សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និងសមាជិក សមាជិកា នៃអង្គពិធី ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួម ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២ (២០២១-២០៣០) បន្ទាប់ពីដំណាក់កាលទី ១ នៃកម្មវិធីជាតិរយៈពេល ១០ ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបានបញ្ចប់នាចុងឆ្នាំ ២០២០ កន្លងមក។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានបំពេញតួនាទីដឹកនាំ និងសម្របសម្រួលកិច្ចការជាទូទៅនៃកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាបន្តបន្ទាប់។
ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៣ អាណត្តិកន្លងមក ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈដែលត្រូវទទួលនូវសិទ្ធិអំណាចនានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាជនក្នុងមូលដ្ឋានប្រកបដោយតម្លាភាព សុចរិតភាព នីតិរដ្ឋ និងសមធម៌សង្គម តាមរយៈការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
កាលពីឆ្នាំ ២០២០ កន្លងមក កម្ពុជាបានអនុវត្តបញ្ចប់ កម្មវិធីជាតិរយៈពេល ១០ ឆ្នាំ ដំណាក់កាលទី ១ (ឆ្នាំ២០១០-២០២០) ដោយសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ គឺការរៀបចំ និងដាក់ឱ្យដំណើរការនូវស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ ដែលមានក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនាមជាស្ថាប័នទទួលខុសត្រូវក្នុងការធ្វើសេចក្តីសម្រេចចិត្តលើគោលនយោបាយអភិវឌ្ឍមូលដ្ឋាននីមួយៗ និងជាអ្នកដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋតាមអាណត្តិនីមួយៗរបស់ខ្លួន។
ការវិវឌ្ឍនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមដំណាក់កាលនីមួយៗ បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានលទ្ធភាពនិងពង្រឹងសមត្ថភាពទទួលខុសត្រូវជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចតាមមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលាជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចខ្លួនប្រកបដោយប្រសិទ្ធភាព។
បច្ចុប្បន្ន កម្ពុជាពិតជាទទួលបានបទពិសោធន៍គ្រប់គ្រាន់ សម្រាប់បន្តការកែទម្រង់ស៊ីជម្រៅនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ជាមួយនឹងរបៀបវារៈនានា នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិរហូតដល់ឆ្នាំ ២០៣០។
ដូច្នេះ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក និងធានាដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២, ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមផ្តល់នូវអនុសាសន៍ដូចខាងក្រោម ៖
ទីមួយ អំពីការបន្តលើកកម្ពស់ប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងការងារកែទម្រង់ ត្រូវបន្តបែងចែកឱ្យបានច្បាស់លាស់នូវតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវលើការផ្តល់សេវាសាធារណៈ ដែលត្រូវបានផ្ទេរពីក្រសួង-ស្ថាប័នថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរវាងថ្នាក់រដ្ឋបាលនីមួយៗ ដើម្បីរៀបចំគោលនយោបាយ និងការផ្តល់សេវា ក្នុងវិស័យនីមួយៗ។ គ.ជ.អ.ប. ត្រូវបន្តពង្រឹងការអនុវត្តតួនាទីរបស់ខ្លួន ដោយផ្សារភ្ជាប់ជាមួយកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀត ហើយត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងកែសម្រួលច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធឱ្យស្របទៅនឹងគោលនយោបាយ និងការវិវឌ្ឍនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
