អ្នកនាំពាក្យ គ.ជ.ប៖ គិតត្រឹមម៉ោង៩៖៣០នាទី ព្រឹកនេះ ប្រជាពលរដ្ឋប្រមាណ៣០ភាគរយ នៅទូទាំងប្រទេស បានអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យរៀងៗខ្លួន

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះថា គិតត្រឹមវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋប្រមាណ៣០ភាគរយហើយ ដែលបានអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យរៀងៗខ្លួន។ លោកបានបញ្ជាក់ថា គិតត្រឹមម៉ោងដដែលនេះ ការបោះឆ្នោតនៅទូទាំងប្រទេស បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ មិនមានបញ្ហាធ្ងន់ធ្ងរកើតឡើងនោះទេ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ បានចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ ៩.៦លាននាក់ ដែលមានការិយា ល័យបោះឆ្នោតចំនួន២២,១៤៨ការិយាល័យ៕

ប្រធាន គ.ជ.ប ចេញលិខិតព្រមានលោក ខឹម វាសនា ដែលធ្វើសកម្មភាពឃោសនា និងវាយប្រហារគណបក្សផ្សេង នៅថ្ងៃហាមឃាត់

FN ៖ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ស៊ិក ប៊ុនហុក នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញលិខិតព្រមានមួយដល់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានធ្វើសកម្មភាពឃោសនា និងវាយប្រហារគណបក្សនយោបាយផ្សេង តាមប្រព័ន្ធអនឡាញនៅថ្ងៃហាមឃាត់ គឺមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។ នៅក្នុងលិខិតព្រមាននេះ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា «គ.ជ.ប បានសង្កេតឃើញថា នៅថ្ងៃហាមឃាត់ នៃការធ្វើសកម្មភាពឃោសនាបោះឆ្នោត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រើប្រាស់ប្រព័ន្ធអនឡាញ ធ្វើការផ្សព្វផ្សាយវាយប្រហារទៅលើគណបក្សនយោបាយផ្សេងទៀត។ សកម្មភាពនេះ ជាការរំលោភច្បាប់ទាំងស្រុង ព្រោះថា គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយត្រូវបញ្ឈប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត»។ លោក ស៊ិក ប៊ុនហុក បានប្រាប់លោក ខឹម វាសនា ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការផ្សព្វផ្សាយឃោសនាដែលផ្ទុយពីច្បាប់បោះឆ្នោត បើពុំដូច្នោះទេ គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់។

ថ្ងៃស្អែកវិទ្យុ ២៥ស្ថានីយ នឹងផ្សាយលទ្ធផលបោះឆ្នោតបឋមចាប់ពីម៉ោង៦ល្ងាច ដល់ ១០យប់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងថា មានស្ថានីយវិទ្យុ ២៥ស្ថានីយ នឹងផ្សាយលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បឋម ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១០យប់ថ្ងៃទី០៤ ខែមិថុនា ស្អែកនេះ។ ការផ្សាយនេះនឹងគ្រប់ដណ្តប់ទៅទូទាំងផ្ទៃប្រទេសតែម្តង។ គ.ជ.ប ធ្លាប់បានបញ្ជាក់ថា ការផ្សាយលទ្ធផលបឋមនៅថ្នាក់ជាតិ ក៏នឹងផ្សាយតាមទូរទស្សន៍ជាតិ និងនៅលើគេហទំព័រ www.voterlist.org.kh ហើយលទ្ធផលបឋមនេះ គ្រាន់តែជាការផ្សាយព័ត៌មានអំពីលទ្ធផលនៃការបោះឆ្នោតប៉ុណ្ណោះ។ បើតាម គ.ជ.ប ការផ្សាយលទ្ធផលបណ្តោះអាសន្ន គឺបើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយប្តឹង​តវ៉ាទៅនឹងលទ្ធផល​បណ្តោះអាសន្ននៃការបោះឆ្នោត។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ននៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។ សម្រាប់លទ្ធផលផ្លូវការ នឹងប្រកាសផ្សាយយ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពី គ.ជ.ប ធ្វើការផ្ទៀងផ្ទាត់ និងដោះស្រាយបណ្តឹង ពាក់ព័ន្ធចប់សព្វគ្រប់៕