ក្រោកពីយប់ ដើម្បីមកជួបគ្នានេះ ងងុយដេកទេក្មួយៗ? អត់ទេ! បែរជាមកងងុយពូឯណេះ។ ថាក្មួយៗទៅចុះក្រោកពីយប់ ដើម្បីបានមកជួបជាមួយនឹងពូព្រឹកនេះទាន់ពេលវេលា ប៉ុន្តែ ចម្លែកពូឯណេះ មិនដឹងយ៉ាងម៉េចបានជាម៉ោង ៣.៣០ (ព្រឹក) ភ្ញាក់នឹងគេ? ភ្ញាក់រហូត។ (ដេក)អត់លក់ទៅវិញ។ ឥឡូវ ចាប់ផ្តើមងងុយហើយ ប៉ុន្តែ ក្មួយៗសំណាងជាងពូ នៅត្រង់ថា ពេលដែលជួបគ្នារួចហើយ គឺក្មួយៗមានឱកាសបានឈប់សម្រាកមួយល្ងាចនេះទៀត។ ឯពូគឺអត់ទេ ល្ងាចនេះគឺ(ជួបជាមួយ)រដ្ឋមន្ត្រីការបរទេសឥណ្ឌាផង។ ទៅពីហ្នឹងមិនដឹងថា នៅលើតុមាន(ឯកសារ)ប៉ុន្មាន? (អាហ្នឹង)មួយ។ មួយទៀត មុនទៅជួប(រដ្ឋមន្ត្រីការបរទេស)ឥណ្ឌា ត្រូវកាន់ឯកសារយកទៅទីស្តីការគណៈរដ្ឋមន្ត្រី រួចហើយមុនពេលគេមកដល់ យើងត្រូវចុះហត្ថលេខា និងសម្រេចកិច្ចការមួយចំនួន។ ត្រឡប់មកផ្ទះ មិនដឹងថាគេដាក់(ឯកសារ)ប៉ុន្មានទៀត? គេថាមនុស្សដែលធ្វើ(ជា)នាយករដ្ឋមន្ត្រី ឬធ្វើជាចៅហ្វាយស្រុក (ឬ)ចៅហ្វាយខេត្ត (ឬ)រដ្ឋមន្ត្រីអី សុទ្ធតែជាមនុស្សមានសំណាង អ្នកមានបុណ្យ … ផ្ទុយទៅវិញទេ។
បន្តជួបកម្មករ/ការិនីតាមការសន្យានៅមុនពេលបោះឆ្នោត
ថ្ងៃនេះ រីករាយណាស់ ដែលបានមកជួបក្មួយៗសាជាថ្មីម្តងទៀត។ ពូបាននិយាយកាលពីពេលមុនបោះឆ្នោតថា ប្រសិនបើគណបក្សប្រជាជនជាប់ឆ្នោត ពូនឹងបន្តដំណើរជួបជាមួយកម្មករ/ការិនីតទៅទៀត។ ប៉ុន្តែ បើសិនជាគណបក្សប្រជាជនមិនទទួលបាននូវការគាំទ្រ និយាយពាក្យមួយម៉ាត់ថា ចាញ់ឆ្នោតទៅចុះ គឺពូមិនទៅដណ្តើមការងារអនាគតនាយករដ្ឋមន្ត្រីទេ ទុកឲ្យគេធ្វើចុះ។ ប៉ុន្តែ អ្វីៗបានច្បាស់លាស់អស់ហើយ។ គណបក្សប្រជាជនបានទទួលសម្លេងឆ្នោតរហូតទៅដល់ ១០០% នៃអាសនៈនៅក្នុងសភាឯណោះ។ ដូច្នេះ អ្វីដែលពូបានសន្យាមុនការបោះឆ្នោត ក៏បានធ្វើជាបន្តទៀត។ លើកនេះ(ជា)លើកទី ៥ ក្រោយការបោះឆ្នោត ប៉ុន្តែ ទើបនឹងដាក់បញ្ចូលក្នុងកម្មវិធីថ្មីនេះ គឺដូចជាដប់ទៀត។ នៅសល់ដប់ទៀត។ ដប់ហ្នឹងគ្រាន់តែនៅក្បែរៗភ្នំពេញហ្នឹងទេ។ នៅតែភ្នំពេញ, កណ្តាល, កំពង់ស្ពឺ, តាកែវ, កោះកុង។ ហើយមិនទាន់គ្របដណ្តប់អស់នៅឡើយទេ។
នឹងចុះទៅរោងចក្រផ្ទាល់ បន្ទាប់ពីការជួបជាមួយកម្មករ/ការិនីអស់
ពូនឹងបន្តកិច្ចការដែលត្រូវជួបជាមួយនឹងកម្មករ/ការិនីរបស់យើងនេះ ជួបឲ្យអស់។ បន្ទាប់ពីការជួបអស់ហើយ យើងជួបវិលជុំ បានសេចក្តីថា បន្ទាប់ពីការជួបជាមួយក្មួយៗហើយ ពូនឹងបន្តប្រចាំសប្តាហ៍របស់ពូ ដើម្បីទៅសួរសុខទុក្ខចំពោះកម្មករនៅតាមរោងចក្រ។ នោះជាដំណើរនៃការអនុវត្តនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ជាមួយនឹងការចូលរួមចំណែក និងការដោះស្រាយបញ្ហាកង្វល់នានា ឬក៏បញ្ហាប្រឈមនានាដែលនៅសេសសល់ ជម្រុញដំណើរទៅមុខទាំងអស់គ្នា លើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់ប្រទេសយើង។ ក្នុងហ្នឹងមានផ្នែកឧស្សាហកម្ម ដែលទាក់ទងនឹងការងារធ្វើរបស់ក្មួយៗ ប្រាក់ចំណូលរបស់ក្មួយៗ។
អរគុណប្រជាជននៅទូទាំងប្រទេស បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
ពូសុំយកឱកាសនេះ នៅទីនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ហើយក្នុងនាមខ្លួនពូផ្ទាល់ដែលជាបេក្ខជននាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណចំពោះក្មួយៗជាកម្មករ/ការិនីនៅទីនេះ និយាយដោយឡែក និយាយរួម កម្មករ/ការិនី ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ បានបង្ហាញឲ្យឃើញថា គណបក្សនេះ នៅតែជាគណបក្សដែលដើរតួនាទីគន្លឹះក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។ ក្មួយៗបានសម្រេចចិត្តចូលរួមបោះឆ្នោត មានន័យថា ក្មួយៗគាំទ្រដំណើរលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាទៀងទាត់ តាមរយៈការប្រើសិទ្ធិរបស់ខ្លួន ទោះបីមានក្រុមអសិរពិស ដែលគេបន្តុះបង្អាក់តាមរបស់ដែលហៅថា “ដេកផ្ទះ ឈ្នះស្អាត ឬដេកផ្ទះ ឈ្នះឯង” …។
