- លោកជំទាវ ម៉ារៀ ហ្វឺណាន់ដា ឡេ ប្រធានសភាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
[ផ្ដើមសេចក្ដីអធិប្បាយ១]
ជាដំបូង ខ្ញុំសូមពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចប្រធានសភាកម្ពុជា ជូនចំពោះលោកជំទាវប្រធាន។ ហើយខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះតំណាងគណបក្សនយោបាយក្នុងសភាទីម័រឡេស្តេ ដែលបានបង្ហាញពីសមានចិត្តចំពោះខ្ញុំ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា នៅក្នុងការថ្លែងអម្បាញ់មិញនេះ។ នោះបង្ហាញអំពីមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ។
[ចប់សេចក្ដីអធិប្បាយ១]
ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេជាលើកទី២។ ទស្សនកិច្ចផ្លូវការរបស់ខ្ញុំលើកទី១ គឺនៅឆ្នាំ២០១៦ ដែលកាលណោះខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្រ្តី។ ខ្ញុំសូមអរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបខ្ញុំ ព្រមទាំងប្រតិភូអមដំណើរ និងការរៀបកិច្ចប្រជុំជាពិសេសនេះឡើងដើម្បីឱ្យខ្ញុំបានធ្វើបទឧទ្ទេសនាមចែករំលែកទស្សនៈស្តីពី ទំនាក់ទំនងកម្ពុជា-ទីម័រឡេស្តេ ព្រមទាំងបទពិសោធរបស់កម្ពុជា ក្នុងការត្រៀមចូលជាសមាជិកអាស៊ានកាលពី ២៦ ឆ្នាំមុន ស្របពេលដែលទីម័រឡេស្តេ កំពុងត្រៀមខ្លួនក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ នាពេលដ៏ឆាប់ខាងមុខនេះ។
ក្នុងរយៈពេល ៤៤ ឆ្នាំនៃអាជីពនយោបាយរបស់ខ្ញុំ ពីឆ្នាំ១៩៧៩ (ឬអាចចាត់ទុកថាប្រហែលជាជាងកន្លះសតវត្សរ៍នៃអាជីពបម្រើការងាររបស់ខ្ញុំ មុនកាន់តំណែងនយោបាយ) រហូតដល់ពេលលែងកាន់តំណែងនាយករដ្ឋមន្រ្តីនៅឆ្នាំ២០២៣ សមិទ្ធផលជាប្រវត្តិសាស្ត្រមួយសម្រាប់រូបខ្ញុំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល នោះគឺការចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និងការដឹកនាំប្រកបដោយជោគជ័យនូវអង្គការតំបន់មួយនេះ ក្នុងនាមប្រធានប្តូរវេនរហូតដល់ ៣លើក។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺកម្ពុជាហ៊ានទទួលធ្វើជាប្រធាន លើកទី១ នៅឆ្នាំ២០០២ ពោលគឺត្រឹមតែក្នុងថេរវេលាប្រហែលពីរឆ្នាំកន្លះប៉ុណ្ណោះ ក្រោយបានក្លាយជាសមាជិកពេញសិទ្ធិ។ ខ្ញុំគឺជាអ្នកត្រួសត្រាយផ្លូវ និងបានដឹកនាំកម្ពុជាធ្វើដំណើរឆ្លងកាត់ការលំបាក និងបទពិសោធជាច្រើន ទំរាំបានចូលជាសមាជិកអាស៊ាន និងធ្វើសមាហរណកម្មចូលក្នុងតំបន់បានដូចសព្វថ្ងៃ ស្របតាមយុទ្ធសាស្រ្តជាតិកម្ពុជា។
សម្រាប់ជាការចែករំលែកនៅថ្ងៃនេះ ជាដំបូងខ្ញុំនឹងនិយាយអំពីទំនាក់ទំនងរវាងកម្ពុជា និង ទីម័រឡេស្តេ បន្ទាប់មក ខ្ញុំនឹងលើកអំពីទស្សនវិស័យ និងក្តីរំពឹងរបស់កម្ពុជាចំពោះអាស៊ាន។ ខ្ញុំនឹងបញ្ចប់បទបាឋកថាជាមួយនឹងការវាយតម្លៃ អំពីសារៈសំខាន់នៃតួនាទីរបស់អាស៊ាន ក្នុងពិភពលោក លើសពីវិសាលភាពតំបន់។
១. ទំនាក់ទំនងកម្ពុជា និងទីម័រឡេស្តេ
ជាដំបូង ខ្ញុំសូមឆ្លៀតឱកាសនេះចូលរួមជាមួយប្រជាជនទីម័រឡេស្តេទាំងអស់ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៣ នៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលប្រជាជនទីម័រឡេស្តេសម្រេចបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២។ នេះក៏ជាឆ្នាំដែលមានអត្ថន័យប្រវត្តិសាស្រ្តសម្រាប់ប្រទេសយើងទាំងពីរផងដែរ ដោយទំនាក់ទំនងការទូតរបស់យើង ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៩ ខែកក្កដា ក្នុងឆ្នាំដដែល ហើយគាប់ជួននឹងពេលដែលកម្ពុជាកំពុងអនុវត្តតួនាទី ជាប្រធានអាស៊ានលើកទី១។ ខ្ញុំតែងមានអារម្មណ៍ជិតស្និទ្ធជាមួយប្រជាជនទីម័រឡេស្តេ ព្រោះបើទោះបីបរិបទស្ថានការណ៍នៃប្រទេសយើងមិនដូចគ្នា ប្រជាជាជាតិយើងទាំងពីរ គឺសុទ្ធតែបានឆ្លងកាត់ព្យុះភ្លៀង នៃអស្ថិរភាពនយោបាយ-សន្តិសុខដូចគ្នា ក្រោយពីបានឯករាជ្យពីអាណានិគម ហើយធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាព និងការគ្រប់គ្រងរដ្ឋបាលរបស់អង្គការសហប្រជាជាតិ នៅក្នុងទសវត្សរ៍តែមួយ ពោលគឺកម្ពុជានៅដើមទសវត្សរ៍ ១៩៩០ ចំណែកឯទីម័រឡេស្តេនៅចុងទសវត្សរ៍ដូចគ្នានេះ។ នៅពេលដែលទីម័រឡេស្តេដាក់សំណើជាផ្លូវការសុំចូលជាសមាជិកអាស៊ាននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១១ កម្ពុជាបានបញ្ជាក់ពីការគាំទ្រដោយឥតស្ទាក់ស្ទើរ គាប់ជួននឹងការខិតជិតមកដល់នៃវេនរបស់កម្ពុជា ដែលត្រូវធ្វើជាប្រធានអាស៊ានជាលើកទី២ នៅឆ្នាំ២០១២។
