សុន្ទរកថានិងសង្កថា សម្តេចតេជោ ហ៊ុន សែន បិទសន្និបាតសុខាភិបាលលើកទី ៤២ (បូកសរុបសមិទ្ធផលសុខាភិបាលរយៈពេល៥ ឆ្នាំ២០១៨-២០២២ និងទិសដៅឆ្នាំ២០២៣និងឆ្នាំបន្ត)

ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងឱកាស បិទសន្និបាតសុខាភិបាលលើកទី ៤២ ដើម្បីបូកសរុបសមិទ្ធផលសុខាភិបាលរយៈ​ពេល​ ៥​​ ឆ្នាំ និង​​ លើកទិសដៅសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ។​ វេទិកានេះ, មានសារៈសំខាន់ សម្រាប់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលរាជធានី-ខេត្ត, តំណាងក្រុមប្រឹក្សាឃុំ-សង្កាត់, ស្ថាប័នពាក់ព័ន្ធ, ទាំងវិស័យឯកជន និង ដៃគូអភិវឌ្ឍ ក្នុង វិស័យសុខាភិបាល ក្នុងការពិនិត្យ និងវាយតម្លៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ និងកំណត់ទិសដៅការងារ សម្រាប់អនុវត្ត នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត សំដៅ​​​រិះរកអភិក្រមសមស្រប និង មាន ប្រសិទ្ធភាព សម្រាប់ដោះស្រាយបញ្ហាប្រឈម ដើម្បីជំរុញការ លើកកម្ពស់សុខភាពប្រជាជន និងកែលម្អប្រព័ន្ធសុខាភិបាលកម្ពុជា ឱ្យកាន់​តែ​ប្រសើរ​ឡើង​ ។ តាមរយៈរបាយការណ៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ពីសមិទ្ធផល និង វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលវិស័យសុខាភិបាលសម្រេចបានរវាងឆ្នាំ ២០១៨-២០២២ ដោយ បានកែលម្អប្រព័ន្ធសុខាភិបាល និង លើកស្ទួ​យសុខុមាលភាពប្រជាជនឱ្យប្រសើរឡើងជាលំដាប់, ខ្ញុំសូមយក…

សេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យតេជោសន្តិភាព

(១) សម្រេចការសាងសង់ប្រមាណ ៨០% និងគ្រោងបញ្ចប់ក្នុងខែមិថុនា ថ្ងៃនេះយើងជួបជុំគ្នា បន្ទាប់ពីការត្រួតពិនិត្យទៅលើវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យដ៏ធំរបស់យើងនៅទីនេះ។ អម្បាញ់មិញឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍ជូនបន្ទាប់ពីការដែលយើងពិនិត្យនៅទីកន្លែងមួយចំនួន។ ខ្ញុំសូមយកឱកាសនេះថ្លែងជូននូវការកោតសរសើរចំពោះ​ការខិត ខំប្រឹងប្រែងរបស់សាលារាជធានីភ្នំពេញ (និង)ក្រសួងសុខាភិបាល ដែលបានខិតខំសហការគ្នាក្នុងការជំ រុញការសាងសង់នៅទីនេះ ជាមួយនឹងការខិតខំប្រឹងប្រែងនៃក្រុមហ៊ុនសាងសង់ ក៏ដូចជាការចូលរួមរបស់កម្មករ/ការនីរបស់យើងទាំងអស់ធ្វើឱ្យសម្រេចការសាងសង់បានប្រមាណជា៨០% ហើយដែលនឹងគ្រោងបញ្ចប់នៅក្នុងខែមិថុនាខាងមុខនេះ។ (២) ឆ្នាំ ២០២០/២១ ពុំមានមន្ទីរពេទ្យគ្រប់គ្រាន់ទទួលអ្នកជំងឺកូវីដ១៩ ហេតុអ្វីបានជាយើងចាំបាច់ត្រូវកសាងមន្ទីរពេទ្យនៅកន្លែងនេះ? បទពិសោធន៍ដ៏របស់យើង កាលពីឆ្នាំ២០២០និង២០២១ បានផ្ដល់មេរៀនឱ្យយើង ដាស់តឿនយើង ឱ្យយកចិត្តទុកដាក់លើកិច្ចការដែលយើងត្រូវធ្វើជៀសវាងមិនបាន ហើយវាក៏ជាគោលដៅវែងឆ្ងាយរបស់យើងទាក់ទងជាមួយនឹងសុខុមាលភាពរបស់ប្រជាជនផងដែរ។ ឆ្នាំ២០២០និង២០២១ យើងមានការលំបាកណាស់។ យើងពុំមានមន្ទីរពេទ្យគ្រប់គ្រាន់ដើម្បីទទួលអ្នកជំងឺរាប់ម៉ឺននាក់។ ពេលនោះអត្រាឆ្លងគឺខ្ពស់ណាស់ ចំនួនអ្នកស្លាប់ក៏ច្រើន។ យើងប្រវេប្រវាសព្វគ្រប់ តាំងពីសណ្ឋាគារផ្កាយ៥ តាំងពីកន្លែងវិស័យឯកជនដែលផ្ដល់ការអនុញ្ញាតឱ្យយើងខ្ចី ដោយមិនយកប្រាក់ដូចជាកោះពេជ្រ, ព្រីមៀរសែនសុខ និងនៅកន្លែងមួយចំនួនទៀត។ យើងប្រើអស់លទ្ធភាព។ ធ្វើទាំងយប់ធ្វើទាំងថ្ងៃ ដើម្បីធានាថាអ្នកឆ្លងកូវីដ-១៩ទាំងអស់មិនបានដេកផ្ទាល់ដីនោះទេ។ យើងបានទិញយកមន្ទីរពេទ្យមួយ ដែលឥឡូវនេះប្រសិទ្ធនាមហៅថាមន្ទីរពេទ្យហ្លួងម៉ែ ដែលបន្ទាប់ពីការព្យា​បាលកូវីដ-១៩ ហើយនោះ យើងកំពុងតែប្រែក្លាយមន្ទីរពេទ្យនេះឱ្យទៅជាមន្ទីរពេទ្យឯកទេសសម្រាប់ជំងឺមហារីក។ យើងនឹងដាក់ឱ្យដំណើរការព្យាបាលអ្នកដែលមានជំងឺមហារីក ដែលជាពិសេស ស្ត្រីមួយចំនួនតែម្ដងទទួលមរណភាពដោយសារតែរឿងមហារីកនេះ។ (៣) ជាមន្ទីរពេទ្យធំជាងគេបង្អស់នៅកម្ពុជា ការលំបាកទាំងនោះផ្ដល់មេរៀនឱ្យយើង។ យើងត្រូវតែមានសមត្ថភាពគ្រប់គ្រងសភាពការណ៍។…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៥

