FN ៖ នៅក្នុងពិធីស្រស់ស្រូបអាហារពេលល្ងាចនៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ បានធ្វើខួបកំណើតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គម្រប់ខួប ៦៧ឆ្នាំ។
ជាមួយនំខួបកំណើតអមដោយភ្លើងទានចម្រុះពណ៌ទាំងលោកនាយករដ្ឋមន្រ្តីជប៉ុន និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានច្រៀងចម្រៀងអបអរខួបកំណើតយ៉ាងកងរំពងក្នុងបន្ទប់ទទួលទានអាហារ។
តាមរយៈការរៀបចំខួបកំណើតនេះ បានបង្ហាញឲ្យឃើញពីចំណងមិត្តភាពដ៏ផ្អែមល្ហែមដូចនំខួបកំណើតរវាងលោកនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ដែលទើបកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានឈានចូលដល់អាយុ ៦៧ឆ្នាំហើយ។ ថ្ងៃកំណើតរបស់សម្តេចតេជោ ហ៊ុន សែន គេសង្កេតឃើញមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាជាច្រើន បានជូនពរសម្តេចឲ្យទទួលបានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត៕