ខ្ញុំវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០០២ ។ ថ្វីត្បិតតែយើងពុំសូវមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នា ប៉ុន្តែ កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកផ្នែកនយោបាយក្នុងក្របខ័ណ្ឌទ្វេភាគី និងនៅលើវេទិកាអន្តរជាតិ មានភាពល្អប្រសើរ ដែលទំនាក់ទំនងបែបនេះ មានសារៈសំខាន់ ជាពិសេស ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរ។ ខ្ញុំមានសេចក្តីពេញចិត្តដោយបានឃើញប្រទេសយើងទាំងពីរមានការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្ញុំយល់ថា ទំនាក់ទំនងកាន់តែរឹងមាំផ្នែកនយោបាយ គឺជាមូលដ្ឋានសំខាន់សម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សង្គមវប្បធម៌ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។
កាលពីខែមុន ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការទីម័រឡេស្តេ បានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ យើងបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន ដែលប្រទេសទាំងពីរអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ជាក់ស្តែង ដូចជាការណ៍ដែលកម្ពុជា អាចជួយពង្រឹងសន្តិសុខស្បៀង ហើយទីម័រឡេស្តេ អាចជួយពង្រឹងសន្តិសុខថាមពល។ ក្នុងគោលដៅពង្រឹងពង្រីកនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជាបានសម្រេចបើកស្ថានឯកអគ្គរាជទូតនៅរដ្ឋធានីឌីលី។ ខ្ញុំសូមអរគុណរដ្ឋាភិបាល ទីម័រឡេស្តេ ដែលឆាប់ផ្តល់ការឯកភាពទទួលឯកអគ្គរាជទូតកម្ពុជាទី១ មកឈរជើងបំពេញបេសកកម្មនៅក្រុងឌីលី។ ការបើកស្ថានទូតពេលនេះ ក៏ជាសារនយោបាយបង្ហាញការគាំទ្ររបស់កម្ពុជាចង់ឱ្យទីម័រឡេស្តេចូលជាសមាជិកពេញសិទ្ធរបស់អាស៊ាន នៅក្នុងឆ្នាំ២០២៥ នេះ។ ខ្ញុំជឿថា ការបើកស្ថានទូតរបស់យើងនៅរដ្ឋធានីឌីលី នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងទីម័រឡេស្តេ មានការប្រែប្រួលជាវិជ្ជមានកាន់ច្រើន នៅលើសសរស្តម្ភទាំង ៣ គឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។
[ផ្ដើមសេចក្ដីអធិប្បាយ២]
ជាមួយនេះដែរ ខ្ញុំសូមយកឱកាសនេះសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ធំធេងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅទីម័រឡេស្តេ។ ខ្ញុំគឺជាសាក្សីរស់ដែលបានមកកាន់ទីនេះកាលពីឆ្នាំ២០១៦ គឺ៩ឆ្នាំមុន។ ប៉ុន្តែ ពេលដែលខ្ញុំមកកាន់ទីនេះសាជាថ្មីម្ដងទៀត រដ្ឋធានីឌីលីបានប្ដូរមុខមាត់យ៉ាងសម្បើមអស្ចារ្យ។ មិនត្រឹមតែខ្លួនខ្ញុំនោះទេ សហការីដែលធ្វើដំណើរមកជាមួយខ្ញុំ ក៏បានធ្វើការកត់សម្គាល់ដូចគ្នា។ ដូច្នេះ ទីម័រឡេស្តេមិនមែនជាបញ្ហាកង្វល់ធំសម្រាប់ការចូលរួមនៅក្នុងអាស៊ាន ដោយសារតែបញ្ហាការព្រួយបារម្ភអំពីការអភិវឌ្ឍមិនស្មើគ្នានោះដែរ។ ខ្ញុំពិតជាមានការកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងវឌ្ឍនភាពនៃសង្គមសេដ្ឋកិច្ចរបស់ទីម័រឡេស្តេ។
[ចប់សេចក្ដីអធិប្បាយ២]
២. អាស៊ាន និង កម្ពុជា
