FN ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកស្រី Desiress Ganz នាយកកិច្ចការពលកម្ម នៃការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញពីការគាំទ្រច្បាប់សហជីពកម្ពុជា និងបានសន្យានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្រោយពីមានទំនាក់ទំនងល្អអស់រយៈពេលជិត២០ឆ្នាំ ចាប់តាំងពីមានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ជំនួបពិភាក្សានេះធ្វើឡើងនៅទីស្ដីការក្រសួងការងារ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ដែលក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានឲ្យដឹងថា រយៈពេលជាង១ឆ្នាំមកនេះ រាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តច្បាប់ស្តីពីសហជីព និងប្រកាសចំនួន៤ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងវិស័យការងារឲ្យកាន់តែប្រសើរឡើង។ ច្បាប់នេះមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងស្របតាមអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ដោយធានាបាននូវផលប្រយោជន៍ចំពោះសហជីព និយោជក និងកម្មករនិយោជិត ចាបតាំងពីច្បាប់នេះបង្កើតរហូតដល់ដាក់ឲ្យអនុវត្តការចុះបញ្ជិការសហជីពមានចំនួនកើនឡើងជាបន្តបន្ទាប់។ ច្បាប់នេះមិនត្រឹមតែ ធ្វើឲ្យដំណើរការនៃការចុះបញ្ជីការសហជីពមានភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែច្បាប់នេះក៏ជំរុញឲ្យសហជីពចេះសហការ និងស្រឡាញ់គ្នា ដើម្បីផលប្រយោជន៍កម្មករនិយោជិត និងមានការចូលរួមដោយសេរីស្មើភាពគ្នាផងដែរ។
លោករដ្ឋមន្ត្រីបានលើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បមា ដែលនឹងផ្តល់ប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត និយោជក និងដល់ប្រទេសជាតិទាំងមូល ពីព្រោះច្បាប់នេះត្រូវបានធ្វើឡើង ដើម្បីលើកកម្ពស់ជីវភាពរស់នៅសមរម្យ បង្កើតឱកាសការងារ ព្រមទាំងជំរុញឲ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចឲ្យកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ ហើយបានរៀបចំសិក្ខាសាលាសាធារណៈ ចំនួន២លើក ដើម្បីប្រមូលនូវធាតុចូលពីគ្រប់ភាគី និងមជ្ឈដ្ឋាននានា ធ្វើយ៉ាងណាឱ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
លោករដ្ឋមន្ត្រីបានជម្រាបជូនពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលបានធ្វើការជាច្រើនចំពោះការដោះស្រាយវិវាទការងារដោយឯករាជ្យទៅតាមនីតិវិធីរបស់ខ្លួន។ បច្ចុប្បន្ន ក្រសួងក៏បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីនីវិធីដោះស្រាយវិវាទការងារ ដើម្បីដោះស្រាយនូវវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការ។
លោកស្រីបានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលបានខិតខំដោះស្រាយនូវវិវាទផ្សេងៗដែលកើតមានឡើងក្នុងវិស័យកាត់ដេរ ប្រកបដោយឯករាជ្យភាព។ លោកស្រីបានបង្ហាញនូវសុទិដ្ឋិនិយមគាំទ្រច្បាប់ស្តីពីសហជីព ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាបាននូវតម្លាភាព ធានាផលប្រយោជន៍ដល់គ្រប់ភាគី និងសម្តែងនូវការគាំទ្រចំពោះកម្ពុជាដែលបាននិងកំពុងកសាងនូវច្បាប់ និងលិខិតបទដ្ឋាននានា ស្របតាមអនុសញ្ញាអន្តរជាតិ។
លោកស្រីបន្តថា សហរដ្ឋអាមេរិកនៅតែបន្តកិច្ចសហប្រតិបត្តិការ និងបង្កើនភាពស្និទ្ធស្នាលជាមួយប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