ប្រធាន គ.ជ.ប ចេញប្រកាសអះអាងថា «ការបោះឆ្នោតនាពេលខាងមុខគ្មានខុសច្បាប់ និងយុត្តិសាស្ដ្រណាទេ»

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសដោយធានាអះអាងថា ការបោះឆ្នោតនាពេលខាងមុខ គ្មានខុសច្បាប់ ឬយុត្ដិសាស្ដ្រណាទេ ហើយក្នុងការដែលលោកបំភ្លឺជុំវិញភាពស្របច្បាប់នៃការបោះឆ្នោត នៅពេលដែលមានការលើកឡើងថា អវត្តមានរបស់ អតីតគណបក្សសង្គ្រោះជាតិ អត្រានៃប្រជាពលរដ្ឋដែលចេញទៅបោះឆ្នោតមានចំនួនតិច និងការចូលរួម ឬមិនចូលរួមរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ក្នុងការសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់ការប្រកាសផ្សព្វផ្សាយពីការចាប់ផ្ដើមដំណើរការរៀបចំ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ជាផ្លូវការចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះតទៅ។ ការផ្សព្វផ្សាយនេះត្រូវបានធ្វើឡើងនៅចំពោះមុខតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងមហាផ្ទៃ, ក្រសួងព័ត៌មាន, អង្គការមិនមែនរដ្ឋាភិបាលចំនួន១៦, គណបក្សនយោបាយចំនួន១១, តំណាងស្ថានទូតជប៉ុន, ជំនាញការអង្គការ JICA, ជំនាញការ KOICA។ បើតាម គ.ជ.ប លោក ស៊ិក ប៊ុនហុក បានជម្រាបជូនយ៉ាងក្បោះក្បាយអំពីដំណើរការនៃការរៀបចំការបោះឆ្នោតជាតិនាពេលខាងមុខ តាំងពីការរៀបចំបញ្ជីបោះឆ្នោត ការជ្រើសរើស និងតែងតាំងមន្ដ្រីបោះឆ្នោត ការត្រៀមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការត្រៀមឃោសនាបោះឆ្នោត ការផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោត ការចុះឈ្មោះអ្នកសង្កេតការណ៍ និងជាពិសេសថ្ងៃបោះឆ្នោត…

គ.ជ.ប ចេញគោលការណ៍សម្រាប់ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ស្ដីពីការរៀបចំកម្មវិធីសំណួរ-ចម្លើយ ឬពិភាក្សា អំពីគោលនយោបាយរបស់គណបក្ស អំឡុងពេលឃោសនាបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញគោលការណ៍សម្រាប់ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ស្ដីពីការរៀបចំកម្មវិធីសំណួរ-ចម្លើយ ឫពិភាក្សា អំពីគោលនយោបាយរបស់ គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលមានបំណងរៀបចំ កម្មវិធីសំណួរ-ចម្លើយ ឬពិភាក្សា អាចពិគ្រោះយោបល់ ជាមួយគណៈកម្មការសម្របសម្រួលកម្មវិធីស្មើភាព គ.ជ.ប មុននឹងចាប់ផ្ដើមកម្មវិធីនេះ លើបញ្ហាមួយចំនួនដូចជា៖ * លក្ខណៈបច្ចេកទេសដែលត្រូវរៀបចំធ្វើ * ប្រធានបទ ឫសំណួរ ដែលត្រូវដាក់ជូនគណបក្សនយោបាយ * ការសម្របសម្រួលទីតាំងប្រជុំ និងសន្ដិសុខ សុវត្ថិភាព។ គ.ជ.ប បានបញ្ជាក់បន្ថែមទៀតថា «សាមីអង្គការ ឬប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលរៀបចំកម្មវីធី ត្រូវទទួលខុសត្រូវលើខ្លឹមសារផ្សព្វផ្សាយគោលនយោបាយនេះ នឹងទទួលបន្ទុករាល់ការចំណាយទាំងអស់»។

គ.ជ.ប៖ ឯកសារចំនួន៣ ដែលអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅខែកក្កដាខាងមុខនេះ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ ដោយបញ្ជាក់ថា មានឯកសារចំនួន៣ ដែលអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ប្រភេទឯកសារ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ត្រូវបានគ.ជ.ប បញ្ជាក់ថា៖ ទី១៖ អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ទាំងបីប្រភេទរួមមាន ប្រភេទទី១ ឬទី២ ឬទី៣ ទី២៖ ឯកសារបញ្ជាក់អត្ដសញ្ញាណ បម្រើឲ្យការបោះឆ្នោត (ឯ.អ) ទី៣៖ ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ (ឯ.អ) ដែលមានបញ្ជាក់ពីការមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ដោយ គឃ.សប។ បើតាមគ.ជ.ប នេះជាគោលបំណងធានាដល់សិទ្ធិក្នុងបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ប៉ុន្ដែមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនបាត់ ឬខូច៕​