ជោគជ័យរបស់កម្ពុជា ! នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា គិតត្រឹមម៉ោង៤រសៀលនេះ កងទ័ពឡាវទាំងអស់បានដកចេញពីទឹកដីកម្ពុជាហើយ

FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចំរុះ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា គិតត្រឹមម៉ោងប្រមាណ៤៖០០នាទីរសៀលថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០១៧នេះ ភាគីឡាវបានដកកងទ័ព (កងទី៤) របស់ខ្លួន ចេញពីទឹកដីកម្ពុជារួចអស់ហើយ ពោលមានន័យថា នៅពេលនេះកងទ័ពរបស់ឡាវ មិនមាននៅលើទឹកដីកម្ពុជាទៀតទេ។​ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ម៉ោង៤រសៀលថ្ងៃនេះ កងទ័ពឡាវបានដកចេញអស់ហើយ នៅលើភូមិសាស្ដ្រដែលកងទ័ពឡាវ មិនមាននៅសេសល់ទៀតទេ, កងទ័ពឡាវបានដកចេញម្តងមួយកងៗ រហូតដល់ពេលនេះកងទី៤ហើយ»។ ការដកចេញកងទី៤របស់ឡាវ នៅពេលនេះស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវិលត្រឡប់មកដល់ទឹកដីកម្ពុជាវិញ នៅវេលាម៉ោងប្រមាណជិត៤រសៀលថ្ងៃសៅរ៍នេះ។ សូមបញ្ជាក់ថា ក្រោយបញ្ចប់ការចរចា សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់កងទ័ព និងប្រជាជនកម្ពុជាថា នាយករដ្ឋមន្រ្តីឡាវ បានយល់ព្រមដកកងទ័ព របស់ខ្លួន ចេញពីទឹកដីកម្ពុជា មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ៕

ប្រធាន គ.ជ.ប ប្រាប់ទូតកាណាដាថា ការប្រមូលផ្តុំរបស់អង្គការក្រៅរដ្ឋាភិបាល ដើម្បីឃ្លាំមើលការបោះឆ្នោត ត្រូវគោរពច្បាប់ក្រសួងមហាផ្ទៃ!

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់លោកស្រី ជូនីកា ផតធី ឯកអគ្គរដ្ឋទូតកាណាដាថ្មី ប្រចាំប្រទេសកម្ពុជាថា ការប្រមូលផ្ដុំរបស់អង្គការក្រៅរដ្ឋាភិបាល ដើម្បីឃ្លាំមើលការបោះឆ្នោត ដាច់ខាតត្រូវគោរពច្បាប់ក្រសួងមហាផ្ទៃ។ ​ថ្លែងយ៉ាងដូច្នេះធ្វើឡើង ក្នុងជំនួបរវាងប្រធាន គ.ជ.ប ជាមួយលោកស្រី ឯកអគ្គរាជទូតកាណាដា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្ដីការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ ក្នុងជំនួបនោះ លោកស្រី ជូនីកា ផតធី លើកជាសំនួរថា តើអង្គការមិនមែនរដ្ឋាភិបាលអាចប្រមូលផ្ដុំគ្នា ដើម្បីចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត នៅកម្ពុជាបានដែរឬទេ?។ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការប្រមូលផ្ដុំរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ត្រូវគោរពតាមច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដូចនេះការប្រមូលផ្ដុំរបស់អង្គការមិនមែនរដ្ឋាភិបាល ក្នុងពេលបោះឆ្នោត យើងត្រូវពិនិត្យមើលលើទិដ្ឋភាពច្បាប់ ហើយករណីនេះ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ»។ ក្រៅពីបញ្ហាអង្គការមិនមែនរដ្ឋាភិបាលនេះ លោកស្រីឯកអគ្គរាជទូតក៏ចង់ដឹងពីមូលហេតុ ដែលនាំឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមិនអាចចុះឈ្មោះ និងបោះឆ្នោតបាន? ប្រធាន គ.ជ.ប បានអះអាងថា ការិយាល័យចុះឈ្មោះបោះឆ្នោត​ត្រូវ​មានទីតាំងនៅសាលាឃុំសង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត ដូច្នេះពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស…

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មេទ័ពរបស់កម្ពុជាទាំងអស់ថា នៅពេលនេះការចរចាទទួលបានជោគជ័យហើយ ក្រោយនាយករដ្ឋមន្ដ្រីឡាវ យល់ព្រមដកទ័ពចេញពីកម្ពុជា

FN ៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា បានប្រកាសប្រាប់ដល់មេទ័ពកំពូលៗរបស់កម្ពុជា នៅខេត្តស្ទឹងត្រែង​ មុននេះបន្ដិចថា ការចរចារបស់សម្ដេច ជាមួយនាយករដ្ឋមន្ដ្រីឡាវ បានជោគជ័យហើយបន្ទាប់ពីឡាវ បានយល់ព្រមដកកងទ័ពចេញពីទឹកដីស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង ជាតំបន់ដែលកងទ័ពឡាវបានចូលឈ្លានពាន​នៅទីនោះ។ មន្ដ្រីយោធាជាន់ខ្ពស់របស់កម្ពុជា បានប្រាប់បណ្ដាសារព័ត៌មាន Fresh News នៅមុននេះបន្ដិ​ចថា ការចរចាររបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយភាគីឡាវ ប្រកបដោយផ្លែផ្កាជាទីបំផុតគឺភាគីឡាវ បានយល់ព្រមដកទ័ពចេញពីទឹកដីកម្ពុជាហើយ។ មន្ដ្រីយោធាជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា សម្ដេចតេជោ​ ហ៊ុន សែន ក៏បានបញ្ជាឲ្យកងទ័ពរបស់កម្ពុជា ដែលកំពុងចល័តទៅតំបន់សមរភូមិនោះ ត្រូវត្រឡប់ចូលមូលដ្ឋានដើមវិញ។ សូមបញ្ជាក់ថា ការពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីចរចារជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត ដើម្បីឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា ហើយលទ្ធផលគឹយើងទទួលបានជោគជ័យហើយ សូមពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអបអរសាទរ នៃដំណឹងដ៏រីករាយបំផុតនេះ៕