សេចក្តីដកស្រង់ប្រសាសន៍ ពិសាអាហារសាមគ្គីជាមួយកីឡាករ/ការិនី

ជួបជុំ បង្កើតការប្រាស្រ័យទាក់ទងល្អ រវាងមេដឹកនាំ ជាមួយកីឡាករ/ការិនី និងសាមគ្គីភាពក្នុងវិស័យកីឡា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចូលរួមសារជាថ្មីម្តងទៀតតាមកម្មវិធីប្រចាំឆ្នាំ ដែលបានគ្រោងទុក។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ ​សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះកីឡាករ/ការិនី ក៏ដូចជា គ្រូបង្ហាត់ អាជ្ញាកណ្តាល និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញចូលរួមតាមការអញ្ជើញរបស់ខ្ញុំ។ នេះ គឺជាការរៀបចំប្រចាំឆ្នាំ​ ដើម្បីជួបជុំកីឡាករ/ការិនីរបស់យើង។ ការជួបជុំរបស់យើងនេះ មានគោលបំណងមិនគ្រាន់តែការជួបជុំ រវាងមេដឹកនាំប្រទេសជាមួយកីឡាករ/ការិនីប៉ុណ្ណោះទេ​ ក៏ប៉ុន្តែ យើងក៏ចង់បង្ហាញ និងបង្កើតនូវលក្ខខណ្ឌងាយស្រួល សម្រាប់ការប្រាស្រ័យទាក់ទងផ្នែកកីឡាមួយ​​ ទៅកាន់កីឡាមួយទៀត ហើយនោះក៏ជាផ្នែកនៃការសាមគ្គីរួម សម្រាប់ការឆ្ពោះទៅមុខនៅក្នុងវិស័យកីឡារបស់យើង។ គណៈកម្មាធិការអូឡាំពិកកម្ពុជា សហការល្អជាមួយ ក្រសួង និងគ្រប់សហព័ន្ធកីឡា ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការជាតិអូឡាំពិកកម្ពុជា​ ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ដែលជានិច្ចជាកាលបានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំ ទាំងប្រកួតក្តី នៅក្នុង ការទទួលផ្តល់ជូននូវពានរង្វាន់ សម្រាប់កីឡាករ/ការិនីក្តី ជាពិសេស គឺការជួបជុំគ្នា​នៅទីនេះ ដែលមានកិច្ចសហការដ៏ល្អ​​។ ខ្ញុំក៏សូមយកឱកាសនេះ សំដែងនូវការកោតសរសើរដ៏ស្មោះ ជូនចំពោះគ្រប់សហព័ន្ធកីឡាទាំងអស់ ដែលថ្ងៃនេះ មានប្រធាន…

សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៨-២០១៩

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ] ការយឺតយ៉ាវដោយជាប់ដោះស្រាយបញ្ហាអគ្គិសនី ខ្ញុំសូមអភ័យទោសពីសំណាក់អង្គសន្និបាត ដែលខ្ញុំមកយឺតប្រហែលជា ៧ នាទី។ ការយឺតយ៉ាវបញ្ហាធំជាងគេ គឺរឿងការដោះស្រាយអគ្គិសនី។ យប់មិញនេះ ខ្ញុំនៅរហូតទៅដល់ម៉ោងជិត ១ យប់ ដើម្បីឆ្លើយឆ្លងជាមួយប្រធានក្រុមហ៊ុនអគ្គិសនីកម្ពុជា។ ពេលដែលចុះមកអម្បាញ់មិញនេះ ការសម្រេចមួយចំនួនក៏ត្រូវដោះស្រាយធ្វើឱ្យមានការយឺតយ៉ាវនៅទីនេះ។ ក្នុងនោះ ប្រហែលជាមានព្រះរាជាណាចក្រថៃនៅទីនេះហើយ​។ ការចុះហត្ថលេខាផ្គត់ផ្គង់បន្ថែម ក៏សុំមេត្តាថាធ្វើម៉េចជួយជម្រុញមកឱ្យកម្ពុជា បើបានមុនកាលកំណត់ក៏ជាការល្អ។ ខាងឡាវក៏បានចុះហត្ថលេខាហើយ បើសិនជាបានបញ្ជូនកាន់តែលឿនកាន់តែល្អ។ អម្បាញ់មិញខ្ញុំចុះហត្ថលេ​ខា​ជូនទៅនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីស្នើសុំឱ្យមានការផ្គត់ផ្គង់បន្ថែម ក្នុងចន្លោះពី ៥០-១០០ មេហ្គាវ៉ាត់ បន្ថែមទៀត។ គ្រោះរាំងស្ងួត និងកំណើននៃសំណង់ ធ្វើឱ្យជួបបញ្ហាកង្វះអគ្គិសនីមិនធ្លាប់ជួប យើងកំពុងតែធ្វើការជាមួយទួគី ហើយថ្ងៃស្អែកនេះ គណៈប្រតិភូទួគីនឹងមកចរចានៅទីក្រុងភ្នំពេញនេះ។ ប្រ​ហែលជាយើងចៀសមិនផុតពីការត្រូវអូសនាវាផ្ទុកដោយម៉ាស៊ីនភ្លើងដើរដោយប្រេងខ្មៅ ចូលមកកាន់រាជធា​នីភ្នំពេញតែម្តង ប្រមាណជា ២០០ មេហ្គាវ៉ាត់បន្ថែម។ រឿងនេះ វាជាអកុសលសម្រាប់យើង។ ឆ្នាំនេះ គឺ​​ជាឆ្នាំដែលមានការហួតហែង ធ្វើឱ្យអគ្គិសនីរបស់យើងជួបកង្វះ(អគ្គិសនី)ប្រមាណ ៤០០ មេហ្គាវ៉ាត់។ នេះជារឿងយើងមិនធ្លាប់(ជួបប្រទះ)។ ឯរឿងមួយទៀត សំណង់កើនឡើងខ្លាំងណាស់ ដែលធ្វើឱ្យការវាយតម្លៃកាលពីពេលមុនវាអត់ត្រូវទេ។ យើងត្រូវការអគ្គិសនីបន្ថែម តែមុនទៅដល់ការបន្ថែមនោះ គឺមានតម្រូវការយកនាវារបស់ទួគីយកមកដាក់ប្រមាណជា ៣​ ឆ្នាំសិន។…

សេចក្តីដកស្រង់ប្រសាសន៍ អបអរសាទរកីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ជ័យលាភីមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ីទី ១៨ នៅហ្សាកាតា-ប៉ាឡាំបាំង

បានសន្យាមុនចេញទៅប្រកួត “ជួបគ្នាលុះត្រាមានមេដាយមាសមួយ” ថ្ងៃនេះ យើងជួបជុំគ្នានៅទីនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវីរកីឡាការនី កញ្ញា ចាន់ ចេសា ដែលជាជ័យលាភីមេដាយមាសពីកីឡាអាស៊ី។ សូមងើបឈរឡើង។ ក៏សូមស្វាគមន៍ ចំពោះលោកវីរកីឡាករ សាលី អ៊ូមើត ដែលបានមេដាយមាស និងមេដាយសំរឹទ្ធិពីកីឡាអាស៊ី។ សូមអញ្ជើញឡើងមកខាងមុខ ដើម្បីអោយគេឃើញបន្តិច។ កាលពី ១៨ ថ្ងៃមុន យើងបានជួបជុំគ្នានៅទីនេះ ក្នុងពេលដែលខ្ញុំជូនដំណើរកីឡាករ/ការនី គ្រូបង្វឹក ក៏ដូចជាថ្នាក់ដឹកនាំ ដើម្បីទៅ​ចូលរួមការប្រកួតកីឡាអាស៊ីនៅប្រទេសឥណ្ឌូនេស៊ី។ ១៨ ថ្ងៃក្រោយ យើងក៏ជួបជុំគ្នានៅទីនេះម្ដងទៀត។ ដូច​ដែលខ្ញុំបានបញ្ជាក់កាលពីក្មួយៗចេញដំណើរថា យើងនឹងជួបគ្នាលុះត្រាតែមានមេដាយមាសមកជាមួយ។ ត្រូវរង់ចាំរហូតដល់ ៦៤ ឆ្នាំ ទើបទទួលបានមេដាយ ៤ លើកនេះ ក្មួយៗពិតជាធ្វើអោយប្រទេសជាតិរបស់យើងមិនខកបំណងនោះទេ។ យើងអង្គុយរង់ចាំបែបនេះអស់រយៈពេល ៦៤ ឆ្នាំ រួចមកហើយ។ មុននេះ ៦០ ឆ្នាំ យើងរង់ចាំនូវមេដាយមាសទី ១ ដែលនាំមកដោយវីរកីឡាការនី​ ស៊ន សៀវម៉ី កាលពីឆ្នាំ ២០១៤។…