- ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ
- ឯកឧត្តមប្រធានធនាគារអភិវឌ្ឍន៍អាស៊ី
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គរៀងរាល់បីឆ្នាំម្តងរបស់យើង គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គរបស់យើង។ នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៧ របស់យើងថ្ងៃនេះ យើងបានអនុម័តលើក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មីដែលជាឯកសារទីបី សម្រាប់កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ។ ជាថ្មីម្តងទៀត យើងគប្បីជឿជាក់ថា ឯកសារនេះ នឹងដឹកនាំយើងក្នុងការតស៊ូ និងជម្នះនូវបញ្ហាប្រឈមស្មុគស្មាញថ្មីៗ ក្នុងទសវត្សរ៍នេះ។
យើងកំពុងចាប់ផ្តើមទសវត្សរ៍ថ្មីនេះ ក្រោមវិបត្តិដ៏ស្មុគស្មាញមួយដែលកើតឡើងពីជំងឺកូវីដ-១៩ ដែលនាំមកជាមួយនូវផលប៉ះពាល់ដែលអូសបន្លាយពេលយូរ និងធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈ និងសេដ្ឋកិច្ច។ ឥឡូវនេះ ទោះបីជាយើងមានវ៉ាក់សាំងដែលជាពន្លឺនៃក្ដីសង្ឃឹមក៏ដោយ យើងត្រូវរំពឹងទុកថាកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាយ៉ាងមុតមាំនៅតែចាំបាច់ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ និងស្ដារសេដ្ឋកិច្ចរបស់យើងឱ្យមានប្រក្រតីភាពពេញលេញឡើងវិញ។
លើសពីនេះ ខណៈពេលដែលក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែងនៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០ បានគូសបញ្ជាក់យ៉ាងត្រឹមត្រូវហើយក្តី ឥឡូវនេះនៅមាននិន្នាការរយៈពេលវែង និងទូលាយជាងនេះ កំពុងស្តែងចេញឡើង ដែលនឹងគំរាមកំហែងដល់ពិភពលោកទាំងមូល។ យើងកំពុងត្រូវបានព្រមានអំពី “ភាពអាសន្ននៃអាកាសធាតុ” ដោយយើងកំពុងទទួលរងផលប៉ះពាល់ជាក់ស្ដែងពីគ្រោះមហន្តរាយធម្មជាតិផងដែរ។ យើងក៏កំពុងមើលឃើញពីការគំរាមកំហែងជាបន្តបន្ទាប់ទៅលើវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីគោលនយោបាយពាណិជ្ជកម្មគាំពារនិយម និងមានលក្ខណៈជាឯកតោភាគីនិយម។
ទោះជាយ៉ាងណា បណ្ដាប្រទេសក្នុងមហាអនុតំបន់មេគង្គ បានបង្ហាញពីភាពធន់ និងសមត្ថភាពឆ្លើយតបរបស់យើងម្តងហើយម្តងទៀត ក្នុងការចាត់វិធានការជាក់ស្តែ ងដើម្បីដោះស្រាយកង្វល់រួមទាំងនេះ។ យើងយល់ច្បាស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមគ្នាជាងពេលណាៗទាំងអស់។ ការគំរាមកំហែង និងបញ្ហាប្រឈមដែលយើងជួបប្រទះ គឺមានផលរំខាន និងរាលដាលឆ្លងដែន ដូច្នេះយើងត្រូវធ្វើសកម្មភាពរួមគ្នា ខ្ញុំជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងមានតម្លៃគួរឱ្យកត់សម្គាល់លើសពីការរួមបញ្ចូលនៃកិច្ចខិតខំប្រឹងប្រែងរៀងៗខ្លួនក្នុងការដោះស្រាយបញ្ហារួម។
ដូច្នេះ ខ្ញុំសូមជំរុញឱ្យយើងទាំងអស់គ្នាប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់យើង និងបន្តអនុវត្តយុទ្ធសាស្ត្រ និងសកម្មភាពអាទិភាពដែលមាននៅក្នុងឯកសារពីរ ដែលយើងបានអនុម័តនៅថ្ងៃនេះ។ ខ្ញុំជឿជាក់ថា យុទ្ធសាស្ត្រទាំងនេះគឺត្រឹមត្រូវ និងត្រូវបានបង្កើតឡើងដោយផ្អែកលើការវាយតម្លៃយ៉ាងច្បាស់លាស់លើបរិបទតំបន់ និងពិភពលោក ដោយប្រកាន់យកនូវដំណោះស្រាយដែលផ្អែកលើចំណេះដឹងជាមូលដ្ឋាន។ ទោះយ៉ាងណាក៏ដោយ ជោគជ័យនឹងអាស្រ័យលើការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ យើងត្រូវតែប្រឹងប្រែងក្នុងការតាមដានវឌ្ឍនភាព និងវាយតម្លៃជានិច្ចនូវស្ថានភាពផ្លាស់ប្តូរឆាប់រហ័ស និងត្រូវមានភាពបត់បែនក្នុងការដោះស្រាយបញ្ហា។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំនៃបណ្ដាប្រទេសមហាអនុតំបន់មេគង្គ និងតួអង្គទាំងអស់ដែលបានរួមចំណែកយ៉ាងសំខាន់ ចំពោះសមិទ្ធផលដែលត្រូវបានរាយការណ៍នៅថ្ងៃនេះ។
ខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្ដល់ការគាំទ្រឥតឈប់ឈរដល់កម្មវិធីមហាអនុតំបន់មេគង្គ ដែលបានដើរតួនាទីជាលេខាធិការដ្ឋាន និងជាអ្នកជំរុញកៀរគរហិរញ្ញប្បទាន។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដទៃទៀត ដែលបានផ្ដល់ការគាំទ្រដល់កម្មវិធីសហប្រតិបត្តិការរបស់យើង រួមទាំងវិស័យឯកជន ដែលបានផ្ដល់ការចូលរួមកាន់តែស៊ីជម្រៅដែលចាំបាច់ក្នុងការសម្រេចនូវជោគជ័យជាបន្តទៀតនៅក្នុងទសវត្សរ៍ថ្មីនេះ។
ខ្ញុំមានកិត្តិយស និងមានសេចក្តីសោមនស្សយ៉ាងខ្លាំង ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ខ្ញុំជឿជាក់ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នឹងយល់ស្របជាមួយខ្ញុំថា ទោះបីជាមានឧបសគ្គនៅក្នុងស្ថានភាពបច្ចុប្បន្នដែលមិនអាចផ្តល់លទ្ធភាពឱ្យមានការរៀបចំកិច្ចប្រជុំដោយផ្ទាល់នាថ្ងៃនេះក្តី ក៏កិច្ចប្រជុំកំពូលយើងនៅតែទទួលបានជោគជ័យខ្ពស់ដូចការរំពឹងទុក។
ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកសី្រ សម្រាប់ការចូលរួម និងវិភាគទានដ៏សំខាន់សម្រាប់កិច្ចប្រជុំយើង។
ខ្ញុំសូមជូនពរឱ្យឯកឧត្តម លោកជំទាវ លោក លោកស្រី មានសុខភាពល្អ និងប្រកបដោយសុវត្ថិភាព។ យើងនឹងជួបគ្នាសាជាថ្មីនៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៨ ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅសាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ ២០២៤។
ខ្ញុំសូមប្រកាសជាផ្លូវការនូវការបិទបញ្ចប់នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧៕