សុន្ទរកថា ក្នុងវេទិការធុរកិច្ចកម្ពុជា-កូរ៉េ
ឯកឧត្តម ម៉ូន ចេអ៊ិន (Moon Jae In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ! ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្ដិយស ទាំងអស់នៅទីនេះជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយដែលបានចូលរួមពិធីអាហារថ្ងៃត្រង់ នាឱកាសវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ ក្នុងឱកាសដ៏សែនមនោរម្យនាថ្ងៃនេះ ខ្ញុំសូមសម្ដែងការស្វាគមន៍ដ៏កក់ក្ដៅបំផុតជូនចំពោះវត្តមានឯកឧត្តម មូន ចេអ៊ិន (Moon Jae-In)ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម និងប្រតិភូធុរជន និងអ្នកវិនិយោគកូរ៉េ ដែលបានអមដំណើរ និងសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចំរើនរបស់កម្ពុជា។ វេទិកានាថ្ងៃនេះ ផ្ដល់ឱកាសឲ្យខ្ញុំចែករំលែកព័ត៌មានអំពីការវិវឌ្ឍសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្ដានុពលធុរកិច្ច និងការវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នសំដៅធ្វើឲ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាមួយគ្នាជាយូរយារណាស់មកហើយ ប៉ុន្ដែទំនាក់ទំនងនេះត្រូវបានផ្អាកមួយរយៈដោយបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា។ ទំនាក់ទំនងការទូតនេះត្រូវបានតភ្ជាប់ឡើងវិញនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៩៧ បន្ទាប់ពីខ្ញុំបានធ្វើទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ នៅ ខែ កក្កដា ឆ្នាំ ១៩៩៦ និងបានសម្រេចឲ្យមានទំនាក់ទំនងឡើងវិញរវាងប្រទេសយើងទាំងពីរ។…