គណបក្សប្រជាជន មានលទ្ធភាពឈរជើងការពារសេចក្តីសុខរបស់ប្រជាជន
ម្យ៉ាងទៀត ក្មួយៗក៏បានចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍ តាមរយៈបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះនៅទីនេះ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលមានលទ្ធភាពឈរជើងការពារនូវសេចក្តីសុខសម្រាប់ប្រជាជន គឺសន្តិភាពដែលយើងរកបានដោយលំបាក ហើយសន្តិភាពនោះហើយ ដែលធានាអះអាងឲ្យក្មួយៗមានលទ្ធភាព ដើម្បីរក្សាបាននូវការងារ និងប្រាក់ចំណូល និយាយដោយឡែក សម្រាប់ក្មួយៗនៅទីនេះ និយាយជារួម សម្រាប់ការអភិវឌ្ឍ។ គ្មានសន្តិភាព ពិតជាគ្មានការអភិវឌ្ឍទេ។
បោះឆ្នោតឲ្យគណបក្សប្រជាជន បោះឆ្នោតដើម្បីខ្លួនឯង ជីដូនជីតា និងឪពុកម្តាយ
នៅថ្ងៃយុទ្ធនាការឃោសនា(បោះឆ្នោត)ចាប់ផ្តើម ជាពិសេស នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ពូបាននិយាយយ៉ាងច្បាស់ថា “បើសិនស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ សូមបោះឆ្នោតឲ្យគណបក្ស ប្រជាជនកម្ពុជា”។ បន្ទាប់ទៅពូបានប្រើសារនយោបាយផ្តាច់ព្រ័ត្រមួយទៀត នៅត្រង់ថា “សន្តិភាពសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នា គឺសម្រាប់សន្តិភាព”។ រឿងនេះ វាបានក្លាយទៅជាការពិត ដែលពូសុំយកឱកាសនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ក្នុងនាមពូផ្ទាល់ ដែលជាបេក្ខជននាយករដ្ឋមន្ត្រី ដែលមានភារកិច្ចរៀបចំគណៈរដ្ឋមន្ត្រីនៅអាទិត្យក្រោយនេះ គឺអរគុណចំពោះ ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្មួយៗកម្មករ/ការិនី ក៏ដូចជាប្រជាជននៅទូទាំងប្រទេស។ នេះមិនមែនជារឿងដែលចម្លែកទេ ក្មួយៗបោះឆ្នោតឲ្យគណបក្សប្រជាជន វាមិនខុសពីបោះឆ្នោតឲ្យខ្លួនឯងនោះទេ។
បន្ថែមលើនោះ វាជាការបោះឆ្នោតគាំទ្រនូវមោទនភាព នៃស្នាដៃរបស់ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ដែលធ្លាប់បានរួមដំណើរជាមួយគណបក្សប្រជាជន ជាមួយពូ តាំងពីដំណាក់កាល នៃការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការស្វែងរកនូវសន្តិភាព ជាពិសេស ដំណាក់កាលចុងក្រោយ គឺការអនុវត្តនូវនយោបាយឈ្នះឈ្នះ។ បន្ថែមលើនោះ ការស្តារជីវភាពក្នុងបញ្ហាសេដ្ឋកិច្ច និងសង្គម សម្រាប់គ្រួសារ ក៏ដូចជាសម្រាប់ប្រទេសជាតិ។ ពួកគាត់ដែលជាជីដូនជីតា ឪពុកម្តាយរបស់ក្មយៗ បានលះបង់ធំណាស់។ ដូច្នេះ សន្លឹកឆ្នោតដែលក្មួយបានបោះ គឺជាសន្លឹកឆ្នោតបោះសម្រាប់ខ្លួនឯង សម្រាប់លើកតម្លៃ និងមោទនភាពរបស់ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗផងដែរ។
គណបក្សប្រជាជនកម្ពុជា រួមសុខទុក្ខជាមួយប្រជាពលរដ្ឋ គ្មានអវត្តមានមួយពេលណា
យើងបានធ្វើការជាមួយគ្នា ក្នុងក្របខណ្ឌរួមសុខរួមទុក្ខជាមួយគ្នា រយៈពេលជិត ៤០ ឆ្នាំហើយ។ នៅសល់តែប៉ុន្មានខែទៀតតែប៉ុណ្ណោះ ខួបលើកទី ៤០ នៃថ្ងៃរំដោះ ៧ មករា នឹងបានមកដល់។ មានតែគណបក្សប្រជាជនកម្ពុជា ដែលជាអ្នករស់នៅរួមសុខទុក្ខជាមួយនឹងប្រជាពលរដ្ឋ មិនដែលអវត្តមានពេលណាមួយនោះទេ។ មានឥស្សរជនមួយចំនួនក៏បានមរណកាលទៅហើយ បន្សល់ទុកនូវស្នាដៃជាច្រើន សម្រាប់ការបន្តវេននៃអ្នកជំនាន់ក្រោយ។ ឯមួយចំនួនទៀត ក៏នៅរស់រានមានជីវិត បន្តដំណើរជាមួយជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ បើសិនជាគាត់នៅរស់។ ប៉ុន្តែ អ្វីដែលសំខាន់ គឺកំពុងតែអមដំណើរក្មួយៗ ដែលជាយុវជន ដើម្បីឈានឆ្ពោះទៅមុខ នាំប្រទេសពីក្រីក្រលំបាក ពីការបែកបាក់ ពីសង្គ្រាមហែកហួរ មកកាន់សន្តិភាព ពីក្រីក្រតោកយ៉ាក ទៅជាប្រទេសមួយដែលមានការអភិវឌ្ឍបង្គួរ គឺជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។
