FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទូចឲ្យអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ពិចារណាដាក់ប្រទេសសមាជិកអាស៊ានចំនួន៣បន្ថែមទៀត គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាសមាជិកនៃអង្គការមួយនេះ ដើម្បីធ្វើឲ្យកិច្ចពិភាក្សារវាងប្រទេសសមាជិកអាស៊ាន និង APEC កាន់តែមានភាពពេញលេញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យអង្គការនេះអនុញ្ញាតឲ្យប្រធាន និងអគ្គលេខាធិការអាស៊ានបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ APEC ឲ្យបានទៀងទាត់ផងដែរ។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅចំពោះមុខមេដឹកនាំមហាអំណាចពិភពលោក រួមនិងបណ្តាមេដឹកនាំប្រទេសសមា ជិកអាស៊ាន និងមេដឹកនាំមកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងកិច្ចសន្ទនាក្រៅផ្លូវការរវាងមេដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលបានធ្វើឡើងនៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងកិច្ចសន្ទនា ដែលមានការអញ្ជើញចូលរួមប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីរុស្ស៊ី លោកប្លាឌឺមៀ ពូទីន នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ៊្សូ អាបេ… សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ បានថ្លែងសុន្ទរកថាគន្លឹះដូចទៅនឹងមេដឹកនាំប្រទេសសមាជិក អាស៊ានដទៃទៀតផងដែរ។
ក្នុងកិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្រោមមូលបទ «ការរួមគ្នាក្នុងភាពជាដៃគូ ដើម្បីថាមភាពថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់គ្រប់ជ្រុងជ្រោយ នៃអាស៊ី-ប៉ាស៊ីហ្វីក» សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាស៊ាន និង APEC គឺជាដៃគូយ៉ាងសំខាន់ និងមានគោលដៅរួមដូចគ្នា ពោលគឺការជំរុញកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព នវានុវត្តន៍ និងបរិយាប័ន ព្រមទាំងការធ្វើសមាហរណកម្មចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក។
សម្តេចបន្តថា ក្នុងស្មារតីនេះ អាស៊ាន និង APEC នៅមានឱកាសច្រើនក្នុងការសហការគ្នា ដើម្បីស្វែងរកប្រភពកំណើនថ្មីៗ ពង្រឹងនវានុវត្តន៍ គាំទ្របណ្តាញផលិតកម្មតំបន់ ក៏ដូចជាការកាត់បន្ថយឧបសគ្គ ដែលរាំងស្ទះដល់សមាហរណកម្ម តាមរយៈការបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ ដែលជាផ្នែកមួយដ៏សំខាន់ នៃកិច្ចខិតខំប្រឹងប្រែងបើកចំហរតំបន់របស់ APEC ហើយនេះក៏អាចជា ការបោះជំហានដ៏ល្អមួយ សម្រាប់ការជម្រុញពាណិជ្ជកម្មសេរីក្នុងពិភពលោក។
សម្តេចតេជោ បានគូសបញ្ជាក់ថា ការចូលរួមរបស់អាស៊ានជាមួយ APEC មានកម្រិតមិនទាន់ពេញលេញនៅឡើយ ដោយសារប្រទេសអាស៊ាន ចំនួនបីទៀត រួមមានកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅមិនមែនជាសមាជិករបស់ APEC នៅឡើយ។ ក្នុងន័យនេះ សម្តេចបានស្នើដល់ថ្នាក់ដឹកនាំនៃប្រទេស APEC ទាំងអស់ពិចារណាដាក់បញ្ចូលប្រទេសទាំងបីនេះ ជាសមាជិក APEC ដើម្បីឲ្យអាស៊ានមានឱកាសចូលរួមចំណែកយ៉ាងសកម្មនិងពេញលេញ ក្នុងការសម្រេចបាននូវគោលដៅរួម និងភាពរុង រឿងក្នុងតំបន់។