គ.ជ.អ.ប ចាំបាច់ត្រូវសិក្សានូវជម្រើសសមស្របនានា សម្រាប់រៀបចំយន្តការស្ថាប័នជាក់លាក់នៅថ្នាក់ជាតិ ដែលជាយន្តការអចិន្ត្រៃយ៍ ធានាប្រសិទ្ធភាពនៃការដឹកនាំ ការសម្របសម្រួល ការតាមដានត្រួតពិនិត្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់។
ទីពីរ អំពីការបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀត តាមរយៈការរៀបចំឡើងវិញនូវមុខងាររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុងការផ្តល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផ្អែកលើសក្តានុពលនៃមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការប្រកួតប្រជែង និងសមធ៌មសង្គម។
រដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខងារ ស្របតាមចរិតលក្ខណៈជាទីក្រុងធំដែល ហៅជាសកលថា ទីក្រុងមេត្រូប៉ូលីតែន ដើម្បីធានាដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលជាតម្រូវការស្របតាមកំណើនប្រជាជន និងសេវាទីក្រុង។ រដ្ឋបាលខេត្តត្រូវបន្តរៀបចំឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខងារ ស្របតាមចរិតលក្ខណៈជារដ្ឋបាលតំបន់ ដែលតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នថ្នាក់ជាតិ ហើយត្រូវគាំទ្រតាមដានត្រួតពិនិត្យលើការបំពេញការងាររដ្ឋបាលមូលដ្ឋាន ការផ្តល់សេវាសាធារណៈជាមួយ នឹងការគ្រប់គ្រងគម្រោងអភិវឌ្ឍ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់ ហើយដែលក្រុង/ស្រុកមិនអាចមានលទ្ធភាពអនុវត្តបាន។ ចំពោះរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ត្រូវបន្តពង្រឹងឱ្យក្លាយ ទៅជារដ្ឋបាលមូលដ្ឋានជួរមុខ លើការផ្តល់សេវាចាំបាច់នានា ជូនប្រជាពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋាននីមួយៗ។
ចំពោះប្រព័ន្ធអភិបាលកិច្ច នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាដែលជាតួអង្គទី ១ ត្រូវបង្កើតឡើងតាមការបោះឆ្នោត ដើម្បីធ្វើជាតំណាងឱ្យសម្លេង និងផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ហើយមានតួនាទីធ្វើសេចក្តីសម្រេច ក្នុងក្របខណ្ឌនៃសិទ្ធិអំណាច ដែលបានកំណត់ដោយច្បាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ហើយក៏អាចត្រួតពិនិត្យលើការអនុវត្តការងារគណៈអភិបាល ក្នុងការអនុវត្តការងារតាមការសម្រេចរបស់ខ្លួន។ តួអង្គទី ២ គឺគណៈអភិបាលដែលត្រូវបានតែងតាំងដោយថ្នាក់ជាតិឱ្យទៅបម្រើការងារជាមួយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែងការងារប្រចាំថ្ងៃ មានតួនាទីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ហើយមានតួនាទីធ្វើជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅក្នុងដែនសមត្ថកិច្ចខ្លួន។
ទីបី អំពីការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពិនិត្យ និងកែលម្អគោលការណ៍ និងកម្មវិធីនានាដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកទឹកចិត្តការបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្តល់ថវិកាបន្ថែមលើបៀវត្ស និងការឧបត្ថម្ភផ្សេងៗ ការដំឡើងកម្រិតថ្នាក់ និងឋានន្តរស័ក្តិ ក្នុងមុខតំណែងនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យសមស្របទៅនឹងមុខជំនាញ ដើម្បីធានាការគ្រប់គ្រងធនធាន មនុស្សប្រកបដោយប្រសិទ្ធភាព យុត្តិធម៌ និងគ្មានការរើសអើង។
[ផ្ដើមសេចក្ដីអធិប្បាយ]
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ខ្ញុំចង់បញ្ជាក់ទៅលើចំណុចនេះបន្ដិច។ ព្រឹកមិញសម្ដេចក្រឡាហោម ស ខេង បានដាក់ឲ្យខ្ញុំនូវពង្រាងនៃការធ្វើវិសោធនកម្មច្បាប់នៃការគ្រប់គ្រងនេះឯង។ យើងមិនបានឆ្លងគណៈកម្មការជាតិនោះទេ ប៉ុន្ដែខ្ញុំបានដាក់នៅ(ក្នុងរបៀបវារៈ)ថ្ងៃប្រជុំគណៈរដ្ឋមន្ដ្រី នៅថ្ងៃ ១ ខែមេសា ខាងមុខនេះ។ ថ្នាក់មូលដ្ឋានកំពុងមានការកើនឡើងនូវការងារយ៉ាងច្រើន ហើយបទពិសោធន៍ជោគជ័យរយៈពេល ២ ឆ្នាំ នៃការប្រយុទ្ធប្រឆាំង កូវីដ–១៩ នោះ គឺជោគជ័យនៃការបែងចែកមុខងារ និងការផ្ទេរអំណាចកាន់តែច្រើនទៅកាន់មូលដ្ឋាន។
