សេចក្តីថ្លែងព័ត៌មាន
អ្នកសារព័ត៌មាន លោកលោកស្រី!
ជាដំបូងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក/លោកស្រី អ្នកសារព័ត៌មានដែលមានវត្តមានក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ។ អ្នកកាសែតយើងទាំងអស់បានទទួលព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចប្រជុំនានាក្នុងសន្និសីទសារព័ត៌មានរួចហើយ ដោយឡែកព័ត៌មានលម្អិតនៃកិច្ចប្រជុំនីមួយៗ ក៏មាននៅក្នុងសេចក្ដីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំកំពូលទាំង ១១ ដែរ។ ដូចនេះ ខ្ញុំនឹងផ្ដោតទៅលើបញ្ហាលេចធ្លោតែប៉ុណ្ណោះ។ បន្ទាប់ពីនោះ ខ្ញុំនឹងបើកវេទិកាសម្រាប់សំណួរចម្លើយ។
អ្វីដែលកម្ពុជាបានធ្វើការប៉ុន្មានថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីតួនាទីនាំមុខរបស់ប្រទេសយើង ក្នុងនាមជាប្រធានអាស៊ាន នៅក្នុងកិច្ចការតំបន់និងសាកលលោក ក៏ដូចជាលទ្ធភាពនិងសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក ដូចជាកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។
កម្ពុជា ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន អាចអញ្ជើញនិងទទួលថ្នាក់ដឹកនាំកំពូលៗ មកពីបណ្ដាប្រទេសនិងស្ថាប័នអន្តរជាតិនានាចំនួន ២៩ ក៏ដូចជាបានអនុម័តនិងកត់សម្គាល់ឯកសារលទ្ធផលចំនួន ១០០ ស្ដីពីអាទិភាពចម្បងនានា នៅក្នុងសសរស្ដម្ភសហគមន៍ទាំងបី ក្នុងនោះមានឯកសារបីដែលខ្ញុំចង់រំលេចគឺ៖
(១) សេចក្ដីថ្លែងការណ៍ស្ដីពីទស្សនវិស័យរបស់ប្រមុខដឹកនាំអាស៊ាន លើមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។
(២) សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីខួបទី ៥៥ នៃអាស៊ាន និង
(៣) សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្ដីពី “របៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ 2025”។
ក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ អាស៊ាននិងដៃគូខាងក្រៅ បានពិភាក្សាយ៉ាងទូលំទូលាយនិងប្រកបដោយន័យស្ថាបនាលើបញ្ហាដ៏សំខាន់បំផុតជាច្រើន ដែលតំបន់របស់យើងនិងសាកលលោក កំពុងប្រឈម ដូចជាសភាពការណ៍សន្តិសុខដ៏គួរឲ្យព្រួយបារម្ភ, ការធ្លាក់ចុះសេដ្ឋកិច្ច, ជំងឺរាតត្បាតជាសាកល, ការប្រែប្រួលអាកាសធាតុ, វិបត្តិស្បៀងអាហារនិងថាមពល ជាដើម។ ស្របពេលគ្នានោះដែរ យើងក៏បានពិភាក្សាអំពីសក្ដានុពលជាក់ស្ដែងនៃកិច្ចសហប្រតិបត្តិការ ដែលយើងអាចធ្វើរួមគ្នាដើម្បីឆ្ពោះទៅមុខជាមួយគ្នា។
ថ្នាក់ដឹកនាំអាស៊ានពេញចិត្តចំពោះភាពជឿនលឿននៃសសរស្ដម្ភអាស៊ានទាំងបី ក្នុងការជំរុញផែនការលម្អិតនិងផែនការសកម្មភាពតាមវិស័យរៀងៗខ្លួន ក្នុងបរិបទនៃបញ្ហាប្រឈមជាច្រើននិងត្រួតស៊ីគ្នា ជាពិសេសផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ ទៅលើអាយុជីវិតនិងជីវភាពរស់នៅ របស់ប្រជាជនយើង។
លើសពីនេះ ថ្នាក់ដឹកនាំអាស៊ានបានជួបដាច់ដោយឡែកជាមួយអន្តរសភាអាស៊ាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងយុវជនអាស៊ាន ដើម្បីស្ដាប់ពីទស្សនៈនិងកង្វល់របស់ពួកគាត់ និងស្វែងយល់ពីលទ្ធភាពដែលពួកគាត់ អាចចូលរួមចំណែកក្នុងរបៀបវារៈរបស់តំបន់។
ពាក់ព័ន្ធនឹងសំណើរចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ ប្រមុខដឹកនាំអាស៊ាន បានឯកភាពជាគោលការណ៍ទទួលយកទីម័រឡេស្តេ ជាសមាជិកទី ១១ របស់អាស៊ាន និងផ្ដល់ឋានៈជាប្រទេសសង្កេតការណ៍ដែលអនុញ្ញាតឲ្យទីម័រឡេស្តេ អាចចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមទាំងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលផងដែរ។
ថ្នាក់ដឹកនាំអាស៊ាន ក៏បានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដើម្បីបង្កើតផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពពេញលេញ របស់ទីម័រឡេស្តេ ហើយរាយការណ៍ទៅកិច្ចប្រជុំកំពូលលើកទី ៤២ ដើម្បីអនុម័ត។
ចំពោះទំនាក់ទំនងខាងក្រៅតំបន់អាស៊ាន, ប្រទេស ១ បន្ថែមទៀត គឺអ៊ុយក្រែន បានចូលជាសមាជិកនៃសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ដែលធ្វើឲ្យចំនួនសរុបនៃរដ្ឋសមាជិកកើនឡើងដល់ ៥០។ នេះពិតជាមិនធ្លាប់មានពីមុនមកទេដែលដៃគូខាងក្រៅដល់ទៅ ៧ អាចចូលជាសមាជិកនៃសន្ធិសញ្ញាក្នុងឆ្នាំតែមួយ។ការណ៍នេះ សបញ្ជាក់ច្បាស់ថា អាស៊ានបានក្លាយទៅជាចំណុចស្នូលដែលទាក់ទាញដៃគូមកពីគ្រប់ទិសទីលើសាកលលោក ឲ្យមកសហការជាមួយប្រទេសសមាជិកដើម្បីជំរុញផលប្រយោជន៍រួម។
កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ បានស្វាគមន៍វិស័យថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយទន្ទឹងរង់ចាំការចាប់ផ្ដើម គំនិតផ្ដួចផ្ដើមអូស្ត្រាលី សម្រាប់អនាគតអាស៊ាន។
អាស៊ាននិងកាណាដា ក៏បានរៀបចំនូវកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារបស់ខ្លួន ហើយបានប្ដេជ្ញា តម្លើងទំនាក់ទំនងអាស៊ាននិងកាណាដា ក្នុងកម្រិតដៃគូយុទ្ធសាស្ត្រ។
កិច្ចប្រជុំកំពូលអាស៊ានចិនលើកទី ២៥ ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងបន្ថែមទៀត តាមរយៈការធ្វើឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កាន់តែប្រសើរឡើង។
សេចក្ដីថ្លែងការណ៍រួម នៃខួបលើកទី ២០ នៃសេចក្ដីថ្លែងការណ៍ស្ដីពីក្រុមប្រតិបត្តិរបស់បណ្ដាភាគី នៅសមុទ្រចិនខាងត្បូង (DOC) ក៏ត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ។
ដើម្បីអបអរសាទរខួបលើកទី ៣០ នៃឆ្នាំមិត្តភាពអាស៊ានឥណ្ឌា យើងបានប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា។ យើងក៏ទន្ទឹងរង់ចាំការសម្រេចឲ្យបានឆាប់នូវការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា។
កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៥ បានកោតសរសើរចំពោះភាពជឿនលឿនដ៏ល្អក្នុងទំនាក់ទំនងរបស់យើង ហើយក៏ទន្ទឹងរង់ចាំនូវការប្រារព្ធខួបលើកទី ៥០ នៃមិត្តភាពនិងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅឆ្នាំក្រោយ។ ជាងនេះទៅទៀត ប្រមុខដឹកនាំអាស៊ានបានស្វាគមន៍បំណងរបស់ជប៉ុន ក្នុងការដំឡើងទំនាក់ទំនងរបស់យើង អោយទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ២៣ មានសេចក្ដីរាយការណ៍ចំពោះភាពជឿនលឿនដ៏ល្អ នៅក្នុងការអនុវត្តចក្ខុវិស័យរួមរបស់យើង ហើយបានស្វាគមន៍បំណងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការសម្រេចបានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ។
ជាមួយនេះ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី ១០ បានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការរបស់យើង ដោយគ្របដណ្ដប់យ៉ាងទូលំទូលាយ លើវិស័យដែលជាផលប្រយោជន៍រួម ដោយទទួលស្គាល់ពីភាពជឿនលឿនល្អក្នុងការអនុវត្តផែនការសកម្មភាព។
កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូរយុទ្ធសាស្ត្រដើម្បីពង្រឹងការបំពេញគ្នាទៅវិញទៅមក រវាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០។
យើងបានស្វាគមន៍ការប្រារព្ធខួបលើកទី២៥ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូក ៣ និងបានកោតសរសើរចំពោះការរួមចំណែករបស់ក្របខណ្ឌនេះ ទៅដល់វិស័យអាទិភាពក្នុងតំបន់ កិច្ចប្រជុំអាស៊ីបូព៌ាលើកទី ១៧ បានកត់សម្គាល់នូវការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗដែលអនុម័ត ក្រោមផែនការសម្មភាពទីក្រុងម៉ានីល ដើម្បីអនុវត្តសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ២០១៨-២០២២។
ជាងនេះទៅទៀត កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំធ្វើកិច្ចសន្ទនាសាកល អាស៊ានលើកទី ២ ក្រោមប្រធានបទ “ការស្ដារឡើងវិញយ៉ាងទូលំទូលាយក្រោយកូវីដ-១៩” ដែលមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ានដៃគូខាងក្រៅនិងប្រធានស្ថាប័ន្រអន្តរជាតិនានា។
ជាចុងក្រោយយើងបានឆ្លៀតឱកាសប្រកាសកញ្ចប់ជាដុំកំភួននៃការដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ញូហ្សេលែន។
ជាបន្តខ្ញុំសូមលើកយកបញ្ហាតំបន់ដែលលេចធ្លោជាងគេ មួយចំនួននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធដូចខាងក្រោម៖
ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា កិច្ចប្រជុំបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពរបស់ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននិងចំពោះប្រេសិតពិសេសនៃប្រធានអាស៊ាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ា ស្ដារសន្តិភាពនិងស្ថេរភាព និងអាចវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ ក្នុងស្មារតីនេះ ប្រមុខដឹកនាំអាស៊ានបានអនុម័តការវាយតម្លៃនិងសេចក្ដីសម្រេចចិត្ត របស់ប្រមុខដឹកនាំអាស៊ានស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ដែលប្រើប្រាស់ជាឯកសារសំខាន់បំផុត ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងរួម របស់អាស៊ាននាពេលខាងមុខ ដើម្បីជួយដោះស្រាយវិបត្តិនយោបាយដ៏ស្មុគស្មាញនិងលំបាកនេះ។
ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង យើងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សានិងលើកកំពស់សន្តិភាព សន្តិសុខ សុវត្ថិភាព ស្ថេរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ ការហោះហើរលើសមុទ្រចិនខាងត្បូងនិងតម្រូវការនៃការអនុវត្តអោយបានពេញលេញ និងមានប្រសិទ្ធភាពនៃសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង។ យើងមានសុទិដ្ឋិនិយមនិងរីករាយជាមួយនឹងសន្ទុះវិជ្ជមាននៃកិច្ចចរចា ដែលកំពុងដំណើរការចំពោះក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (DOC) ជាពិសេសតាមរយៈការចរចាឡើងវិញកាលពីពេលថ្មីៗនេះដោយផ្ទាល់នៅខេត្តសៀមរាបនិងភ្នំពេញនៅឆ្នាំនេះ។ ទោះបីជាត្រូវប្រឈមនឹងជំងឺរាតត្បាតកូវីដ-១៩ យ៉ាងណាក្ដី យើងទន្ទឹងរង់ចាំបញ្ចប់អោយបានឆាប់នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដែលមានប្រសិទ្ធភាពនិងខ្លឹមសារសំខាន់ៗ អនុលោមតាមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ។
ចំពោះស្ថានការណ៍នៅអ៊ុយក្រែន ខ្ញុំអាចនិយាយបានថាជាដុំថ្មក្ដៅបំផុត ដែលអាចមើលឃើញថាមានជំហរផ្សេងៗ គ្នា ជាពិសេសក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ខ្ញុំពិតជារីករាយណាស់ដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ដែលភាគីមានជំហរផ្សេងៗគ្នា អាចផ្លាស់ប្តូរទស្សនៈដ៏ស្មោះត្រង់លើបញ្ហានេះ។ យើងបានបញ្ជាក់ឡើងវិញនូវការគោរពចំពោះអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី។ យើងបានបញ្ជាក់អំពីសារសំខាន់នៃការបញ្ឃប់ជាបន្ទាន់នូវអរិភាពនិងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។ យើងបានអំពាវនាវអោយមានការជួយសម្រួលដល់ការទទួលបាននូវជំនួយមនុស្សធម៌យ៉ាងឆាប់រហ័ស សុវត្ថិភាព និងគ្មានការរារាំងទៅដល់ប្រជាជន ដែលត្រូវការជំនួយនៅក្នុងប្រទេសអ៊ុយក្រែន។
ចំពោះបញ្ហាឧបទ្វីបកូរ៉េ យើងមានការព្រួយបារម្ភចំពោះការបាញ់មីស៊ីលបាលីស្ទិក រំលងប្រទេសជប៉ុនហើយបានចាត់ទុកសកម្មភាពបែបនេះជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់។ យើងបានអំពាវនាវអោយសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ គោរពសេចក្ដីសម្រេចពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជៀសវាងការសាកល្បងអាវុធនុយក្លេអ៊ែរបន្ថែមទៀត។ យើងបានទទូចអោយភាគីពាក់ព័ន្ធទាំងអស់ជៀសវាងការធ្វើឱ្យស្ថានការកាន់តែតានតឹង និងបន្តអត់ធ្មត់បំផុតដើម្បីបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាដោយសន្តិវិធី។ យើងបានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ និងមធ្យោបាយការទូតដើម្បីសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរដោយសន្តិវិធីពេញលេញ ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចប្រែក្រឡាស់បាន នៅក្នុងឧបទ្វីបកូរ៉េ។
អាស៊ានបានស្វាគមន៍រាល់គំនិតផ្ដួចផ្ដើមពីដៃគូខាងក្រៅ ដែលមានគោលបំណងរួមចំណែកដល់សន្តិភាព ស្ថេរភាពនិងវិបុលភាពនៅក្នុងតំបន់។ ជាងនេះទៅទៀត គំនិតផ្ដួចផ្ដើមទាំងនោះ ត្រូវស្របតាមធម្មនុញ្ញសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិកហើយមិនត្រូវប្រើប្រឆាំងនឹងភាគីផ្សេងទៀត ឬប្រើជាឧបករណ៍សម្រាប់ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចនោះទេ។
ថ្នាក់ដឹកនាំអាស៊ានក៏បានអនុម័ត (១) សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីការបញ្ជ្រាបវិស័យអាទិភាពទាំង ៤ នៃទស្សនវិស័យអាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងយន្តការដឹកនាំដោយអាស៊ាន និង (២) ឯកសារទស្សនទានស្ដីពី “ផែនទីចង្អុលផ្លូវអាស៊ានសម្រាប់លើកកំពស់ទស្សនៈវិស័យអាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក” ដែលជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា។ ទាំងនេះគឺជាចំណុចសំខាន់ដែលខ្ញុំចង់បញ្ជាក់និងចែករំលែកជាមួយ លោក លោកស្រី ទាំងអស់គ្នា។
ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណចំពោះប្រទេសសមាជិកអាស៊ាន ដៃគូខាងក្រៅរបស់យើងនិងស្ថាប័នអន្តរជាតិទាំងអស់ ដែលបានចូលរួមនិងគាំទ្រដល់ការធ្វើប្រធានអាស៊ានរបស់យើងនៅឆ្នាំនេះ។ លើសពីនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ លេខាធិការដ្ឋានអាស៊ាន និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចំណាយពេលវេលាទាំងយប់/ថ្ងៃ ដើម្បីធ្វើអោយកិច្ចប្រជុំទាំងអស់ប្រព្រឹត្តទៅដោយរលូននិងសុវត្ថិភាពនិងផាសុខភាព។
ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំ(តែប៉ុណ្ណេះ)។ សូមថ្លែងអំណរគុណ ឯកឧត្តម Lim Jock Hoi ដែលបានបញ្ចប់អាណត្តិជាអគ្គលេខាធិការអាស៊ាននៅឆ្នាំនេះប្រកបដោយផ្លែផ្កា ហើយខ្ញុំសូមជូនពរឱ្យឯកឧត្តមមានជោគជ័យគ្រប់ភារកិច្ច(នៅ)ពេលអនាគត។
ជាកិត្តិយសនិងមោទនភាពដ៏ធំធេងសម្រាប់កម្ពុជា និងប្រជាជនកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរនិងអររគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិ សេស ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដែលផ្ដល់នូវការយោគយល់ជួយដល់កិច្ចសហការសម្រាប់ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ។ ខ្ញុំមានការពេញចិត្តជាមួយនឹងសម្លាំងសន្តិសុខរបស់យើង ដែលមានសមត្ថភាពគ្រប់គ្រាន់ ការពារជាមួយថ្នាក់ដឹកនាំពីចម្ងាយមកកាន់ប្រទេសរបស់យើងប្រកបដោយសុវត្ថិភាព។
ខ្ញុំមានមោទនភាពជាមួយនឹងយន្តការដែលបានបង្កើត សម្រាប់បម្រើឱ្យការប្រជុំអាស៊ាននៅក្នុងឆ្នាំ ២០២២ នេះ ដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសរបស់កម្ពុជា។ បងប្អូនបានធ្វើកិច្ចការងារល្អណាស់ ដែលនេះគឺជាការបង្កើននូវសមត្ថភាពពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈនៃការធ្វើឱ្យកើនឡើងនូវកិច្ចការជាទម្ងន់ដែលត្រូវទទួល ដែលអាចចាត់ទុកថាជាទម្ងន់ដែលលំបាកជាមួយនឹងពេលវេ លាក្នុងរយៈពេលកន្លងទៅ ប៉ុន្តែយើងបានរ៉ាប់រងភារកិច្ចនេះរួចស្រេចទៅហើយ។
ខ្ញុំសូមចែករំលែកនូវជោគជ័យទាំងអស់នេះ ថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រ (និង)ហ្លួងម៉ែ ក៏ដូចជា ប្រជាជននៅទូទាំងប្រទេស ដែលនេះជាកិត្តិយសដ៏ធំ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ឥឡូវ ដល់ពេលវេលា ដើម្បីទុកឱ្យអស់លោកចោទសួរនូវសំណួរប្រសិនបើមានការចង់សួរ។
សំនួរនិងចម្លើយ
The Cambodia China Time ហៅកាត់ថា ស៊ីស៊ីថាម៍ ជាភាសាខ្មែរ៖ … ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំអាស៊ានឆ្នាំ ២០២២ អាស៊ានបានទទួលយកសមាជិកសន្ធិសញ្ញា TAC នេះរហូតទៅដល់ ៧ ប្រទេស ហើយបានសម្រេចជាគោលការណ៍ឱ្យទីម័រឡេស្តេ ចូលជាប្រទេសសង្កេតការណ៍ ឈានទៅរកជាសមាជិកពេញសិទ្ធិទី ១១ … (១) ហេតុអ្វីបានជាអាស៊ានសម្រេចទទួលបាននូវសមាជិកច្រើនរហូតទៅដល់ ៧ ប្រទេស នៃសន្ធិសញ្ញា TAC យ៉ាងច្រើនដូច្នេះ? … តើការទទួលអ៊ុយក្រែនចំនៅពេលនេះ តើវាមានប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងអាស៊ាន និងរុស្ស៊ីដែររឺទេ?
សំណួរទី (២) … កម្ពុជាជាប្រទេសដែលខិតខំខ្លាំង ធ្វើយ៉ាងណាជំរុញឱ្យអាស៊ានទទួលយកទីម័រឡេស្តេធ្វើជាសមាជិក។ ពេលនេះ អាស៊ានបានទទួលយកទីម័រឡេស្តេធ្វើជាសមាជិកសង្កេតការណ៍ … តើកម្ពុជា ក៏ដូចជា សមាជិក(អាស៊ានដទៃទៀត) មានរូបមន្តយ៉ាងណាគិតគូរទៅលើការទទួលយកសមាជិកទីម័រឡេស្តេនៅពេលនេះ?
សំណួរចុងក្រោយ … ប្រជាពលរដ្ឋខ្មែរចង់ដឹងថា ហេតុអ្វីបានជាសម្ដេចជ្រើសរើសយកនាឡិកាធ្វើជាកាដូអនុស្សាវរីយ៍ជូនដល់ថ្នាក់ដឹកនាំអាស៊ាន ហើយវាបានបង្កប់នូវអត្ថន័យនិងខ្លឹមសារយ៉ាងណាអំពីកិច្ចប្រជុំ(កំពូលអាស៊ាន) ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ?
សម្តេចតេជោ៖ អរគុណ! ឆ្នាំនេះ យើងឃើញថា អាចជាឆ្នាំទី ១ ដែលអាស៊ានបានទទួលនូវសមាជិកចុះហត្ថខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ (TAC) ច្រើនជាងគេ។ មានមូលហេតុពីរសំខាន់ បើតាមការគិតរបស់ខ្ញុំ។ មូលហេតុទី(១) គឺបណ្ដាដៃគូនៅខាងក្រៅមើលឃើញកាន់តែច្បាស់អំពីតួនាទីនិងសារសំខាន់ ដែលត្រូវតភ្ជាប់ជាមួយអាស៊ាន។ មូលហេតុគឺដោយអាស៊ានខ្លួនឯងពង្រឹងតួនាទីរបស់ខ្លួនកាន់តែខ្លាំង ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីបណ្ដាប្រទេសក្រៅតំបន់ ចង់ចូលរួមនៅក្នុងក្របខណ្ឌសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការផង ចង់ចូលរួមជាដៃគូរសន្ទនាតាមវិស័យផង ចង់លើកកម្រិតទំនាក់ទំនងជាដៃគូរយុទ្ធសាស្ត្រ ឬចង់ធ្វើកិច្ចការជាមួយនឹងអាស៊ាន។ កត្តាទី(២) គឺកត្តាពេលវេលា។ រយៈពេល ៣ ឆ្នាំ កន្លងទៅនេះ ប្រទេសនានា សុទ្ធតែរងគ្រោះដោយវិបត្តិកូវីដ-១៩ ទាំងអស់។ ប្រជុំនៅវៀតណាម/ប្រ៊ុយណេក៏មិនបានធ្វើដោយផ្ទាល់ ដូច្នេះ មានតែប្រជុំនៅកម្ពុជា។ ដោយសារតែឱកាសប្រជុំនៅកម្ពុជា ជាការប្រជុំ(តទល់មុខ)លើកដំបូង បន្ទាប់ពីខកខានក្នុងរយៈពេល ២ ឆ្នាំនោះហើយ បណ្ដាប្រទេសទាំងនេះ (ដែលមិនបានចុះហត្ថលេខា) មានឱកាសមកចុះហត្ថលេខានៅទីក្រុងភ្នំពេញតែម្តង។ ដូច្នេះ ធ្វើឱ្យចំនួននេះមានការកើនឡើង។ ការគិតរបស់ខ្ញុំមានកត្តាពីរបែបនេះ។ តែក៏អាចថាមានការវាយតម្លៃនូវកត្តាដទៃទៀតក៏អាចថាបាន។
