សុន្ទរកថា និងការអត្ថាធិប្បាយបន្ថែម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី​​ “ទំនាក់ទំនង កម្ពុជា-ទីម័រឡេស្តេ និងបេក្ខភាពទីម័រឡេស្តេជាសមាជិកសមាគមប្រជាជាតិអាស៊ាន

លោកជំទាវ ម៉ារៀ ហ្វឺណាន់ដា ឡេ ប្រធានសភាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! [ផ្ដើមសេចក្ដីអធិប្បាយ១] ជាដំបូង ខ្ញុំសូមពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចប្រធានសភាកម្ពុជា ជូនចំពោះលោកជំទាវប្រធាន។ ហើយខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះតំណាងគណបក្សនយោបាយក្នុងសភាទីម័រឡេស្តេ ដែលបានបង្ហាញពីសមានចិត្តចំពោះខ្ញុំ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា នៅក្នុងការថ្លែងអម្បាញ់មិញនេះ។ នោះបង្ហាញអំពីមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេជាលើកទី២។ ទស្សនកិច្ចផ្លូវការរបស់ខ្ញុំលើកទី១ គឺនៅឆ្នាំ២០១៦  ដែលកាលណោះខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្រ្តី។  ខ្ញុំសូមអរគុណចំពោះការទទួលស្វាគមន៍យ៉ាង​កក់ក្តៅចំពោះរូបខ្ញុំ ព្រមទាំងប្រតិភូអមដំណើរ និងការរៀបកិច្ចប្រជុំជាពិសេសនេះឡើងដើម្បីឱ្យខ្ញុំបានធ្វើបទឧទ្ទេសនាម​ចែករំលែកទស្សនៈស្តីពី ទំនាក់ទំនងកម្ពុជា-ទីម័រឡេស្តេ ព្រមទាំងបទពិសោធរបស់កម្ពុជា ក្នុងការត្រៀមចូលជាសមាជិកអាស៊ានកាលពី ២៦ ឆ្នាំមុន ស្របពេលដែលទីម័រឡេស្តេ កំពុងត្រៀមខ្លួន​ក្លាយជា​សមាជិកអាស៊ានពេញសិទ្ធិ នាពេលដ៏ឆាប់ខាងមុខនេះ។ ក្នុងរយៈពេល ៤៤ ឆ្នាំនៃអាជីពនយោបាយរបស់ខ្ញុំ ពីឆ្នាំ១៩៧៩ (ឬអាចចាត់ទុកថាប្រហែលជាជាងកន្លះសតវត្សរ៍នៃអាជីពបម្រើការងាររបស់ខ្ញុំ មុនកាន់តំណែងនយោបាយ) រហូតដល់ពេលលែងកាន់តំណែងនាយករដ្ឋមន្រ្តីនៅឆ្នាំ២០២៣ សមិទ្ធផលជាប្រវត្តិសាស្ត្រមួយ​សម្រាប់រូបខ្ញុំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល នោះគឺការចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និងការដឹកនាំប្រកបដោយជោគជ័យនូវអង្គការ​តំបន់មួយនេះ ក្នុងនាមប្រធាន​ប្តូរវេន​រហូតដល់ ៣លើក។ អ្វីដែលគួរឱ្យ​កត់សម្គាល់នោះ គឺកម្ពុជាហ៊ានទទួល​ធ្វើ​ជាប្រធាន​ លើកទី១…

សេចក្តីថ្លែងព័ត៌មាន និងសំនួរចំឡើយ នៃសន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ​បង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ានទី ៤០ និងទី ៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រះរាជាណាចក្រកម្ពុជា

សេចក្តីថ្លែងព័ត៌មាន អ្នកសារព័ត៌មាន លោកលោកស្រី!ជាដំបូងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក/លោកស្រី អ្នកសារព័ត៌មានដែលមានវត្តមានក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ។ អ្នកកាសែតយើងទាំងអស់បានទទួលព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចប្រជុំនានាក្នុងសន្និសីទសារព័ត៌មានរួចហើយ ដោយឡែកព័ត៌មានលម្អិតនៃកិច្ចប្រជុំនីមួយៗ ក៏មាននៅក្នុងសេចក្ដីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំកំពូលទាំង ១១ ដែរ។ ដូចនេះ ខ្ញុំនឹងផ្ដោតទៅលើបញ្ហាលេចធ្លោតែប៉ុណ្ណោះ។ បន្ទាប់ពីនោះ ខ្ញុំនឹងបើកវេទិកាសម្រាប់សំណួរចម្លើយ។ អ្វីដែលកម្ពុជាបានធ្វើការប៉ុន្មានថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីតួនាទីនាំមុខរបស់ប្រទេសយើង ក្នុងនាមជាប្រ​ធានអាស៊ាន នៅក្នុងកិច្ចការតំបន់និងសាកលលោក ក៏ដូចជាលទ្ធភាពនិងសមត្ថភាពក្នុងការរៀបចំព្រឹត្តិ​ការណ៍​សំខាន់ៗរបស់ពិភពលោក ដូចជាកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ាន​រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ កម្ពុជា ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន អាចអញ្ជើញនិងទទួលថ្នាក់ដឹកនាំកំពូលៗ មកពីបណ្ដាប្រទេសនិងស្ថាប័នអន្តរជាតិនានាចំនួន ២៩ ក៏ដូចជាបានអនុម័តនិងកត់សម្គាល់ឯកសារលទ្ធផលចំនួន ១០០ ស្ដីពីអាទិភាពចម្បងនានា នៅក្នុងសសរស្ដម្ភសហគមន៍ទាំងបី ក្នុងនោះមានឯកសារបីដែលខ្ញុំចង់រំលេចគឺ៖ (១) សេចក្ដីថ្លែងការណ៍ស្ដីពីទស្សនវិស័យរបស់ប្រមុខដឹកនាំអាស៊ាន លើមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ (២) សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីខួបទី ៥៥ នៃអាស៊ាន និង (៣) សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្ដីពី “របៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ 2025”។ ក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ អាស៊ាននិងដៃគូខាងក្រៅ បានពិភាក្សាយ៉ាងទូលំទូលាយនិងប្រកបដោយន័យស្ថាបនាលើបញ្ហាដ៏សំខាន់បំផុតជាច្រើន ដែលតំបន់របស់យើងនិងសាកលលោក…