ដោយទីម័រឡេស្តេកំពុងជំរុញបេក្ខភាពជាសមាជិកពេញសិទ្ធរបស់សមាគមអាស៊ាន ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីចែករំលែកបទពិសោធន៍ និងទស្សនៈរបស់ខ្ញុំខ្លះៗ ពាក់ព័ន្ធនឹងសមាជិកភាពអាស៊ាន។ តាមពិត មានការឯកភាពឱ្យកម្ពុជាចូលជាសមាជិកអាស៊ាន តាំងពីឆ្នាំ១៩៩៧ ប៉ុន្តែ ការបញ្ចូលជាផ្លូវការ ត្រូវបានពន្យារពេលរហូតដល់ខែមេសា ឆ្នាំ១៩៩៩ ដោយសារតែអស្ថិរភាពនយោបាយផ្ទៃក្នុងកម្ពុជា។ សេដ្ឋកិច្ចសង្គមរបស់កម្ពុជានៅ ១៩៩៧ ស្ថិតក្នុងស្ថានភាពលំបាកខ្លាំងនៅឡើយ ដោយយើងមិនទាន់សម្រេចបានសន្តិភាពពេញលេញ និងការឯកភាពជាតិ។ ទោះជាយ៉ាងនេះក្តី កម្ពុជាបានអនុវត្តនូវកាតព្វកិច្ច និង តួនាទីរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ។ យោងតាមបទពិសោធផ្ទាល់ខ្លួននេះ កម្ពុជាគាំទ្រពេញទំហឹងឱ្យទីម័រឡេស្តេ បានចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន តាំងតែពីដើមដំបូង ហើយក៏បានខិតខំជំរុញឱ្យមានកុងសង់ស៊ីសអាស៊ាន លើសំណើរបស់ទីម័រឡេស្តេរហូតមក ព្រោះកម្ពុជាយល់ថា មិនគួរទុកទីម័រឡេស្តេ ឱ្យនៅតែលតោលនោះទេ។ នេះគឺជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់បិតាស្ថាបនិកអាស៊ាន ដែលចង់ចងក្រងរដ្ឋទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឱ្យនៅក្រោមឆ័ត្រ
អាស៊ានតែមួយ។
នៅពេលកម្ពុជាធ្វើប្រធានអាស៊ានឆ្នាំ២០២២ ការបញ្ចូលទីម័រឡេស្តេជាសមាជិកអាស៊ានត្រូវដាក់បញ្ចូលអាទិភាពមួយ ក្នុងចំណោមអាទិភាពនានារបស់យើងឆ្នាំនោះ។ ខ្ញុំបានលើកមតិជាសាធារណៈ និងជាមួយសមាជិកអាស៊ានឯទៀតថា យើងមិនត្រូវពន្យារពេលបញ្ចូលទីម័រឡេស្តេ ក្នុងគ្រួសារអាស៊ានយូរទៀតទេ រយៈពេលរង់ចាំជាង ១០ ឆ្នាំ គឺគ្រប់គ្រាន់ពេកហើយ។ តាមរយៈការខិតខំចរចា រហូតដល់នាទីចុងក្រោយ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅក្រុងភ្នំពេញ បានឯកភាពជាគោលការណ៍ ទទួលទីម័រឡេស្តេជាសមាជិកអាស៊ានទី១១។ ទោះបីមិនទាន់បានជាសមាជិកពេញសិទ្ធិ ប៉ុន្តែ នៅឆ្នាំបន្ទាប់ទីម័រឡេស្តេ បានចូលរួមជាសមាជិកសង្កេតការណ៍ ហើយដោយការតាំងចិត្ត និងភាពសកម្មរបស់ទីម័រឡេស្តេខ្លួនឯង ពេលនេះអាស៊ានបានអនុញ្ញាតឱ្យទីម័រឡេស្តេ ចូលរួមមតិនៅលើការងារកសាងសហគមន៍អាស៊ាន។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឆ្នាំនេះទីម័រឡេស្តេ នឹងបានចូលក្នុងគ្រួសារអាស៊ានជាផ្លូវការ។
រាជរដ្ឋាភិបាលកម្ពុជា និងរូបខ្ញុំផ្ទាល់ នឹងបន្តកៀរគរការគាំទ្រពីប្រទេសមាជិកអាស៊ានឯទៀត ឱ្យទទួលទីម័រឡេស្តេចូលជាសមាជិក។ ខ្ញុំគិតថា ទីម័រឡេស្តេពេលនេះ ស័ក្តិសមនឹងក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយយើងអាចទុកកាតព្វកិច្ចចូលជាភាគី ក្នុងលិខិតូបករណ៍ដែលនៅសេសសល់ ទៅបន្តអនុវត្ត នៅដំណាក់កាលក្រោយចូលជាសមាជិកពេញសិទ្ធ។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
ហើយពីទីនេះ ខ្ញុំក៏សូមអំពាវនាវដល់ថ្នាក់ដឹកនាំអាស៊ានដទៃទៀត មេត្តាផ្ដល់លទ្ធភាពឲ្យទីម័រឡេស្តេ បានក្លាយទៅជាសមាជិកពេញសិទ្ធ ព្រោះនេះជាភាពចាំបាច់នៃភូមិសាស្រ្តនយោបាយ ជាភាពចាំបាច់នៃការធ្វើសមាហរណកម្មក្នុងតំបន់ និងជាភាពចាំបាច់ដែលអាស៊ានត្រូវដើរតួនាទីបង្រួបបង្រួមប្រទេសទាំងអស់នៅក្នុងដែនដីអាស៊ីអាគ្នេយ៍របស់យើង។
បើពិនិត្យអំពីលក្ខណៈសម្បត្តិ ខ្ញុំសូមនិយាយដោយចំហនៅទីនេះ បន្ទាប់ពីបានជម្រាបជូនលោកជំទាវប្រធានសភា ក៏ដូចជាឯកឧត្ដមប្រធានាធិបតី នោះការប្រៀបធៀបរវាងកម្ពុជា និងទីម័រឡេស្តេ មានការខុសគ្នាដាច់ស្រឡះ។ កាលពីកម្ពុជាចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ ពេលនោះផលប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗមានត្រឹមតែ ២៨១ដុល្លារ តែប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះ ទីម័រឡេស្តេមានប្រាក់ចំណូលសម្រាប់ប្រជាជនម្នាក់ៗ រហូតទៅដល់ ១ ៤៥៣ដុល្លារ យោងទៅតាមសិ្ថតិរបស់ធនាគារពិភពលោក។ ដូច្នេះ បើនិយាយពីស្ថានភាពសេដ្ឋកិច្ចសង្គម ក៏ដូចជាធនធានមនុស្ស ទីម័រឡេស្តេមានភាពល្អជាងប្រសើរជាងកម្ពុជាកាលពីឆ្នាំ១៩៩៩ទៅទៀត។ ដូច្នេះ គ្មានហេតុផលណាមួយដែលត្រូវរារាំងនូវតួនាទីរបស់ទីម័រឡេស្តេ ចូលទៅជាសមាជិកអាស៊ានទេ។
