FN ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីប្រកបដោយភាពស្និទ្ធស្នាល និងផ្អែមល្ហែម នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ បានថ្លែងសន្យាចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ជប៉ុន នឹងបន្តជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខណៈគម្រោងអភិវឌ្ឍន៍ចំនួនពីរតម្លៃជាង ២០០លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាក្រោមអធិបភាពនាយករដ្ឋមន្រ្តីទាំងពីរ។
ការសន្យារបស់លោក អាបេ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានរដ្ឋាភិបាល ជប៉ុននារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។ ដំណើរអញ្ជើញដល់វិមានរដ្ឋាភិបាលជប៉ុន សម្តេចតេជោ ហ៊ុន សែន ត្រូវទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលពីលោកនាយករដ្ឋមន្រ្តីជប៉ុន។
ក្នុងកិច្ចប្រជុំកំពូលនោះ លោក អាបេ បានថ្លែងថា សម្តេចតេជោ គឺជាមិត្តចាស់របស់ប្រទេស និងប្រជាជនជប៉ុន ហើយនេះគឺជាលើកទី៨ហើយ ដែលលោក បានជួបប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន។ លោកនាយករដ្ឋមន្រ្តីជប៉ុន បានសន្យាថា នឹងបន្តចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍កម្ពុជា ដូចដែលជប៉ុនធ្លាប់បានជួយនាពេលកន្លងមក ដើម្បីឲ្យកម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់លោកនាយករដ្ឋមន្រ្តីជប៉ុនថា ឆ្នាំ២០១៧នេះ គឺជាខួបលើកទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលកាលពីឆ្នាំ១៩៥៧ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលត្រូវជាជីតារបស់លោកនាយករដ្ឋមន្រ្តី ស៊ិនហ្សូ អាបេ បានទៅទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង។
សម្តេចតេជោ ក៏បានរំលឹកដែរថា ឆ្នាំ២០១៧ នេះ ក៏ជាខួប ២៥ឆ្នាំ នៃការចូលរួមបញ្ជូនកងកម្លាំងជប៉ុនលើកដំបូងទៅកាន់ប្រទេសកម្ពុជា ដើម្បីរក្សាសន្តិភាព និងរៀបចំការបោះឆ្នោតក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UNTAC)។
សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកនាយករដ្ឋមន្រីជប៉ុន និងភរិយា ទៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។
បន្ទាប់ពីជំនួបសំណេះសំណាលដ៏ស្និទ្ធស្នាលនោះ សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ចំនួនពីរ ដែលមានតម្លៃទឹកប្រាក់ជាង ២០០លានដុល្លារអាមេរិក។ គម្រោងទាំងពីរនោះរួមមាន៖
១៖ ការផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុប ចំនួន ៣,៩៤៨លានយ៉េន ស្មើនឹងប្រមាណ ៣៥លានដុល្លារអាមេរិក សម្រាប់អនុវត្តន៍គម្រោងធ្វើឲ្យប្រសើរឡើងវិញនូវប្រព័ន្ធការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤។
២៖ ការផ្តល់ឥណទានសម្បទានចំនួន ២៣,៥០២លានយ៉េន ស្មើនឹងប្រមាណ ២០៩លានដុល្លារអាមេរិក សម្រាប់អនុវត្តន៍គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែនស្វ័យ័តក្រុងព្រះសីហនុ។
បន្ទាប់ពីជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ បានអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូល។ ក្រោយពីបញ្ចប់សន្និសីទសារព័ត៌មាន សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារដែលរៀបចំដោយលោកនាយករដ្ឋមន្រ្តីជប៉ុន។
ដោយសារតែជំនួបនេះចំពេលនៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ដែលទើបរំលងផុតតែពីរថ្ងៃនោះ លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានរៀបចំធ្វើខួបកំណើតដ៏ភ្ញាក់ផ្អើលជូនសម្តេចតេជោ ហ៊ុន សែន ប្រកបដោយបរិយាកាសរីករាយបំផុត៕