ដើម្បីបានប្រាក់បៀវត្សអប្បបរមា ១៧០ ដុល្លារ រដ្ឋត្រូវខាតបង់ជាង ៤០ លានដុល្លារ
សព្វថ្ងៃនេះ ក្មួយៗក៏បានទទួលផលនេះខ្លួនឯង ដែលមើលឃើញច្បាស់ពីការកើនឡើងជាបន្តបន្ទាប់នូវការងារធ្វើ ហើយការកើនឡើងនៃប្រាក់ឈ្នួលជាបន្តបន្ទាប់។ ឆ្នាំទៅយើងអនុវត្ត(ប្រាក់ឈ្នួលអប្បបរមា) ១៥៣ ដុល្លារអាមេរិក ឥឡូវនេះ យើងកំពុងអនុវត្ត(ប្រាក់ឈ្នួលអប្បបរមា) ១៧០ ដុល្លារអាមេរិក។ ឥឡូវនេះ ក៏ដល់ពេលវេលាត្រូវចរចាអំពីប្រាក់បៀវត្សអប្បបរមា សម្រាប់ឆ្នាំ ២០១៩។ មានន័យថា ប្រាក់បៀវត្សរ៍របស់យើងត្រូវឡើងជាប្រចាំ ជាមួយនឹងការខិតខំធ្វើរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ដំណើរការរបស់រោងចក្រ ហើយតាមរយៈការងាយស្រួលដំណើរការរបស់រោងចក្រនោះ ក៏មានមួយផ្នែកដែលវាជាផលប្រយោជន៍ផ្ទាល់របស់កម្មករ។
ពូលើកឧទាហរណ៍៖ ដូចជាដំណាក់កាលដំឡើងបៀវត្សរ៍ឲ្យក្មួយៗដល់ទៅ ១៧០ ដុល្លារអាមេរិក ពេលនោះខាងសមាគមរោងចក្រកាត់ដេរ មានលទ្ធភាពត្រឹមតែ ១៦៥ ដុល្លារអាមេរិក ប៉ុន្តែ បំណងរបស់ពូចង់ឲ្យក្មយៗបានទៅដល់ ១៧០ ដុល្លារអាមេរិក អញ្ចឹង ការចរចាគ្នាត្រូវធ្វើ រវាងរាជរដ្ឋាភិបាលជាមួយនឹងម្ចាស់រោងចក្រ។ ម្ចាស់រោងចក្របានស្នើសុំនូវចំណុចពីរ។ ចំណុចទី ១ គឺពន្ធកាត់ទុក ដែលត្រូវព្យួររហូតទៅដល់ឆ្នាំ ២០២២។ អញ្ចឹង រាជរដ្ឋាភិបាលត្រូវខាតក្នុងមួយឆ្នាំ ២២ លាន ដុល្លារអាមេរិក។ ឯមួយទៀត សេវាសម្រាប់ការនាំចេញ ក៏ត្រូវបាត់បង់ជាង ២០ លាន ដុល្លារអាមេរិក។ ដូច្នេះ ដើម្បីឲ្យក្មួយៗមានលទ្ធភាព ដើម្បីនឹងទទួលបានប្រាក់បៀវត្ស ១៧០ ដុល្លារអាមេរិក រាជរដ្ឋាភិបាលក៏ត្រូវបាត់បង់ថវិកាសម្រាប់យកទៅវិនិយោគផ្នែកនេះ/នោះ ចំនួនជាង ៤០ លាន ដុល្លារអាមេរិក។
ថ្លៃអគ្គិសនីត្រូវបញ្ចុះ ដើម្បីសម្រូលដល់រោងចក្រ នាំមកនូវការឡើងបៀវត្សរ៍ដល់កម្មករ
ថ្លៃអគ្គិសនីត្រូវបានប្រកាសហើយ ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលប្រើអគ្គិសនី សុទ្ធតែបានទទួលផល ទាំងអស់គ្នា។ ប៉ុន្តែ ក្មួយៗក្រៅពីការប្រើប្រាស់អគ្គិសនីដោយតម្លៃថោក ក្មួយៗនឹងបានទទួលផលពីការទម្លាក់ថ្លៃអគ្គិសនីទាក់ទងនឹងផលិតកម្ម ដែលថ្លៃអគ្គិសនីពេលបច្ចុប្បន្ននេះ គឺខ្ពស់ជាងថ្លៃអគ្គិសនីដែលនឹងគ្រោងអនុវត្តនៅឆ្នាំ ២០១៩ និងឆ្នាំ ២០២០។ យោងទៅលើការស្នើសុំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់មកឲ្យពូចុះហត្ថលេខាពីរដង ត្រូវអស់ ៤៥ លានដុល្លារអាមេរិកទៀត ដើម្បីផ្ដល់ឲ្យប្រជាជនជាអ្នកប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេស ក្នុងនោះមានមួយផ្នែកត្រូវប្រើប្រាស់នៅក្នុងវិស័យបណ្ដាក្រុមហ៊ុន ដែលនៅតាមបណ្ដារោងចក្រ នៅតាមក្រុមហ៊ុននានា ដែលដូចជាសណ្ឋាគារ ឬក៏ផ្នែកទាក់ទងនឹងសេវា។
មួយផ្នែកនៃការបង់ខាតរបស់រាជរដ្ឋាភិបាលនោះ វាក៏ជាចំណែកជួយជម្រុញផលិតកម្ម ហើយការជម្រុញផលិតកម្មនេះ វានឹងនាំទៅដល់ប្រាក់ចំណូលបានច្រើន ហើយនិងមួយផ្នែកក៏បាននាំទៅដល់ការបង្កើនបៀវត្សរ៍ ដើម្បីឲ្យពួកថៅកែៗគេមានឱកាសនៅជាមួយយើងជាបន្ត។ យើងមិនត្រូវភ្លេចទេថា ការដំឡើងបៀវត្សរ៍ក៏ត្រូវគិត ទៅដល់កត្តាផ្សេងទៀត ដែលវាមានផលប៉ះពាល់យ៉ាងធំ សម្រាប់ការចាកចេញរោងចក្រចេញពីប្រទេសកម្ពុជា។ មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែករឿងសន្តិភាពនោះទេ។ រឿងសន្តិភាពគឺជារឿងធំមែនទែន បើគ្មានសន្តិភាព គឺគ្មានការដាក់ទុនវិនិយោគទេ ហើយបើមានការដាក់ទុកវិនិយោគ ក៏ថៅកែរត់ចោលអស់ ដកទៅអស់(រោងចក្រ) យើងក៏អត់ការងារធ្វើ។
ប្រាក់បៀវត្សរ៍អប្បបរមានៃបណ្ដាប្រទេសមួយចំនួន ដែលប្រកួតប្រជែងជាមួយយើង
