FN ៖ ជាកាដូដ៏ធំមួយទៀតហើយ ផ្ដល់ជូនដល់ជនរួមជាតិខ្មែរនោះគឺ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាសាធារណៈទិញយក ស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅ មកគ្រប់គ្រងវិញ ដូច្នេះបងប្អូនប្រជាពលរដ្ឋនឹងធ្វើដំណើរដោយមិនបាច់បង់ថ្លៃតទៅទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅលើ Facebook Page នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា «ដើម្បីដោះស្រាយនូវការលំបាកនិងជួយលើកកំពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៥ (ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។ សង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ»៕