FN ៖ យោងតាមឯកសារពិសេសមួយដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីខុទ្ទកាល័យនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោកស្រី អាន មៀល-ហ្រ្គីហ្វីត (Ann Mills-Griffiths) ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានក្រុមប្រតិបត្តិនៃសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ បានសរសេរលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយរៀបរាប់អំពីការផ្អាកជាបណ្តោះអាសន្ននូវ កិច្ចសហប្រតិបត្តិការមនុស្សធម៌ ស្តីពីការស្វែងរកអដិ្ឋធាតុទាហានអាមេរិក នៅកម្ពុជាក្នុងសម័យសង្គ្រាម។
នៅក្នុងលិខិតរបស់លោកស្រី អាន មៀល-ហ្រ្គីហ្វីត បានស្នើសុំឲ្យមានការលុបចោលនូវការផ្អាកជាបណ្តោះអាសន្ន អំពីការស្វែងរកអដ្ឋិធាតុទាហានអាមេរិកលើទឹកដីកម្ពុជា។ ជាការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ថា៖ «យើងក៏មានគោលការណ៍ដូចគ្នាដែរចំពោះកិច្ចសហប្រតិបត្តិការក្នុងកម្មវិធីមាតុភូមិនិវត្តន៍ ប៉ុន្តែកម្ពុជាបែរជាត្រូវទទួលរងការ ដាក់ទណ្ឌកម្មដោយអយុត្តិធម៌ នៅពេលដែលកម្ពុជាគ្រាន់តែទាមទារឲ្យអាមេរិក ពិចារណាបន្ថែមលើទិដ្ឋភាពមនុស្សធម៌ និងមេត្តាធម៌។ ខ្ញុំសូមធានាចំពោះលោកស្រីថា ការផ្អាកកិច្ចសហប្រតិបត្តិការក្នុងការរុកអដិ្ឋធាតុទាហានអាមេរិកបាត់ខ្លួនក្នុង សម័យសង្រ្គាមគឺមានលក្ខណៈជាបណ្តោះអាសន្នប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមឡើងវិញនូវកិច្ចសហប្រតិបត្តិការនេះ នៅពេលដែលយើងទទួលបានការធានាទៅវិញទៅមក និងអាចទុកចិត្តបានស្តីពីការលើកលែងការផ្អាកនេះ ដើម្បីអនុញ្ញាតឲ្យប្រទេសទាំងពីរ ចាប់ផ្តើមកិច្ចសហប្រតិបត្តិការឡើងវិញ ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ»។