ចំពោះសំណួរថា តើការទទួលយកអ៊ុយក្រែនជាសមាជិក (TAC នឹងធ្វើអោយ)រុស្ស៊ីខឹងឬទេ (សូមជំរាបថា) អាស៊ានមិនមែនជាកូនជឹងរបស់អ្នកណាទេ។ ដូចដែលប្រធានាធិបតី JOKO WIDODO របស់ឥណ្ឌូនេស៊ី គាត់បានប្រកាសក្នុងពេលដែលទទួលភាពជាប្រធានពីខ្ញុំនោះ។ អាស៊ានមិនខ្វល់អ្នកណាខឹងអ្នកណាទេ។ យើងទទួលយកស្មើៗគ្នា។ យើងស្ថិតនៅភាពកណ្ដាល។ យើងមិនមែនធ្វើជាក្រុមប្រទេសអាស៊ាន ដើម្បីគ្រាន់តែបម្រើឱ្យរុស្ស៊ី ឬធ្វើជាក្រុមប្រទេសអាស៊ានគ្រាន់តែបម្រើឱ្យអ៊ុយក្រែននោះទេ។ យើងធ្វើអាស៊ាន ដើម្បីទាក់ទងជាមួយដៃគូទាំងអស់ដែលចង់ធ្វើទំនាក់ទំនងជាមួយយើង។ ខ្ញុំគិតថា រុស្ស៊ីក៏គ្មានហេតុផលណាដើម្បីប្រឆាំងជំទាស់នឹងការដែលអាស៊ានទទួលយកអ៊ុយក្រែន ធ្វើជាហត្ថលេខីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍នោះទេ។
ចំពោះសំណួរទី(២) ទាក់ទងនឹងទីម័រឡេស្តេ ពិតមែនហើយ គឺទីម័រឡេស្តេបានដាក់ស្នើសុំរយៈពេល ១១ ឆ្នាំរួចមកហើយ។ បើខ្ញុំមិនច្រឡំទេ ឆ្នាំ ២០១១ ប្រធានាធិបតីបច្ចុប្បន្ន ពេលនោះគាត់ក៏ជាប្រធានាធិបតីដែរ (គាត់ទើបនឹងជាប់ឆ្នោតឆ្នាំនេះឡើងវិញ) បានដាក់ពាក្យស្នើសុំចូល(ជាសមាជិកអាស៊ាន)នៅឥណ្ឌូនេស៊ីនៅឆ្នាំ ២០១១។ គាត់ត្រូវរង់ចាំ ១១ ឆ្នាំ ទើបមកដល់ពេលនេះ បានចូល(ជាសមាជិកសង្កេតការណ៍របស់អាស៊ាន)។ កម្ពុជា ជាចំណែកតូចមួយនៅក្នុងការប្រឹងប្រែងរួមនៃអាស៊ាន។ កម្ពុជាមិនអាចប្រឹងតែឯងដោយគ្មានការជួយឧបត្ថម្ភនិងជួយគាំទ្រពីដៃគូអាស៊ាននោះទេ។ កម្ពុជាមិនហ៊ានទាមទារយកចំណែកនៃកិច្ចការដែលខ្លួនបានធ្វើជាមួយនឹងទីម័រឡេស្តេនោះទេ។ វាជាចំណែកស្មើៗ គ្នារបស់អាស៊ាន ដែលត្រូវមានកុងសង់ស៊ុសក្នុងការទទួលឱ្យទីម័រឡេស្តេក្លាយទៅជាសមាជិកទី ១១ ហើយដែលពេលនេះមានឋានៈជាអ្នកសង្កេតការណ៍ ក៏ប៉ុន្តែមានសិទ្ធិចូលរួមគ្រប់ការប្រជុំទាំងអស់ រាប់ទាំងការប្រជុំកំពូលនិងអាចឈានទៅដល់ដំណាក់កាលពេញសិទ្ធិ ដែលស្ថានភាពនេះបង្កលក្ខណងាយស្រួលកាន់តែច្រើន បើប្រៀបជាមួយកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលធ្វើជាអ្នកសង្កេតការណ៍អស់រយៈពេលដ៏យូរ។ បន្តទៅទៀត កម្ពុជាក៏បានមើលឃើញថា ខ្លួននឹងត្រូវធ្វើ/ជួយអ្វីដល់ទីម័រឡេស្តេ ដើម្បីឱ្យទីម័រឡេស្តេអាចនឹងបង្កើននូវសមត្ថភាពរបស់ខ្លួន ក្នុងការរ៉ាប់រងជាសមាជិក ឬឈានទៅដំណាក់កាលនៃការធ្វើជាម្ចាស់ផ្ទះការប្រជុំអាស៊ាននៅពេលខាងមុខ។ ម្សិលមិញនេះក៏មានដៃគូរខាងក្រៅ ក្នុងនោះអូស្ត្រាលី ដែលបានសន្យាមុនគេថានឹងមានចំណែកជួយដល់ទីម័រឡេស្តេ ដើម្បីកសាងសមត្ថភាពក្នុងការចូលរួមជាមួយអាស៊ាន។
អំពីកាដូនាឡិកា វាជាការបង្ហាញអំពីអ្វីដែលហៅថា “ខ្មែរធ្វើបាន”។ នេះជាបំណងធំ។ យើងចង់បង្ហាញអំពីសមត្ថភាពរបស់កម្ពុជា ដែលមានលទ្ធភាពផលិតនាឡិកាពាក់។ ខ្ញុំបាននិយាយហើយថា ក្នុង(កិច្ច)ប្រជុំប៉ុន្មានថ្ងៃនេះ ខ្ញុំពាក់នាឡិកានេះ ហើយខ្ញុំនឹងពាក់នាឡិកានេះ ពេលប្រជុំអាស៊ាននៅពេលក្រោយៗទៀត គឺខ្ញុំនឹងពាក់នាឡិកានេះ។ អ្វីដែលជាអត្ថន័យពិតប្រាកដ គឺខ្ញុំចង់បញ្ជាក់ប្រាប់ទៅដៃគូររបស់យើងថា កូនខ្មែរមានលទ្ធភាពផលិតនាឡិកាសម្រាប់ជាកាដូដល់ប្រមុខរដ្ឋ/រដ្ឋាភិបាល ហើយនាឡិកានេះមានតែ ២៥ គ្រឿងទេ។ យើងបានចែកជូនទៅថ្នាក់ដឹកនាំនៃបណ្ដាប្រទេស អ្នកខ្លះក៏បានពាក់រួចហើយ អ្នកខ្លះក៏មិន(ទាន់)បានពាក់។ ចៅរបស់ខ្ញុំពិតជាមានការទាមទារ តែខ្ញុំមិនឱ្យចៅរបស់ខ្ញុំទេ។ នេះជានាឡិកាអនុស្សាវរីយ៍មួយនៃការចងចាំក្នុងឋានៈជាប្រធានអាស៊ានលើកទី ៣ ដែលខ្ញុំអាចនឹងប្រកាសថានឹងមិនឈានឆ្ពោះទៅរកការធ្វើជាប្រធានអាស៊ានលើកទី ៤ ទេ។ ទំរាំដល់(ពេលកម្ពុជាទទួលវេនប្រធាន)អាស៊ានលើកទី ៤ ខ្ញុំត្រូវអាយុ ៨០ ឆ្នាំហើយ។ ដូច្នេះ វាគ្រប់គ្រាន់ហើយ។ ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា ធ្វើជាប្រធានអាស៊ានវាមិនមែនជាការងាយស្រួលទេ។ បើសិនជាយើងមិនមានរដ្ឋមន្ត្រីការបរទេស/ជំនួយការវៃឆ្លាតនិងអត់ធ្មត់ធ្វើការ ប្រហែលជាប្រធានអាស៊ានដួលកណ្ដាលផ្លូវហើយ។ ដោយសារតែសមត្ថភាពរបស់រដ្ឋមន្ត្រីការបរទេស របស់ឧត្តមមន្ត្រីរបស់យើង (ក៏ដូចជា)មន្ត្រីពាក់ព័ន្ធរបស់យើង ដែលធ្វើកិច្ចការបានល្អ បានធ្វើឱ្យយើងមានជោគជ័យ។ ខ្ញុំផ្ដល់ចម្លើយត្រឹមប៉ុញ្ណេះសិន។ សូមបន្តសំណួរតទៅទៀត។
ទូរទស្សន៍ BTV៖ ទី(១) ប្រមុខអង្គការសហប្រជាជាតិ ឯកឧត្តម Antonio Guterres លោកបានបង្ហាញក្ដីព្រួយបារម្ភ អំពីការបែងចែកពិភពលោកជាពីរផ្នែក ដែលមួយគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងមួយផ្នែកទៀតគ្រប់គ្រងដោយប្រទេសចិន … តើក្រោយពីកិច្ចប្រជុំនេះ អាស៊ាននឹងរួមគ្នាពង្រឹងនូវជំហររបស់ខ្លួនបែបណាបន្តទៀត ដើម្បីទប់ទល់នឹងការប្រជែងអំណាចរបស់មហាអំណាចលើពិភពលោក ឬហៅជាសាមញ្ញថា ការហែកចែកគ្នារបស់មហាអំណាចនៅលើពិភពលោក?
សំណួរទី(២) … ជនមួយចំនួនបានឆ្លៀតផ្សារភ្ជាប់កម្ពុជាទៅនឹងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ដោយលើកឡើងថា … កម្ពុជានិងសមាជិកផ្សេងទៀតអាចនឹងបញ្ជូនជំនួយទៅដល់អ៊ុយក្រែន ដោយពួកគេក៏ចង់សំដៅដល់ជំនួយយោធាដែរ … ស្របពេលដែលកម្ពុជាក៏ត្រៀមនឹងបញ្ជូនកម្លាំងដោះមីនទៅជួយអ៊ុយក្រែន។ តើសម្តេចតេជោ អាចឆ្លើយតបនិងបញ្ជាក់បែបណាដែរ?
សម្តេចតេជោ៖ សូមអរគុណ ចំពោះសំណួរនេះ។ ពាក់ព័ន្ធនឹងបញ្ហាភូមិសាស្ត្រនយោបាយ គេទាំងឡាយតែងតែនិយាយថា ពិភពលោកកំពុងតែមានការបែងចែក។ កាលពីមុនគេនិយាយពី(ការបែងចែលដែល) ម្ខាងមានសហរដ្ឋអាមេរិក (និង)ម្ខាងទៀត គឺសហភាពសូវៀត នៅក្នុងសង្គ្រាមត្រជាក់។ ឥឡូវ គេចាប់ផ្ដើមនិយាយអំពីម្ខាងចិននិងម្ខាងសហរដ្ឋអាមេរិក។ សម្រាប់អាស៊ានឬក៏សម្រាប់កម្ពុជា យើងមិនតម្រូវឱ្យមានការជ្រើសរើស អ្នកណាទាំងអស់។ យើងអត់មានតម្រូវការជ្រើសរើសចិន និងចោលសហរដ្ឋអាមេរិក ឬជ្រើសរើសសហរដ្ឋអាមេរិក ហើយចោលចិននោះឡើយ។ ដូចគ្នាដែរ ទាំងអាមេរិកទាំងចិន បានប្រាប់មកយើងវិញថា គ្មានការតម្រូវឱ្យមានការជ្រើសរើសរវាងអាមេរិកនិងចិននោះទេ។ យើងបានបញ្ជាក់អំពីគោលជំហររបស់យើងហើយ។ អ្វីដែលបានកំពុងកើតនៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃមកនេះ បានបង្ហាញច្បាស់ថា តើចិននិង/ឬសហរដ្ឋអាមេរិក មកប្រទេសអាស៊ាន ឬប្រទេសអាស៊ានទៅសហរដ្ឋអាមេរិកនិងចិន។ យើងមានកម្មវិធី ដូចជាកាលពីខែឧសភា អាស៊ានទៅអាមេរិក ដើម្បីប្រជុំពិសេសនៅទីនោះ។ មានពេលខ្លះយើងទៅចិន/ជប៉ុន/ឥណ្ឌា/អូស្ត្រាលី វាជារឿងធម្មតាខ្លាំងណាស់។
ក្នុងចំណុចនេះ ការទាក់ទាញទាក់ទងជាមួយនឹងបញ្ហាភូមិសាស្ត្រនយោបាយ វាជារឿងតាមមើលតទៅទៀត ប៉ុន្តែវាស្ថិតនៅក្នុងឥរិយាបថរបស់ប្រទេសនីមួយៗ និងក្រុមនីមួយៗ។ បើយើងនិយាយពីក្រុមអាស៊ាន គឺច្បាស់លាស់ណាស់ថា អាស៊ានមានមជ្ឈភាពរបស់ខ្លួន មិនលំអៀងទៅខាងណានោះទេ ដូចដែលយើងបញ្ជាក់ថា យើងមិនមែនជាកូនជឹងរបស់អ្នកណាទេ។ អ្វីដែលបានបញ្ជាក់នៅក្នុងទីក្រុងភ្នំពេញនេះច្បាស់លាស់ថា ដៃគូខាងក្រៅរបស់យើង ទោះបីមាន/ក្រ ទោះបីតូច/ធំ ត្រូវមកកាន់ទឹកដីរបស់អាស៊ាន។ ប្រទេសកម្ពុជា ក្រ/តូចមែន ក៏ប៉ុន្តែយើងមានសមត្ថភាពអញ្ជើញប្រធានាធិបតី/នាយករដ្ឋមន្ត្រីប្រទេសអ្នកមានឱ្យឡើងថ្លែងសុន្ទរកថា ទៅតាមការរៀបចំរបស់យើង។ នេះហើយ គឺជាឯករាជ្យភាពរបស់ពួកអាស៊ាន ដែលមិនលម្អៀងទៅរកចិន/អាមេរិកនោះទេ។
ចំណុចទាក់ទងនឹងអ៊ុយក្រែន កម្ពុជាគ្មានអាវុធ/គ្រាប់ ហើយក៏គ្មានចេតនាដើម្បីនឹងបញ្ជូនអាវុធ/គ្រាប់ទៅជួយប្រទេសណាទាំងអស់។ យើងមិនយកសាំងទៅចាក់លើភ្លើងទេ។ នេះជាគោលការណ៍របស់យើង។ បើទោះបីយើងមានអាវុធ/គ្រាប់ ក៏យើងមិនបញ្ជូនទៅកាន់ប្រទេសណាទាំងអស់ ព្រោះយើងមិនលើកទឹកចិត្តឱ្យមានការវាយគ្នាទេ។ អ្វីដែលយើងកំពុងតែខិតខំនេះគឺក្នុងគោលដៅមនុស្សធម៌។ យើងធ្លាប់ជាជនរងគ្រោះដោយសារគ្រាប់មីន។ ៣០ ឆ្នាំហើយ គឺចាប់តាំងពីឆ្នាំ ១៩៩២ យើងបានបើកប្រតិបត្តិការការដោះមីន។ រហូតមកដល់ពេលនេះ យើងមិនទាន់អស់មីននៅឡើយទេ។ ដូច្នេះ យើងបានគិតទុកហើយ យើងបានពិភាក្សាជាមួយដៃគូរបស់យើងគឺប្រទេសជប៉ុន ថានឹងជួយហ្វឹកហាត់អ្នកដោះមីនអ៊ុយក្រែន ដើម្បីឱ្យពួកគេបោសសម្អាតមីននៅលើទឹកដីអ៊ុយក្រែន។ ពិតមែនថាសង្គ្រាមនឹងត្រូវបានបញ្ចប់ ក៏ប៉ុន្តែឃាតករលាក់មុខនៅបន្ត។ ករណីនៅក្នុងប្រទេសរបស់យើង សង្គ្រាមបានចប់នៅក្នុងឆ្នាំ ១៩៩៨ ក៏ប៉ុន្តែ មកដល់ពេលនេះ មីនមិនទាន់អស់នៅឡើយទេ។ ពិតមែនតែចំនួនអ្នកស្លាប់/របួស(ដោយសារមីន)បានធ្លាក់ចុះ ក៏ប៉ុន្តែវាមិនទាន់អស់។ យើងកំពុងដាក់ គោលដៅដើម្បីសម្រេចនៅក្នុងឆ្នាំ ២០២៥។
ខ្ញុំបានជួបអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ខ្ញុំបានស្នើដល់គាត់ថា នៅពេលដែលអនុវត្តន៍អំពីការអភិវឌ្ឍដោយចីរភាពនេះ គួរតែត្រូវដាក់បញ្ហាអំពីមីននេះចូលផង។ កាលពី(ដាក់ចេញនូវគោលដៅ)អភិវឌ្ឍន៍សហសវត្សរ៍ ក៏អត់មានដាក់ពីមីនដែរ។ ដល់ពេលដាក់ គោលដៅអភិវឌ្ឍដោយចីរភាព ក៏អត់មានដាក់ពីមិនទៀត។ ប៉ុន្តែអង្គការសហប្រជាជាតិក៏បានទទួលស្គាល់ពីបញ្ហាមីន។ គាត់ក៏បានទទួលយកនូវអនុសាសន៍នោះ ដើម្បីពិនិត្យពិច្ច័យទៅលើបញ្ហាទាក់ទងទៅនឹងគ្រាប់មីន … សង្គ្រាមកើតនៅច្រើនទីកន្លែង។ តែកាលណាធ្វើសង្គ្រាម ត្រូវតែប្រើគ្រាប់មីន។ ជួនកាលមិនប្រើគ្រាប់មីនទេ ក៏ប៉ុន្តែប្រើគ្រាប់បាញ់មក តែវាមិនផ្ទុះ។ អញ្ចឹង ត្រូវបំផ្លាញវាចោល។ នេះមិនមែនមានន័យថាយើងផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែននោះទេ។ នេះជាផ្នែកមួយនៃកិច្ចការមនុស្សធម៌ដើម្បីសង្គ្រោះជីវិតមនុស្ស ទាក់ទិននឹងគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។
Fresh News៖ … (១) ខ្ញុំចង់ឱ្យសម្ដេចជួយចែករំលែកបទពិសោធន៍នយោបាយការបរទេស អាចថាចំណុចពិសេសៗ អ្វីខ្លះទៅ ដែលធ្វើឱ្យកម្ពុជាអាចជំនះនូវបញ្ហាក្ដៅ(នៅក្នុងពិភពលោកនិងតំបន់) ហើយនាំឱ្យមេដឹកនាំពិភពលោកជា ច្រើនមកចូលរួមប្រជុំនៅកម្ពុជានៅពេលនេះ?
