ក្រសួងមហាផ្ទៃ ប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ជូនដំណឹងដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុល

FN ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយផ្នែករដ្ឋបាលស៊ីវិល បានចេញសេចក្តីជូនដំណឹងដល់ អភិបាលរាជធានី-ខេត្ត ប្រាប់ទៅសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនស្របតាមគោលការណ៍ និងពេលវេលាកំណត់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ ជម្រាបជូនអភិបាលរាជធានី-ខេត្ត ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ។ យោងតាមលិខិតជូនដំណឹងនេះ បានបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគិតយុត្តពាក់ព័ន្ធ នឹងការប្រឆាំងអំពើពុករលួយ បានតម្រូវឲ្យសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាមន្រ្តីសាធារណៈ មានអាណត្តិជ្រើសតាំងដោយការបោះឆ្នោត ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនតាមគោលការណ៍ និងពេលវេលាកំណត់។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ ធ្វើឡើងក្នុងគោលបំណង ឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មានមូលដ្ឋាន និងមានភាពងាយស្រួលក្នុងការអនុវត្តការប្រកាសទ្រព្យ និងបំណុលរបស់ខ្លួនបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របពេលតាមការកំណត់ក្នុងមាត្រា១៧ និង១៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ តំបន់ភ្នំយ៉ាត ទៅជាតំបន់ បេតិកភណ្ឌវប្បធម៌ធម្មជាតិ

FN ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានសម្រេចបង្កើតតំបន់ភ្នំយ៉ាត ឱ្យទៅជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដីប្រមាណជិត៣ម៉ឺន២ពាន់ហិកតា លាតសន្ធឹងលើភូមិសាស្ត្រសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ តំបន់ភ្នំយ៉ាត មានសក្តានុពល លើទេសភាពស្រស់ត្រកាលនៃធម្មជាតិ និងដងភ្នំក្រមថ្ម និងវប្បធម៌ដែលមានរូបសំណាក់ លោកយាយយ៉ាត វត្តភ្នំយ៉ាត និងចេតិយមាស ដែលមានរចនាយ៉ាងល្អឯក។ តាមការប្រកាសរបស់ ក្រសួងបរិស្ថានដែលជាអ្នកដាក់សំណើនេះ បានបញ្ជាក់ថា ការសម្រេចបង្កើតភ្នំយ៉ាតទៅជាតំបន់បេតិកភណ្ឌធម្មជាតិនេះ គឺដើម្បីការពារតួនាទី ប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។ បន្ថែមពីនេះ វាជាការការពារសោភ័ណ្ឌភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់សម្រាប់បម្រើដល់ការកំសាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និងជំនឿដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន។ លើសពីនេះ តំបន់បេតិកភណ្ឌថ្មីនេះ នឹងផ្តល់សេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន និងសារធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។ សូមរំលឹកបន្តិចថា…

ក្រុមហ៊ុនចិន មានបំណងសង់មន្ទីរពេទ្យព្យាបាលជំងឺមហារីកប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ

FN ៖ ក្រុមហ៊ុនវិនិយោគរបស់ចិន បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការវិនិយោគលើវិស័យថាមពលស្អាត និងការសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមន្ទីរពេទ្យនេះអាចព្យាបាល​ជំងឺមហារីកដោយប្រើ​បច្ចេកវិទ្យានុយក្លេអ៊ែរ។ បំណងវិនិយោគរបស់ក្រុមហ៊ុនចិននេះ បានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារមួយរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក វ៉ាង ជីនហ្វឹង (Wang Jinfeng) អនុប្រធានសាជីវកម្មវិស្វកម្ម Zhengyuan នៃក្រុមហ៊ុន CNNC របស់ចិន នៅថ្ងៃទី១៩ ខែមិថុនា ម្សិលមិញនេះ។ កិច្ចពិភាក្សានេះ បានផ្តោតជាសំខាន់ទៅលើការងារពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។ ក្នុងជំនួបនោះលោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានថ្លែងបង្ហាញយ៉ាងសង្ខេបអំពីគោលនយោបាយជំរុញពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសវិនិយោគមកពីប្រទេសមិត្តចិន ដោយស្វាគមន៍រាល់ការចូលធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ លោក វ៉ាង ជីនហ្វឹង បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីពាណិជ្ជកម្ម ដែលតែងតែទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនចិន ក្នុងឱកាសរៀបចំវេទិកាជំរុញពាណិជ្ជកម្មកន្លងមក ដែលបានផ្ដល់ទំនុកចិត្តក្នុងការចូលមកវិនិយោគនៅកម្ពុជា។ លោក វ៉ាង គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យថាមពលស្អាត (Clean Energy) និងថាមពលនុយក្លេអ៊ែរ។ ក្រុមហ៊ុន ក៏នឹងសហការជាមួយក្រុមហ៊ុនសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅកម្ពុជា ដែលមានលទ្ធភាពព្យាបាលជំងឺមហារីក ដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរទៀតផង។ លោករដ្ឋមន្ត្រី បានស្វាគមន៍…