ខ្ញុំគឺជាសាក្សីរស់ម្នាក់ ដែលម្ខាងខ្លួនឯងដឹកនាំកម្ពុជានៅក្នុងដំណាក់កាលចូលដំបូង គឺ ផសស និងចំណូលរបស់ប្រជាពលរដ្ឋត្រឹមតែ ២៨១ដុល្លារ។ ក្នុងពេលនេះ ទីម័រឡេស្តេត្រៀមខ្លួនចូលជាសមាជិក ប៉ុន្តែ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋទីម័រឡេស្តេមានរហូត ១ ៤៥៣ដុល្លារ ដែលចេញមកពីស្ថិតិនៃធនាគារពិភពលោក។ ដូច្នេះ សង្ឃឹមថា មិត្តភក្ដិដៃគូអាស៊ានរបស់យើង នឹងគាំទ្រទីម័រឡេស្តេឲ្យក្លាយទៅជាសមាជិកពេញសិទ្ធ ជាជាងទុកនៅជាសមាជិកសង្កេតការណ៍ដូចសព្វថ្ងៃ។
[ចប់សេចក្ដីអធិប្បាយ៣]
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ខ្ញុំសុំចែករំលែកបទពិសោធរបស់កម្ពុជា និងហេតុផល ៤ ធំៗ ដែលកម្ពុជាសម្រេចចិត្តជាយុទ្ធសាស្រ្តសុំចូលក្នុងគ្រួសារអាស៊ាន។ ខ្ញុំគិតថា ទីម័រឡេស្តេក៏អាចមានហេតុផល និងផលប្រយោជន៍ស្រដៀងកម្ពុជាដែរ ក្នុងការចូលជាសមាជិកអាស៊ាន។ ហេតុផលទាំង៤នោះគឺ៖
ទី១. គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក៖ កត្តានេះជាកត្តាធំបំផុត ដែលទាក់ទាញកម្ពុជាចូលអាស៊ាន។ ជាទស្សនៈរួមនៃអ្នកដឹកនាំខ្មែរ យើងមានការចងចាំថា សោកនាដកម្មរបស់កម្ពុជាមានឫសគល់ចេញពីអន្តរាគមន៍របស់បរទេសទៅលើនយោបាយផ្ទៃក្នុងរបស់កម្ពុជា។ នៅពេលដែលឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាចបានរាលដាលដល់កម្ពុជា ហើយមានការលូកដៃចូលជ្រៅទៅក្នុងនយោបាយផ្ទៃក្នុង ដែលឈានដល់ការធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពេលនោះហើយដែលជាចំណុចចាប់ផ្តើមនៃការធ្លាក់ចូលអន្លង់ដ៏សែនជ្រៅ នៃការបែកបាក់ផ្ទៃក្នុង ហើយកម្ពុជាបានបាត់បង់ការកាន់កាប់លើជោគវាសនាប្រទេសជាតិខ្លួន កម្ពុជាបានក្លាយជាវេទិកានៃសង្គ្រាមដោយតួអង្គតំណាងផង (proxy war) និងជាសង្គ្រាមស៊ីវិលប្រល័យពូជសាសន៍ជាតិឯងផង។ ចេញពីមេរៀនប្រវត្តិសាស្ត្រនេះ គោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងរបស់អាស៊ាន ពិតជាមានភាពទាក់ទាញជាពិសេស សម្រាប់កម្ពុជា។
ទី២. ស្មារតីសហគមន៍៖ ស្មារតីសហគមន៍ គឺការធ្វើការដោយគោរពគោលការណ៍កុងសង់ស៊ីស។ រឿងនេះសំខាន់ខ្លាំងណាស់ ដើម្បីធានាថា ប្រទេសសមាជិកទាំងអស់មានសិទ្ធិស្មើគ្នា គ្មានប្រទេសតូច គ្មានប្រទេសធំ គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ គ្មានប្រទេសចាស់ គ្មានប្រទេសថ្មី។ អាស៊ាន មិនបានធ្វើការតាមរយៈការបោះឆ្នោតយកសម្លេងភាគច្រើននោះទេ ព្រោះវិធីនេះ នឹងអាចនាំឱ្យមានការបែកបាក់ផ្ទៃក្នុងអាស៊ាន។ ថ្វីត្បិតតែពេលខ្លះ គោលការណ៍នេះអាចបង្កើតឱ្យមានភាពតានតឹងខ្លះក៏ពិតមែន ប៉ុន្តែ បើវាយតម្លៃជារួមលើប្រវត្តិសាស្ត្រ យើងឃើញថា គោលការណ៍នេះ គឺជាមូលដ្ឋានដ៏រឹងមាំនៅក្នុងការធានាឯកភាព និងសាមគ្គីភាពយូរអង្វែងរបស់អាស៊ាន បើទោះបីត្រូវឆ្លងកាត់វិញ្ញាសារលំបាកបែបណាក៏ដោយ។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
ហើយខ្ញុំនៅតែជឿជាក់ថា គោលការណ៍(កុងសង់ស៊ីស)នេះគឺនៅតែមានប្រសិទ្ធភាព ប្រសិនបើអាស៊ានសាកល្បងសម្រេចកិច្ចការតាមរយៈការបោះឆ្នោត អាស៊ាននឹងបែកបាក់ អាស៊ានមិនក្លាយទៅជាតួអង្គឯកភាពដែលរួមចំណែកដោះស្រាយបញ្ហារបស់ខ្លួន និងបញ្ហានានាក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកទៀតទេ។
[ចប់សេចក្ដីអធិប្បាយ៤]
