ថ្ងៃនេះ គ.ជ.ប ចេញសេចក្តីប្រកាសថា ប្រជាពលរដ្ឋខ្មែរជិត៣៥ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីឈ្មោះថ្មី ឆ្នាំ២០១៧

FN ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៣៩ថ្ងៃ នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត ៣៥ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន ៣,៥៤៦នាក់ និងអ្នកខុសកែតម្រូវមានចំនួន ៣,១៧៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលទើបចេញផ្សាយនៅរសៀលថ្ងៃទី១០ ខែតុលានេះ។ គ.ជ.ប បានឲ្យដឹងថា រយៈពេល៣៩ថ្ងៃ នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែតុលា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៣៤៧,៦៤៩នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕

គ.ជ.ប បង្ហាញទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០៦​ ខែតុលា ឆ្នាំ២០១៧នេះ បានបង្ហាញនូវ​ទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សរុបទាំងអស់មានចំនួន ៣៣មណ្ឌល ដែលមានទូទាំង២៥ រាជធានី-ខេត្ត។