សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

(១) ស្មឹងស្មាធិគោរពវិញ្ញាណក្ខន្ធកុមារា/រីបាត់បង់ជីវិតដោយឧបទ្ទវហេតុលិចទូកនៅស្រុកលើកដែក ខេត្តកណ្ដាល, ក្នុងក្របខណ្ឌអាស៊ាន មានឧបទ្ទវហេតុកើតផ្ទួនគ្នា ៣ ប្រទេស, … ដូចដែលព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិបានដឹងហើយថា យើងមានសោកនាដកម្មមួយ ដែលបានកើត(ឡើង)នៅស្រុកលើកដែក ខេត្តកណ្តាល ដែល(ជា)ឧបទ្ទេវហេតុ នៃការលិចទូក ដែលធ្វើឱ្យកុមារា/រី (ចំនួន) ១១ នាក់ រងគ្រោះ។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ សុំសម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនដែលបានចូលរួមនៅទីនេះ អញ្ជើញក្រោកឈរឡើងរួមជាមួយខ្ញុំ ដើម្បីស្មិងស្មាធិគោរពនូវវិញ្ញាណក្ខន្ធ ចំពោះកុមារា/រី ដែលបានបាត់បង់ជីវិត … នេះជាឧបទ្ទវហេតុដែលគួរឱ្យសោកស្តាយនៅក្នុងឆ្នាំនេះ សម្រាប់យើង បន្ទាប់ពីយុទ្ធជន ២ នាក់ របស់យើង ដែលសុខចិត្តពលីកម្មខ្លួនឯង ដើម្បីសង្គ្រោះដល់ជីវិតរបស់កុមារ ២ រូប។ រឿងនេះតម្រូវឱ្យយើងយកចិត្តទុកដាក់បន្ថែមទៀតទៅលើសុវត្ថិភាពរបស់ពលរដ្ឋ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ថ្លែងអំណរព្រះគុណ ចំពោះព្រះមហាក្សត្រ/សម្តេចម៉ែជាទីសក្ការៈ ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភ ចំពោះគ្រួសារសព។…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលនិងផ្តល់ដំបូន្មានដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី

(១) ធ្វើប្រធានគណៈកម្មាធិការប៉ារ៉ាអូឡាំពិក លើកទឹកចិត្តឱ្យជនពិការងើបឈរឡើង ថ្ងៃនេះ ​ខ្ញុំរីករាយ ដែលបានជួបសំណេះសំណាលនិងជូនដំណើរ មុនពេលដែលកីឡាករ/ការិនីរបស់យើងចាកចេញពីប្រទេសដើម្បីទៅចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅឯប្រទេសឥណ្ឌូនេស៊ី។ ដូចលោកអគ្គលេខាធិ ការរង តំណាងឱ្យ ឯកឧត្តម យី វាសនា ដែលពេលនេះកំពុងតែមានបញ្ហា(ឆ្លងជំងឺ)កូវីដ-១៩​ បន្ទាប់ពីវិលត្រឡប់ពីប្រទេសឥណ្ឌូនេស៊ី អម្បាញ់មិញបានឱ្យដឹងហើយថា ខ្ញុំគឺជាប្រធានប៉ារ៉ាអូឡាំពិចរបស់កម្ពុជា។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើជាប្រធាន? នេះជាចំណុចងាយយល់ គឺជាការរួមចំណែកលើកទឹកចិត្ត សម្រាប់ការខិតខំរបស់ជនពិការរបស់យើង។ វាមិនមែនគ្រាន់តែជាបញ្ហាប្រធានដើម្បីការប្រកួតនោះទេ ក៏ប៉ុន្តែប្រធាននៅទីនេះ គឺសំ ដៅទៅដល់ការលើកទឹកចិត្តអោយមានការចូលរួមទាំងអស់។ ខ្ញុំក៏ជាជនពិការម្នាក់។ ជនពិការក៏មានលទ្ធភាពអាចធ្វើជានាយករដ្ឋមន្រ្តី ហើយក៏មិនមែនជានាយករដ្ឋមន្រ្តីត្រឹមតែកញ្ឆក់កណ្ដៀត កន្លះឆ្នាំមួយឆ្នាំពីរឆ្នាំនោះទេ ក៏ប៉ុន្តែ(ក្លាយជានាយករដ្ឋមន្រ្តី)ជិត ៤ ទសវត្សរ៍រួចស្រេចទៅហើយ។ បើយើងគិតពីឆ្នាំ១៩៨៥ រហូតមកដល់ឆ្នាំ​១៩៩៧ ខ្ញុំទើបនឹងធ្វើជានាយករដ្ឋមន្រ្តីបាន ១២ ឆ្នាំ។ ការលើកទឹកចិត្តអោយមានការចូលរួមនិងផ្ដល់ក្ដីសង្ឃឹម សម្រាប់ជនពិការរបស់យើងគឺជាការចាំបាច់។ លើសពីនេះ យើងក៏ត្រូវបន្តការខិតខំដើម្បីលើកស្ទួយវិស័យកីឡារបស់យើង ដែលខ្ញុំយល់ឃើញថា អ្វីដែលយើងអាចធ្វើទៅរួចគឺយើងធ្វើ។ យើងធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាបាល់ទះជនពិការកម្រិតពិភពលោក ដែលមកធ្វើការប្រ​កួតនៅទីក្រុងភ្នំពេញ ទោះបីថាចំណាត់ថ្នាក់វាមិនល្អសម្រាប់យើង គឺបានត្រឹមតែលេខ៣, លេខ​៤ ប៉ុន្តែលេខនេះក៏បង្ហាញថា កម្ពុជាជាប្រទេសមិនអន់ទេ ក្នុងចំណោមប្រទេសជាច្រើន ដែលមានកីឡាបាល់ទះនៅក្នុងពិភពលោក។ នោះគឺជាមោទនភាពមួយ។ ខ្ញុំក៏សង្ឃឹមថា…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

ស្ពានអាកាស ផ្លូវក្រោមដីចោមចៅ សមិទ្ធផលថ្មីរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយក៏សូមថ្លែងនូវការគោរពចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេសក៏ដូចជាបងប្អូនជនរួមជាតិកម្ពុជាយើង ដែលកំពុងរស់នៅនៅឯបរទេស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលកំពុងប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅឯបរទេស ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ពីទីនេះ។ ថ្ងៃនេះ យើងពិតជាមានការរីរករាយ ដែលបានមកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា។ យើងធ្វើពិធីសម្ពោធថ្ងៃនេះ គឺនៅក្នុងឆ្នាំ​ចាស់​ ឆ្នាំឆ្នូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥។ សមិទ្ធផល ០២ ទៀត៖ ទី ១ ថ្ងៃនេះ សម្ពោធនូវទីនេះ តែនៅមានសមិទ្ធផលដ៏ធំមួយទៀត នៅឯខេត្តសៀមរាប ដែលត្រូវចំណាយថវិកាប្រមាណជាជាង ២០០ លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវសម្ពោធនៅថ្ងៃទី ០៤ មេសា ខាងមុខនេះ។ នៅមានសមិទ្ធផលជាច្រើនទៀត ដែលយើងនឹងត្រូវចាប់ផ្ដើមសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្រោយចូលឆ្នាំខ្មែរ​ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នៅពេលខាងមុខ។ ខ្ញុំសូមអនុគ្រោះជាមុន អំពីបងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ក្ដី តាមផ្លូវជាតិលេខ…