ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសចុះពិនិត្យការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» និងសំណេះសំណាលជាមួយក្រុមការងារសាងសង់

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យដំណើរ ការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រៅតែពិនិត្យដំណើរការសាងសង់ហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ជួបសំណេះសំណាលប្រមាណជាង១ម៉ោង ជាមួយក្រុមការងារសាងសង់ កម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យ សរុបប្រមាណ ១,២០០នាក់។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ក៏ដូចជាក្រុមហ៊ុន កម្មករ កម្មការិនី ដែលបានរួមគ្នាប្រឹងប្រែងសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ឱ្យសម្រេចបានប្រមាណ ៨០ភាគរយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់នៃជំងឺឆ្លងកូវីដ១៩ ទើបជំរុញឱ្យរាជរដ្ឋាភិបាលសាងសង់មន្ទីរពេទ្យ «តេជោសន្តិភាព»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅអាទិភាពទាំងឡាយរបស់រាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យជាតិ…

សេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យតេជោសន្តិភាព

(១) សម្រេចការសាងសង់ប្រមាណ ៨០% និងគ្រោងបញ្ចប់ក្នុងខែមិថុនា ថ្ងៃនេះយើងជួបជុំគ្នា បន្ទាប់ពីការត្រួតពិនិត្យទៅលើវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យដ៏ធំរបស់យើងនៅទីនេះ។ អម្បាញ់មិញឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍ជូនបន្ទាប់ពីការដែលយើងពិនិត្យនៅទីកន្លែងមួយចំនួន។ ខ្ញុំសូមយកឱកាសនេះថ្លែងជូននូវការកោតសរសើរចំពោះ​ការខិត ខំប្រឹងប្រែងរបស់សាលារាជធានីភ្នំពេញ (និង)ក្រសួងសុខាភិបាល ដែលបានខិតខំសហការគ្នាក្នុងការជំ រុញការសាងសង់នៅទីនេះ ជាមួយនឹងការខិតខំប្រឹងប្រែងនៃក្រុមហ៊ុនសាងសង់ ក៏ដូចជាការចូលរួមរបស់កម្មករ/ការនីរបស់យើងទាំងអស់ធ្វើឱ្យសម្រេចការសាងសង់បានប្រមាណជា៨០% ហើយដែលនឹងគ្រោងបញ្ចប់នៅក្នុងខែមិថុនាខាងមុខនេះ។ (២) ឆ្នាំ ២០២០/២១ ពុំមានមន្ទីរពេទ្យគ្រប់គ្រាន់ទទួលអ្នកជំងឺកូវីដ១៩ ហេតុអ្វីបានជាយើងចាំបាច់ត្រូវកសាងមន្ទីរពេទ្យនៅកន្លែងនេះ? បទពិសោធន៍ដ៏របស់យើង កាលពីឆ្នាំ២០២០និង២០២១ បានផ្ដល់មេរៀនឱ្យយើង ដាស់តឿនយើង ឱ្យយកចិត្តទុកដាក់លើកិច្ចការដែលយើងត្រូវធ្វើជៀសវាងមិនបាន ហើយវាក៏ជាគោលដៅវែងឆ្ងាយរបស់យើងទាក់ទងជាមួយនឹងសុខុមាលភាពរបស់ប្រជាជនផងដែរ។ ឆ្នាំ២០២០និង២០២១ យើងមានការលំបាកណាស់។ យើងពុំមានមន្ទីរពេទ្យគ្រប់គ្រាន់ដើម្បីទទួលអ្នកជំងឺរាប់ម៉ឺននាក់។ ពេលនោះអត្រាឆ្លងគឺខ្ពស់ណាស់ ចំនួនអ្នកស្លាប់ក៏ច្រើន។ យើងប្រវេប្រវាសព្វគ្រប់ តាំងពីសណ្ឋាគារផ្កាយ៥ តាំងពីកន្លែងវិស័យឯកជនដែលផ្ដល់ការអនុញ្ញាតឱ្យយើងខ្ចី ដោយមិនយកប្រាក់ដូចជាកោះពេជ្រ, ព្រីមៀរសែនសុខ និងនៅកន្លែងមួយចំនួនទៀត។ យើងប្រើអស់លទ្ធភាព។ ធ្វើទាំងយប់ធ្វើទាំងថ្ងៃ ដើម្បីធានាថាអ្នកឆ្លងកូវីដ-១៩ទាំងអស់មិនបានដេកផ្ទាល់ដីនោះទេ។ យើងបានទិញយកមន្ទីរពេទ្យមួយ ដែលឥឡូវនេះប្រសិទ្ធនាមហៅថាមន្ទីរពេទ្យហ្លួងម៉ែ ដែលបន្ទាប់ពីការព្យា​បាលកូវីដ-១៩ ហើយនោះ យើងកំពុងតែប្រែក្លាយមន្ទីរពេទ្យនេះឱ្យទៅជាមន្ទីរពេទ្យឯកទេសសម្រាប់ជំងឺមហារីក។ យើងនឹងដាក់ឱ្យដំណើរការព្យាបាលអ្នកដែលមានជំងឺមហារីក ដែលជាពិសេស ស្ត្រីមួយចំនួនតែម្ដងទទួលមរណភាពដោយសារតែរឿងមហារីកនេះ។ (៣) ជាមន្ទីរពេទ្យធំជាងគេបង្អស់នៅកម្ពុជា ការលំបាកទាំងនោះផ្ដល់មេរៀនឱ្យយើង។ យើងត្រូវតែមានសមត្ថភាពគ្រប់គ្រងសភាពការណ៍។…