ប៉ុន្តែ នៅមានរឿងមួយទៀត តើគេព្រមនៅក្នុងប្រទេសរបស់យើង ឬមិននៅ វាស្ថិតនៅត្រង់ថា តើតម្លៃពលកម្ម តម្លៃដឹកជញ្ជូន តម្លៃផ្សេងៗទៀត ទ្រាំទ្របាន ឬអត់ ប្រៀបធៀបជាមួយប្រទេសដទៃ? កុំភ្លេចថា ប្រទេសដែលមានការប្រកួតប្រជែងជាមួយយើង ដូចជាប្រទេសបង់ក្លាដេសគឺមានប្រាក់បៀវត្សត្រឹមតែ ៦៧ ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ, ស្រីលង្ការ ៦៧ ដុល្លារអាមេរិក, ឥណ្ឌា ៦៧ ដុល្លារ ដល់ ១៤៣ ដុល្លារ អញ្ចឹងតំបន់ដែលទាប ៦៧ ទេ តំបន់ដែលខ្ពស់ ១៤៣ ដុល្លារ សហរដ្ឋអាមេរិក, មីយ៉ាន់ម៉ាដែលហៅថាភូមា ១០៨ ដុល្លារ, ឥណ្ឌូនេស៊ីតំបន់ទាប ១០៧ ដុល្លារ តំបន់ខ្ពស់ ២៦៧ ដុល្លារ, នៅវៀតណាមតំបន់ទាបគឺ ១២២ ដុល្លារ ដល់តំបន់ខ្ពស់គឺ១៧៥ ដុល្លារ, ឡាវ ១៣៣ ដុល្លារ, ឯប៉ាគីស្ថាន ១៣៤ ដុល្លារ។ ប្រទេសទាំងអស់នេះសុទ្ធតែប្រទេសដែលមានពលកម្មច្រើន ហើយគេត្រូវការការវិនិយោគ។
ការឡើងបៀវត្សរ៍កម្មករ ទុកឲ្យយន្តការត្រីភាគីពិភាក្សា
ដូច្នេះយើងក៏ត្រូវឲ្យមានការសមហេតុសមផល ម្ខាងត្រូវឡើង តែម្ខាងត្រូវគិតថា ថៅកែគេមិនអាចខាតបានទេ បើគេខាត គេនឹងត្រូវទៅទីតាំងកន្លែងផ្សេង។ ដូច្នេះយើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ ធ្វើយ៉ាងម៉េចដើម្បីរក្សាដូចជា មេមាន់ដែលកំពុងមាននេះ កុំសម្លាប់វា ទុកមេមាន់នេះ ឲ្យវាមានកូនចៅរបស់វា ដើម្បីយើងមានពងរបស់វា មានកូនរបស់វាតទៅថ្ងៃក្រោយតទៅទៀត។ ពូនិយាយយ៉ាងដូច្នេះមិនមែនសំដៅរារាំងទុកជាមុន ទៅលើការបង្កើនបៀវត្សរ៍ណាមួយនោះទេ ទុកលទ្ធភាពសម្រាប់ការចរចានៃយន្តការត្រីភាគី រវាងរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ ជាមួយនិងតំណាងកម្មករ ដែលបានចាប់ផ្ដើម និងកំពុងធ្វើ ហើយវាត្រូវតែប្រកាសនៅមុនដាច់ឆ្នាំនេះ ដើម្បីអនុវត្តនៅចាប់ពីខែមករាឆ្នាំក្រោយទៅ។
រដ្ឋកំពុងពិចារណាពីការឡើងបៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលទាបបំផុត
ខាងផ្នែករដ្ឋក៏កំពុងធ្វើដែរ តើបៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលទាបបំផុត ត្រូវឡើងប៉ុន្មាននៅឆ្នាំក្រោយនេះ? … ដូចជាទាហាន ថាទាហានពលទោនៅពេលនេះកំពុងអនុវត្ត ១ លានរៀល ឬលើ ១ លានរៀល ប៉ុន្តែដល់ទៅពលឯក ឬស័ក្តិ ១ ត្រូវបានប៉ុន្មាន … អញ្ចឹងពេលវេលានេះគឺជាពេលវេលាកំពុងវេចខ្ចប់ថវិកា។
អតិផរណាមិនទាន់ហួសពីការគ្រប់គ្រងលែងបាន ទោះតំបន់ខ្លះមានទឹកជំនន់ តំបន់ខ្លះរាំងស្ងួតក៏ដោយ
ប៉ុន្តែ យ៉ាងណាក៏ដោយ អត្ថប្រយោជន៍ដែលក្មួយៗបានទទួល ជាមួយនឹងការក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃរូបិយប័ណ្ណ ដែលក្មួយកាន់ក្នុងដៃ គឺជារឿងមិនធម្មតាពេកទេ។ ឥឡូវនេះអតិផរណានៅក្នុងប្រទេសយើង មានកម្រិតទាបជាងនៅក្នុងប្រទេសជិតខាង។ ពិតមែនហើយពេលនេះនៅតំបន់មួយចំនួនទឹកជំនន់ និងតំបន់មួយចំនួនបែរជាគ្រោះរាំងស្ងួត សូម្បីតែខេត្តបន្ទាយមានជ័យមួយ មានតំបន់ដែលទឹកលិច មានតំបន់ដែលអត់ទឹក ខេត្តបាត់ដំបងមានតំបន់ដែលទឹកលិច និងមានតំបន់ដែលអត់ទឹក ខេត្តពោធិ៍សាត់មានតំបន់ដែលទឹកលិច និងតំបន់ដែលអត់ទឹក។ ធម្មជាតិវាដូច្នេះឯង។ នៅតាមដងទន្លេមេគង្គ នៅឯស្ទឹងត្រែងឥឡូវនេះ មានការហក់ឡើងទៀតហើយ លើសពីកម្រិតនៃការប្រកាសឲ្យមានការប្រុងប្រយ័ត្ន នៅខេត្តក្រចេះ និងខេត្តកំពង់ចាម ក៏កំពុងស្ថិតនៅលើកំពស់(ប្រកាសអាសន្ន) ក៏ប៉ុន្តែ បែរជានៅទីក្រុងភ្នំពេញមិនទាន់ដល់កម្រិត ដែលយើងចង់បាននោះទេ។
ចតុមុខ, ទន្លេសាប/ព្រែកក្ដាម ទឹកឡើងមិនទាន់ដល់កម្រិតចង់បាន