សំណួរទី(២) ក្រុមប្រឆាំង … តែងតែនាំគ្នាធ្វើអត្ថាធិប្បាយថា “កម្ពុជាជាបន្ទុករបស់អាស៊ាន កម្ពុជាមិនគួរឈរក្នុងអាស៊ាន អាស៊ានគួរតែនាំកម្ពុជាចេញ” ជាដើម។ (តើសម្តេចតេជោ តបទៅ) ការលើកឡើងរបស់ក្រុមប្រឆាំង យាងណា?
សំណួរពីរទៀត … មានប្រទេសមួយចំនួនចង់ឱ្យអាស៊ានប្រើវិធានការកាន់តែក្ដៅទៅលើមីយ៉ាន់ម៉ា ដើម្បីដោះស្រាយបញ្ហាស្ថានភាពមីយ៉ាន់ម៉ា … ខ្ញុំចង់ឱ្យសម្ដេចជួយបញ្ជាក់ថា មានមូលហេតុអីដែលកម្ពុជាត្រូវបន្តប្រើនូវ នយោបាយត្រជាក់ស្អំបេះដូងមីយ៉ាន់ម៉ា? …
ពាក់ព័ន្ធនឹងអ៊ុយក្រែន … វេទិកាអន្តរជាតិផ្សេងៗ បានបង្ហាញសមានចិត្តច្រើនចំពោះអ៊ូក្រែន និងហាក់មានភាពទោមនស្សជាមួយរុស្ស៊ីអីជាដើម … តែដូចជាអត់ទាន់ឃើញដាក់ចេញនូវគំនិតផ្ដួចផ្ដើមណាមួយដើម្បីរកដំណោះស្រាយបញ្ចប់នូវវិវាទរបស់ប្រទេសទាំងពីរនេះនៅឡើយទេ។ តើសម្ដេចមានបានដាក់នូវគំនិតផ្ដួចផ្ដើម ថ្មីអ្វី ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក៏ដូចជាកិច្ចប្រជុំកំពូលផ្សេងៗ ដើម្បីជាដំណោះស្រាយសម្រាប់គូជម្លោះនេះដែរទេ?
អរគុណ លោក (វ៉ាន់) សារ៉ាយ។ ទាក់ទិនជាមួយនឹងបញ្ហា តើ(មាន)បទពិសោធន៍អីខ្លះ ដែលគេមកប្រជុំនៅស្រុកខ្មែរ។ បញ្ហានេះវាមិនមែនជាបទពិសោធន៍ទេ តែត្រូវធ្វើឱ្យជាក់ស្ដែង។ ជាក់ស្ដែងនោះវានៅកន្លែងណាទើប គេមក? ទី(១) ត្រូវតែធានាសន្តិភាពឱ្យបាន។ វាមិនដែលអ្នកណាមកប្រជុំនៅក្រោមគ្រាប់ផ្លោងនោះទេ។ អញ្ចឹង សន្តិភាពនៅតែជាបញ្ហាចម្បងនៅទីនេះ។ ត្រូវតែធានាឱ្យច្បាស់នូវសន្តិភាពសម្រាប់មេដឹកនាំ។ សន្តិភាពដែលអត់សង្គ្រាមហ្នឹងមួយហើយ ប៉ុន្តែសន្តិភាពដែលគ្មានភេរវកម្ម (គ្មាន)ការបាញ់ប្រហារ គឺសំខាន់ណាស់ សម្រាប់ប្រមុខរដ្ឋ/រដ្ឋាភិបាលនៃបណ្ដាប្រទេសដែលមកដល់ទីនេះ។ យើងមានការទទួលខុសត្រូវផ្ដល់នូវកិច្ចសហការពេញលេញជាមួយកងអង្គរក្សនៃគ្រប់ប្រទេសទាំងអស់ដែលមានវត្តមាននៅក្នុងប្រទេសរបស់យើង។ ចំណុចទី(២) យើងគ្រប់គ្រងបានកូវីដ-១៩។ ការគ្រប់គ្រងបានកូវីដ-១៩ ធ្វើឱ្យគេមិនភ័យខ្លាច ជាមួយនឹងការមកដល់ធ្វើឱ្យឆ្លងកូវីដ-១៩ ពីកម្ពុជា។ ចំណុចនេះ ក៏ជាមូលហេតុធ្វើឱ្យប្រទេសនានាហ៊ានមកកាន់កម្ពុជា។ អ្នកទាំងអស់គ្នាបានដឹងហើយថា ក្នុងចំណោមមេដឹកនាំដែលមានវ័យចំណាស់ជាងគេ គឺប្រធានាធិបតីសហរដ្ឋអាមេរិក។ គាត់ធ្វើដំណើរវែងឆ្ងាយចេញពីសហរដ្ឋអាមេរិក ទៅអេហ្ស៊ីប ចេញពីអេហ្ស៊ីបមកដល់កម្ពុជា។ គាត់ធ្វើដំណើរវែងឆ្ងាយណាស់។
ប្រសិនបើ ទី(១) សន្តិភាព ឬក៏(មាន)ការគំរាមកំហែង(ដោយ)ភេរវកម្មកើតមានចំពោះសន្តិសុខរបស់សហរដ្ឋអាមេរិក (ខាងសន្តិសុខសហរដ្ឋអាមេរិក)មិនប្រថុយប្រថានឱ្យប្រធានាធិបតីរបស់សហរដ្ឋអាមេរិកមកកម្ពុជានោះទេ។ ឯមួយទៀត ប្រសិនបើកម្ពុជាពោរពេញទៅដោយហិង្សា ឬក៏អ្វីដែលកើតមាន(ការ)ជ្រួលច្របល់ ក៏(ប្រធានាធិបតីសហរដ្ឋអាមេរិក)មិន(មកកម្ពុជា)ដែរ។ ថែមពីលើនោះកូវីដ-១៩ ញាំញី ក៏ជាមូលហេតុដែលធ្វើឱ្យមានការភ័យខ្លាច មិនមានការជួបជុំនៅទីក្រុងភ្នំពេញ។ ខ្ញុំបញ្ជាក់ឡើងវិញថាមិនមែនជាបទពិសោធន៍ទេ គឺជាការអនុវត្តជាក់ស្តែងតែម្តង។ ម៉្យាងទៀតក៏អាចនិយាយបានថាជាបទពិសោធន៍មួយដែរ ដោយសារយើងធ្លាប់មានការប្រជុំនៅទីក្រុងភ្នំពេញមិនមែនលើកទី១ ទេ។ ឆ្នាំ ២០០២ យើងក៏ធ្លាប់ប្រជុំ ឆ្នាំ ២០១២ យើងក៏ធ្លាប់ប្រជុំ និងឥឡូវនេះ ២០២២ យើងធ្វើប្រធានអាស៊ាន និងរៀបចំប្រជុំ ៣ ដងរួចមកហើយ។
ចំពោះបញ្ហាទាក់ទិនជាមួយរឿងក្រុមប្រឆាំង ខ្ញុំមិនដឹងថាគេនិយាយពីអីផង ហើយក៏ខ្ញុំមិនដឹងថាឆ្លើយពីអីទៀត ព្រោះដែលហៅថាប្រឆាំងហើយតែកាលណាយើងធ្វើស គេត្រូវតែថាខ្មៅ ឱ្យតែយើងធ្វើខ្មៅគេថាស។ រឿងតែប៉ុណ្ណឹង។ ដូច្នេះខ្ញុំអត់ចាំបាច់ធ្វើការឆ្លើយទេ។ បើគេទទួលយកមិនបានអំពីកិត្តិយសជាតិបែបនេះ គឺសុំឱ្យគេដាក់ខ្លួនទៅជាអ្នកប្រភេទដទៃមិនមែនជាតិខ្មែរទៅចុះ។ នេះជាកិត្តិយសជាតិទាំងអស់គ្នា មិនមែនគ្រាន់តែជារបស់ ហ៊ុន សែន ទេ។ បើគេទទួលយកមិនបានរឿងហ្នឹងទេ បានសេចក្តីថា គេមិនមែនជាខ្មែរទេ។ ខ្ញុំគ្មានការឆ្លើយតបទេ។ ខ្ញុំគ្មានពេលសូម្បីតែ(មើល)ទូរស័ព្ទ។ (ទូរស័ព្ទ)ខ្ញុំពោរពេញទៅដោយព័ត៌មាន។ ខ្ញុំអត់បានបើកមើលវាទេ។ ខ្ញុំត្រូវមើលឯកសារ។ ចង់អ្នកណាវាយចូលអីចូលទៅខ្ញុំអត់មានបានឆ្លើយទេ។
ជួនកាល អ្នកដែលបានទទួល បើកមើលទៅ ឃើញសញ្ញាថាខ្ញុំបានបើកមើលទៅបានហើយ មិនបាច់ចាំខ្ញុំថាបានទទួល ឬអរគុណអីទេ។ ខ្ញុំអត់មានពេលទាល់តែសោះ។ កុំថាឡើយដល់ទៅអ្នកក្រៅ សូម្បីតែប្រពន្ធខ្ញុំបញ្ជូនរូបថតមកពីម្សិលម៉្ងៃ ក៏អត់បានមើល។ ទាល់តែគាត់ឱ្យក្មេងប្រាប់ថាឱ្យបើកមើល ព្រោះគាត់មានថតជាមួយម្តាយរបស់ប្រធានាធិបតី Marcos របស់ហ្វីលីពីន។ គាត់ផ្ញើរូបថតហ្នឹង ហើយម្តាយរបស់ប្រធានាធិបតី Marcos របស់ហ្វីលីពីន។ រូបថតស្អាតណាស់។ ព្រឹកមិញគាត់បានផ្តិតយកមកឱ្យខ្ញុំចុះហត្ថលេខា។ ពេលដែលគាត់មកទស្សនកិច្ចនៅកម្ពុជានេះ។
អញ្ចឹងទេខ្ញុំមិនចាំបាច់មានការឆ្លើយតបជាមួយនឹងក្រុមប្រឆាំងមិនប្រឆាំង អ្នកចង់ប្រឆាំងក៏ប្រឆាំងទៅ ព្រោះកម្ពុជាមិនរលាយដោយសារពួកហ្នឹងនិយាយទេ។ (ម្យ៉ាង)ខ្ញុំមិនដឹងគេចង់និយាយពីអីផង។ បើខ្ញុំឆ្លើយទៅក៏មិនដឹងថាឆ្លើយពីអី ព្រោះរឿងវាច្រើនពេក ឬក៏លោកចង់សួរថាមានអីខ្លះដែលអាចបំភ្លឺថាតើវាយ៉ាងម៉េច? តែខ្ញុំហាក់ដូចជាមិនចង់លឺទេ ព្រោះវារំខានកិច្ចការរបស់យើងកំពុងតែធំនេះ។ ជោគជ័យសម្រាប់ជាតិនេះវាធំពេក ហើយក្រុមប្រឆាំងនេះវាតូចតាច។ កុំថាយើងមិនគោរពសំឡេងភាគតិច ប៉ុន្តែគេមិនដែលឱ្យភាគតិចដឹកនាំទេ នៅលើពិភពលោកយើងនេះអត់មានភាគតិចដឹកនាំទេ មានតែភាគច្រើនដឹកនាំតែប៉ុណ្ណោះ។
ព្រឹកមិញហោចណាស់យើងត្រូវតែប្រជុំមុនបន្តិច មុនពេលប្រធានាធិបតី Joe Biden ទៅដល់ ដោយសារគាត់ជាប់ធ្វើសន្និសីទសារព័ត៌មានអំពីជោគជ័យរបស់គាត់បន្តការគ្រប់គ្រងព្រឹទ្ធសភា។ ដល់ពេលគាត់ចូលទៅដល់យ៉ាងហោចណាស់ខ្ញុំក៏អបអរសាទរជាមួយគាត់ ដែលគាត់ត្រូវបន្តគ្រប់គ្រងព្រឹទ្ធសភាតទៅទៀត។ ខ្ញុំបាននិយាយលេងថា សង្ឃឹមថានឹងមិនមានការបិទរដ្ឋាភិបាលដូចមុនទៀតទេ។ ព្រឹទ្ធសភាហ្នឹងមិនងាយទេ (អាចជាអំណាច)ក្នុងការទប់។ អត់មានថវិកាសម្រាប់ធ្វើការ។ អញ្ចឹងទេ ប្រទេសណាក៏ដោយ ប្រជាធិបតេយ្យប៉ុណ្ណាក៏ដោយគឺភាគច្រើនដឹកនាំទាំងអស់ មិនដែលភាគតិចដឹកនាំទេកុំឆ្ងល់ពេក។
ទាក់ទងជាមួយមីយ៉ាន់ម៉ា។ ខ្ញុំចង់សួរអ្នកណាក្តៅ អ្នកណាត្រជាក់។ ការពិតវិធានការទាំងអស់ដែលបណ្តាប្រទេសនានាជាសមាជិកអាស៊ាន ក្នុងឋានៈជាដៃគូខាងក្រៅក្តី សុទ្ធតែមានគោលបំណងដើម្បីឱ្យមីយ៉ាន់ម៉ាឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពវិញ ដើម្បីបម្រើផលប្រយោជន៍របស់មីយ៉ាន់ម៉ាសុទ្ធសាធ។ ឥឡូវខ្ញុំចោទជាសំណួរថា បើចង់ក្តៅអ្នកឯងធ្វើម៉េចគេ? ខ្ញុំចង់សួរអ្នកដែលចង់ក្តៅ។ តើលោកចង់ទៅវាយមីយ៉ាន់ម៉ា? បើត្រជាក់តើទៅលួងចិត្តមីយ៉ាន់ម៉ាឱ្យស្ករគ្រាប់ស៊ី … អាក្តៅក៏ទៅមិនរួច អាត្រជាក់ក៏ទៅវាមិនរួច។ បញ្ហាស្ថិតទៅត្រង់ថារកវិធីសាស្ត្រយ៉ាងម៉េច ដើម្បីឱ្យពួកគាត់ជាក្រុមដែលកំពុងប្រយុទ្ធគ្នានោះធ្វើការស្រុះស្រួលគ្នា។
