១៤ថ្ងៃក្រោយការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ នឹងមានការប្រកាសសុពលភាពមេឃុំ-ចៅសង្កាត់ថ្មីជាផ្លូវការ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់សារជាថ្មីថា រយៈពេល១៤ថ្ងៃ បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងមានការប្រកាសសុពលភាពរបស់មេឃុំ-ចៅសង្កាត់ អាណត្តិថ្មី នៅទូទាំងប្រទេស។ លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ធ្លាប់បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា តាមនីតិវិធីថ្មី ក្រោយការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រយៈពេល១៤ថ្ងៃ នឹងមានការរុះរើដោះដូរមេឃុំ-ចៅសង្កាត់ថ្មី នៅទូទាំងប្រទេស។ បើតាមលទ្ធផលផ្លូវការ ដែលចេញដោយ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានមេឃុំ-ចៅសង្កាត់ ចំនួន ១,១៥៦ ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបានមេឃុំ-ចៅសង្កាត់ ចំនួន ៤៨៩ និងគណបក្សខ្មែររួបរួមជាតិទទួលបានមេឃុំចំនួន ១៕

ប្រធាន គ.ជ.ប ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមធ្វើឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ

FN ៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) លោក ស៉ិក ប៊ុនហុក បានចេញលិខិតផ្លូវការមួយ ដើម្បីថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ស្ថាប័នជាតិ រាជរដ្ឋាភិបាល កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ អាជ្ញាធរដែនដី គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមធ្វើឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យ ព្រមទាំងមានកាសាទរ និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ប្រធាន គ.ជ.ប ចាត់ទុកជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ «គឺជាជោគជ័យដ៏ធំធេងមួយរបស់ ប្រជាពលរដ្ឋខ្មែរ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។ សូមជម្រាបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានគណបក្សនយោបាយចំនួន១២ ចូលរួមប្រកួតប្រជែង៕

លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចេញផ្សាយដោយ គ.ជ.ប

FN ៖ លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដោយ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នេះបើយោងតាមបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។ លទ្ធផលផ្លូវការបានបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន៤៨៩។ (សូមមើលតារាងលទ្ធផលផ្លូវការពីគ.ជ.ប)៕