យើងពិតជាបានស្តាប់ឮនូវការអត្ថាធិប្បាយ ដែលចង់សើរើគោលការណ៍កុងសង់ស៊ីស និង ការចោទប្រកាន់ដោយប្រយោលថា ប្រទេសចូលថ្មីបំពានសិទ្ធិវ៉េតូ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ត្រង់នេះ ខ្ញុំចង់សួរត្រឡប់ទៅវិញថា តើជាការពិតដែរឬទេ ដែលប្រទេសសមាជិកដើមមានជំហរឯកភាពគ្នាលើគ្រប់បញ្ហានៅក្នុងតំបន់នោះ? ពិតជាមិនអាចទៅរួចទេ ដូច្នេះហើយបិតាស្ថាបនិកអាស៊ានក៏បានប្រមើលឃើញទិដ្ឋភាពបែបនេះដែរ នៅពេលដែលពួកគាត់រៀបចំឱ្យមានគោលការណ៍កុងសង់ស៊ីស។ អាស៊ានមានភាពចម្រុះខ្លាំង ហើយប្រទេសនីមួយៗ សុទ្ធតែមានការពិចារណាលើផលប្រយោជន៍តំបន់ ទន្ទឹមគ្នានឹងផលប្រយោជន៍ប្រទេស ដែលការថ្លឹងថ្លែងទាំងនេះ ពិតជាមិនអាចដូចគ្នាឥតខ្ចោះ នៅគ្រប់កាលៈទេសៈនោះទេ។ ការធានាឯកភាពក្នុងតំបន់ “សាមគ្គីភាពក្នុងភាពចម្រុះ” និងភាពស្អិតរមួតស្ថាប័ន ត្រូវការ “កាវបិត” ដែលមានប្រសិទ្ធភាព និងប្រកបដោយបញ្ញាញាណ(sophisticated) នោះគឺគោលការណ៍កុងសង់ស៊ីសនោះឯង។ តាមពិត ក្នុងការអនុវត្តជាក់ស្តែង កុងសង់ស៊ីស មិនមែន “រឹងត្អឹង” នោះទេ។ ឧបមាថា ថ្ងៃនេះ យើងមិនអាចមានកុងសង់ស៊ីស លើគោលជំហរណាមួយ យើងអាចស្ទាបស្ទង់ដឹងថា តើបន្ទាត់ក្រហមនៃគោលជំហររបស់ប្រទេសពាក់ព័ន្ធផ្សេងទៀតនោះ គឺជាអ្វី។ ដូច្នេះ នេះគឺជាសិល្បៈដែលមានលក្ខណៈជាស្ថាប័នរបស់អាស៊ាន នៅក្នុងការកែសម្រួល សម្របសម្រួលអត្ថន័យ ខ្លឹមសារ ឬមធ្យោបាយណាមួយ នៃគោលជំហរ ដែលសមាជិកទាំងអស់អាចទទួលយកបាន។ ច្បាស់ណាស់ថា ការសម្របសម្រួលបែបនេះ ត្រូវការពេលវេលាច្រើន ប៉ុន្តែ គោលការណ៍នេះ បានធានានូវភាពសុខដុមផ្ទៃក្នុងអាស៊ាន អស់រយៈកាល ៥៨ឆ្នាំមកហើយ។ យើងអាចមានចិត្តអន្ទះសារ នៅពេលដែលយើងឃើញមានការរាំងស្ទះលើបញ្ហាណាមួយ ដែលអាស៊ានពុំមានគោលជំហររួម ប៉ុន្តែ បើមើលលើមាគ៌ា ៥៨ ឆ្នាំដែលយើងបានដើររួមគ្នា យើងគួរតែមានមោទនភាពទៅវិញទេ ដែលយើងអាចនៅធ្វើការជាមួយគ្នាបាន រីកចម្រើនជាមួយគ្នាបាន នៅពេលដែលស្ថាប័នពហុភាគី ឬស្ថាប័នតំបន់ និងអនុតំបន់ ជាច្រើនផ្សេងទៀត បានថមថយឥទ្ធិពល ឬក៏បាត់មុខពីវេទិកាការទូតតែម្តង។ ត្រង់នេះ យើងត្រូវតែគោរព និងផ្តល់តម្លៃដល់បញ្ញាញាណ ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់បិតាស្ថាបនិករបស់អាស៊ាន ហើយប្រទេសសមាជិកទាំងអស់សុទ្ធតែមានចំណែកនៅក្នុងការថែរក្សាប្រពៃណីដ៏ឧត្តុង្គឧត្តមរបស់អាស៊ាន ដែលយើងបានខិតខំកសាងរួមគ្នាអស់រយៈពេលជាយូរមកហើយ។
ទី៣. ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការជំរុញសមាហរណកម្ម៖ មានទិដ្ឋភាពច្រើននៃសមាហរណកម្ម ដែលប្រទេសសមាជិកទាំងអស់សុទ្ធតែទទួលបានផលប្រយោជន៍ តាមរយៈការពង្រឹងភាពការតភ្ជាប់ទាំងរូបវន្ត និងផ្នែកទន់ ការគិតគូររួមគ្នា ដើម្បីជំរុញវិស័យដែលមានប្រយោជន៍រួម និងការបង្រួមគម្លាតនៃការអភិវឌ្ឍ។ យើងបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលពង្រឹងការតភ្ជាប់ក្នុងតំបន់ ដើម្បីបង្កើនការផ្លាស់ប្តូរទំនិញ និងប្រជាជន ហើយឧទាហរណ៍ជាក់ស្តែងបំផុតនោះ គឺការលើកលែងទិដ្ឋាការសម្រាប់ការបម្លាស់ទីរបស់ប្រជាជន នៅក្នុងតំបន់ទាំងមូលតែម្តង។ ការកាត់បន្ថយគម្លាត រវាងប្រទេសអាស៊ានចាស់ និងអាស៊ានថ្មី តាមរយៈគំនិតផ្តួចផ្តើមការធ្វើសមាហរណកម្មអាស៊ាន ដែលបានចាប់ផ្តើមពីឆ្នាំ២០០០ មក ជាពិសេស លើការពង្រឹងសមត្ថភាពស្ថាប័ន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា។ ប្រទេសដៃគូនៅខាងក្រៅ ក៏បានចូលរួមយ៉ាងច្រើន ដើម្បីពន្លឿនដំណើរការនៃការធ្វើសមហរណកម្ម ដោយពន្លឿនការអភិវឌ្ឍនៅក្នុងប្រទេសដែលជាសមាជិកថ្មី ដូចជា កម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដែលត្រូវការធ្វើសមាហរណកម្ម ដើម្បីកាត់បន្ថយគម្លាតជាមួយប្រទេសសមាជិក ដែលមានការអភិវឌ្ឍច្រើនជាង។
ខ្ញុំចង់គូសបញ្ជាក់ថា មានការយល់ខុសមួយចំនួនថា កម្ពុជា ឬប្រទេសចូលថ្មី ដែលមានសេដ្ឋកិច្ចតូច នឹងអូសជើងអាស៊ានឱ្យដើរយឺត។ តាមពិត ប្រទេសចូលថ្មី មិនបានអូសដំណើរពឹងពាក់ ឬដណ្តើមផលប្រយោជន៍ពីប្រទេសចូលមុននោះទេ ។ ខ្ញុំសូមបង្ហាញតួលេខជាក់ស្តែង។ នៅពេលដែលអាស៊ានបង្កើតឡើងនៅឆ្នាំ១៩៦៧ អាស៊ានមានទំហំសេដ្ឋកិច្ចត្រឹមតែ ២៤ ប៊ីលានដុល្លារប៉ុណ្ណោះ ប៉ុន្តែ នៅឆ្នាំ២០២៤ ផសស របស់អាស៊ាន ១០ ប្រទេស មានរហូតដល់ ៣,៨ ទ្រីលានដុល្លារ ដែលជាសេដ្ឋកិច្ចធំបំផុតទី៥ នៅលើពិភពលោក ហើយអាចនឹងហក់ឡើងទៅលេខ ៤ នៅឆ្នាំ ២០៣០ ហើយទំហំពាណិជ្ជកម្មទំនិញបានកើនដល់ ៣,៥ ទ្រីលានដុល្លារ ជិតស្មើនឹងទំហំ ផសស ក្នុងនោះ ២១,៥% ជាពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន។ ទំហំវិនិយោគបរទេសសរុប មានដល់ទៅ ២២៩,៨ ប៊ីលាន ហើយក្នុងនោះ ៩,៥% គឺជាទុនវិនិយោគផ្ទៃក្នុងអាស៊ាន។ តួលេខនេះបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានពុំបានដើរថយក្រោយ ដោយសារមានសមាជិកថ្មីនោះទេ ផ្ទុយទៅវិញ ទាំងពាណិជ្ជកម្ម និងវិនិយោគ គឺមានតែការកើនឡើងជាលំដាប់ ហើយអាស៊ានក៏បង្កើនពាណិជ្ជកម្ម និងវិនិយោគផ្ទៃក្នុងកាន់តែច្រើនឡើងដែរ។
