សេចក្តីដកស្រង់ប្រសាសន៍សង្កថា ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធនឹងកូវីដ-១៩ (Zoom)

ឯកឧត្តម លោកជំទាវ ដែលបានចូលរួម(ការថ្លែងសារពិសេសនិងប្រជុំ) តាមរយៈ ZOOM នៅព្រឹកនេះ ថ្ងៃនេះ យើងប្រជុំគណៈកម្មការជាតិប្រយុទ្ធនឹង កូវីដ-១៩ តាមរយៈប្រព័ន្ធ ZOOM ដែលអនុញ្ញាតឲ្យយើងធ្វើការប្រជុំពីចម្ងាយ។ ម្យ៉ាងទៀត ខ្ញុំក៏សុំយកការបញ្ជាក់ថា ដោយសារខ្ញុំកំពុងតែជាប់ចត្តាឡីស័ក ថ្ងៃស្អែកទើបធ្វើតេស្តចុងក្រោយ និងថ្ងៃ ០៣ (កក្កដា) ក៏មានណាត់ទទួលភ្ញៀវបរទេសរួចស្រេចទៅហើយ ។ ខ្ញុំគួរតែរង់ចាំ បន្ទាប់ពីការបញ្ចប់នៃចត្តាឡីស័ក ក៏ប៉ុន្តែយើងមិនអាចនឹងបញ្ចប់ត្រឹមនេះបាននោះទេ បើសិនជាយើងនៅរង់ចាំ យើងអាចយឺតពេល។ ថ្ងៃនេះ ក្នុងគណៈកម្មការរបស់យើង (មាន)អវត្តមាន សម្ដេចក្រ​ឡាហោម ស ខេង (ដែល)ត្រូវទៅខេត្តកំពង់ឆ្នាំង ដើម្បីផ្ទេរអភិបាលខេត្តកំពង់ឆ្នាំង។ ដូច្នេះ អវត្តមាននៅក្នុងគណៈកម្មការរបស់យើងគឺមានចំនួនពីររូប។ “អ្នកគិតពីការស្លាប់របស់ខ្ញុំ គួរតែគិតពីសុខភាពខ្លួនឯងប្រសើរជាង” ការប្រជុំថ្ងៃនេះ ម្ខាងគឺវាយតម្លៃសភាពការណ៍ដែលយើងបានធ្វើកន្លងទៅ តែម្ខាងទៀតគឺដាក់ចេញនូវយុទ្ធសាស្ត្រ ឬក៏គោលការណ៍ (ដែល)យើងនឹងត្រូវអនុវត្តទៅខាងមុខទៀត។ ខ្ញុំគួរតែនិយាយបន្ថែមថា ខ្ញុំមិននឹកស្មានថា មកដល់ពេលនេះ មានពាក្យចចាមអារាមដ៏អាក្រក់នៅខាងក្រៅ ថាខ្ញុំបានស្លាប់តាំងពីថ្ងៃទី​ ២៣ (មិថុនា) ម៉ោង ៤ ល្ងាចឯណោះ ក្នុងពេលដែលខ្ញុំជាប់ចត្តាឡីស័ក។ ហើយបើទោះបីនៅថ្ងៃ…

សារសម្លេង បញ្ជាឲ្យអាជ្ញាធរខេត្តតាមព្រំដែន ជួយសម្របសម្រួលចំពោះការរកស៊ីរបស់ប្រជាពលរដ្ឋជាមួយប្រទេសជិតខាង