ជាពិសេស នៅតំបន់ព្រែកក្ដាម ស្ថានីយជលសាស្ត្រនៅព្រែកក្ដាម ដែលកម្រិតដែលយើងចង់បាន ៩ ម៉ែត្រ ៥០ ដែលឥឡូវនេះទើបនឹងបាន ៨ ម៉ែត្រ ៦០ ជាងតែប៉ុណ្ណោះ ដូច្នេះហើយបានជាធ្វើឲ្យបឹងទន្លេសាបរបស់យើង មានទឹកមិនទាន់គ្រប់គ្រាន់តាមការចង់បាន។ អញ្ចឹងស្ថានភាពនេះ ខាងលើបែរជាងើបខ្ពស់ ហើយត្រាំត្រែងយូរ ឯខាងក្រោមបែរជាមិនទាន់គ្រប់គ្រាន់។ គ្រាន់តែចតុមុខរបស់យើង ត្រូវឡើងឲ្យដល់ ១០ ម៉ែត្រ អាហ្នឹងបានល្អសម្រាប់ការហូរចូលបឹងបួរ និងទំនប់ខាងក្រោយ។ ទន្លេសាប នៅស្ថានីយព្រែកក្ដាមត្រូវឡើងទៅដល់ ៩ ម៉ែត្រ ៥០ ប៉ុន្តែ មើលទៅតាមរបាយការណ៍របស់ឯកឧត្តម លឹម គានហោ ព្រឹកមិញ យើងទើបនឹងបាន ៨ ម៉ែត្រជាងនោះទេ ខ្វះជិតមួយម៉ែត្រទៀត។ បើនៅបឹងទន្លេសាបល្អជាងគេ ក្នុងចន្លោះពីត្រឹមជិតស្គន់ រហូតតាមកំពង់ធំ ទៅដល់ស្រុកស្ទោង ជីក្រែង ធ្វើម៉េចឲ្យទឹកទន្លេសាបឡើងមកទល់ផ្លូវជាតិលេខ ៦ អាហ្នឹងល្អផុតលេខហើយ។ ប៉ុន្តែ ដែលហៅថាអ្នកទន្លេ ពិបាកចិត្តជាងគេ គឺទឹកមិនលិច … បើលិចជ្រុលពេក ក៏វាអត់កើតដែរ។ ដូចជានៅស្ទឹងត្រែង នៅក្រចេះ នៅកំពង់ចាម វាទៅផុតពីការប្រកាសអាសន្នហ្នឹងវានៅត្រាំត្រែង វាអត់ដកថយ។ ព្យាករណ៍ខុស ឯកឧត្ដម លឹម គានហោ ព្យាករលែងចង់ត្រូវ ព្រោះអញ្ចេះ ថាព្យាករអាបាសាំងទឹក ទៅតាមពពក និងភ្លៀងនៅក្នុងបាសាំងមេគង្គនៅក្នុងប្រទេសឡាវ នៅប្រទេសថៃ វាបានចេញផុតហើយ តែចេញផុតមួយភ្លែត វាត្រឡប់មកវិញ វាភ្លៀងទៀត ហើយធ្វើម៉េចអ្នកណាទៅទប់វាជាប់ ទប់វាមិនជាប់ទេ។
រាជរដ្ឋាភិបាល ខិតខំរក្សាកម្លាំងទិញនៃប្រាក់បៀវត្ស
ប៉ុន្តែ បើទោះបីជាយើងមានការលិចលង់ខូចផលដំណាំរាប់ម៉ឺនហិកតា នៃផលស្រូវរបស់ប្រជាជន ខូចខាតផលដំណាំដែលប្រជាជនដាំដុះ ដូចជាចេក ដូចជាល្ហុង ដូចជាបន្លែបង្ការអីជាដើម គិតទៅវាក៏មានចំនួនច្រើនបង្គួរ តែវាមិនបង្កផលប៉ះពាល់ដល់ទីផ្សាររបស់យើងទេ។ តម្លៃសាច់ តម្លៃត្រី តម្លៃបន្លែបង្ការ គឺវាមិនឡើងជ្រុលហួសហេតុកប់ពពក ដែលធ្វើឲ្យមានអតិផរណាគ្រប់គ្រងលែងបាននោះទេ។ ដូច្នេះវាជាការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ទល់ជាមួយនឹងសភាពការណ៍ ធានាឲ្យប្រាក់ឈ្នួលរបស់កម្មករ របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គេហៅថា កម្លាំងទិញ នៃប្រាក់បៀវត្ស។ បើសិនជាកម្លាំងទិញ នៃប្រាក់បៀវត្សមិនអាចធានាបានទេ បានសេចក្តីថា ការដំឡើងបៀវត្សរ៍ គឺវាអត់ន័យទេ។ ដូចជានៅវេណេហ្ស៊ុយអេឡា ឥឡូវនេះ គឺអតិផរណាគឺដល់ទៅ ១ លាន ភាគរយ មិនមែនត្រឹមតែ ២ ភាគរយ ដូចយើងទេ។ … ពីមុននេះ ទឹកក្រូច ១ កំប៉ុង តម្លៃ ២ លាន ៦ សែន Bolívar ប៉ុន្តែ ឥឡូវប្ដូររូបិយប័ណ្ណថ្មី នៅសល់ ២៦ ដុល្លារ ក្នុង ១ កំប៉ុង។ អញ្ចឹងទេ នៅហ្សីមបាវេ ក៏ធ្លាប់មានអតិផរណារហូតដល់ជាង ១ លាន ភាគរយ ដែរ។ ចំណុចទាំងអស់នេះ សុទ្ធតែមានការគួបផ្សំគ្នា …។
ថ្ងៃ ៧ ខែកញ្ញា ប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង
នៅថ្ងៃទី ០៧ (កញ្ញា)ខាងមុខនេះ នឹងមានការប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង។ ពិតហើយនៅពេលនោះ នឹងមានការផ្សាយបន្តផ្ទាល់នៅពេលដែលពូធ្វើសេចក្តីថ្លែងការណ៍នយោបាយ ជាមួយនឹងគណៈរដ្ឋមន្ត្រីលើកដំបូង បន្ទាប់ទៅគឺត្រូវប្រជុំបិទទ្វារដោយមិនមានការផ្សាយបន្តផ្ទាល់ទេ ព្រោះពេលនោះត្រូវរៀបចំបែងចែកភារកិច្ចជូនឧបនាយករដ្ឋមន្រ្តី ជូនចំពោះទេសរដ្ឋមន្ត្រីនានា និងកិច្ចការងារមួយចំនួនផ្សេងទៀត ដែលត្រូវពិភាក្សាផ្ទៃក្នុង។ អញ្ចឹងទេ ច្បាស់ហើយ … វាត្រូវដូរ។ ឥឡូវពូសុំលាថ្ងៃនេះ សុំលាដើម្បីទៅដូរ ដូរពីអាណត្តិទី ៥ ចូលអាណត្តិទី ៦។ មានតែនិយាយដេញជើងអញ្ចឹង … ដូរហើយ ដូរពីប្រាក់ខែក្មួយៗ ឆ្នាំទៅដូរពីប្រាក់ខែ ១៥៣ ឡើងប្រាក់ខែដល់ ១៧០។ ដល់ទៅខែមករាឆ្នាំក្រោយ ឡើងពី១៧០ ដល់ប៉ុន្មានទៀត ដូរទៀត។ ម៉ោងនេះពូនិយាយនៅជាមួយកម្មករ/ការិនី ល្ងាចនេះពូជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា។ បើអ្នកឯងចង់និយាយអញ្ចឹង ខ្ញុំក៏និយាយអញ្ចឹង …។