[ផ្ដើមសេចក្ដីអធិប្បាយ៥]
ខ្ញុំរំពឹងថា ថែមទីម័រឡេស្តទៅក្នុងអាស៊ាន វាក៏នឹងបង្កើននូវចំនួនផលិតផលសរុបកាន់តែច្រើន បន្ថែមដោយប្រជាសាស្រ្ត និងចំនួនប្រទេសជាសមាជិក។
[ចប់សេចក្ដីអធិប្បាយ៥]
ទី៤. ច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា៖ អាស៊ានមានដៃគូច្រើន ដូច្នេះ នៅពេលកម្ពុជាក្លាយទៅជាសមាជិកអាស៊ាន បានន័យថា កម្ពុជាក៏នឹងក្លាយទៅជាដៃគូជាមួយបណ្តាប្រទេសទាំងនោះដោយស្វ័យប្រវត្តិ។ អាស៊ានគឺជាច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា។ និម្មាបនកម្មដែលដឹកនាំដោយអាស៊ាន មានការរីកចម្រើនជាលំដាប់ ហើយតាមរយៈនេះ កិច្ចសហប្រតិបត្តិការរបស់អាស៊ាន ជាមួយដៃគូខាងក្រៅ ក៏កាន់តែវិវឌ្ឍជឿនលឿន ទាំងលើវិសាលភាព និង ជម្រៅនៃកិច្ចសហប្រតិបត្តិការ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៥ ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) បានកើនឡើងដល់ ៥៥ ប្រទេស ហើយប្រទេស ឬស្ថាប័នក្រៅពីអាស៊ាន ចំនួន ៩៥ មានអង្គទូតរបស់ខ្លួនប្រចាំអាស៊ាន ហើយអាស៊ានវិញ ក៏បានបង្កើតគណៈកម្មាធិការអាស៊ាននៅប្រទេសទីបី ឬ នៅអង្គការអន្តរជាតិ បានដល់ចំនួន ៥៥។ អាស៊ានមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងដៃគូសន្ទនាសំខាន់ៗ ដូចជា ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង អូស្ត្រាលី-ញូវហ្សេលែន ហើយក៏មាន FTA ជាមួយនឹងហុងកុង ផងដែរ។ បន្ថែមលើនេះ អាស៊ានក៏មានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចាប់ផ្តើមចរចា នៅឆ្នាំ២០១២ ហើយចូលជាធរមាននៅឆ្នាំ២០២២ ដែលជាឆ្នាំដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន។ នៅឆ្នាំ២០២៣ RCEP មានទំហំពាណិជ្ជកម្មដល់ទៅ ២ ទ្រីលានដុល្លារ ហើយវិនិយោគបរទេសពីប្រទេសសមាជិក RCEP ក្រៅពីអាស៊ាន ក៏មានទំហំរហូតដល់ ៦៦,៣ ប៊ីលានដុល្លារ។ កាលានុវត្តភាពការទូត ដែលគោរពយន្តការពហុភាគីនិយមដែលផ្អែកលើច្បាប់ និងការអនុវត្តពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានបរិយាប័ន្ន និងផ្អែកលើវិធានច្បាប់ ដែលអាស៊ានបានប្រកាន់យកជាយូរមកហើយ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនអនេក ដល់ប្រទេសសមាជិក និងប្រទេសដៃគូ។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
៣. “អាស៊ាន និងពិភពលោក”
ផ្នែកចុងក្រោយនេះ ខ្ញុំចង់គូសរំលេចពីអនាគតនៃតួនាទីរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មអភិបាលកិច្ច កម្រិតពិភពលោក។ ខ្ញុំមើលឃើញអនាគតអាស៊ាន ដែលនឹងអាចក្លាយជា “ប៉ូលនយោបាយសេដ្ឋកិច្ច” មួយនៅក្នុងពិភពលោក។ ជាមួយនឹងប្រជាជនជាង ៦៧០ លាននាក់ ដែលជាទំហំធំបំផុតទី៣ នៅលើពិភពលោក និងទំហំសេដ្ឋកិច្ចធំបំផុតទី ៥ នៅលើពិភពលោក, តួនាទីរបស់អាស៊ាននៅក្នុងការកំណត់របៀបវារៈអភិបាលកិច្ចសកល ពិតជាមិនអាចមើលរំលងបានឡើយ។ សណ្តាប់ធ្នាប់ពិភពលោក កំពុងតែវិវត្តឈានទៅរក “ពហុប៉ូល” ដែលមានតួអង្គកាន់តែច្រើនឡើង ដែលបានបង្កើនទាំងទំហំសេដ្ឋកិច្ច អំណាចការទូត និងយោធា ដែលធ្វើឱ្យតួអង្គទាំងនោះខិតខំទាមទារប្រព័ន្ធអភិបាលកិច្ច ដែលមានអនុលោមភាព ទៅនឹងតថឥភាពថ្មីនៃស្ថានភាពតុល្យភាពអំណាចនៅលើពិភពលោក។ តួអង្គដែលលេចឡើងថ្មី ចង់មានតួនាទីកាន់តែធំឡើង នៅក្នុងការសម្រេចរបៀបវារៈនៃអភិបាលកិច្ចពិភពលោក ដែលមានលក្ខណៈប្រជាធិបតេយ្យជាងមុន យុត្តិធម៌ជាងមុន ដូច្នេះ ការប្រទាញប្រទង់អំណាច បានរុញច្រានឱ្យមហាអំណាចមួយចំនួនដើរប្រាស់ចាកពីវិធាននៃអភិបាលកិច្ចសកល ដែលខ្លួនបានខិតខំបង្កើតឡើង ក្រោយសង្គ្រាមលោកលើកទី ២ ដែលបាននិងកំពុងធ្វើឱ្យសណ្តាប់ធ្នាប់អន្តរជាតិ មានភាពរង្គោះរង្គើ