ឯកឧត្ដម លោកជំទាវ អភិបាលខេត្ត ទាំងបណ្ដាខេត្តនៅតាមតំបន់ព្រំដែន ទាំងព្រំដែនជាមួយថៃ ទាំងព្រំដែនជាមួយវៀតណាម ទាំងព្រំដែនជាមួយឡាវ ក៏ដូចជាស្ថាប័នដែលមានការពាក់ព័ន្ធ! កន្លងទៅយើងបានធ្វើពង្រឹងចត្តាឡីស័ក ពង្រឹង និងគ្រប់គ្រងការចេញចូលរបស់ប្រជាជន ហើយយកគោលដៅច្បាស់លាស់ ពង្រឹងចត្តាឡីស័កនៅតាមតំបន់ព្រំដែន ដើម្បីចៀសវាងការហូរចូលនៃជំងឺពីក្រៅប្រ ទេសចូលមកក្នុងប្រទេស ប៉ុន្តែចំពោះការដឹកទំនិញរកស៊ីជាមួយគ្នានៅតែបន្តធ្វើធម្មតា។ សូមស្ដាប់ខ្ញុំឲ្យបានច្បាស់លើរឿងនេះ។ ខ្ញុំទើបបានទទួលដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានដាក់ចេញបទបញ្ជាទៅតាមខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ច្រកប៉ៃលិន ថាមិនឲ្យបងប្អូនខ្មែរយើងដឹកកសិផលទៅព្រំដែនថៃដូចពីមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក។ ហើយរថយន្តថៃបែរជាចូលមកក្នុងប្រទេសរបស់យើងវិញបាន។ បើសិនជាយ៉ាងដូច្នេះ ខ្ញុំសុំឲ្យក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដកនូវបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឲ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា។ ហើយមិនត្រឹមតែរកស៊ីធម្មតាទេ ខែនេះជាខែប្រមូលផល ត្រូវខិតខំឲ្យប្រជាជនអាចនាំចេញទៅបានកាន់តែច្រើនកាន់តែល្អ។ មិនអាចខាងថៃដឹកទំនិញចូលមកក្នុងប្រទេសយើងបាន ប៉ុន្តែបែរជាហាមឃាត់ប្រជាពលរដ្ឋខ្មែររបស់យើងមិនអាចដឹកទំនិញចេញទៅប្រទេសថៃ។ ជាមួយវៀតណាមក៏ដូចគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងរបស់យើង គឺគ្រប់គ្រងប្រជាពលរដ្ឋដើម្បីការធ្វើចត្តាឡីស័ក ក៏ប៉ុន្តែការធ្វើពា​ណិជ្ជកម្មតាមព្រំដែននៅតែធ្វើធម្មតា។ ខ្ញុំសុំឲ្យបណ្ដាខេត្តនៅតាមព្រំដែនទាំងអស់យកការទទួលខុសត្រូវ ដើម្បីនឹងចាត់វិធានការធ្វើយ៉ាងណាឲ្យប្រជាជននៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយដែលមានការសម្រួលពីអាជ្ញាធររបស់យើងផង។ កូវីដ-១៩ វាបានបំផ្លាញយើងហើយ មិនអាចឲ្យមានការបំផ្លាញខាងសេដ្ឋកិច្ចបន្ថែមទៀតទេ។ ខ្ញុំសូមស្នើឲ្យ​សម្ដេចក្រឡាហោមបញ្ជាក់ឲ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញបញ្ជាបែបនេះទៅកាន់កន្លែងណាខ្លះ? សូមឲ្យដកថយនូវបទបញ្ជានោះវិញ ព្រោះថាជំងឺកូវីដ-១៩ អត់មាននៅនឹងទំនិញទេ។ ទំនិញយើងដឹកទៅប្រទេសថៃ ឬដឹកទៅវៀតណាម ឬវៀតណាមដឹកចូលមកកម្ពុជា ថៃដឹកមកកម្ពុជា…

សារពិសេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីស្រឡាញ់!  “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ការឆ្លងក្នុងសហគមន៍លើកទី ៣ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានកិច្ចការបន្ទាន់ ដើម្បីនឹងប្រកាសជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញតែម្ដង។ មុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ មានការប្រជុំពិសេសមួយរបស់មន្រ្តីថ្នាក់ដឹកនាំដែលជាប់ការពាក់ព័ន្ធជាមួយនឹងការប្រយុទ្ធប្រឆាំងជាមួយនឹង កូវីដ-១៩ ​។ ឥឡូវសភាពការណ៍បានឈានដល់ដំណាក់កាលថ្មីមួយ ដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាមន្រ្តីពាក់ព័ន្ធ បានធ្វើការសន្និដ្ឋានច្បាស់ថា នេះជាការឆ្លងក្នុងសហគមន៍លើកទី ៣ បន្ទាប់ពីព្រឹត្តិការណ៍ឆ្លងសហគមន៍ ៣ វិច្ឆិកា ដែលផ្ដើមចេញដោយរដ្ឋមន្រ្តីការបរទេសហុងគ្រី។ បន្ទាប់ទៅ ពឹ្រត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ពិតមែនតែព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមពីថ្ងៃទី ១៨-១៩ ប៉ុន្តែដោយសារតែវិធានការដែលត្រូវប្រកាន់យកនិងការប្រជុំបន្ទាន់នេះ ត្រូវបានធ្វើនៅថ្ងៃទី ២០ កុម្ភៈ ខ្ញុំព្រះករុណាខ្ញុំ សម្រេចដាក់ឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ​។ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ផ្ដើមពីការរកឃើញកូវីដ-១៩ លើអ្នកសុំធ្វើតេស្ដចេញទៅក្រៅប្រទេស…