​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់កំហិតឲ្យក្រុមហ៊ុន Cellcard , Smart និង Metfone បញ្ចប់ការផ្សាយ​ពាណិជ្ជកម្មដូរលុយ​ត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧

FN ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បានដាក់កំហិតឲ្យក្រុមហ៊ុនទូរស័ព្ទចំនួន៣ រួមមាន Cellcard, Smart និង Metfone បញ្ចប់ការផ្សាយពាណិជ្ជកម្មដូរលុយត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧។ ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំ និងពិភាក្សាដោះស្រាយស្តីពី ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ប្រព័ន្ធទូរស័ព្ទចល័ត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា តំណាងក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័ត នាពេលថ្មីៗនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា កិច្ចប្រជុំបានពិភាក្សាទៅ​លើបញ្ហា​ប្រឈម និងផលប៉ះពាល់មួយចំនួនរួមមាន៖ * ការធ្លាក់ចុះនៃគុណភាពសេវាទូរស័ព្ទដល់អ្នកប្រើប្រាស់ទូរស័ព្ទចល័ត * ការប៉ះពាល់ដល់ទុនក្នុងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការពង្រីកប្រព័ន្ធបណ្តាញរបស់ក្រុមហ៊ុន * ការប៉ះពាល់ដល់ការប្រមូលចំណូល និងពន្ធជូនរដ្ឋប្រចាំឆ្នាំ * ពុំមាននិរន្តរភាពក្នុងការប្រកបអាជីវកម្មរយ:ពេលវែង។ ជាលទ្ធផលនៃកិច្ចប្រជុំលោកមន្រ្តី បានស្នើឲ្យក្រុមហ៊ុនពង្រឹងបញ្ហាគុណភាពសេវាទូរស័ព្ទឲ្យបានកាន់តែប្រសើរឡើង ហើយយកចិត្តទុកដាក់ លើការផ្សាយពាណិជ្ជកម្មឡើងវិញធ្វើយ៉ាងណាឲ្យមានតម្លាភាព និងគុណភាពក្នុងការប្រកួតប្រជែងជាមួយនឹងតម្លៃសមរម្យ។ សម្រាប់ការងារនេះ លោករដ្ឋមន្រ្តី បានសម្រេចអនុញ្ញាតឲ្យនិយ័តករទូរគមនាគមន៍កម្ពុជាធ្វើការជាមួយក្រុមហ៊ុន Cellcard ក្រុមហ៊ុន Smart និងក្រុមហ៊ុន Metfone ដោយកំណត់ឲ្យក្រុមហ៊ុនទាំងបីបញ្ឈប់ការផ្សាយពាណិជ្ជកម្មត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧៕

សាលាក្តីខ្មែរក្រហម រៀបចំវេទិកាស្តីពីការវិវឌ្ឍនីតិវិធី នៃអង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការ​កម្ពុជា និងសំណងក្នុងសំណុំរឿង ០០២/០២

FN ៖ វេទិកាស្តីពីការវិវឌ្ឍនីតិវិធីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងសំណងក្នុងសំណុំរឿង ០០២/០២ ត្រូវបានរៀបចំឡើងដោយអង្គភាព គាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៧ នៅរាជធានី​ភ្នំពេញ​ដោយមានការចូលរួមពីមន្ត្រីសាលាក្តី និងដើមបណ្តឹងរដ្ឋប្បវេណីសំណុំរឿង ០០២ សរុបចំនួនជាង ១៥០ រូបមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកណ្តាល។ ក្រុមមន្ត្រីជំនាញមកពីសាលាក្តីខ្មែរក្រហម និងអង្គការដៃគូ​ជាច្រើន​បានធ្វើបទបង្ហាញផ្សេងៗ ដើម្បីផ្តល់ព័ត៌មានថ្មីៗទាក់ទងនឹង ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើង នៅក្នុងរបបខ្មែរក្រហម ក៏ដូចជាការបង្ហាញពីគម្រោងសំណងដែលគ្រោងនឹងស្នើសុំ សម្រាប់សំណុំរឿង ០០២/០២។ មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថា វេទិកានេះពិតជាមានសារៈសំខាន់សម្រាប់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហមជាដើមបណ្តឹងរដ្ឋប្បវេណីដើម្បីជួបជាមួយមន្ត្រីសាលាក្តីទទួលបាន នូវព័ត៌មានថ្មីៗនៃការជំនុំជម្រះក្តី  និងជួបជាមួយមេធាវីការពារក្តីរបស់ពួកគាត់ដើម្បីពិនិត្យលើការវិវឌ្ឍនៃសំណុំរឿង ក៏ដូចជាលើកឡើងពី​គម្រោងសំណងដែល​ដើមបណ្តឹង គ្រោងស្នើសុំសម្រាប់សំណុំរឿង ០០២/០២។ គម្រោងសំណងសំណុំរឿង ០០២/០២ ដែលលោក នេត្រ ភក្ត្រា បានឱ្យដឹងថាមានចំនួន ២៣ គម្រោងផ្តោតលើការចងចាំ និងការអប់រំ ការស្តារនីតិសម្បទា និងការរំឮកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅក្នុងរបបខ្មែរក្រហម។ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា គម្រោងសំណងទាំងនេះនឹងត្រូវដាក់ជូនអង្គជំនុំជម្រះសាលាដំបូងពិនិត្យ…

កាកបាទក្រហមកម្ពុជា ប្រគល់អណ្តូងទឹកស្អាតចំនួន១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

FN ​៖​ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៧នេះ កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវអណ្ដូងទឹកស្អាត ចំនួន១៩ (មានលេខរៀងពីទី១៧៥ ដល់ទី១៩៣) ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន ៣២០គ្រួសារ ស្មើនឹងមនុស្ស ១,១៤៣នាក់ រស់នៅឃុំរំដោះស្រែ និងឃុំកន្ទួត នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅក្នុងពិធីប្រគល់អណ្តូងទឹកទាំងនោះ លោកវេជ្ជ អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទ​ក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន​ ជូនដល់ប្រជាពលរដ្ឋ​ទាំងអស់ ។ ជាមួយគ្នានេះដែរ​ លោកវេជ្ជ.​ បានបញ្ជាក់យ៉ាងច្បាស់នូវអនុសាសន៍សម្តេចប្រធានថា​ សូមថែរក្សាសុខភាព​ឱ្យបានល្អ ដោយត្រូវបរិភោគទឹកដាំពុះ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងសូមកុំសេពគ្រឿង​ស្រវឹងផ្សេងៗ ដែលជាប្រភពនៃ​អំពើហិង្សា ចោរកម្ម និងអសន្តិសុខសង្គម។ ទន្ទឹមនឹងនេះ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច រាល់ពេល​ធ្វើដំណើទៅកាន់ទីជិត ឬឆ្ងាយ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាយថាហេតុ និងសូម​ការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍ ព្រមទាំងសូមកុំរើសអើងអ្នករស់នៅជាមួយមេរោគអេដស៍ និងត្រូវចូលរួមថែរក្សា​នូវសមិទ្ធផលអណ្ដូងទឹក ទាំងនេះឱ្យបាន​គង់វង្ស​យូរអង្វែង។ ប្រជាពលរដ្ឋចំនួន…