នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រកាសថា មិនមានករណីចាប់ក្មេងវះពោះយកគ្រឿងក្នុង ដូចការបង្ហោះតាម Facebook នោះទេ

FN ៖ នាយឧត្តមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រកាសយ៉ាងដាច់ខាតថា មិនមានករណីចាប់ក្មេងៗ វះពោះយកគ្រឿងក្នុង ដូចការបង្ហោះតាមបណ្ដាញសង្គម Facebook នោះទេ ហើយការបង្ហោះជាការមួលបង្កាច់មករាជរដ្ឋាភិបាល ក៏ជាកម្លាំងសមត្ថកិច្ចតែប៉ុណ្ណោះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ថ្លែងយ៉ាងដូច្នេះថា «រយៈពេលជាងមួយខែកន្លងមកនេះ មានជន មានក្រុម ដែលមានចេតនាមិនល្អមួយចំនួន បាននាំគ្នាបំផុស ឬក៏ផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការថា មានក្រុមដើរចាប់កូនក្មេងដើម្បីយកទៅនេះ យកទៅនោះ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិតនោះទេ យើងខ្ញុំតំណាងឲ្យកងកម្លាំងនគរបាលជាតិ ជំនួសមុខឲ្យថ្នាក់ដឹកនាំ ក៏ដូចជាសម្ដេចក្រឡាហោម ស ខេង សូមអះអាងថា មិនមានរឿងនេះទេ»។ នាយឧត្តមសេនីយ៍ បន្ថែមថា បន្ទាប់ពីលេចឮព័ត៌មាននេះភា្លម លោកបានកោះហៅស្នងការរាជធានី-ខេត្តទាំង២៥ មកធ្វើការប្រជុំជាបន្ទាន់ ដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់ និងធ្វើការស្រាវជ្រាវថា តើអ្វីនៅពីក្រោយរឿងនេះឲ្យពិតប្រាដក។ ក្រោយធ្វើការស្រាវជ្រាវរួចមក នាយឧត្តមសេនីយ៍អះអាងថា រឿងនេះអាចជាមានអង្គការចាត់តាំង ហើយពេលនេះដែរ កម្លាំងនគរបាលជំនាញ មានពន្លឺខ្លះហើយដើម្បីធ្វើការបន្ដទៀត។

តំណាងរាស្រ្ត ហ៊ុន ម៉ានី៖ វិស័យសុខាភិបាល ជាស្នូលមួយក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត ដែលរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំង ចំពោះសុខភាពពលរដ្ឋ

FN ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា វិស័យសុខាភិបាលជាវិស័យស្នូលមួយ ក្នុងចំណោមវិស័យអាទិភាព ផ្សេងទៀតដែលរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើសុខភាពពលរដ្ឋទាំងនៅតាមតំបន់ដាច់ស្រយាល និងតំបន់ប្រជុំជន។ លោក ហ៊ុន ម៉ានី លើកឡើងបែបនេះក្នុងឱកាសលោកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលប្រជាពលរដ្ឋ និងជួបសំណេះសំណាលជាមួយវេជ្ជបណ្ឌិត និងគ្រូពេទ្យជាច្រើន រូបទៀត នៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ។ លោក ហ៊ុន ម៉ានី បានថ្លែងថា លោក និងក្រុមការងារបានទទួលសំណើររបស់មន្ទីរពេទ្យខេត្តរួចហើយ តែលោកមិនទាន់សន្យាថា ធ្វើបានប៉ុន្មាននោះទេ ប៉ុន្តែតែអ្វីដែលសំខាន់នោះ គឺយើងត្រូវតែខិតខំស្វែងរកប្រភពថវិកា ដើម្បីសាងសងអាគារ និងបំពាក់សម្ភារបរិក្ខាធ្វើយ៉ាងណាឲ្យឆ្លើយតប ទៅនឹងតម្រូវការរបស់ពលរដ្ឋដែលមានជំងឺ មកទទួលសេវានៅទីនេះ ឲ្យបានល្អប្រសើ និងរហ័សទាន់ពេលវេលាសម្រាប់ពួកគាត់។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាល​តាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា…

គ.ជ.ប៖ នៅសល់ពលរដ្ឋជាង២លាននាក់ទៀត ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត

FN ៖ លោក គួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត រាប់ទាំងអ្នកទើបគ្រប់អាយុបោះឆ្នោត និងអ្នកគ្រប់អាយុហើយ តែមិនទាន់ចុះឈ្មោះបោះឆ្នោត និងអ្នកផ្លាស់ប្តូរទីលំនៅ។ លោកអនុប្រធានថ្លែងបែបនេះ ក្នុងវគ្គបណ្ដុះបណ្ដាល ដល់មន្រ្តីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។ លោក គួយ ប៊ុនរឿន ថ្លែងយ៉ាងដូច្នេះថា «យើងចុះឈ្មោះបោះឆ្នោតលើកនេះ ចុះតែអ្នកមិនទាន់បានចុះទេ អីចឹងគោលដៅមាន៣៖ មានអ្នកទើបគ្រប់អាយុបោះឆ្នោត អ្នកដែលមានសិទ្ធិហើយ តែមិនទាន់បានចុះឈ្មោះ និងអ្នកផ្លាស់ទីលំនៅ។ យើងប៉ាន់ស្មានលើកមុន អ្នកគ្រប់អាយុនៅសល់ប្រហែល១លាននាក់ អ្នកទើបគ្រប់អាយុគិតត្រឹមថ្ងៃបោះឆ្នោតប្រហែល៥០ម៉ឺននាក់ ហើយអ្នកដែលផ្លាស់ប្ដូរ ទីលំនៅប្រហែល៦០ម៉ឺននាក់ទៀត អីចឹងយើងគិតទៅប្រហែល ២លានជាង ដែលត្រូវធ្វើការចុះឈ្មោះថ្មី»។ លោកបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ថ្មីនេះ គឺដើម្បីបំពេញបន្ថែមទៅលើបញ្ជីឈ្មោះបោះឆ្នោតចាស់ ឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតមានប្រមាណ ៩.៦លាននាក់…