សុខទុក្ខរបស់ក្មួយៗ កម្មករ ជាសុខទុក្ខរបស់ពូ
ពូគ្រាន់តែសុំផ្ដាំផ្ញើទៅកម្មករ/ការិនីនៅកន្លែងដទៃ ដែលនៅសល់ ១០ ដងទៀតនោះ គឺដំណើរការជួបដល់ខែកុម្ភៈ ឆ្នាំ ២០១៩ … នៅទៀត ពោធិសាត់ក៏មិនទាន់បានទៅ បន្ទាយមានជ័យក៏មិនទាន់បានទៅ កំពតក៏នៅ។ អញ្ចឹងទេ ពូនឹងទៅឲ្យដល់ បើទោះបីថាមិនមានចំនួនច្រើន ក៏ពូត្រូវតែទៅជួបកម្មករ/ការិនីឲ្យដល់ ដើម្បីផ្ដល់នូវការយកចិត្តទុកដាក់ដូចៗគ្នាទាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្ដាខេត្ត ដែលពូត្រូវធ្វើកិច្ចការមួយនេះ សុខទុក្ខរបស់ក្មួយៗជាសុខទុក្ខរបស់ពូ។ គ្មានអ្នកណាដឹកនាំប្រទេសចង់ឲ្យប្រទេសក្រីក្រទេ។ ពូបានដឹកនាំចូលរួមជាមួយនឹងជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ តាំងពី ៤០ ឆ្នាំមុននោះ ជាង ៤០ ឆ្នាំមុននោះ ដើម្បីផ្ដួលរំលំរបប ប៉ុល ពត ហើយជាបន្តបន្ទាប់រួមជាមួយពួកគាត់ ដើម្បីទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្តារឡើងវិញនៃជីវភាពប្រជាពលរដ្ឋ ស្វែងរកសន្តិភាពសម្រាប់ការបង្រួបបង្រួមជាតិ ហើយចុងក្រោយគឺការអនុវត្តនយោបាយឈ្នះឈ្នះ។
កម្មករចុះបញ្ជីនៅក្រសួងការងារ ទទួលពីបេឡាជាតិសន្តិសុខសង្គម មិនតិចជាង ៤ ម៉ឺននាក់
យើងធ្វើចាប់តាំងពីប្រជាជនត្រឹមតែ ៥ លាននាក់ ឥឡូវប្រជាជនឡើង ១៦ លាននាក់ហើយ។ ចុះបើក្មួយៗកើតម្លឹងៗ។ ថ្ងៃនេះ ៥៨៦ នាក់។ ឯកឧត្តម អ៊ិត សំហេង រាយការណ៍ ៣៨.០០០នាក់។ បើយើងយោងទៅលើការប៉ាន់ស្មាន គ្រាន់តែក្នុងចំណោមកម្មករដែលបានចុះបញ្ជីនៅក្រសួងការងារ ហើយទទួលពីបេឡាជាតិសន្តិសុខសង្គម ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យគឺប្រមាណមិនតិចជាង ៤ ម៉ឺននាក់ទេ ព្រោះនៅសល់ប៉ុន្មានខែទៀត។ អញ្ចឹងយើងចំណាយប្រហែលជា ៤ លានដុល្លារសហរដ្ឋអាមេរិក។
អំពាវនាវឲ្យបណ្តាសហគ្រាសនានាមកចុះបញ្ជីការងារ, ការអនុវត្តនូវនយោបាយថ្មីលើវិស័យគាំពារសង្គម
តែខ្ញុំក៏សូមអំពាវនាវឲ្យបណ្តាសហគ្រាសនានា ដែលហៅថាការងារក្រៅប្រព័ន្ធ ខិតខំមកចុះបញ្ជី ដើម្បីឲ្យកម្មករ/ការិនី ដែលធ្វើការនៅកន្លែងនោះ ទទួលបាននូវអត្ថប្រយោជន៍ដូចកម្មករ/ការិនីដែលធ្វើការក្នុងប្រព័ន្ធដែរ។ នោះហើយគឺជានយោបាយថ្មីលើវិស័យសង្គម ដែលទាក់ទងនឹងការគាំពារទៅលើបញ្ហាសុខមាលភាពរបស់មនុស្ស ក្នុងនោះ ពូចាប់យកស្ត្រីមានផ្ទៃពោះគឺជាគោលដៅ នៃការអនុវត្តគោលនយោបាយគាំពារសង្គម។ ឥឡូវ កំពុងដំណើរការជាមួយក្មួយៗកម្មករ ភាគច្រើនបានចុះបញ្ជីនៅតាមបណ្តារោងចក្រកាត់ដេរ សំលៀកបំពាក់ និងដេរស្បែកជើង និងក្នុងកងកម្លាំងប្រដាប់អាវុធ។ ដល់ទៅពេលឆ្នាំក្រោយនឹងត្រូវចាប់ផ្តើមអនុវត្តជាមួយនឹងស្រី្តមានផ្ទៃពោះ ដែលជាជនក្រីក្រ ហើយដែលស្រ្តីមួយរូបៗមានកូនមួយត្រូវទទួលបាន ១៩០ដុល្លារសហរដ្ឋអាមេរិក។ ក្មួយៗ បានទទួលនូវផលប្រយោជន៍សម្រាក ៣ ខែ ប្រាក់បៀវត្សរ៍ ១២០% បូកនឹង ១០០ ដុល្លារ គឺស្មើ ៤០ ម៉ឺនរៀល ក៏ប៉ុន្តែស្រ្តីក្រីក្រគឺនឹងទទួលបានរហូតទៅដល់ ៧៦ ម៉ឺនរៀល ស្មើនឹង ១៩០ ដុល្លារសហរដ្ឋអាមេរិក។ នេះជាគោលដៅធ្វើឲ្យធនធានមនុស្សកូនខ្មែរ កូនប្រជាពលរដ្ឋ ដែលគ្នាខ្វះជីវភាព ធ្វើយ៉ាងម៉េចឲ្យកូននេះមានសុខភាព តាមរយៈការផ្តល់ជំនួយផ្នែកអាហារូបត្ថម្ភ កុំឲ្យវាក្លាយទៅជាកូនដែលក្រិន ឬក៏ខ្វះអ្វីមួយ ដែលបណ្តាលពីកង្វះអាហារូបត្ថម្ភចំពោះម្តាយ ហើយក៏ជានយោបាយកាត់បន្ថយអត្រាស្លាប់មាតា និងទារកផងដែរ។
ចង់ឲ្យរោងចក្រសហគ្រាសទាំងអស់ក្លាយជាសហគមន៍សុខសាន្តមួយ
