សន្និសីទសារព័ត៌មានរួមគ្នារវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានិង ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ
សូមអរគុណឯកឧត្ដមប្រធាន! ជាដំបូង ខ្ញុំសូមអរគុណឯកឧត្ដមប្រធាន ដែលបានអញ្ជើញខ្ញុំមកទស្សនកិច្ចនៅសាធារណរដ្ឋតួកគីយេ ហើយទទួលបដិសណ្ឋារកិច្ចដ៏ល្អ ក៏ដូចជាការចរចាអម្បាញ់មិញនេះប្រកបដោយផ្លែផ្កា។ ខ្ញុំពេញចិត្តនឹងការថ្លែងរបស់ឯកឧត្ដមអម្បាញ់មិញ ទាក់ទងនឹងទំនាក់ទំនងរបស់យើង ក៏ដូចជាការចែករំលែកនូវសភាពការណ៍អន្តរជាតិ និងតំបន់ ដែលភាគីទាំងពីរយកចិត្តទុកដាក់។ ខ្ញុំពិតជាមានការរីករាយដែលបានមកទស្សនកិច្ចនៅតួកគីយេ សាជាថ្មីម្ដងទៀត បន្ទាប់ពីទស្សនកិច្ចនៅឆ្នាំ២០១៨ ដែលពេលនោះខ្ញុំនៅជានាយករដ្ឋមន្រ្តី។ ប៉ុន្តែ ទស្សនកិច្ចនៅពេលនោះក៏បានបង្កើតឲ្យមាននូវការរៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ានេះ បន្ទាប់ពីតួកគីយេមានស្ថានទូតនៅទីក្រុងភ្នំពេញឆ្នាំ២០១៣។ ២០១៨ ខ្ញុំទស្សនកិច្ច ២០១៩ យើងបង្កើតបានស្ថានទូតនៅទីនេះ ដែលនេះគឺជាមូលដ្ឋានដ៏សំខាន់មួយ ហើយកិច្ចព្រមព្រៀងជាច្រើន យើងបានចុះហត្ថលេខាជាមួយគ្នា។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនតួកគីយេ ដែលបានផ្ដល់ជំនួយឧបត្ថម្ភទាំងឡាយសម្រាប់កម្ពុជា ក្នុងនោះ និស្សិតអាហារូបករណ៍កំពុងសិក្សានៅទួរគីយេ ហើយមួយចំនួនក៏បានវិលត្រឡប់ទៅកាន់ប្រទេសវិញ។ ហើយសង្ឃឹមថា យើងនឹងទទួលបាននូវជំនួយឧបត្ថម្ភ ទាំងនៅទីនេះ ក៏ដូចជាការជួយពង្រឹងសមត្ថភាពធនធានមនុស្ស ក៏ដូចជាស្ថាប័ននៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ខ្ញុំពិតជាមានការរីករាយ ដែលឯកឧត្ដមប្រធានបានផ្ដល់ឱកាសសម្រាប់ពួកយើង ក្នុងទស្សនកិច្ចនេះ។ វាបង្ហាញអំពីមិត្តភាពរបស់យើង ដែលគាប់ជួនទស្សនកិច្ចរបស់ខ្ញុំនេះ គឺធ្វើឡើងចំខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងដ៏យូរលង់របស់យើង។ រយៈពេល ៦៥ឆ្នាំ មិនមែនជារយៈពេលខ្លីទេ ជារយៈពេលមួយដែលវែង។ ប៉ុន្តែ ដោយសារតែស្ថានភាពរបស់កម្ពុជាមានការបត់បែន សោកនាដកម្មបានកើត យើងក៏ទើបនឹងមានឱកាសដើម្បីចាប់ផ្ដើមសាជាថ្មីនូវទំនាក់ទំនងនេះ។ ទោះបីថា កម្រិតអ្វីដែលជាគោលដៅដែលយើងចង់បានមិនទាន់សម្រេច តែខ្ញុំជឿជាក់ថា តាមរយៈនៃការខិតខំប្រឹងប្រែងរវាងរដ្ឋាភិបាលទាំងពីរ…