ជាពិសេស យន្តការពហុភាគីនិយមដែលផ្អែកលើវិធានច្បាប់។
ក្នុងកាលៈទេសៈបែបនេះ អាស៊ានពិតជាមានតួនាទីសំខាន់របស់ខ្លួន នៅក្នុងការជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើវិធានច្បាប់ផង និងកាន់តែមានភាពប្រជាធិបតេយ្យ និងយុត្តិធម៌ផង។ នៅក្នុងទិសដៅនេះ, អាស៊ានអាចមានអភិក្រម ២ យ៉ាង។ ទី១ គឺយើងអាចពង្រឹងសមត្ថភាពខ្លួនឯង និងទី២ គឺការពង្រឹងអន្តរកម្មរបស់អាស៊ាន ជាមួយនឹងស្ថាប័នពហុភាគីដែលមានឥទ្ធិពល។ យើងពង្រឹងខ្លួនឯងតាមរយៈការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងការជំរុញសមាហរណកម្មកាន់តែស៊ីជម្រៅ។ ការរៀបចំ “ចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥” ដែលនឹងត្រូវអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលនាខែ ឧសភា ខាងមុខនេះ គឺជាជំហានមួយ នៅក្នុងទិសដៅដ៏ត្រឹមត្រូវ។
វិធីសាស្ត្រទី ២ គឺការពង្រឹងអន្តរកម្ម។ យើងអាចពង្រឹងអន្តរកម្ម ដោយប្រើប្រាស់យន្តការដែលដឹកនាំដោយអាស៊ាន ឬហើយក៏ប្រើប្រាស់យន្តការពហុភាគីផ្សេងៗទៀត ដែលឆ្លើយតបទៅតាមសម័យកាល ឬកាលៈទេសៈ។ ពេលខ្លះ យើងក៏អាចមើលឃើញ “និន្នាការងាកចេញពីអាស៊ាន” របស់ប្រទេសសមាជិកមួយចំនួន ដើម្បីចូលរួមជាមួយស្ថាប័នសម័យទំនើបផ្សេងទៀត ដើម្បីបង្កើនឧត្តមភាពនៃប្រទេសរបស់ខ្លួន។ នេះគឺជាជម្រើសយុទ្ធសាស្ត្រដែលយើងមិនអាចបដិសេធបានឡើយ។ ប៉ុន្តែ នៅពេលដែលអាស៊ាន ឬប្រទេសសមាជិកចូលរួមនៅក្នុងស្ថាប័នពហុភាគីណាមួយ ក្រៅពីយន្តការដែលដឹកនាំដោយអាស៊ាន យើងក៏ត្រូវប្រុងប្រយ័ត្នចំពោះភាពលម្អៀងទៅលើមហាអំណាចណាមួយ ដែលកំពុងប្រកួតប្រជែងគ្នា ដែលធ្វើឱ្យស្ថាប័នពហុភាគីទាំងនោះ លិចចុះ ឬលេចឡើង ទៅតាមគោលនយោបាយរបស់មហាអំណាច ឬថ្នាក់ដឹកនាំនៃប្រទេសមហាអំណាច។ ដូច្នេះ ខ្ញុំនៅតែជឿជាក់ថា អាស៊ានគួរផ្តល់ទំងន់ ទៅលើការខិតខំអភិវឌ្ឍនិម្មាបនកម្មតំបន់ ដែលដឹកនាំដោយអាស៊ានវិញ ព្រោះថា ស្ថាប័នរបស់យើងមានលក្ខណៈអព្យាក្រឹត្យជាង ហើយយើងអាចប្រាស្រ័យទាក់ទងជាមួយនឹងដៃគូច្រើនប្រភេទ និងច្រើនតំបន់ ដោយមិនប្រកាន់មនោគមវិជ្ជា។ អ្វីដែលសំខាន់នោះគឺយន្តការរបស់អាស៊ាន មានភាពអចិន្ត្រៃយ៍ និងមានស្ថិរភាពជាង ទោះបីជាថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ានប្រែប្រួលក៏ដោយ។ ក្នុងន័យនេះ ខ្ញុំចង់គូសរំលេច ពីតួនាទីដ៏សំខាន់របស់លេខាធិការដ្ឋានអាស៊ាន នៅក្នុងការធានាភាពអចិន្ត្រៃយ៍ ឬចីរភាព នៃយន្តការកិច្ចសហប្រតិបត្តិការ ការងារសម្របសម្រួលដ៏ច្រើនលើសលុប ការរៀបចំចងក្រងកំណត់ត្រាជាលក្ខណៈស្ថាប័ន និងការជំរុញការគិតគូរស្រាវជ្រាវ ពីទិសដៅអនាគតសម្រាប់អាស៊ាន។
ក្នុងនាមជា “ប៉ូលមួយនៃពិភពលោក” អាស៊ាន មានតួនាទីសំខាន់ ក្នុ្ងងការលើកស្ទួយសន្តិភាព។ ពិតណាស់ថា ការប្រកួតប្រជែងដណ្តើមអនុត្តរភាពរបស់ប្រទេសមហាអំណាចមិនស្ថិតនៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់អាស៊ាន នោះឡើយ។ ប៉ុន្តែ អាស៊ាន អាចគ្រប់គ្រងស្ថានការណ៍ នៅក្នុងតំបន់របស់ខ្លួនបាន អាចជំនះការខិតខំចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងតំបន់អាស៊ានបាន អាចបង្ការកុំឱ្យមានសង្គ្រាមដោយតួអង្គតំណាង (proxy wars) របស់ប្រទេសមហាអំណាចនៅក្នុងតំបន់របស់យើងបាន។ អាស៊ានក៏អាចបញ្ចេញឥទ្ធិពលរបស់ខ្លួន លើរបៀបវារៈសន្តិភាព លើសពីកម្រិតតំបន់ផងដែរ។