ខ្ញុំធ្លាប់ជួបហើយ។ ពីដើម ខ្ញុំធ្លាប់ត្រូវគេប្រមាថថា បើកងទ័ពវៀតណាមដកចេញ រដ្ឋាភិបាល ហ៊ុន សែន ប៉ើងដូចក្រដាស ប៉ុន្តែទីចុងបំផុតរដ្ឋាភិបាល ហ៊ុន សែន អត់មានរង្គោះរង្គើ ថែមទាំងវាយលាតសន្ធឹងរហូតទៅដល់ទីចុងបំផុតត្រូវតែធ្វើការជាមួយ ហ៊ុន សែន តែម្តង។ រឿងនេះកម្ពុជាមានពិសោធន៍ខ្លួនឯងហើយ។ ក្តៅមិនបានទេ។ យកល្អ រក្សាទុកទ្វារចំហជាជាងបិទទ្វារ។ នេះជាបទពិសោធន៍នៃការទូតរបស់ ហ៊ុន សែន។ កុំបិទទ្វារឱ្យសោះ។ អញ្ចឹងទុកលទ្ធភាពធ្វើការសន្ទនាទោះដោយពេលណា? វិធីណា? កម្រិតណា? នៅទីកន្លែងណា? នេះជារឿងមួយតទៅទៀត។
អ៊ុយក្រែន សួរស្អីអម្បាញ់មិញ? អំពីគំនិតផ្តួចផ្តើមចំពោះ អ៊ុយក្រែន។ ខ្ញុំជម្រាបជូនអញ្ចេះ ខ្ញុំបានជម្រាបជូនរដ្ឋមន្ត្រីការបទេស អ៊ុយក្រែន ថាឯកឧត្តម គួរពិចារណាមើលទាន់រដ្ឋមន្ត្រីការបទេសរុស្សីមកដល់ទីក្រុងភ្នំពេញដែរ គួរមានការជួបសន្ទនាគ្នាបើទោះបីបានលទ្ធផលឬមិនបានលទ្ធផល វាក៏ជាការបង្ហាញនូវកាយវិការនៃការសន្ទនាប្រកបដោយការស្ថាបនា។ ក៏ប៉ុន្តែជាការគួរឱ្យសោកស្តាយដែលទាំងរុស្សី និងអ៊ុយក្រែន គឺមិនបានមានការជួបគ្នាណាមួយកើតឡើងនៅទីក្រុងភ្នំពេញនេះនោះទេ។ យើងពិនិត្យនៅក្នុងគំនិតផ្តួចផ្តើមក្នុងការសន្ទនា គឺយើងមិនទាន់ឃើញមានសញ្ញាជាក់លាក់ណាមួយទាក់ទងជាមួយនឹងដំណើរការសន្តិភាពទេ។ មានលេចឡើងពីការរកវិធីដោះស្រាយការដឹកជញ្ជូនគ្រាប់ធញ្ញជាតិនិងជី។ អម្បាញ់មិញខ្ញុំជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បាននិយាយគ្នាអំពីបញ្ហានេះ ព្រោះទាក់ទងនឹងច្រកសមុទ្រខ្មៅក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ស្រូវភោជសាលី និងការដឹកជញ្ជូនជីចេញ។
នៅទីនោះ (អ៊ុយក្រែន) ជាតំបន់ផលិតស្រូវភោជសាលី តំបន់ផលិតជី ហើយប្រសិនបើមិនអាចដឹកចេញបានទេ វាបង្កើតនូវបញ្ហាសម្រាប់វិបត្តិស្បៀងនៅភាគខ្លះនៅក្នុងពិភពលោករបស់យើងនេះ។ ប៉ុន្តែគំនិតផ្តួចផ្តើមជាក់លាក់ទាក់ទងនឹងការចរចាដូចជាមិនទាន់(មានទេ) ព្រោះយើងមើលឃើញថា អ្នកទាំងសងខាង អ្នកទាំង ២ ហាក់ដូចជានៅសង្ឃឹមលើការវាយគ្នាយកឈ្នះយកចាញ់នៅឡើយ ម្ខាងក៏វាយទៅលើម្ខាងៗ ដូច្នេះស្ថានភាពនេះហាក់ដូចជាកំពុងតែគេថាសង្ឃឹមទៅលើការប្រើអាវុធជាជាងការប្រើប្រាស់ការចរចា។ នេះខ្ញុំសូមឆ្លើយប៉ុណ្ណឹងតើគ្រប់គ្រាន់ទេ។
ទូរទស្សន៍ PNN៖ … វត្តមានរបស់លោក Joe Biden លើទឹកដីកម្ពុជាហាក់បានបង្ហាញភាពស្និទ្ធស្នាល … តើសម្តេចបញ្ជាក់បានយ៉ាងម៉េចសម្រាប់អត្ថន័យទំនាក់ទំនងការទូតរវាងកម្ពុជានិងអាមេរិកនៅពេលនេះ?
មួយទៀត … ខ្ញុំចង់ឱ្យសម្តេចជួយរំលឹកដល់ប្រជាពលរដ្ឋថា តើផលប្រយោជន៍(ពីការរៀបចំប្រជុំកំពូលក៏ដូចជាវត្តមានមេដឹកនាំប្រទេសធំៗ) ដែលកម្ពុជាទទួលបាន ក្នុងនាមជាប្រធានអាស៊ាននោះ មានអ្វីខ្លះ?
សម្តេចតេជោ៖ អរគុណណាស់ជាមួយនឹងសំណួរនេះ។ ដំបូងខ្ញុំចង់និយាយអំពីទំនាក់ទំនងរវាងកម្ពុជា-អាមេរិកបន្តិច។ រាជរដ្ឋាភិបាលមិនដែលបាននិយាយថាទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក វាអាក្រក់នោះទេ។ ការលេចលឺអំពីការប្រមាថថា អាមេរិកមិនត្រូវការមេដឹកនាំកម្ពុជាស្អីៗ វាចេញតែពីពាក្យរបស់ក្រុមអ្នកដែលគេមិនចូលចិត្តយើង និយាយតាមមួយបែបទៅ។ គ្រាន់តែលើកពេលប្រជុំនៅឯទីក្រុងវ៉ាស៊ីនតោនតែប៉ុន្មានថ្ងៃ គេថាមកពី ហ៊ុន សែន បានជាអាមេរិកលើកពេល។ គេមិនប្រជុំទេ នៅពេលដែល ហ៊ុន សែន ធ្វើជាប្រធានអាស៊ាននោះ។ ទីបំផុតវានៅតែ ហ៊ុន សែន ដឹកនាំបណ្តាប្រទេសអាស៊ាន។ ទៅទីនោះក្នុងឋានៈជាសហប្រធានអង្គប្រជុំ។ ខ្ញុំក៏បានលឺដែរ។ ធម្មតាជាទម្លាប់របស់ខ្ញុំគឺខ្ញុំមិនដែលដើរទៅមុខគេទេ ដើរតែក្រោយគេហ្នឹង។ សូម្បីតែខ្ញុំជាប្រធានអង្គប្រជុំខ្ញុំទុកឱ្យគេដើរទៅមុខទៅ ខ្ញុំដើរតាមក្រោយ។ ឯនៅទីក្រុងវ៉ាស៊ីនតោនគឺខ្ញុំដើរក្រោយ វាគាប់ជួនជួបជាមួយ Joe Biden ដើរជាមួយគ្នា។ មានអ្នកខ្លះគេថាខ្ញុំដើរទៅរកក្បែរ Joe Biden។ វាទៅអញ្ចឹងឆ្កុយទៅ។
ឥឡូវនេះវាបានបញ្ជាក់ច្បាស់ Joe Biden គាត់មកភ្នំពេញ ខ្ញុំមិនមែនដើរទៅរកគាត់ទេ គាត់ដើរមករកខ្ញុំ។ នេះវាជាទម្លាប់ធម្មតាខ្លាំងណាស់រវាងមេដឹកនាំប្រទេសនិងមេដឹកនាំប្រទេស។ បើអ្នកទាំងឡាយមិនទាន់ក្លាយខ្លួនមិនទាន់ដឹងរបៀបសុជីវធម៌របស់មេដឹកនាំប្រទេសទេ កុំទាន់អាលធ្វើការវិនិច្ឆ័យមេដឹកនាំប្រទេសធ្វើអី? វានាំអន់ខ្លួនទៅវិញទេ។ មេដឹកនាំគេមានសុជីវធម៌ គេមានសីលធម៌។ ទោះបីជាចំណុចមិនត្រូវគ្នាយ៉ាងម៉េចក៏ដោយប៉ុន្តែគេមានឥរិយាបថនៅក្នុងការសន្ទនាប្រកបដោយការស្ថាបនា។ ខ្ញុំជាមួយប្រធានាធិបតី Joe Biden ដែលមានអាយុច្រើនជាងខ្ញុំ ៨ ឆ្នាំ និងរួសរាយ មានការសន្ទនាគ្នាដ៏ល្អ។ បើទោះបីថាមានរឿងនេះរឿងនោះ យើងចែករំលែកគ្នាតាំងពីកូនតាំងពីចៅអីជាដើមក៏និយាយគ្នាបាន។ វាមានទៅខុសទាស់អី។ នៅទីក្រុងវ៉ាស៊ីនតោនយើងក៏និយាយម្តង មកនេះយើងក៏និយាយគាត់មានចៅតិចជាងខ្ញុំ គាត់មានតែ ៧ទេ ខ្ញុំមានដល់ទៅ ២២។
អញ្ចឹង ទាក់ទិនជាមួយមេដឹកនាំនិងមេដឹកនាំ ទោះបីថាយ៉ាងម៉េចក៏ដោយ គេមានសុជីវធម៌ក្នុងការគ្រប់គ្រងទំនាក់ទំនង។ ជាតិសាសន៍មួយគេត្រូវមានរដ្ឋាភិបាលមួយ មេដឹកនាំប្រទេសមួយ។ ខ្ញុំទៅសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកក៏ត្រូវទទួលខ្ញុំ ដោយរថយន្តទទួលខ្ញុំមានទង់ជាតិកម្ពុជាផង មានទង់ជាតិអាមេរិកផង។ ពិតមែនតែអាមេរិកមិនប្រើប្រាស់រថយន្តរបស់យើងទេ ព្រោះអាមេរិកត្រូវការពារក្នុងកម្រិតខ្ពស់ ប៉ុន្តែនៅលើរថយន្តរបស់អាមេរិកក៏មានទង់ជាតិកម្ពុជានិងទង់ជាតិសហរដ្ឋអាមេរិកផងដែរ។ នេះជាសីលធម៌ក្នុងការគោរពគ្នាមិនមែនគ្រាន់តែអាមេរិកជាមួយកម្ពុជាទេ នៅមានប្រទេសដទៃទៀត។
ពាក្យអស់ទាំងនេះ ដូចជា “រឿងត្រូវការកម្ពុជា មិនត្រូវការកម្ពុជា មិនត្រូវការ ហ៊ុន សែន” អីនេះ វាលេចចេញតែពីពួកគេថា ភូទថ្លុក ភូទត្រពាំង ហ្នឹង។ ឥឡូវខ្ញុំចាំមើលគេបានស្អីភូទទៀត … ឧទាហរណ៍៖ នៅក្នុងការសន្ទនាជាមួយខ្ញុំ និង Joe Biden តើគេនៅបន្តភូតបានអីទៀត? ខ្ញុំមិននិយាយថាខ្ញុំបាននិយាយអីជាមួយ Joe Biden ខ្លះទេ គ្រាន់តែខ្ញុំបង្ហើបសូម្បីតែរឿងកូនចៅក៏យើងនិយាយគ្នា។ ប៉ុន្តែចាំមើលគេបង្ហោះតាមយូធូប គេបង្ហោះតាមហ្វេសប៊ុក គេបង្ហោះតាមឡាយសូ ស្អីៗទុកឱ្យគេភូទមួយអស់ចិត្តចុះ។ អាមេរិកគឺនៅតែជាអាមេរិក កម្ពុជានៅតែកម្ពុជា Joe Biden នៅតែ White House របស់សហរដ្ឋអាមេរិក ហ៊ុន សែន នៅតែវិមានសន្តិភាព របស់កម្ពុជា។ ហ្នឹងរឿងគេវាច្បាស់លាស់បែបនេះ។ ទី២ ស្អីមិញ?
