សេចក្តីដកស្រង់ប្រសាសន៍ សារសំឡេងបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត លុបចោលការប្រមូលមនុស្ស ហ្វឹកហាត់អំពីការបោះឆ្នោតសាកល្បង

ឯកឧត្តម លោកជំទាវ អភិបាលរាជធានីខេត្ត ថ្ងៃនេះ ខ្ញុំបានទើបតែទទួលព័ត៌មានថា នៅថ្ងៃទី ២០ ខែ មិថុនា ខាងមុខ នឹងមានការបោះឆ្នោតសាកល្បងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ខ្ញុំពុំបានដឹងនូវហេតុការណ៍នេះទេ។ ខ្ញុំទើបនឹងទទួលព័ត៌មានពីខេត្តសៀមរាប អំពីតម្រូវការនៃការហ្វឹក​ហ្វឺន​ប្រជាជនធ្វើការបោះឆ្នោតសាកល្បង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់ឆ្នាំ ២០២១។ ដោយយោងទៅលើសភាពការណ៍ជាក់ស្តែង នៅកម្ពុជា(ដែល)ជំងឺកូវីដ-១៩ កំពុងវាយលុក ហើយក្នុងមួយថ្ងៃៗ (មាន)ប្រជាជនឆ្លងរាប់រយនាក់ និងមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ដូច្នេះគ្មានការចាំបាច់ណាដើ​ម្បីធ្វើការបោះឆ្នោតសាកល្បងនោះទេ។ ពេលវេលានេះ យើងត្រូវផ្តល់អាទិភាព និងប្រមូលគ្រប់កម្លាំងទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ មិនមែនជាពេលវេលាដើម្បីប្រមូលប្រជាជនមកធ្វើការរៀនសូត្រ ហើយធ្វើការបោះឆ្នោតសាកល្បងនោះឡើយ។ ពេលវេលានេះ សូម្បីតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវចូលរួមដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩​(ដែរ)។ ការប្រមូលប្រជាជនណាមួយមកជួបជុំ ដើម្បីហ្វឹកហាត់សម្រាប់ការបោះឆ្នោតសាកល្បងគឺគ្មានការចាំបាច់នោះទេ។ ក្នុងនាមរាជរដ្ឋាភិបាល (ខ្ញុំ)កំពុងធ្វើលិខិតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសូមឱ្យលុបចោលការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ។ ប៉ុន្តែ ដើម្បីចៀសវាងនូវកិច្ចការបន្ទាន់ ដែលថ្ងៃស្អែកនេះគឺមានការហ្វឹកហាត់ សូម្បីតែនៅខេត្តសៀមរាប ស្រុក ២ ដែលមានការឆ្លងរីករាលដាលក៏ត្រូវប្រមូលប្រជាជនរាប់រយនាក់ ដើម្បីទៅធ្វើការសាកល្បងរៀនសូត្រក្នុងការបោះឆ្នោត ក្នុងពេលដែលយើងកំពុងតែប្រឈមជាមួយនឹងការឆ្លងរីករាលដាល…

ដកស្រង់ប្រសាសន៍ សារសំឡេងស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងតម្រង់ឆ្ពោះទៅអ្នកប្រកបរបរមានហានិភ័យ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

លោកជំទាវ ឱ វណ្ណឌីន ឯកឧត្តម លោកជំទាវ នៅក្នុងគណៈកម្មការចំពោះកិច្ច, ភ្នំពេញក្លាយទៅជាចំណុចសំខាន់នៃការឆ្លងរីករាលដាល ហើយក៏ជាទីកន្លែងដែលយើងត្រូវទប់ស្កាត់។ វ៉ាក់សាំងគឺបានប្រើប្រាស់នៅគ្រប់ខេត្ត-រាជធានី ប៉ុន្តែសម្រាប់ទីក្រុងភ្នំពេញត្រូវតែប្រើប្រាស់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ កន្លងទៅខ្ញុំបានអនុញ្ញាតរួចហើយ ហើយបានស្នើ Sinopharm ៤០ ម៉ឺនដូស ដើម្បីតម្រង់ឆ្ពោះទៅរកអ្នកដែលមានហានិភ័យដូចជាកង់បី ដូចជាតាក់ស៊ី និងអ្នករកស៊ីដទៃទៀត ទាំងអ្នកលក់ត្រី លក់បន្លែបង្ការនៅតាមផ្សារដែលហៅថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ខ្ញុំគិតថាចំនួន ៤០ ម៉ឺនដូសនេះ អាចប្រើប្រាស់បានបន្ថែមទៅលើដែលយើងបានចាក់ AstraZeneca ទៅឲ្យមនុស្សចាស់អាយុលើសពី ៦០ ឆ្នាំ ហើយយើងតម្រង់ឆ្ពោះទៅចំពោះអ្នកដែលបាន ដែលរងហានិភ័យទាក់ទិនជាមួយនឹងមុខរបរក្រៅប្រព័ន្ធជាពិសេសនៅទីផ្សារតែម្តង។ អញ្ចឹង ខ្ញុំសុំស្នើលោកជំទាវ ឱ វណ្ណឌីន ក៏ដូចជាឯកឧត្តម ឃួង ស្រេង ដែលមួយជាប្រធានគណៈកម្មការចំពោះកិច្ច មួយទៀតអនុប្រធានគណៈកម្មការចំពោះកិច្ច រៀបចំជាបន្ទាន់អំពីការចាក់(វ៉ាក់សាំងនេះ)ហើយអ្នកលក់ត្រី អ្នកលក់បន្លែបង្ការ អ្នករកស៊ីដែលមានផលប៉ះពាល់ ដែលអាចងាយឆ្លងនៅទីផ្សារឲ្យបានឆាប់រហ័ស។ ធ្វើសកម្មភាពដើម្បីបានចាក់វ៉ាក់សាំងឲ្យពួកគាត់ដូចដែលយើងបានធ្វើចំពោះកម្មករនៅក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីផងដែរ។ អ្នកកង់បី អ្នកតាក់ស៊ី អ្នកដឹកជញ្ជូនផ្សេងៗដែលយកតាមការបញ្ជាពីកន្លែងមួយទៅកាន់កន្លែងមួយក៏ត្រូវទទួលបានចាក់វ៉ាក់សាំងបង្ការ។ Sinopharm គឺជាវ៉ាក់សាំងដែល(មានចន្លោះពេល)ឆាប់(រវាងការ)ទទួលដូសទី ១ និងដូសទី ២។ កូនៗ របស់ខ្ញុំ បានទទួលចាក់…