យ៉ាងណាក្តី យើងក៏អាចយល់បានដែរថា អាស៊ាននឹងមិនអាចក្លាយជា “ប៉ូលមួយនៃពិភពលោក” បានទេ ប្រសិនបើថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ពុំមានទំនាក់ទំនងជិតស្និទ្ធ និងយល់ពីគ្នាទៅវិញទៅមក មានស្មារតីជាសហគមន៍ ជាគ្រួសារអាស៊ាន និងពុំមានទំនាក់ទំនងលើសពីកម្រិតការងារផ្លូវការ។ ពេលខ្លះយើងមានការងារច្រើនពេក យើងយកចិត្តទុកដាក់បារម្ភទៅលើរបៀបវារៈរបស់ប្រទេសមហាអំណាចខ្លាំងពេក យើងភ្លេចគិតពីប្រទេសជិតខាង ភ្លេចបារម្ភពីសមាជិកគ្រួសារក្នុងតំបន់អាស៊ានរបស់យើង។ ខ្ញុំពិតជាចង់លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើនភាពសុខដុមនៅក្នុងតំបន់។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
អនាគតខាងមុខ យើងនៅតែអាចរៀនសូត្រពីប្រវត្តិសាស្ត្រ ហើយប្រវត្តិសាស្ត្របានបង្រៀនយើងយ៉ាងច្បាស់ថា គោលការណ៍របស់អាស៊ាន ពិតជារូបមន្តដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងការគ្រប់គ្រងស្ថាប័នតំបន់ ដែលមានភាពចម្រុះ។ អាស៊ានត្រូវតែឈរឱ្យបានរឹងមាំនៅក្នុងការការពារ និងរក្សាគោលការណ៍របស់ខ្លួន ទោះបីជាពេលខ្លះយើងទទួលការរិះគន់ក៏ដោយ។ ប៉ុន្តែ ចុងក្រោយប្រវត្តិសាស្ត្រគឺជាចៅក្រមដាក់ពិន្ទុលើសមិទ្ធផលរបស់យើង ហើយយើងមិនត្រូវវិនិច្ឆ័យអាស៊ាន ត្រឹមតែមួយឆ្នាំ ឬពីរឆ្នាំនោះទេ, យើងត្រូវមើលសមិទ្ធផលមួយទសវត្សរ៍ ពីរទសវត្សរ៍ ឬ ច្រើនជាងនេះ ដើម្បីឱ្យដឹងថា តើអាស៊ានដើរលើផ្លូវត្រូវ ឬយ៉ាងណា? ទោះបីជាមានការរិះគន់ច្រើនក្តី ស្ថិរភាព និងចីរភាពរបស់អាស៊ាន និងកំណើននៃកម្លាំងសេដ្ឋកិច្ចដ៏អស្ចារ្យរបស់អាស៊ាន គឺជាសក្ខីភាពជាក់ស្តែងបំផុតថា រូបមន្តរបស់អាស៊ាន គឺមានប្រសិទ្ធភាព ហើយរូបមន្តនេះ គួរត្រូវបានពង្រីកផ្សព្វផ្សាយបន្ថែមទៀត នៅក្នុងសហគមន៍នៃពិភពលោក ដែលគោរពភាពចម្រុះ។
សម្រាប់អនាគតខាងមុខ អាស៊ាន ក្នុងនាមជា “ប៉ូលមួយនៃពិភពលោក” នឹងក្លាយជានិមិត្តរូបនៃនយោបាយនិយមកណ្តាល គ្មានសាសនាជ្រុលនិយម គ្មានវប្បធម៌នយោបាយជ្រុលនិយម ដែលផ្តោតខ្លាំងទៅលើមនោគមវិជ្ជាណាមួយ ឬប្លុកណាមួយ។ អាស៊ាន នឹងក្លាយជា “ប៉ូលមួយនៃពិភពលោក” ដែលមានភាពបត់បែនខ្ពស់ និងមានភាពជាក់ស្តែងនិយម ដែលមិនយកប្រទេស ឬតំបន់ណាមួយជាសត្រូវ ហើយក៏មិនក្លាយជាវេទិកា នៃសង្គ្រាមដោយតួអង្គតំណាងនោះដែរ។ ទន្ទឹមនឹងការប្រាស្រ័យទាក់ទងទៅពិភពខាងក្រៅ អាស៊ានក៏ត្រូវខិតខំបង្កើតអនាគតថ្មី និងក្តីសង្ឃឹមថ្មី ដល់អ្នកជំនាន់ក្រោយរបស់យើងផងដែរ ព្រោះថា បើយើងមិនអាចបង្កើតក្តីសង្ឃឹម ឬសុបិនសម្រាប់ប្រជាជនអាស៊ានខ្លួនឯង ពិភពលោកខាងក្រៅក៏មិនអាចសង្ឃឹមលើអាស៊ានបានដែរ។ អាស៊ានគួរតែស្រមៃឱ្យបានធំ ស្រមៃឱ្យលើសពីអាស៊ាន។ សូមសាកល្បងស្រមៃជាមួយគ្នាថា អាស៊ាននឹងមានមហាវិទ្យាល័យលំដាប់ពិភពលោក នៅទូទាំងតំបន់ អាស៊ាននឹងមានក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ជារោងចក្រ និងជាទីផ្សារដ៏ទាក់ទាញរបស់ពិភពលោក អាស៊ានជាទីតាំងរៀបចំវេទិកាការទូតលំដាប់ពិភពលោក រៀបចំកីឡាពិភពលោក World Cup អាស៊ានជាទីប្រមូលផ្តុំដ៏ទាក់ទាញសម្រាប់ប្រជាជន នៅលើពិភពលោក ដែលចង់មកធ្វើការ ឬមករស់នៅ ក្នុងសង្គមស៊ីវីល័យ មានភាពសុខដុម ចម្រុះជាតិសាសន៍ និងប្រព័ន្ធសង្គមកិច្ចល្អប្រសើរ។ ទាំងនេះ គឺជាក្តីសុបិន ហើយខ្ញុំជឿជាក់ថា អនាគតពិភពលោក គឺនៅអាស៊ី អនាគតពិភពលោក គឺនៅអាស៊ាន។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ខ្ញុំសង្ឃឹមថា បទឧទ្ទេសនាមរបស់ខ្ញុំ នឹងចូលរួមចំណែកផ្តល់ជាពុទ្ធិ និងមូលដ្ឋានពិចារណាប្រៀបធៀប ជាមួយនឹងបរិបទរបស់ទីម័រឡេស្តេ ក៏ដូចជាការរួមចំណែក ធ្វើឱ្យសង្គមទីម័រឡេស្តេ យល់កាន់តែច្បាស់ពីអាស៊ាន ក៏ដូចជាយន្តការការងាររបស់អាស៊ាន។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ លោកជំទាវប្រធានសភា លោកជំទាវអនុប្រធានសភា ឯកឧត្តមអនុប្រធានសភា ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា លោក លោកស្រី សូមទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ និងជោគជ័យ នៅក្នុងគ្រប់ភារកិច្ចរបស់ខ្លួន។
សូមអរគុណ!