ទាក់ទិនជាមួយនឹងប្រយោជន៍អ្វីដែលយើងទទួលបាន ដំបូងគឺកិត្យានុភាពរបស់កម្ពុជា ដែលខ្លួនត្រូវរ៉ាប់រងក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន។ យើងបានបំពេញសព្វគ្រប់នូវកាតព្វកិច្ចក្នុងឋានៈជាសមាជិកដែលមានការទទួលខុសត្រូវ ដល់វេនយើងធ្វើប្រធាន។ យើងបំពេញកិច្ចការជាប្រធានបានដោយជោគជ័យ ដោយធ្វើការក្នុងការប្រជុំរយៈពេលប៉ុន្មានថ្ងៃនេះ គ្មានតឹងសរសៃកណាមួយដាក់គ្នាទាល់តែសោះ។ ព្រឹកមិញនេះ អាស៊ីបូព៌ាគឺជាចំណុចក្តៅ ប៉ុន្តែសំដីសំដៅនៅក្នុងការសន្ទានាក្នុងអាស៊ីបូព៌ាមិនបានប៉ះទង្គិចគ្នានោះទេ ហើយក៏គ្មានករណី ម្នាក់និយាយម្នាក់ទៀតដើរចេញនោះដែរ។ ចំណុចនេះបញ្ជាក់អំពីភាពចាស់ទុំក្នុងចំណោមមេដឹកនាំអាស៊ីបូព៌ារបស់យើង ដែលមានកម្ពុជាជាម្ចាស់ផ្ទះក្នុងការធ្វើការសម្របសម្រួល ដើម្បីឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់មានមតិនៅក្នុងអង្គប្រជុំនោះ។
ផលប្រយោជន៍ដែលកម្ពុជាទទួលបានគឺកិត្យានុភាពដែលទុកជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ។ លុយយើងអាចចាយអស់ក្នុងមួយថ្ងៃឬមួយឆ្នាំ ក៏ប៉ុន្តែកេរដំណែលដែលយើងរកបានក្នុងប៉ុន្មានថ្ងៃនេះចាយវាមិនអស់ទេ។ ១០០ ឯកសារ ដែលបានសម្រេចនៅទីក្រុងភ្នំពេញ ទុកនៅតាមបណ្ណាល័យនានាសម្រាប់កូនចៅយើងរៀនសូត្រនៅពេលក្រោយ។ នោះហើយគឺជាផលប្រយោជន៍។ ក្រៅពីនោះបានយើងបានពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងអាស៊ានរបស់យើង ដោយពេលនេះជាងពេលណាៗទាំងអស់ បើនិយាយអំពីចំណុចក្តៅវិញកម្ពុជាគឺជាអ្នកទទួលដុំថ្មក្តៅទាំងអស់។ ប៉ុន្តែយើងបានប្រែក្លាយដុំថ្មក្តៅនេះឱ្យវាកាន់បាន ហើយយើងអាចបោះទៅឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ី នៅអាចទទួលបាន ពិតមែនហើយវាមិនអាចក្លាយទៅជាដំឡូងក្តៅបានទេនៅពេលនេះ វានៅតែដុំថ្មក្តៅដដែលគ្រាន់តែវាត្រជាក់ជាងមុន។
តាមរយៈនៃការសម្របសម្រួលរបស់យើងក្នុងតួនាទីរបស់កម្ពុជា ដែលសង្ឃឹមថាឥណ្ឌូនេស៊ីហ្នឹងបន្ត ហើយឈានទៅដល់ឡាវបន្តទៅតាមលំដាប់អក្សរនោះឯង នៅក្នុងកិច្ចសហប្រតិបត្តិការភាពជាដៃគូ។ នៅក្នុងនោះ ប្រទេសនានាបានគាំទ្រប្រទេសកម្ពុជាក្នុងភាពជាប្រធានអាស៊ាន។ ប្រទេសខ្លះបានផ្តល់ជំនួយជាសម្ភារៈ ប្រទេសខ្លះបានផ្តល់ជំនួយជាថវិកាដូចជាការប្រជុំសហគមន៍សង្គមនិងវប្បធម៌ គឺខាងជប៉ុនអ្នកផ្តល់ថវិកា … ចិនបានផ្តល់នូវសម្ភារៈមួយចំនួន ថវិកាមួយចំនួនជាជំនួយ។ អ្វីដែលសំខាន់ជាងគេនោះ មុនពេលដែលទស្សនកិច្ចនេះ មុនពេលប្រជុំចិនបានធ្វើទស្សនកិច្ចមុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនក្នុងនោះចិនបានប្រកាសផ្តល់នូវជំនួយឥតសំណងនិងផ្តល់នូវប្រាក់សម្រាប់ការកសាងស្ពាន កសាងផ្លូវ ដែលសុំជម្រាបជូនប្រជាជនដែលនៅខាងក្រចេះឱ្យបានដឹងថាកិច្ចព្រមព្រៀងឥណទានសម្រាប់កសាងស្ពានឆ្លងកាត់នូវទីរួមខេត្តក្រចេះត្រូវបានចុះហត្ថលេខារួចហើយ ហើយផ្លូវឆ្ពោះពីក្រចេះទៅកាន់ខេត្តកំពង់ធំតែម្តង និងមានគម្រោងដទៃទៀតនៅទីនោះ។
ឯជាមួយជប៉ុន ជប៉ុនក៏បានប្រកាសផ្តល់ជំនួយឱ្យយើង និងចុះហត្ថលេខានៅទីនោះ។ រវាងយើងនិងជប៉ុន ក៏បានព្រមព្រៀងគ្នាបង្កើតលើកកម្រិតពីដៃគូយុទ្ធសាស្ត្រ ឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៣ ខាងមុខនេះ។ នេះគឺជាបំណងប្រាថ្នារបស់ខ្ញុំនៅក្នុងពេលដែល ឯកឧត្តម នាយករដ្ឋមន្ត្រី Fumio Kishida ទស្សនកិច្ចកាលពីខែ មីនា ឆ្នាំ ២០២២ នេះ។ ខ្ញុំបានលើកសំណូមពរនេះជាមួយគាត់។ ម្សិលមិញនេះ យើងបានឯកភាពគ្នាចាប់ផ្តើមលើកកម្រិតទំនាក់ទំនងនេះនៅឆ្នាំ ២០២៣ ដែលជាខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន ប៉ុន្តែយើងបានឯកភាពប្រកាសចេញនៅថ្ងៃពីម្សិលមិញនេះតែម្តង។
នៅមានរឿងច្រើនទៀតដែលកម្ពុជាទទួលផលពីការពង្រឹងកិច្ចសហប្រតិបត្តិការ ព្រោះខ្ញុំទទួលគណៈប្រតិភូលើកនេះ ខ្ញុំទទួលគណៈប្រតិភូទាំងអស់។ កាណាដា មក ខ្ញុំក៏ទទួលទាំងអស់។ អម្បាញ់មិញខ្ញុំទើបតែបញ្ចប់នូវការទទួលគណៈប្រតិភូនាយករដ្ឋមន្ត្រី New Zealand បន្ទាប់ទៅទទួលគណៈប្រតិភូអគ្គលេខាធិការអង្គការសហប្រជាជាតិ។
នោះហើយគឺជាផលប្រយោជន៍។ វាមិនមែនជាផលប្រយោជន៍សម្រាប់ ហ៊ុន សែន តែម្នាក់ទេ។ ត្រូវដឹងថា ហ៊ុន សែន តំណាងឱ្យជាតិខ្មែរនៅពេលនេះ ហើយដែលខ្ញុំបានចែករំលែកថ្វាយចំពោះព្រះមហាក្សត្រ ថ្វាយចំពោះហ្លួងម៉ែ ប្រគេនចំពោះព្រះសង្ឃ ជូនចំពោះជនរួមជាតិ ក៏ដូចជារដ្ឋបាលគ្រប់ជាន់ថ្នាក់ទាំងអស់រួចហើយ។ នេះជាកិច្ចការដែលយើងបានធ្វើ។ ផលប្រយោជន៍ជាតិនៅទីនេះធំណាស់ ហើយបើសិនជាជនណាមើលមិនឃើញថានេះជាផលប្រយោជន៍ជាតិ សុំឱ្យគេចាត់ទុកខ្លួនគេ ខ្ញុំមិនដឹងថាគេជាជាតិសាសន៍អី។ ខ្ញុំក៏មិនហ៊ាននិយាយដែរទេ ទុកឱ្យគេវិនិច្ឆ័យខ្លួនឯង និងពិចារណាខ្លួនឯងថាគេជាជាតិសាសន៍អី? យើងកំពុងទទួល ឥឡូវថា អាមេរិកស្អប់កម្ពុជា។ ឥឡូវនេះប្រធានាធិបតីអាមេរិកប្រហែលជាមិនទាន់ចាកចេញឬចាកចេញ ពីកម្ពុជារួចទៅហើយ ខ្ញុំក៏មិនទាន់បានតាមដាន ព្រោះរវល់ជួបជាមួយអស់លោក ធ្វើម៉េចបានដឹងថាគាត់ចេញហើយឬនៅ? អញ្ចឹងទេគេថាអាមេរិកមិនត្រូវការកម្ពុជា ប៉ុន្តែប្រធានាធិបតីអាមេរិកមកប្រជុំ មកសម្រាកយ៉ាងស្រួលក្នុងទឹកដីកម្ពុជា។
ខ្ញុំឃើញប្រធានាធិបតី Joe Biden គាត់ទទួលទានម្ហូបខ្មែរ ខ្ញុំអង្គុយជាប់ជាមួយគាត់ គាត់ទទួលទានម្ហូបខ្មែរ។ បើសិនជាគេមិនទុកចិត្តទេស្មានតែគាត់ទទួលទាន? គេខ្លាចអាចនឹងមានមេរោគ ឬក៏អាចមានស្អីៗ ក៏ប៉ុន្តែគាត់ទទួលទាន … ខ្ញុំសង្កេតអស់អញ្ចឹងៗ។ ធម្មតាទេ អ្នកណាបកស្រាយយ៉ាងម៉េច រឿងរបស់គេ ព្រោះសូម្បីថាគេនៅ ១ ម៉ឺនគីឡូពីនេះ ក៏គេអាចមើលឃើញមកដល់ស្រុកយើង។ រឿងដែលគួរឆ្ងល់នៅកន្លែងហ្នឹង។ ឯខ្ញុំអង្គុយជាប់ Joe Biden អញ្ចឹង តែខ្ញុំមិនអាចមើលឃើញ Joe Biden ថាអី? ដល់គេមើល ១ ម៉ឺនគីឡូម៉ែត្រ មកឃើញ Joe Biden ថាម៉េច? លឺ Joe Biden និយាយយ៉ាងច្បាស់ជាងយើងដែលយើងកំពុងនិយាយជាមួយគាត់។ ឥឡូវនេះតើល្មមគ្រប់គ្រាន់ហើយ ឬនៅ? មានអ្នកណានៅមិនទាន់អស់ចិត្តសុំលើកដៃមើល។ នៅទៀត បើនៅទៀតចូលមក។ ថ្ងៃហ្នឹងលេងឱ្យវាណាណីមើល ប៉ុន្តែជួយកត់ត្រាឱ្យផងអ្នកនៅខាងក្រោយនោះ។ កត់ត្រាមក បានជាជ្រុលប្រជុំហើយ ល្ងាចហ្នឹងល្ងាចថ្ងៃអាទិត្យអ្នកណាឡាយ អ្នកណាខានមើលវាយបុក វាយអីអាហ្នឹងមិនបានមើលទេហីទៅ។
ព័ត៌មាន EFC News៖ … (១) តើសម្តេចមានការលំបាកអីទេ ព្រោះថាការដឹកនាំតំបន់មួយទាំងមូលមានការងារច្រើន មានបញ្ហាច្រើនដែលត្រូវប្រឈម ពិសេសគឺបញ្ហាមីយ៉ាន់ម៉ានេះតែម្តង … (២) នាឡិកាដែលសម្តេចធ្វើចែកជូនទៅដល់មេដឹកនាំ ដែលបានមកចូលរួមកិច្ចប្រជុំអាស៊ាន … ជាស្នាដៃរបស់កូនខ្មែរ … មានតម្លៃប៉ុន្មានដែរសម្តេច? និង (៣) សម្ដេចពេញចិត្តទេនឹងការធ្វើជាប្រធានអាស៊ានលើកនេះ ប្រៀបទៅឆ្នាំ ២០១២?
