FN ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ បានអញ្ជើញរៀបចំពិធីបួសសួងរំលឹកគុណបុព្វបុរសខ្មែរ និងការអបអរសាទរនៅតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក ក្នុងខេត្ដ កំពង់ធំ។
Fresh News TV នឹងធ្វេីការផ្សាយផ្ទាល់ពីស្ថានីយ៍បាយ័ន នូវកម្មវិធីនេះ។
កាលពីម្សិលមិញថ្ងៃទី០៦ ខែសីហា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានអញ្ជើញអុជអូប នៅតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក ក្នុងខេត្ដកំពង់ធំ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានអុជធូប នៅប្រាសាទជ្រៃ អាស្រមឥសី ប្រាសាទសំបូរ និងប្រាសាទតោ ដើម្បីបួងសួង រំលឹកគុណបុព្វបុរសខ្មែរ និងការអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌ ពិភពលោក នេះ។
សូមបញ្ជាក់ថា តំបន់ប្រាសាទ សំបូរព្រៃគុក ដែលជារាជធានី ឥសានបុរៈរបស់ខ្មែរ កាលពីសម័យចេនឡានោះ តាមរយៈឯកសារចិន ឯកសារឥណ្ឌា និងមជ្ឈិមបូព៌ា ដែលមានសរសេរទាក់ទងនឹងអាណាចក្រចេនឡា ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១។ តំបន់ប្រាសាទក្នុងរាជធានីមានបណ្ដោយ៦គីឡូម៉ែត្រ ទទឹង៤គីឡូម៉ែត្រ និងតំបន់ជុំវិញទៀត ពោលមានវិសាលភាព ធំធេងណាស់។
ក្រោយពេលទទួលបានឯករាជ្យពីអាណាចក្រភ្នំ ព្រះបាទភវវរ្ម័នទី១ ដែលព្រះបិតុលារបស់ព្រះបាទឥសានវរ្ម័នទី១ និងព្រះបាទមហិន្ទ្រវរ្ម័នទី១ ដែលជាព្រះបិតារបស់ព្រះបាទឥសានវរ្ម័នទី១ បានតាំងរាជធានីថ្មីនៅសេដ្ឋបុរៈ គឺមានទីតាំងនៅតាមបណ្ដោយ ដងទន្លេមេគង្គ ប៉ុន្តែព្រះបាទឥសានវរ្ម័នទី២ ក្រោយស្នងរាជ្យបន្តពីព្រះបិតាហើយ ព្រះអង្គមិនបានសោយរាជ្រនៅសេដ្ឋបុរៈឡើយ ដោយទ្រង់បានប្ដូររាជធានីមកឥសានបុរៈវិញ ដែលមានទីតាំងតាមបណ្ដោយដងស្ទឹងសែន តភ្ជាប់មកបឹងទន្លេសាប គឺតំបន់ប្រាសាទ សំបូរព្រៃគុកនេះឯង។
សម្រាប់ស្ថាបត្យកម្មនៃប្រាង្គប្រាសាទសំបូរព្រៃគុក មានរូបរាង៣ប្រភេទ រួមមាន៖ រាងចតុកោណបួនជ្រុងស្មើចតុកោណ បួនជ្រុងទ្រវែង និងអដ្ឋកោណប្រាំបីជ្រុងស្មើ ដោយតួប្រាង្គប្រាសាទមួយចំនួន មានឆ្លាក់រូបប្រាសាទនិម្មិត មានក្បូរក្បាច់រចនាលម្អលើ ជញ្ជាំងប្រាសាទ និងផ្នែកផ្សេងៗ សម្រាប់បូជាចំពោះអាទិទេពហិណ្ឌូនិយម។
ក្នុងរាជធានីនាសម័យនោះ មានប្រជារាស្រ្តរស់នៅជាច្រើនលាននាក់ និងមានប្រជារាស្រ្តរស់នៅ ក្រៅរាជធានីទៀត ដោយពួកគេបានជីកព្រែកជីកមួយ ដើម្បីបញ្ជៀសទឹកជំនន់កុំឲ្យជន់លិចរាជធានី ក្នុងរាជធានីមានស្រះទឹកតូចធំសម្រាប់ ប្រើប្រាស់រួមគ្នា។ សម័យក្រោយបន្តិច ក៏មានផ្លូវបុរាណមួយដែលតភ្ជាប់ពីតំបន់ប្រាសាទព្រៃគុក ទៅតំបន់អង្គរវត្ត រាជធានីដ៏ធំរបស់ខ្មែរ ក្រោយសម័យចេនឡា។ ក្រៅពីនេះមានការងារជាច្រើនទៀត ដែលកំពុងធ្វើការសិក្សាស្រាវជ្រាវ និងបន្តស្រាវជ្រាវ និងអភិរក្សផងដែរ។
គួររម្លឹកថា តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ដែលស្ថិតនៅចំកណ្ដាល ប្រទេសកម្ពុជា បច្ចុប្បន្ននេះ ត្រូវបានអង្គការយូណេស្កូ សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ហើយជាសម្បត្តិបេតិកភណ្ឌរូបីទី៣ដែរ បន្ទាប់ប្រាសាទអង្គរវត្ត (ឆ្នាំ១៩៩២) និងប្រាសាទព្រះវិហារ (ឆ្នាំ២០០៨)៕