ថ្ងៃនេះ គ.ជ.ប ចេញសេចក្តីប្រកាសថា ប្រជាពលរដ្ឋខ្មែរជិត៣៥ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីឈ្មោះថ្មី ឆ្នាំ២០១៧

FN ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៣៩ថ្ងៃ នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត ៣៥ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន ៣,៥៤៦នាក់ និងអ្នកខុសកែតម្រូវមានចំនួន ៣,១៧៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលទើបចេញផ្សាយនៅរសៀលថ្ងៃទី១០ ខែតុលានេះ។ គ.ជ.ប បានឲ្យដឹងថា រយៈពេល៣៩ថ្ងៃ នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែតុលា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៣៤៧,៦៤៩នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕

គ.ជ.ប បង្ហាញទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០៦​ ខែតុលា ឆ្នាំ២០១៧នេះ បានបង្ហាញនូវ​ទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សរុបទាំងអស់មានចំនួន ៣៣មណ្ឌល ដែលមានទូទាំង២៥ រាជធានី-ខេត្ត។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសទិញផ្លូវ និងស្ពានលីយ៉ុងផាត់ ព្រែកព្នៅ មកគ្រប់គ្រងវិញ, ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ មិនបាច់បង់ប្រាក់ទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលា

FN ៖​ ជាកាដូដ៏ធំមួយទៀតហើយ ផ្ដល់ជូនដល់ជនរួមជាតិខ្មែរនោះគឺ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាសាធារណៈទិញយក ស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅ មកគ្រប់គ្រងវិញ ដូច្នេះបងប្អូនប្រជាពលរដ្ឋនឹងធ្វើដំណើរដោយមិនបាច់បង់ថ្លៃតទៅទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅលើ Facebook Page នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា «ដើម្បីដោះស្រាយនូវការលំបាកនិងជួយលើកកំពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៧នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៥ (ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ»។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។ សង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ»៕