FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យដំណើរ ការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រៅតែពិនិត្យដំណើរការសាងសង់ហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ជួបសំណេះសំណាលប្រមាណជាង១ម៉ោង ជាមួយក្រុមការងារសាងសង់ កម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យ សរុបប្រមាណ ១,២០០នាក់។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖
- សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ក៏ដូចជាក្រុមហ៊ុន កម្មករ កម្មការិនី ដែលបានរួមគ្នាប្រឹងប្រែងសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ឱ្យសម្រេចបានប្រមាណ ៨០ភាគរយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់នៃជំងឺឆ្លងកូវីដ១៩ ទើបជំរុញឱ្យរាជរដ្ឋាភិបាលសាងសង់មន្ទីរពេទ្យ «តេជោសន្តិភាព»។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅអាទិភាពទាំងឡាយរបស់រាជរដ្ឋាភិបាល។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានសមត្ថភាពទទួលអ្នកជំងឺបានរហូតដល់ជិត១ម៉ឺននាក់។
- សម្តេចតេជោ ហ៊ុន សែន កោតសរសើរអ្នករចនាប្លង់អគារមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ដោយមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពនៅពេលកូវីដ១៩ រាតត្បាតមិនមានពលរដ្ឋណាម្នាក់ ដេកតាមផ្លូវ ហើយអ្នកស្លាប់មិនមានសពណាអត់ក្តាមឈូស។
- សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានអនុប្រធាន៥រូប។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចំណាយសម្រាប់ក្រសួងសុខាភិបាល និងអប់រំ មានអាទិភាពខ្ពស់ជាងគេ។
- សម្តេតេជោ ហ៊ុន សែន សម្រេចឱ្យជ្រើសរើសពេទ្យ ២០០នាក់ សម្រាប់បម្រើការងារនៅមន្ទីរពេទ្យ «តេជោសន្តិភាព»។
- សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតផ្តល់បុគ្គលិកជាប់កិច្ចសន្យា ៣០០នាក់ សម្រាប់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព»។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋកុំឱ្យថ្ងៃបុណ្យចូលឆ្នាំចិន ក្លាយជាទុក្ខព្រោះគ្រោះថ្នាក់ចរាចរណ៍។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំចាត់ទុកគ្រប់រឿងរបស់អ្នកនយោបាយ ជារឿងនយោបាយ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីព្រមានចាត់វិធានការច្បាប់ រាល់សម្តីប៉ះពាល់ដល់កិត្តិយសបក្សប្រជាជនកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សំណុំរឿងលោក ថាច់ សេដ្ឋា មិនជាប់ពាក់ព័ន្ធនយោបាយទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់វិធានការច្បាប់ ដើម្បីការពារភាពស្អាតស្អំ។
- សម្តេចតេជោ ហ៊ុន សែន ណែនាំលោក គី តិច ពិនិត្យសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចោទថា គណបក្សប្រជាជនកម្ពុជាគំរាមកំហែងបក្សខ្លួន។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីពេលនេះតទៅ មិនអត់ឱនដល់អ្នកប្រមាថមើលងាយបក្សប្រជាជនកម្ពុជានោះឡើយ គឺចាប់ពីក្រោមរហូតដល់លើ។
- សម្តេចតេជោ ហ៊ុន សែន ហាមជនបរទេសកុំលូកដៃក្នុងបទល្មើសរបស់អ្នកនយោបាយនៅកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មិនចំណុះឱ្យប្រទេសណាមួយនោះទេ។
- សម្តេចតេជោ បានថ្លែងថា កុំយកអាជីពជាអ្នកសារព័ត៌មាន អ្នកនយោបាយ និងអង្គការសង្គមស៊ីវិល បិទបាំងភាពទុច្ចរិត។
- សម្តេចតេជោ ហ៊ុន សែន ហៅលោក ហូរ វ៉ាន់ ឱ្យវិលចូលស្រុកវិញ ដោយសម្តេចលើកលែងទោសឱ្យ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លះម៉ែឪយួន បែរជាចោទសម្តេច និងថ្នាក់ដឹកនាំបក្សប្រជាជនថាជាយួន។