លើសពីនោះទៅទៀត ដើម្បីបន្តរក្សាតួនាទីស្នូលរបស់អាស៊ាន ក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូសន្ទនាទាំងក្នុង និងក្រៅតំបន់សម្តេចក៏បានស្នើឲ្យអញ្ជើញប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន ចូលរួមជាទៀងទាត់ប្រចាំឆ្នាំក្នុងកិច្ចប្រជុំកំពូល APEC។
សូមបញ្ជាក់ថា កិច្ចពិភាក្សាក្រៅផ្លូវការរវាងមេដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក គឺមានការយាង និងអញ្ជើញចូលរួមពីបណ្តាមេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន និងបណ្ដាមេដឹកនាំនៃប្រទេសសមាជិកផ្សេងទៀតជាច្រើនរូប។ នៅក្នុងពិធីបើកកិច្ចសន្ទនាក្រៅផ្លូវការនេះ លោក ត្រាន់ ដាយក្វាង ប្រធានកិច្ចប្រជុំកំពូល APEC ឆ្នាំ២០១៧ បានថ្លែងថា APEC គឺស្ថិតក្នុងពេលវេលាដ៏សំខាន់មួយ ពោលគឺពិភពលោក កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងអាស៊ី-ប៉ាស៊ីហ្វីក ដែលកំពុងផ្លាស់ប្តូរ គឺកំពុងបង្ហាញឲ្យយើងនូវកាលានុវត្តភាព និងការប្រឈមដែលពុំធ្លាប់មានពីមុន។
លោក ត្រាន់ ដាយក្វាង បន្តថាបដិវត្តន៍ឧស្សាហកម្មលើកទី៤ របៀបវារ:ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ បានផ្តល់មូលដ្ឋានយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍជាសកលប្រកបដោយចីរភាព បរិយាប័ន និងសមធម៌។ នៅឆ្នាំ២០១៧នេះ APEC នឹងបន្តពន្លឿនការសម្រេចគោលដៅទីក្រុង Bogor នៃការធ្វើពាណិជ្ជកម្មនិងវិនិយោគដោយសេរី និងបើកទូលាយនៅឆ្នាំ២០២០ ជាមួយនិងភាពបន្ទាន់ថ្មី ក៏ដូចជាលើកកម្ពស់ទិដ្ឋភាពបីផ្នែក នៃការតភ្ជាប់រូបវ័ន្ត ស្ថាប័ន មនុស្សនិងមនុស្ស។
ក្នុងសុន្ទរកថាបើកកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំអាស៊ាន-APEC ឆ្នាំ២០១៧ នោះដែរ លោក រ៉ូដ្រីហ្គោ ឌូតឺតេ ប្រធាននាធិបតីសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន បានគូសបញ្ជាក់ពីអាទិភាពមួយចំនួនរបស់ APEC ទី១) ការលើកកម្ពស់កំណើន ប្រកបដោយចីរភាព ការច្នៃប្រឌិត និងបរិយាប័ន ទី២) ពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ទី៣) ពង្រឹងភាពប្រកួតប្រជែង និងនវានុវត្តន៍របស់សហគ្រិនមីក្រូធុនតូច និងមធ្យម នៅក្នុងយុគសម័យឌីជីថល និងទី៤លើកកម្ពស់សន្តិសុខ ស្បៀង និងកសិកម្មប្រកបដោយចីរភាព ក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។
បន្ទាប់ពីកិច្ចសន្ទនាបានបញ្ចប់ លោក ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានកិច្ចប្រជុំកំពូល APEC ឆ្នាំ២០១៧ និងភរិយា បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ និងជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេស APEC និងប្រទេសដៃគូសន្ទនាអាស៊ាន ដែលបានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC ឆ្នាំ២០១៧ និងកិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំអាស៊ាន-APEC ឆ្នាំ២០១៧ នៅតំបន់លំហែរកាយមាត់សមុទ្រ ទីក្រុងដាណាំង តំបន់ភូមិភាគកណ្តាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