គ.ជ.ប អំពាវនាវឱ្យអាជ្ញាធរទាំងអស់ ប្រកាន់ជំហរអព្យាក្រឹត្យ សម្រាប់បក្សនយោបាយនីមួយៗ ស្របពេលការឃោសនា ជិតចូលមកដល់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីអំពាវនាវមួយ ឱ្យអាជ្ញាធរដែនដីទាំងអស់ ប្រកាន់ជំហរអព្យាក្រឹត្យ ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធី និងការហែក្បួនឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយស្មើភាព៕

គ.ជ.ប ចាប់ផ្តើមចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ រហូតដល់ថ្ងៃទី៥ ខែកក្កដា នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចាប់ផ្តើមចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីគ.ជ.ប នៅរសៀលថ្ងៃទី២៩ ខែមិថុនានេះ។ គ្រប់គណបក្សមានសិទ្ធដាក់ភ្នាក់ងារពេញសិទ្ធិម្នាក់ និងបម្រុងម្នាក់របស់ខ្លួននៅគ្រប់ការិយាល័យបោះឆ្នោតទូទាំង ២២៩៦៧ មណ្ឌល នៅទូទាំងប្រទេសកម្ពុជា។ ការចុះបញ្ជីភ្នាក់ងារគណបក្ស គ.ជ.ប តម្រូវឱ្យមានឯកសារភ្ជាប់ជាមួយដូចខាងក្រោម៖ * គណបក្សនយោបាយនោះត្រូវទទួលស្គាល់ដោយគ.ជ.ប * ភ្នាក់ងារគណបក្សនយោបាយដែលមានឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៦ * ភ្នាក់ងារគណបក្សនយោបាយ មានលិខិតបញ្ជាក់ដោយប្រធានគណបក្ស ឬតំណាងគណបក្ស៕

គ.ជ.ប ដាក់ឲ្យដំណើរការ ផ្សាយសាកល្បងទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ដែលអាចទាញយកដាក់ទូរស័ព្ទដៃ តាមរយៈកម្មវិធី (App) CamNeC News ដើម្បីពន្យល់ពីការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងផ្សាយសាកល្បង ទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ដែលអាចទាញយកដាក់ទូរស័ព្ទដៃបាន (Download) តាមរយៈកម្មវិធី (App) CamNEC News ដើម្បីពន្យល់ពីការបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា គ.ជ.ប បានផ្ញើសារ (SMS) សំខាន់ៗជារៀងរាល់ថ្ងៃ ទៅកាន់ទូរស័ព្ទដៃចំនួន៥លានគ្រឿង ដែលមានឈ្មោះថា NEC ដើម្បីផ្តល់ដំណឹងជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបោះឆ្នោត។ ហើយក៏មានមនុស្សជាង១០០នាក់ បានសាកសួរព័ត៌មានដោយផ្ទាល់ ទៅកាន់មណ្ឌលព័ត៌មានរបស់ខ្លួន តាមរយៈទូរស័ព្ទដោយឥតគិតថ្លៃ ដែលមានលេខ ១៨០០២០១៨ ជារៀងរាល់ថ្ងៃផងដែរ។ បើតាម គ.ជ.ប ការផ្តល់សេវាព័ត៌មាននេះ គឺមានន័យថា ជាអ្នកបម្រើសេវាសម្រាប់ម្ចាស់ឆ្នោត ដែលជាគោលការណ៍មួយក្នុងចំណោម គោលការណ៍ទាំង៧ ដែលជាត្រីវិស័យរបស់ខ្លួន៕