សម្តេចតេជោ៖ ឆ្នាំណាក៏ពេញចិត្តដែរ ព្រោះតាមកាលទេសៈខុសគ្នា។ ខ្ញុំគួរតែត្រូវនិយាយដើម្បីរំលេចបញ្ហានេះបន្តិច។ (ឆ្នាំ)២០០២ អ្វីដែលបានកើតនៅទីក្រុងភ្នំពេញ នោះគឺការចុះហត្ថលេខាលើ DOC គឺសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ នោះជាការចូលជាដំបូងនៃការសន្ទនាប្រចាំឆ្នាំរបស់ឥណ្ឌា។ កម្ពុជាមានកិត្តិយសបានទទួលយកឥណ្ឌាចូលមកធ្វើជាអ្នកប្រជុំអាស៊ាន-ឥណ្ឌាប្រចាំឆ្នាំ។ រាប់មកដល់ពេលនេះគឺរយៈពេល ២០ ឆ្នាំរួចមកហើយ។ ឆ្នាំ ២០១២ ទោះបីមានបញ្ហាខ្លះ ដែលមិនមែនជារឿងកំហុសរបស់កម្ពុជា ត្រូវចាំថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP ត្រូវបានប្រកាសនៅទីក្រុងភ្នំពេញ។ RCEP ចាប់ផ្ដើមចរចានៅទីក្រុងភ្នំពេញ។ ខ្ញុំជាអ្នកប្រកាសផ្ទាល់។ ត្រូវឃើញពីលទ្ធផលនោះ។ នោះហើយគឺជាចំណុចដែលខ្ញុំពេញចិត្តនូវកិច្ចការដែលខ្ញុំធ្វើជាប្រធានអាស៊ាន។
មកដល់ឆ្នាំ ២០២២ នៃការធ្វើជាប្រធានអាស៊ានឬ ១០ ឆ្នាំក្រោយ កិច្ចព្រមព្រមព្រៀង RCEP ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នេះ ក៏ត្រូវបានចូលជាធរមាន។ ឯលើកនេះទៀត យើងទទួលបាននូវសមាជិកភាពទី ១១ របស់ទីម័រឡេស្តេ បូកជាមួយនឹងការលើកកំពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក ជាមួយឥណ្ឌា និងការចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍រហូតដល់ ៧ ប្រទេស និងមានបញ្ហាច្រើនទៀត។ ដូច្នេះការធ្វើប្រធានអាស៊ានទាំង ៣ លើកគឺពេញចិត្តទាំង ៣ លើក គ្រាន់តែវាដំណាក់កាលខុសៗគ្នានិងពេលវេលាខុសគ្នា រឿងរ៉ាវក៏ខុសគ្នាតែប៉ុណ្ណោះ។ យើងបានបំពេញកាតព្វកិច្ចក្នុងឋានៈជាប្រធានដែលមានការទទួលខុសត្រូវ។
ចំពោះនាឡិកាដៃ តាមអ្នកផលិតអោយដឹងគឺគ្រឿងបង្គំទាំងអស់ ដើម្បីយកមកផ្គុំបង្កើតនាឡិកានេះគឺមានតម្លៃជាង ២ ម៉ឺនដុល្លារ ក្នុងមួយគ្រឿង។ ប៉ុន្តែសូមបញ្ជាក់ថាមានតែ ២៥ គ្រឿងទេ ហើយយើងបានចែកជូនទៅដៃគូរបស់យើង យកទៅធ្វើជាវត្ថុអនុស្សាវរីយ៍។ ខ្ញុំក៏មានតែមួយគ្រឿងដែរ។ កម្ពុជាទុកតែមួយគ្រឿងទេព្រោះអត់មានសិទ្ធទុកច្រើនទេ ព្រោះផលិតសម្រាប់ដៃគូអាស៊ានរបស់យើង។
សារព័ត៌មានកម្ពុជាថ្មី៖ (១) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចនឹងអញ្ជើញទៅកាន់មីយ៉ាន់ម៉ាជាថ្មីម្ដងទៀតឬទេ? ឯកឧត្តមគ្រោងនឹងទៅជាលើកទី ៣ … មុនដាច់អាណត្តិនេះ តើឯកឧត្តមអាចនឹងទៅលើកទី ៣ ដែរឬទេ? … (២) មានការលើកឡើងថាចង់ព្យួរនូវអាសនៈរបស់មីយ៉ាន់ម៉ា ដោយសារតែមិនគោរពទៅតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន។ តើគេអាចធ្វើបានដែរឬទេ? តើអាស៊ានមានវិធីណាធ្វើវិសោធនកម្មធម្មនុញ្ញអាស៊ាន ដើម្បីអាចដកសមាជិកភាពរបស់មីយ៉ាន់ម៉ាចេញដែរឬទេ?
សម្តេចតេជោ៖ អរគុណចំពោះសំណួរនេះ។ ទាក់ទិនជាមួយការទៅឬមិនទៅនៃប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ យើងរង់ចាំមើលប្រតិកម្មពីមីយ៉ាន់ម៉ា។ នៅសល់ពេលវេលាជាង ១ ខែទៀត។ យើងត្រូវធ្វើការសម្រេចថាទៅឬមិនទៅ។ ខ្ញុំមិនទាន់អះអាងអោយបានច្បាស់ថាទៅឬមិនទៅនោះទេ ព្រោះនៅសេសសល់ពេលវេលាដើម្បីនឹងពិចារណាថាគួរទៅឬអត់ ចំណុចទី១។ ចំណុចទី២ ទាក់ទងទៅនឹងការមិនគោរព តើអាចមានលទ្ធភាពដេញចេញទេ។ ធម្មនុញ្ញអាស៊ានមិនតម្រូវអោយមានការដេញចេញអ្នកណាទាំងអស់។ អាស៊ានឯកភាពស្ថិតនៅក្នុងក្របខណ្ឌនៃធម្មនុញ្ញ។ ធម្មនុញ្ញគ្មានបានចែងអំពីចំណុចបណ្ដេញសមាជិកចេញទេ។ អញ្ចឹងយើងកុំធ្វើអ្វីអោយហួស។ ឥឡូវនេះ យើងនៅបន្តអញ្ជើញមីយ៉ាន់ម៉ា ក្នុងកម្រិតមិនមែននយោបាយ … យើងនៅបន្តអញ្ជើញមីយ៉ាន់ម៉ាទៅតាមស្ថាប័ននានាដែលមានការប្រជុំ។ យើងក៏អោយសារទៅមីយ៉ាន់ម៉ាថា ប្រសិនបើអ្នកមិនព្រមអនុវត្តទេ សិទ្ធជាតំណាងរបស់អ្នកនៅតាមស្ថាប័ននានា ក៏ត្រូវនឹងពិនិត្យឡើងវិញដែរ។ នេះជាការបញ្ជាក់ពីទីក្រុងភ្នំពេញទៅកាន់ក្រុងណៃពិដោរ។ ប៉ុន្តែសិទ្ធដេញចេញគឺអត់ទេ។ កៅអីរបស់មីយ៉ាន់ម៉ានៅទីនោះ មីយ៉ាន់ម៉ាបោះបង់ចោលសិទ្ធខ្លួនឯងទេ។ យើងបានអញ្ចើញតំណាងមិនមែននយោបាយ ប៉ុន្តែគេមិនបានបញ្ជូនតំណាងមក។ យើងក៏មិនដឹងធ្វើម៉េចគឺមានតែមានវិធីមួយគឺទុកកៅអីនៅទីនោះ ទង់ជាតិនៅទីនោះ តែអត់មានមនុស្សអង្គុយតែប៉ុណ្ណឹង។
សារព័ត៌មានថ្មីថ្មី៖ … (១) តើក្នុងកិច្ចប្រជុំអាស៊ានកម្ពុជាចំណាយអស់ប៉ុន្មានក្នុងការរៀបចំ? (២) តើការតម្លើងភាពជាដៃគូសន្ទនាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអោយឥណ្ឌានិងអាមេរិក ផ្ដល់ស្ថានភាពបែបណាទៀតដល់អាស៊ាននៅក្នុងឆាកអន្តរជាតិ? តើ(ការធ្វើដូចនោះ)អាចជាយុទ្ធសាស្ត្ររបស់អាស៊ានក្នុងការបន្សាបឥទ្ធិពលរបស់ចិនក្នុងតំបន់យើងដែរទេ? ឬក៏ដូចជាបន្សាបការគិតរបស់សាធារណៈជនមួយចំនួនថា ចិនកំពុងតែក្ដោបក្ដាប់ឬក៏កំពុងតែមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់អាស៊ានយើងនេះ? និង(៣) សេចក្ដីថ្លែងការរបស់អាមេរិក ដែលមានការស្នើសុំអោយកម្ពុជាបើកចំហសេរីភាពនយោបាយនៅឆ្នាំក្រោយ ក៏ដូចជាមានការដោះលែងអ្នកនាង សេង ធារី ជាដើម?
សម្តេចតេជោ៖ សេចក្ដីថ្លែងការណ៍របស់អ្នកណា? ខ្ញុំសួរថាអាមេរិកនិយាយជាមួយខ្ញុំឬនិយាយជាមួយអ្នកណា? សេចក្ដីថ្លែងការណ៍របស់អាមេរិក អាហ្នុងរបស់អាមេរិកតើ។ និយាយពីអីបើខ្ញុំមិនបានមើលផង។ ប៉ុន្តែខ្ញុំឆ្លើយ (ទី១) រឿងចំណាយកុំអាលគិត។ ចាយមិនទាន់ផុតទេ។ ភ្ញៀវមិនទាន់ចេញអស់ផង។ អស់លោកចេញពីនេះទៅប្រហែលជាទៅរកបាយមួយពេលទៀតក៏មិនដឹង។ កុំអាលគិតទូទាត់លាត់សើយអី។ ប៉ុន្តែយ៉ាងណាក៏កម្ពុជាមានសមត្ថភាពដើម្បីចាយវាយសម្រាប់ការប្រជុំប៉ុណ្ណឹង។ មិនដូចអ្នកដទៃដែលថា ហ៊ុន សែន មិនហ៊ានចាត់តាំងបុណ្យអុំទូកទេដោយសារមិនមានលុយនោះទេ។ មិនដល់ប៉ុណ្ណឹងពេកទេ កម្ពុជាសម័យនេះ។
អំពីការបង្កើនដៃគូរគ្រប់ជ្រុងជ្រោយជាមួយនឹងអាមេរិកជាមួយឥណ្ឌា តើមានឥទ្ធិពលអីជាមួយចិន។ ខ្ញុំក៏ចង់បញ្ជាក់ប្រាប់លោកថា ចិនក៏ទើបនឹងបានឋានៈដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំទៅដែរ។ ដូច្នេះវាមានទៅស្អីនឹងគ្នា។ យើងអោយទាំងចិន អូស្ត្រាលី ក្នុងពេលតែមួយ។ ឥឡូវយើងអោយទៅអាមេរិកនិងឥណ្ឌាក៏ក្នុងពេលតែមួយ។ ដូច្នេះវាអត់មានស្អីទេ។ អ្វីដែលជាផលចំណេញគឺអាស៊ាននោះឯង។ បានសេចក្ដីថាចំណុចនេះ អាស៊ានជាចំណុចកណ្ដាល ជាស្នូលដែលងាកទៅម្ខាង អាមេរិក, ឥណ្ឌា, ចិន, អូស្ត្រាលី គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ខ្លួន។ មិនមែនចាប់ចិនដើម្បីរុញអាមេរិក ឬចាប់អាមេរិកដើម្បីរុញចិនគឺអត់ទេ។ សូមបំបាត់ចោលទៅនូវការគិតគូរនៅក្នុងអារម្មណ៍នៃអ្នកសារព័ត៌មានរបស់កម្ពុជា … អោយតែឃើញចាប់ដៃអាមេរិកតែងតែថាទាត់ចោលចិន ចាប់ដៃចិនទាត់ចោលអាមេរិក។ នៅលើពិភពលោកបច្ចុប្បន្ន គេឆ្លាតណាស់ ហើយជាវិធីសាស្ត្រនៃការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិនៃប្រទេសនីមួយៗ។
ចុងក្រោយទាក់ទិនថាអាមេរិកប្រកាសនោះ ទៅសួរអាមេរិកខ្លួនឯងទៅ។ ខ្ញុំអត់ឆ្លើយទេ ព្រោះខ្ញុំអត់ដឹងអាមេរិកនិយាយពីអីផង។ Joe Biden គាត់អត់និយាយអីជាមួយខ្ញុំច្រើនទេ … ព្រោះខ្ញុំដឹងតែធ្វើកិច្ចការងារប្រទេសរបស់ខ្ញុំតែប៉ុណ្ណឹង។ នៅពេលដែលគាត់និយាយអំពីបញ្ហានេះ/នោះ ក្នុងពេលសន្ទនាជាមួយគ្នា គាត់ក៏បាននិយាយអំពីដំណើរការបោះឆ្នោតឆ្នាំក្រោយ។ ខ្ញុំក៏បាននិយាយអំពីដំណើរការបោះឆ្នោតហូរហែនិងការព្យាករណ៍ទុកការបោះឆ្នោតនៅឆ្នាំក្រោយនេះយ៉ាងម៉េច។ បន្ថែមលើនោះ យើងក៏មាននិយាយលើបញ្ហានេះ/នោះ ទៀត មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែក … Joe Biden មកនេះមិនមែននិយាយបញ្ហាផ្ទៃក្នុងកម្ពុជាទេ មកនិយាយពីបញ្ហាសាកល។ ខ្ញុំគ្រាន់តែបញ្ជាក់ជូនប៉ុននឹង។
សារព័ត៌មានកោះសន្តិភាព៖ (១) អ្នកមួយចំនួនលើកឡើងថា ព្រះចៅស៊ុលតង់ហាក់ដូចជាចម្លងឬ Copy វិធីរបស់សម្ដេចតេជោ ដែលកន្លងមកសម្ដេចធ្លាប់បាននាំ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ដូចជាវត្តមានចៅស្រីទៅក្នុងឆាកអន្តរជាតិ។ តើសម្ដេចយល់ឃើញយ៉ាងម៉េចចំពោះការលើកឡើង? (២) … សង្កេតឃើញថាលោក Joe Biden ហាក់ដូចជាចូលមកក្នុងកិច្ចប្រជុំរាងយឺតជាងគេ ក្នុងនោះក៏មិនឃើញមានការថតរូបជុំគ្នាសម្រាប់ថ្នាក់ដឹកនាំប្រជុំកំពូលទាំងអស់សម្រាប់កិច្ចប្រជុំ EAS នេះទេ ខុសពីអ្វីដែលធ្លាប់បានថតជុំគ្នានៅក្នុងឆ្នាំ ២០១៩កន្លងមកនៅក្រុងបាងកក?
សម្តេចតេជោ៖ សូមអរគុណនាង។ បើទោះបីថាកម្លាំងចាស់ក៏ប៉ុន្តែមិនប្រាកដថា នាងអាចខ្លាំងជាងខ្ញុំទេ។ ខ្ញុំនៅអាចឆ្លងឆ្លើយបាន។ ទាក់ទិនជាមួយនឹងបញ្ហាព្រះរាជបុត្ររបស់ព្រះចៅស៊ុលតង់ គឺមិនមែនស្ថិតនៅក្នុងស្ថានភាពដូចខ្ញុំជាមួយនឹងម៉ាណែតទេ។ ព្រះចៅស៊ុលតង់ព្រះអង្គមានព្រះរាជទាយាជ។ ព្រុយណេ មានការតែងតាំងព្រះរាជទាយាទ។ ព្រះរាជទាយាទនោះគង់នៅក្នុងប្រទេសដើម្បីគ្រប់គ្រងប្រទេស នៅក្នុងពេលដែលអវត្តមានរបស់ព្រះចៅស៊ុលតង់។ ឯព្រះរាជបុត្រអង្គនេះគឺទៅណាតែងតែទៅតាមជាប់ជាមួយនឹងព្រះអង្គ ទៅគ្រប់ទីកន្លែងហើយលើកនេះក៏បានមកដល់កម្ពុជា។ នៅក្នុងចំណោមនៃនាឡិកា ២៥ គ្រឿងនោះ ក៏យើងបានថ្វាយចំពោះព្រះរាជបុត្ររបស់ព្រះអង្គ ១ គ្រឿងដែរ។ ខ្ញុំគិតថានេះគឺជាវិធីដើម្បីក្នុងការធ្វើដំណើរដើម្បីសម្រួល ដោយសារព្រះអង្គក៏មានព្រះជន្ម ៧៦ ព្រះវស្សាហើយ អញ្ចឹងទេគឺមានព្រះរាជបុត្រមួយធ្វើដំណើរជាមួយក៏ជាការល្អសម្រាប់ព្រះអង្គ។
ចំពោះបញ្ហាទី ២ រឿងវាអញ្ចេះទេ។ ព្រឹកមិញ ឯកឧត្តមប្រធានាធិបតី Joe Biden ប្រហែលជាគាត់សប្បាយរីករាយខ្លាំងជាមួយជោគជ័យរបស់គាត់ ដែលបានបន្តគ្រប់គ្រងព្រឹទ្ធសភា។ ដូច្នេះគាត់ត្រូវធ្វើការប្រជុំការសែត ដែលឆ្លងឆ្លើយពីទីក្រុងភ្នំពេញទៅវ៉ាស៊ីនតោន។ ដូច្នេះធ្វើអោយមានការយឺតយ៉ាវក្នុងការចូលប្រជុំ។ បើសិនជាយើងរង់ចាំគាត់ វាអាចមានការយឺត ព្រោះគាត់អត់ទាន់ចេញពីអូតែលផង។ យើងបានអង្គុយរង់ចាំអស់កន្លះម៉ោងហើយ។ អញ្ចឹងទេបានជាយើងត្រូវចាប់ផ្ដើមមុន។ ប៉ុន្តែពេលដែលគាត់ទៅដល់ ខ្ញុំក៏បានជម្រាបជូនគាត់ អំពីការដែលយើងចាប់ផ្ដើមមុន ហើយយើងក៏បានអបអរសាទរជាមួយគាត់ ដែលគាត់បន្តគ្រប់គ្រងព្រឹទ្ធសភា។ ដូចដែលខ្ញុំបានបញ្ជាក់អញ្ចឹងថា ខ្ញុំសង្ឃឹមថារដ្ឋាភិបាលអាមេរិកមិនបិទដូចពេលមុន ដោយសារតែកង្វះថវិកា ព្រោះព្រឹទ្ធសភាពមិនព្រមអនុម័តនោះ។ ឯការថតរូបគឺអត់បានថតទេ សូមយោគយល់អំពីបញ្ហាហ្នឹង។ វាខុសទម្លាប់បន្តិច ក៏ប៉ុន្តែគេអាចយល់បានថា ហេតុអ្វីបានជាមានរឿងបែបនេះ បើទោះបីជាពេលនោះមានប្រធានាធិបតី Joe Biden នៅទីនោះក៏ដោយ ក៏ប៉ុន្តែតាមការព្រមព្រៀងគ្នាគឺអត់មានថតរូបទេ នៅក្នុងពេលប្រជុំអាស៊ីបូព៌ា។ ខ្ញុំនិយាយប៉ុណ្ណឹងអ្នកសារព័ត៌មានយើងអាចយល់បានហើយ។
វិទ្យុបារាំងអន្តរជាតិ៖ (១) … សម្ដេចបានគូសបញ្ជាក់ថា ប្រហែលជាសម្ដេចមិនធ្វើជាប្រធានអាស៊ាន លើកទី៤ ទេ។ ខ្ញុំចង់ដឹងថា តើសម្ដេចចង់ឃើញកម្ពុជានៅពេលដែលធ្វើជាម្ចាស់ផ្ទះលើកទី ៤ មានវឌ្ឍនភាពយ៉ាងណានៅលើឆាកអន្តរជាតិ ជាពិសេសវេទិកាអាស៊ានតែម្ដង (២) កិច្ចប្រជុំរវាងកម្ពុជានិងជប៉ុន … ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន លើកឡើងអំពីចេតនាជប៉ុនក្នុងការបញ្ជូននាវានៃកងកម្លាំងស្វ័យការពារជប៉ុនមកកម្ពុជា និងមានចេតនាបំពេញទស្សនកិច្ចនៅឯកំពុងផែជើងទឹករាម … តើសម្ដេចពិចារណាយ៉ាងណាដែរនូវដំណើរទស្សនកិច្ចកំពុងផែរាម?
កិច្ចប្រជុំលើកទី ៤ បើសិនជាខ្ញុំចង់ ១០ ឆ្នាំទៀត ខ្ញុំក៏មិនទាន់ស្លាប់ដែរ។ សាកល៎មើល! ជាមួយគ្នា។ ពិតហើយ ខ្ញុំដឹងថាមានអ្នកដាក់បណ្ដាសាឱ្យខ្ញុំងាប់ ប៉ុន្តែអ្នកឯងអាចប្រណាំងឡាន, គោ, សេះ, ប្រណាំងក្របី, ដំរី បាន ប៉ុន្តែអ្នកឯងមិនអាចប្រណាំងជាមួយព្រហ្មលិខិតបានទេ។ អ្នកយល់អោយច្បាស់។ អ្នកឯងអាចប្រណាំងជាមួយខ្ញុំលើរឿងនេះ/នោះ ប៉ុន្តែប្រណាំងជាមួយព្រហ្មលិខិតដែលតាក់តែងអោយខ្ញុំក្លាយខ្លួនទៅជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងយូរជាងគេនៅក្នុងពិភពលោកនេះ អ្នកឯងមិនអាចប្រណាំងបានទេ។ ខ្ញុំគ្មានមហិច្ឆតាដើម្បីទៅកាន់ញញួរលើកទី ៤ ទេ។ ខ្ញុំនឹងជ្រើសរើសពេលវេលាសមស្របដើម្បីនឹងចាកចេញ។ វិមានសន្តិភាពនេះមិនមែនធ្វើសម្រាប់តែ ហ៊ុន សែន អង្គុយទេ គឺសម្រាប់អ្នកដទៃទៀតអង្គុយ ហើយមិនមែនសម្រាប់ត្រឹមតែ ១០ ឆ្នាំទេ បើគេការពារបានល្អគេអាចអង្គុយបាន ១០០ ឆ្នាំទៀតឯណោះ។ យើងធ្វើសម្រាប់ក្មេងជំនាន់ក្រោយ។ ចាស់ជំនាន់មុនធ្វើសម្រាប់ក្មេងជំនាន់យើងនិងជំនាន់ក្រោយ។ ឯយើងក៏ធ្វើសម្រាប់ក្មេងជំនាន់ក្រោយដែរ។ ហ្នឹងគឺទាក់ទិននឹងរឿងទី៤ នេះ។ ឯចំពោះលើកក្រោយ អ្នកកាន់ញញួរលើកទី ៤ ខ្ញុំគិតថាពេលនោះអ្វីៗបានដោះស្រាយច្រើន រាប់បញ្ចូលទាំងបញ្ហា DOC លើបញ្ហាសមុទ្រចិនខាងត្បូងក៏រៀបរយហើយ។ នេះតាមការព្យាករណ៍ទុករបស់ខ្ញុំ។ សភាពការណ៍ទំនាក់ទំនងភូមិសាស្ត្រនយោបាយក៏អាចទុកថាស្ងប់ស្ងាត់ជាងពេលនេះ។ ដៃគូនៅក្នុងក្របខណ្ឌតំបន់របស់យើង នឹងប្រព្រឹត្តិទៅនៅក្រោមរូបភាពនៃកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ចដ៏ពេញលេញ និងមានការតភ្ជាប់ដ៏ល្អ។ បើយោងតាមផែនការមេនៃការតភ្ជាប់ អាចមានការតភ្ជាប់តាំងពីទួគី ឬហោចណាស់ពីឥណ្ឌារហូតចូលមកដល់ មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម ផងដែរ។ សមាហរណកម្មសេដ្ឋកិច្ចកាន់តែល្អប្រសើរ ជាពិសេសកិច្ចព្រមព្រៀង RCEP ដែលចូលជាធរមាននេះត្រូវបានអនុវត្តយ៉ាងល្អប្រសើរជីវភាពប្រជាជនកម្ពុជានឹងខ្ពស់ជាងមុន។ ដូច្នេះរឿងរ៉ាវដែលបានកើតឡើងឆ្នាំ ២០០២, ២០១២, ២០២២ ដែល ហ៊ុន សែន ធ្លាប់កាន់ ប្រហែលជាអ្នកក្រោយ ហ៊ុន សែន គឺមិនបានជួបប្រទះនោះទេ ដោយសារតែសភាពការណ៍វាបានវិវដ្ដល្អ។
សភាពការណ៍វាមិនវិវដ្ដអាក្រក់ទេ អស់លោករងចាំមើលទៅ។ គេមិនដែលបង្កើតសភាពការណ៍អោយដើរថយក្រោយទេ។ សូម្បីតែម្សិលមិញនៅក្នុងអង្គប្រជុំ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចែករំលែកជាមួយយើង ដែលខ្ញុំអរគុណក្នុងនាមអាស៊ាន ថាប៉ុន្មានថ្ងៃខាងមុខនេះ គាត់នឹងជួបប្រធានាធិបតី Xi Jinping របស់ចិន អាចថាស្អែកផងក៏មិនដឹង។ ចំណុចទាំងនេះ សុទ្ធតែជាការគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន។ បើអ្នកទាំងពីរគ្រប់គ្រងទំនាក់ទំនងល្អជាមួយគ្នា វាបង្កើតបរិយាកាសអំណោយផលសម្រាប់បណ្ដាប្រទេសអាស៊ានរបស់យើង។ អាស៊ានទទួលបានផលប្រយោជន៍ពីគ្រប់ទិសទី ពីអាមេរិក, ចិន, អឺរ៉ុបនិងផ្នែកដទៃទៀតដែលមានដៃគូតែមួយ។ ត្រង់ហ្នឹងហើយដែលកម្ពុជាពេញចិត្តជាមួយនឹងការចូលរួមនៅក្នុងក្របខណ្ឌអាស៊ាន។
ទាក់ទិននឹងនាវាជប៉ុន។ រឿងនេះមិនមែនរឿងថ្មីទេ។ យើងពិភាក្សាគ្នាតាំងពីខ្ញុំទៅតូក្យូ ចូលរួមបុណ្យសពរបស់ឯកឧត្តម Shinzo Abe។ នាវាជប៉ុននឹងចូលមកកំពង់ផែក្រុងព្រះសីហនុសាជាថ្មីម្ដងទៀត ជាដំណើរទស្សនកិច្ចធម្មតា។ ឆ្នាំនេះគឺជាឆ្នាំមិត្តភាពកម្ពុជាជប៉ុនសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ដោយសារជាខួបលើកទី ៣០ នៃ PKO របស់ជប៉ុនមកកាន់កម្ពុជា។ ដូច្នេះយើងកំពុងតែធ្វើសហប្រតិបត្តិការជាមួយគ្នា ដើម្បីអោយនាវាចរណ៍របស់កងទ័ពជើងទឹកជប៉ុន បានចូលមកក្នុងដែនទឹករបស់យើងដូចធម្មតា។ យើងមិនមែនគ្រាន់តែស្វាគមន៍ជប៉ុនទេ អ្នកណាក៏ដោយចង់ចូលមកអត់មានទើសទាល់ទេ។ អម្បាញ់មិញខ្ញុំក៏បានប្រាប់លោកជំទាវ នាយករដ្ឋមន្ត្រី ញូហ្សេលែន ថាបើសិនជាចង់ចូលក៏ចូលមក យើងអត់មានជំទាន់ទេ។ អ្នកណាចង់មកលេង ចូលមក ហើយបើសិនជាចូលមកចង់ធ្វើសមយុទ្ធជាមួយយើង លើការគ្រប់គ្រងគ្រោះមហន្តរាយឬប្រឆាំងភេរវកម្ម យើងធ្វើ។ អត់មានថាយើងត្រូវតែធ្វើជាមួយអ្នកណាតែម្នាក់នោះទេ។ នេះគឺជាការបើកចំហរសម្រាប់ទំនាក់ទំនងរបស់យើង។
អរគុណណាស់។ ខ្ញុំគិតថាថ្ងៃនេះអស់លោកមិនហត់ទេ អ្នកដែលហត់គឺខ្ញុំ។ តែខ្ញុំគ្មានសិទ្ធនឹងត្អូញត្អែរ និងថាខ្ញុំត្រូវជាអ្នកហត់ទេ។ សូមអរគុណណាស់ជាមួយនឹងការយកព័ត៌មានប៉ុន្មានថ្ងៃនេះ ហើយបុរសៗ ឆាប់ទៅផ្ទះ កុំយកហេតុផលថាត្រូវយកព័ត៌មានស្ដីពីអាស៊ានតទៅទៀត … អរគុណណាស់ ជូនពរទាំងអស់គ្នាមានជោគជ័យសិរីសួស្តី និងពុទ្ធពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