សារសម្លេង បញ្ជាឲ្យអាជ្ញាធរខេត្តតាមព្រំដែន ជួយសម្របសម្រួលចំពោះការរកស៊ីរបស់ប្រជាពលរដ្ឋជាមួយប្រទេសជិតខាង

ឯកឧត្ដម លោកជំទាវ អភិបាលខេត្ត ទាំងបណ្ដាខេត្តនៅតាមតំបន់ព្រំដែន ទាំងព្រំដែនជាមួយថៃ ទាំងព្រំដែនជាមួយវៀតណាម ទាំងព្រំដែនជាមួយឡាវ ក៏ដូចជាស្ថាប័នដែលមានការពាក់ព័ន្ធ! កន្លងទៅយើងបានធ្វើពង្រឹងចត្តាឡីស័ក ពង្រឹង និងគ្រប់គ្រងការចេញចូលរបស់ប្រជាជន ហើយយកគោលដៅច្បាស់លាស់ ពង្រឹងចត្តាឡីស័កនៅតាមតំបន់ព្រំដែន ដើម្បីចៀសវាងការហូរចូលនៃជំងឺពីក្រៅប្រ ទេសចូលមកក្នុងប្រទេស ប៉ុន្តែចំពោះការដឹកទំនិញរកស៊ីជាមួយគ្នានៅតែបន្តធ្វើធម្មតា។ សូមស្ដាប់ខ្ញុំឲ្យបានច្បាស់លើរឿងនេះ។ ខ្ញុំទើបបានទទួលដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានដាក់ចេញបទបញ្ជាទៅតាមខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ច្រកប៉ៃលិន ថាមិនឲ្យបងប្អូនខ្មែរយើងដឹកកសិផលទៅព្រំដែនថៃដូចពីមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក។ ហើយរថយន្តថៃបែរជាចូលមកក្នុងប្រទេសរបស់យើងវិញបាន។ បើសិនជាយ៉ាងដូច្នេះ ខ្ញុំសុំឲ្យក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដកនូវបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឲ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា។ ហើយមិនត្រឹមតែរកស៊ីធម្មតាទេ ខែនេះជាខែប្រមូលផល ត្រូវខិតខំឲ្យប្រជាជនអាចនាំចេញទៅបានកាន់តែច្រើនកាន់តែល្អ។ មិនអាចខាងថៃដឹកទំនិញចូលមកក្នុងប្រទេសយើងបាន ប៉ុន្តែបែរជាហាមឃាត់ប្រជាពលរដ្ឋខ្មែររបស់យើងមិនអាចដឹកទំនិញចេញទៅប្រទេសថៃ។ ជាមួយវៀតណាមក៏ដូចគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងរបស់យើង គឺគ្រប់គ្រងប្រជាពលរដ្ឋដើម្បីការធ្វើចត្តាឡីស័ក ក៏ប៉ុន្តែការធ្វើពា​ណិជ្ជកម្មតាមព្រំដែននៅតែធ្វើធម្មតា។ ខ្ញុំសុំឲ្យបណ្ដាខេត្តនៅតាមព្រំដែនទាំងអស់យកការទទួលខុសត្រូវ ដើម្បីនឹងចាត់វិធានការធ្វើយ៉ាងណាឲ្យប្រជាជននៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយដែលមានការសម្រួលពីអាជ្ញាធររបស់យើងផង។ កូវីដ-១៩ វាបានបំផ្លាញយើងហើយ មិនអាចឲ្យមានការបំផ្លាញខាងសេដ្ឋកិច្ចបន្ថែមទៀតទេ។ ខ្ញុំសូមស្នើឲ្យ​សម្ដេចក្រឡាហោមបញ្ជាក់ឲ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញបញ្ជាបែបនេះទៅកាន់កន្លែងណាខ្លះ? សូមឲ្យដកថយនូវបទបញ្ជានោះវិញ ព្រោះថាជំងឺកូវីដ-១៩ អត់មាននៅនឹងទំនិញទេ។ ទំនិញយើងដឹកទៅប្រទេសថៃ ឬដឹកទៅវៀតណាម ឬវៀតណាមដឹកចូលមកកម្ពុជា ថៃដឹកមកកម្ពុជា…