ថ្ងៃនេះយើងជួបជុំគ្នា នៅក្នុងបរិយាកាសមួយពោរពេញទៅដោយភាពសុខដុមរមនា បន្ទាប់ពីបានអាក់ខានកាលពីរយៈ​ពេលកូវីដ-១៩ ញាំញី ធ្វើអោយយើងមិនអាចធ្វើ(ការជួបជុំបាន)នៅក្នុងឆ្នាំ ២០២១និង២០២២។ ការធ្វើជួបគ្នាលើកនេះទៀតសោត ក៏គាប់ជួននឹងក្រោយចូលឆ្នាំសកល ដែលឆ្លងពីឆ្នាំ ២០២២ មកឆ្នាំ ២០២៣ ដែលខ្ញុំសូមយកឱកាសនេះជូនពរចំពោះសម្ដេចឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ សូមប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងជួបប្រទះតែនឹងពុទ្ធពរនិងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ (១) ជំនួបរវាងនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាននិងអ្នកផ្តល់ព័ត៌មាន ជំនួបថ្ងៃនេះ វាមិនមែនគ្រាន់តែជាជំនួបជាមួយអ្នកសារព័ត៌មានប្រមាណជាង ៥ ពាន់នាក់នោះទេ ក៏ប៉ុន្តែក៏មានអ្នកដែលត្រូវផ្ដល់ព័ត៌មាន ដែលក្នុងនោះមានអ្នកនាំពាក្យនៃបណ្ដាស្ថាប័នរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំនៃស្ថាប័នដែលមានការពាក់ព័ន្ធ ក៏បានអញ្ជើញមកទីនេះ។ ដូច្នេះ វាមិនគ្រាន់តែជាជំនួបរវាងនាយករដ្ឋមន្ត្រីជាមួយនឹងអ្នកសារព័ត៌មានប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាជំនួបរវាងអ្នកសារព័ត៌មាននិងជាអ្នកផ្តល់ព័ត៌មានផងដែរ។ ខ្ញុំគិតថា បើ​ទោះបី(មាន)ការវិវដ្ដនៅពេលក្រោយយ៉ាងណាក៏ដោយ វេទិកាបែបនេះគួរតែត្រូវរក្សាទុកដោយអ្នកជំនាន់បន្តវេននៅពេលណាមួយនោះ ព្រោះវាជាផលប្រយោជន៍សម្រាប់ទាំងអស់គ្នា ដើម្បីកសាងប្រទេសជាតិរបស់យើង អោយរីកចម្រើនទៅមុខ។ (២) អ្នកសារព័ត៌មានជាមន្ត្រីជួរមុខក្នុងការទទួលវ៉ាក់សាំង ខ្ញុំសូមអរគុណចំពោះការធ្វើរបាយការណ៍របស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ​រដ្ឋមន្ត្រីក្រសួងព័ត៌មានអម្បាញ់មិញនេះ អំពីវឌ្ឍនភាពទាំងឡាយដែលបានកើតក្នុងរយៈពេលកន្លងទៅ។…