FN ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តនិស្សិត ឲ្យទៅសិក្សាក្រៅប្រទេស ដើម្បីនាំយកចំណេះដឹងទាំងអស់នោះ មកបង្ហាត់បង្ហាញនិស្សិតនៅកម្ពុជាបន្ថែមទៀត។
ជាមួយគ្នានេះ លោកក៏បានក្រើនរម្លឹក ទៅនិស្សិតទាំង៣សកលវិទ្យាល័យផ្សេងគ្នា ហើយតៀមនឹងទៅប្រទេសអ៊ីស្រាអែល នៅពេលខាងមុខនេះថា ការចាកចេញពីមាតុប្រទេសលើកនេះ គឺ មិនមែនសម្រាប់ធ្វើដំណើរទៅដើរលេងនោះទេ ពោលគឺទៅចុះកម្មសិក្សា ដើម្បីស្វែងយល់ពី អ្វីដែរថ្មីនៅប្រទេសរបស់គេ ដើម្បីយកមកប្រទេសរបស់យើងវិញ ក្នុងការផ្លាស់ប្តូរចំណេះដឹងគ្នាទៅវិញទៅមក។
ការថ្លែងក្រើនរម្លឹកបែបនេះរបស់លោក វេង សាខុន ទៅកាន់និស្សិតជាង២០០នាក់ ធ្វើឡើងក្នុងពិធីសំណេះសំណាល «និស្សិតសកលវិទ្យាល័យកសិកម្ម សាលាជាតិកសិកម្មព្រែកលាប និងសាលាជាតិកសិកម្មកំពង់ចាម» ធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអ៊ែល ឆ្នាំសិក្សា២០១៧-២០១៨ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ នៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
លោក វេង សាខុន បញ្ជាក់ថា «ការចេញទៅធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអែលនេះ មិនមែនជាពេលវេលាយើងដើរលេងនោះទេ ត្រូវស្វះស្វែងរកប្រមូលនូវចំណេះដឹងអ្វី ដែលយើងអាចធ្វើបាន ដើម្បីទុកខ្លួនរបស់យើង នៅពេលដែលយើងមានបញ្ហាប្រឈម យើងអាចដោះស្រាយវាបាន»។
លោកបន្ថែមថា និសិ្សតជំនាន់សព្វថ្ងៃពិតជាមាន សំណាងណាស់ គឺខុសពីជំនាន់មុន (ជំនាន់លោកសិក្សា) គឺត្រូវធ្វើដំណើរដោយកង់ឌុប ពីស្រុកកំណើតទៅទីកន្លែងដែលត្រូវទៅសិក្សា មិនដូចនឹងសម័យនេះទេ គឺមានអ្វីគ្រប់សព្វមិនសូវ ចំណាយពេលវេលាច្រើននោះទេ។ ការលើកឡើងបែបនេះ បង្ហាញពីការអភិវឌ្ឍន៍របស់កម្ពុជា ដោយមានរីកចម្រើនលើគ្រប់វិស័យ ដោយកម្ពុជាទើបតែរួចពីសម័យការខ្មៅងងឹត បន្សល់តែភាពឈឺផ្សារ តែសព្វថ្ងៃកម្ពុជាមានការផ្លាស់ប្តូរយ៉ាងខ្លាំងផងដែរ។
សម្រាប់លោក ង៉ោ ប៊ុនថាន សកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានឲ្យដឹងថា «ជារៀងរាល់ឆ្នាំ នៅចុងឆ្នាំសិក្សានិមួយៗ សកលវិទ្យាល័យភូមិន្ទភ្នំពេញ តែងតែរៀបចំប្រារព្ធពិធីជួបជុំសំណេះសំណាល ជាមួយនិស្សិតដែលត្រៀមចេញទៅធ្វកម្មសិក្សានៅប្រទេសអ៊ីស្រាអែល និងពិធីទទួលនិស្សិតត្រឡប់ពីធ្វើកម្មសិក្សាពី ប្រទេសអ៊ីស្រាអែលផងដែរ។ សម្រាប់កម្មវិធីនៅថ្ងៃនេះ យើងមាននិស្សិតត្រៀមចេញដំណើរចំនួន២១០នាក់ ដែលនឹងត្រូវធ្វើដំណើរទៅធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអែល ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ខាងមុខនេះជាបន្តបន្ទាប់»។
លោកបន្តថា «កម្មសិក្សានេះមានរយៈពេល១១ខែ ដែលជាទូទៅចាប់ពីខែកញ្ញា រហូតដល់ខែសីហា ហើយក្នុងរយៈពេល១១ខែនេះ និស្សិតត្រូវរៀននៅក្នុងថ្នាក់ រួមមានទ្រឹស្តី និងការងារស្រាវជ្រាវ ហើយនឹងការអនុវត្តផ្ទាល់នៅក្នុងកសិដ្ឋាន»។
សម្រាប់និស្សិតម្នាក់ឈ្មោះ អ៊ិន គឿន មកពីខេត្តកំពត ដែលសិក្សា នៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងនេះ ហើយនឹងត្រៀមចេញទៅប្រទេសអ៊ីស្រាអែល មានចំណាប់អារម្មណ៍ក្នុងកម្មវិធីនេះថា ការចេញទៅកម្មសិក្សានេះ ពិតជាមានផលប្រយោជន៍ណាស់ សម្រាប់និស្សិតកម្ពុជា គឺថាបានផ្លាស់ ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងប្រទេសអ៊ីស្រាអែល និងថែមទាំងបានគំនិតថ្មី ចំណេះដឹងថ្មី ដើម្បីនាំមកអ្វីដែលថ្មីទាំងនេះ មកជូនសាលានិងប្រទេសទៀតផងខាងផ្នែកកសិកម្មនេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុនត្រូវនឹងជំនាន់ទី១០ មាននិស្សិតចំនួន១៦០នាក់ តែសម្រាប់ជំនាន់ទី១១ ត្រូវនឹងឆ្នាំសិក្សា២០១៧-២០១៨នេះ មាននិស្សិតចំនួន២១២នាក់ ក្នុងនោះមាននារី២៥នាក់៕