ទូរទស្សន៍ស្អីៗ អញ្ចឹង យើងយកថ្ងៃ ច័ន្ទ ថ្ងៃ អង្គារ៍ ឬថ្ងៃ ពុធ (ក្នុង)បីថ្ងៃហ្នឹងល្អ (ដែល)មួយឆ្នាំជួបគ្នាម្ដងៗជាមួយកីឡាករ កីឡាការិនីរបស់យើង។ វាមិនទាស់ខុសអីទេ សប្បាយជាមួយគ្នា ហើយលើកទឹកចិត្ត ដើម្បីរុញកីឡារបស់យើងឆ្ពោះទៅ Sea Games ឆ្នាំ ២០២៣។
ហើយថ្ងៃនេះ ជាមួយនឹងការអបអរសាទរ ក្នុងការសម្ពោធដាក់អោយប្រើប្រាស់អាគាររដ្ឋបាលថ្មី នៅសាលា រាជធានីភ្នំពេញ និងជាមួយអំណរសាទរ នៃជោគជ័យ វឌ្ឍនភាព ដែលសាលារាជធានីភ្នំពេញទទួលបាន ក្នុងរយៈពេលកន្លងទៅនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះ ព្រះតេជព្រះគុណ សម្ដេចព្រះសង្ឃ នាយក សម្ដេចព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋសក ពុទ្ធសករាជ ២៥៦០ សូមជួបប្រទះតែហ្នឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