ក្នុងចំណុចនេះ ប្រសិនបើអ្វីៗរង់ចាំថ្នាក់ជាតិ ហើយថ្នាក់ក្រោមជាតិមិនអាចធ្វើសកម្មភាពបានទៅតាមទំហំការងារ និងការឆ្លើយតបបន្ទាន់ទេនោះ យើងមិនអាចមានជោគជ័យតាមរបៀបសព្វថ្ងៃនេះទេ។ ជំងឺរាតត្បាតនេះធ្ងន់ធ្ងរពេក។ វាហួសពីលទ្ធភាពត្រួតត្រាបាន។ ប៉ុន្ដែ ដោយសារតែយើងបានធ្វើជំហានមុនដោយការផ្ទេរអំណាចនិងបែងចែកមុខងារទៅមូលដ្ឋាន មូលដ្ឋានបានប្រឹងប្រែងខ្លាំងណាស់ដើម្បីឆ្លើយតប … ឥឡូវនេះ ការឆ្លងនៅខេត្តខ្លះអត់មានទេក្នុងមួយថ្ងៃៗ។ ចំណុចនេះ មិនមែនបានមកពីថ្នាក់ជាតិយើងទាំងអស់ទេ។ ថ្នាក់ជាតិផ្ដល់មធ្យោបាយ សិទ្ធិអំណាចឲ្យថ្នាក់មូលដ្ឋានចាត់ចែង។ នោះហើយគឺជាបទពិសោធន៍ជោគជ័យដែលទទួលបានពីការពង្រឹងថ្នាក់មូលដ្ឋានឱ្យមានការទទួលខុសត្រូវកាន់តែខ្ពស់។
ក្នុងពេលដែលថ្នាក់មូលដ្ឋានទទួលខុសត្រូវ យើងបានឃើញថា ថ្នាក់មូលដ្ឋានកំពុងខ្វះកំលាំង។ ដូច្នេះ បានជាយើងត្រូវរៀបចំវិសោធនកម្មច្បាប់ដើម្បីកំណត់ចំនួនអ្នកទទួលខុសត្រូវក្នុងក្របខណ្ឌគណៈអភិបាលខេត្ត និងស្រុកផងដែរ។ ចំណុចខ្ញុំសូមបញ្ជាក់ ជាបទពិសោធន៍មួយដែលល្អដែលចាំបាច់ត្រូវជម្រុញនៅពេលខាងមុខ ព្រោះមិនអាចអ្វីៗនៅថ្នាក់ជាតិ ហើយអ្វីៗនៅថ្នាក់មូលដ្ឋាននៅកៀក(ប្រជាពលរដ្ឋ) ហើយមិនធ្វើសកម្មភាពនោះទេ។ ជោគជ័យរបស់យើងគឺបានមកពីចំណុចនេះឯង។
[បញ្ចប់សេចក្ដីអធិប្បាយ]
ទីបួន អំពីធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយ នឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព។ គ្រប់ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវកាត់បន្ថយចំណាយដែលពុំមានតម្រូវការចាំបាច់ រួមទាំងគម្រោងវិនិយោគសាធារណៈ ដែលពុំទាន់ចាំបាច់ ដើម្បីធានាស្ថិរភាពថវិកាជាតិ ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺកូវីដ-១៩។ សាខាពន្ធដារ រាជធានី-ខេត្តត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដើម្បីប្រមូលចំណូល សារពើពន្ធនានា។ ទន្ទឹមនេះ ត្រូវពង្រឹងការធ្វើសវនកម្ម អធិការកិច្ចហិរញ្ញវត្ថុ ដើម្បីធានាថា ធនធានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ ស្របតាមច្បាប់និងលិខិតបទដ្ឋាននានា ដែលបានកំណត់។
ទីប្រាំ អំពីការរៀបចំ និងពង្រឹងអភិបាលកិច្ចឌីជីថល់នៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តជំរុញការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងាររដ្ឋបាលផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ព្រមទាំងធានាដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័ស ទាន់ពេលវេលា និងមានតម្លាភាព។
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំពិតជាមានសុទិដ្ឋិនិយមចំពោះក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដែលបានដឹកនាំសម្របសម្រួលការកែទម្រង់ទទួលបានការវិវឌ្ឍជាជំហានៗគួរជាទីមោទនៈ ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល។
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលដែលបានខិតខំចូលរួមអនុវត្តកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនិងការកែទម្រង់សំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាបន្តបន្ទាប់។
ទន្ទឹមនេះ ខ្ញុំសូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់ការគាំទ្រ សហការដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពសង្គមគ្រួសារកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង ទាំងបច្ចុប្បន្ន និងអនាគត។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២ ខ្ញុំសូមជូនពរសម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