FN ៖ តាមរយៈសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសរុស្ស៊ី បានសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខនេះ ជាមួយការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការ និងចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការថែរក្សាសន្តិសុខ និងស្ថេរភាពនយោបាយ។
ការសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨នេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីរុស្ស៊ី លោក ឌីមេទ្រី ម់ាក់ម៉េដេវ។ លោក ឌីមេទ្រី ម់ាក់ម៉េដេវ បានថ្លែងថា ក្រៅពីផ្តល់ជំនួយសម្រាប់ការបោះឆ្នោតហើយនោះ លោក ក៏នឹងផ្តល់អ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍លើការបោះឆ្នោតនៅកម្ពុជាផងដែរ។
នាយករដ្ឋមន្រ្តីរុស្ស៊ី បានថ្លែងថា កម្ពុជា គឺជាមិត្តដ៏ស្និទ្ធស្នាលរបស់រុស្ស៊ី ហើយរុស្ស៊ីក៏គាំទ្រទាំងស្រុង ចំពោះចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សានូវស្ថេរភាពនយោបាយ និងសន្តិភាពនៅក្នុងប្រទេស ដោយមិនអនុញ្ញាតឲ្យបរទេសចូលមកជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងនោះ។
ក្នុងជំនួបខាងលើនេះ នាយករដ្ឋមន្រ្តីរុស្ស៊ី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការជួសជុលមន្ទីរពេទ្យរុស្ស៊ីផងដែរ ហើយដំណើរការជួសជុលនឹងចាប់ផ្តើមឡើងនាពេលឆាប់ៗខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់នាយករដ្ឋមន្រ្តីរុស្ស៊ី ឲ្យពិចារណាលុបបំណុលដែលកម្ពុជាជំពាក់។ ត្រង់បញ្ហានេះ នាយករដ្ឋមន្រ្តីរុស្ស៊ីបានឆ្លើយតបថា នឹងបង្កើតក្រុមការងារ ដើម្បីសិក្សាទៅលើបញ្ហានេះ។
ជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន និងលោក ឌីមេទ្រី មាក់ម៉េដេវ ក៏បានពិភាក្សាផ្តោតជាសំខាន់ ទៅលើការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីកម្ពុជា និងរុស្ស៊ី ក៏បានពិភាក្សាក្នុងការបើកឲ្យមានហោះហើរត្រង់ពីរុស្ស៊ី ទៅខេត្តព្រះសីហនុងផងដែរ៕