នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាន់តំណែងស្តីទី រហូតមានការសម្រេច របស់រាជរដ្ឋាភិបាលថ្មី

FN ៖ សម្តេចពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងកាន់តំណែងស្តីទីសំខាន់ៗ ដែលទើបនឹងប្រគល់ជូននេះ រហូតមានការសម្រេច របស់រាជរដ្ឋាភិបាលថ្មី ក្រោយពេលបោះឆ្នោត។ សម្តេចពិជ័យសេនា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទជូន នាយឧត្តមសេនីយ៍ សៅ សុខា និង ប្រគល់ភារកិច្ច នាយសេនាធិការចម្រុះស្តីទីនៃខ.ភ.ម និងភារកិច្ច មេបញ្ជាការស្តីទីកងទ័ពជើងគោកជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងយ៉ាងដូច្នេះថា៖ «ដូចនេះ គឺប្រគល់ភារកិច្ចមិនមែនតែ​រឿង​តែងតាំង​នោះទ ​គ្រាន់តែប្រគល់ភារកិច្ចមេទាហាន ឱ្យមកទទួលតំណែងនឹង​តាមរចនាសម្ព័ន្ធរបស់កងទ័ព គឺមិនអាចមានការខ្វះខាតបាននោះទេ វាត្រូវ​តែមានដូចនេះ គឺអ្នកទាំងនោះ ប្រសិនណាពេលដំណើរការ នៃការបោះឆ្នោតវាទៅមុខទៀតរហូតដល់មានការរៀបចំរដ្ឋាភិបាលថ្មី រដ្ឋាភិបាលថ្មី និង​បូកសម្រេចនៅពេលក្រោយ យើងមិនមាននរណាមកនិយាយមុនដាច់ខាត»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា…

គ.ជ.ប ចាប់ផ្តើមចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ រហូតដល់ថ្ងៃទី៥ ខែកក្កដា នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចាប់ផ្តើមចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីគ.ជ.ប នៅរសៀលថ្ងៃទី២៩ ខែមិថុនានេះ។ គ្រប់គណបក្សមានសិទ្ធដាក់ភ្នាក់ងារពេញសិទ្ធិម្នាក់ និងបម្រុងម្នាក់របស់ខ្លួននៅគ្រប់ការិយាល័យបោះឆ្នោតទូទាំង ២២៩៦៧ មណ្ឌល នៅទូទាំងប្រទេសកម្ពុជា។ ការចុះបញ្ជីភ្នាក់ងារគណបក្ស គ.ជ.ប តម្រូវឱ្យមានឯកសារភ្ជាប់ជាមួយដូចខាងក្រោម៖ * គណបក្សនយោបាយនោះត្រូវទទួលស្គាល់ដោយគ.ជ.ប * ភ្នាក់ងារគណបក្សនយោបាយដែលមានឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៦ * ភ្នាក់ងារគណបក្សនយោបាយ មានលិខិតបញ្ជាក់ដោយប្រធានគណបក្ស ឬតំណាងគណបក្ស៕

គ.ជ.ប ដាក់ឲ្យដំណើរការ ផ្សាយសាកល្បងទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ដែលអាចទាញយកដាក់ទូរស័ព្ទដៃ តាមរយៈកម្មវិធី (App) CamNeC News ដើម្បីពន្យល់ពីការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងផ្សាយសាកល្បង ទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ដែលអាចទាញយកដាក់ទូរស័ព្ទដៃបាន (Download) តាមរយៈកម្មវិធី (App) CamNEC News ដើម្បីពន្យល់ពីការបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា គ.ជ.ប បានផ្ញើសារ (SMS) សំខាន់ៗជារៀងរាល់ថ្ងៃ ទៅកាន់ទូរស័ព្ទដៃចំនួន៥លានគ្រឿង ដែលមានឈ្មោះថា NEC ដើម្បីផ្តល់ដំណឹងជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបោះឆ្នោត។ ហើយក៏មានមនុស្សជាង១០០នាក់ បានសាកសួរព័ត៌មានដោយផ្ទាល់ ទៅកាន់មណ្ឌលព័ត៌មានរបស់ខ្លួន តាមរយៈទូរស័ព្ទដោយឥតគិតថ្លៃ ដែលមានលេខ ១៨០០២០១៨ ជារៀងរាល់ថ្ងៃផងដែរ។ បើតាម គ.ជ.ប ការផ្តល់សេវាព័ត៌មាននេះ គឺមានន័យថា ជាអ្នកបម្រើសេវាសម្រាប់ម្ចាស់ឆ្នោត ដែលជាគោលការណ៍មួយក្នុងចំណោម គោលការណ៍ទាំង៧ ដែលជាត្រីវិស័យរបស់ខ្លួន៕