សម្រាប់ការជួបជុំនៅពេលនេះ ខ្ញុំអរគុណចំពោះម្ចាស់រោងចក្រសហគ្រាសទាំង ៦ ដែលបានផ្តល់ឱកាសឲ្យក្មួយៗ ជាកម្មករ/ការិនីបានមកជួបខ្ញុំសំណេះសំណាលនៅពេលនេះ ហើយក៏អនុញ្ញាតឲ្យក្មួយៗបានឈប់សម្រាកនៅល្ងាចនេះ ដោយមានប្រាក់បៀវត្សពេញលេញ។ អរគុណណាស់! អ្វីដែលខ្ញុំចង់បានទំនាក់ទំនងនៅក្នុងរោងចក្ររបស់យើង រោងចក្ររបស់យើងមួយ គឺជាសហគមន៍សុខសាន្តមួយ នោះត្រូវធ្វើយ៉ាងណាទំនាក់ទំនងរវាងម្ចាស់រោងចក្រ និងបណ្តាអ្នកគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ ជាមួយនឹងកម្មករត្រូវតែធ្វើឲ្យបានល្អបំផុត ត្រូវមានសាមគ្គីភាពជាមួយគ្នា មិនអាចយកគ្នាធ្វើជាសត្រូវបានទេ។ ថៅកែគប្បីយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករ កម្មករមានសុខភាពល្អក៏ធ្វើការបានល្អ ផលិតកម្មកើនឡើង ពេលនោះយើងនឹងទទួលបាននូវប្រាក់ចំណេញ ហើយប្រាក់ចំណេញនោះមួយផ្នែក ក៏ត្រូវបានផ្តល់ត្រឡប់ទៅវិញឲ្យកម្មករ ទៅលើការដំឡើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដទៃទៀតសម្រាប់កម្មករ។ វាជាទំនាក់ទំនងដែលមិនអាចខ្វះគ្នាបានទេ វាជាទំនាក់ទំនងត្រូវការរវាងដៃស្តាំ និងដៃឆ្វេងតែម្តង។ ថៅកែបើគ្មានកម្មករទេគ្រាន់តែជាម្ចាស់ឃ្លាំង មិនមែនជាថៅកែរោងចក្រទេ គ្រាន់តែជាម្ចាស់ឃ្លាំងតែប៉ុណ្ណោះ ហើយក្នុងឃ្លាំងរបស់ខ្លួនមានម៉ាស៊ីនដេរតែប៉ុណ្ណឹង។ ឯកម្មករវិញបើអត់មានម្ចាស់រោងចក្រទេ ក្មួយៗអត់មានឈ្មោះថាជាកម្មករទេ គឺមានឈ្មោះថាជាកសិករ ឬជាអាជីវករលក់ដូរទៅវិញទេ។ អញ្ចឹងទេបានជាខ្ញុំសំណូមពរទទូចគ្រប់ទីកន្លែងទាំងអស់ ឲ្យយើងទាំងអស់គ្នាមិនថាថៅកែ មិនថាអ្នកគ្រប់គ្រង មិនថាកម្មករ ក្លាយទៅជាសហគមន៍មួយដ៏សុខសាន្តនៅតាមរោងចក្រសហគ្រាស។
តាំងពីចុះសំណេះសំណាល ការធ្វើបាតុកម្ម និងកូដកម្មខុសច្បាប់មិនមានទៀតទេ
អ្វីដែលពូមានមោទនភាព ហើយពូគិតថាជារឿងដែលពូត្រូវតែបន្ត ចាប់តាំងពេលដែលពូបានចុះទៅតាមជួបសំណេះសំណាលជាមួយកម្មករ ដែលរួមមានទាំងម្ចាស់រោងចក្រ ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងជួបកម្មករមក បាតុកម្មខុសច្បាប់ កូដកម្មខុសច្បាប់មិនមានទៀតទេ។ នេះដោយសារអ្វី? ដោយសារតែភាគីទាំងពីរយោគយល់គ្នា ហើយអនុវត្តច្បាប់ការងារទាំងអស់គ្នា។ ពិតហើយបាតុកម្មដែលកើតឡើងកន្លងទៅ គឺមានហេតុមានផល ដែលកន្លងទៅនេះត្រូវបញ្ចេញលុយប៉ុន្មានលានដុល្លារ ចុងក្រោយនេះជិត ៨ លានដុល្លារ បូកសរុបទៅទាំងមុនទាំងក្រោយ ២២ លានដុល្លារសហរដ្ឋអាមេរិក ព្រោះអីថៅកែរោងចក្ររត់ចោលបាត់ទៅ កម្មករអត់ប្រាក់ខែ អត្ថប្រយោជន៍របស់កម្មករត្រូវបាត់បង់ តម្រូវឲ្យរដ្ឋបើកផ្តល់នូវប្រាក់បុរេប្រទាន គេថាឲ្យខ្ចី ប៉ុន្តែខ្ចីនេះប្រហែលមិនទុំទេ។ ឥឡូវ ថៅកែរត់ចោលជំពាក់កម្មកររហូតទៅដល់ ៣ លានដុល្លារ ឬ ៤ លានដុល្លារដល់ទៅរបស់ដែលយកទៅលក់ឡៃឡុងបានត្រឹម ២ ម៉ឺនដុល្លារ ឬ ៥ ម៉ឺនដុល្លារ ហើយយកមកទូទាត់អីទៅ។ អញ្ចឹងបានយើងកែច្បាប់អនុញ្ញាតឲ្យ ៦ ខែ ទូទាត់ម្តង គឺមិនត្រូវយកប្រាក់របស់កម្មករទៅទុករាប់ឆ្នាំ ហើយកើនអ្នកខ្លះរហូតដល់ ២ ម៉ឺនដុល្លារ អ្នកខ្លះ ១ ម៉ឺនដុល្លារ។ ក្មួយៗនឹងទទួលយកប្រាក់អត្ថប្រយោជន៍នេះ ក្នុងរយៈពេល ៦ខែម្តង។
នៅឆ្នាំ ២០១៩ បើកបៀវត្សរ៍ប្រចាំសប្តាហ៍ម្តង (ពីរអាទិត្យបើកម្តង)
នៅពេលខាងមុខនេះ បណ្តាក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ត្រៀមទុកឲ្យហើយ នៅឆ្នាំ ២០១៩ យើងមិនបើកបៀវត្សរ៍ប្រចាំខែទេ។ យើងបើកបៀវត្សរ៍ប្រចាំសប្តាហ៍ម្តង។ បានសេចក្តីថា ២ អាទិត្យ បើកម្តង។ ពិតហើយនៅតែលើកពាក្យ ឯកឧត្តម អៀង ម៉ាលី ដែលវាយជាសារមកជូនខ្ញុំមុនពេលបិទយុទ្ធនាការបោះឆ្នោត នៅពេលបើកយុទ្ធនាការបោះឆ្នោត ខ្ញុំបានប្រកាសចេញថា ចាប់ពីឆ្នាំ ២០១៩ ទៅ ត្រូវបើកបៀវត្សរ៍ពីរអាទិត្យម្តង។ អញ្ចឹង ឯកឧត្តម អៀង ម៉ាលី ក៏បានចុះទៅមូលដ្ឋាន ក៏ស្ទាបស្ទង់មិនដឹងជាកម្មកររូបណាថា ចង់បើកបៀវត្សរ៍មួយខែម្តង ព្រោះបើកពីរអាទិត្យម្តងយកមកចាយអស់។ ដល់ខ្ញុំវាយត្រឡប់ទៅវិញថា បើគ្រាន់តែការពារលុយហ្នឹងមិនបាន មានន័យថាកែលែងឡើង។ ចុះយើងខ្លាចចាយអស់ យើងដាក់កូនជ្រូកទៅបានទេ ដើម្បីកុំឲ្យវារវល់តែនឹងចាយ គ្រាន់តែប៉ុណ្ណឹងអីក៏ពិបាកម៉េះ? សំខាន់ឲ្យបានលុយមកដល់ដៃឯណោះ ក្រែងលោអាលុយវាមិនបានដល់ដៃអាហ្នឹងបានវាទៅជាបញ្ហា។ អញ្ចឹងទេ បានជាត្រូវយកចិត្តទុកដាក់ទៅលើបញ្ហានេះ ដែលយើងត្រូវបន្តឲ្យគ្រប់ មិនមែនគ្រាន់តែធ្វើតែផ្នែករដ្ឋទេណា ខាងវិស័យឯកជនក៏ត្រូវតែធ្វើពីរអាទិត្យម្តង បើកបៀវត្សរ៍ឲ្យកម្មករ។
ពិតហើយមានកន្លែងខ្លះមានការលំបាក ឧទាហរណ៍៖ ថ្ងៃមុន នាយកខុទ្ធកាល័យរបស់ខ្ញុំបានសួរថា ចុះប្រាក់ឧបត្ថម្ភរបស់សម្តេចជូនអ្នកនេះ អ្នកនោះ តើត្រូវបើកកន្លះខែម្តងដែរទេ? ខ្ញុំថា អត់ទេ អាហ្នឹងប្រាក់ឧបត្ថម្ភ មិនមែនប្រាក់បៀវត្សទេ។ ព្រោះមានមន្ត្រីមួយចំនួន និងមានចាស់ៗមួយចំនួន ខ្ញុំចិញ្ចឹមប្រចាំខែ។ អញ្ចឹងមិនអាចឲ្យគាត់មកបើកពីរអាទិត្យម្តងទេ បើប្រាក់បៀវត្សអាហ្នឹងចាំបើកពីរអាទិត្យម្តង។
អំពាវនាវ គ្រប់រោងចក្រ មានគិលានដ្ឋាន និងកន្លែងហូបបាយត្រឹមត្រូវ
ខ្ញុំបន្តអំពាវនាវឲ្យម្ចាស់រោងចក្រទាំងអស់ ពិនិត្យកែលម្អនៅក្នុងស្ថានភាពរោងចក្ររបស់ខ្លួននីមួយៗ កន្លែងដែលមិនទាន់មានគិលានដ្ឋាន ត្រូវឲ្យមានគិលានដ្ឋាន ដើម្បីដោះស្រាយបឋមទៅលើអ្នកដែលមានជំងឺតិចតួច ហើយឆ្លងតាមនោះដើម្បីរុញទៅកាន់មន្ទីរពេទ្យ។ កន្លែងដែលមិនទាន់មានកន្លែងហូបបាយសមរម្យ ត្រូវរៀបចំឲ្យមានទីកន្លែងហូបបាយ។ ពូបានស្គាល់រសជាតិបាយជាមួយកម្មករហើយ តែមិនមែនជាលើកចុងក្រោយទេ … ព្រោះអញ្ចេះកាលទៅបាយកន្លែងមួយចំនួននោះ ទៅដណ្តើមបាយកម្មករ។ ដល់អញ្ចឹងត្រូវផ្តល់លុយឲ្យកម្មករ ប៉ុន្តែដល់ថ្ងៃឃោសនាបោះឆ្នោត តែយើងឲ្យលុយ គេផាក។ ថ្ងៃហ្នឹងដូចជាទៅហូបបាយម្ចាស់រោងចក្រតើ? ម្ចាស់រោងចក្រគេធ្វើបាយឲ្យកម្មករទាំងអស់ជារៀងរាល់ថ្ងៃ អញ្ចឹង យើងទៅបាយជាមួយគេបានមួយពេល។
រួមគ្នារក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គមផង និងតាមរោងចក្រផង
ខ្ញុំអំពាវនាវឲ្យការយកចិត្តទុកដាក់ ហើយក្មួយៗនៅតាមរោងចក្រនានាក្មួយៗត្រូវដឹង បើពុំមានសន្តិភាព ពុំមានស្ថិរភាពនយោបាយទេ ក្មួយៗក៏មិនមានស្ថិរភាពការងារដែរ។ ដូច្នេះ បន្ទាប់ពីបោះឆ្នោតជូនគណបក្សប្រជាជន ដែលជាអ្នកធានាលើបញ្ហាសន្តិភាព ស្ថិរភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ពូក៏ត្រូវការអំពាវនាវឲ្យក្មួយៗ ប្រជាជនទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ដើម្បីរក្សានូវសុវត្ថិភាពការងារទាំងអស់គ្នា។ មិនអាចគ្រាន់តែ ហ៊ុន សែន ម្នាក់អាចធ្វើគ្រាប់គ្រាន់ទេ។ រោងចក្រមួយត្រូវតែជាសហគមន៍សុខសាន្តមួយ កុំបណ្តែតបណ្តោយឲ្យមានបងធំកាប់ចាក់គ្នាដោយសារដាវ ដោយសារអាវុធ ជម្លោះក្នុងរោងចក្រ កុំឲ្យតាមរោងចក្រនីមួយៗមានការជួញដូរគ្រឿងញៀន និងសេពគ្រឿងញៀននៅតាមរោងចក្រ កុំឲ្យរោងចក្រមួយៗគឺរីករាលដាលដោយជំងឺអេដស៍ដោយមិនបានទប់ស្កាត់ ហើយខ្វះការអប់រំទូន្មាននោះទេ។ ត្រូវខិតខំធ្វើរឿងនេះ ដើម្បីឲ្យប្រទេសរបស់យើង យើងមានបើនិយាយអំពីសហគ្រាសនៅទូទាំងប្រទេសមានប្រហែលជា ១៥ ម៉ឺន សហគ្រាស ទាំងតូច ទាំងធំ និងក្រុមហ៊ុន។ អញ្ចឹងទេ ប៉ុន្តែរោងចក្រកាត់ដេរជាង ១.១០០ រោងចក្រ ជិត ១.២០០ បើសិនជា ១.២០០ នេះ គឺមានភាពសុខសាន្ត មានសុវត្ថិភាព វាជាការរួមចំណែកធំណាស់ ទៅលើនយោបាយភូមិ/ឃុំមានសុវត្ថិភាព។ រោងចក្រមួយគឺជាសហគមន៍សុខសាន្តមួយ សប្បាយរីករាយជាមួយគ្នា រៀងរាល់ថ្ងៃទី ១ ខែឧសភា ជួបជុំគ្នាសប្បាយរីករាយ រាំលេងកំសាន្ត ប្រឡងបរវកញ្ញាទៀត។
ខ្ញុំចង់ចុះឲ្យដល់ រោងចក្រមានបងតូចបងធំ
ការមើលមុខគ្នាមិនត្រង់ ជម្លោះមិនមែនជាដំណោះស្រាយទេ។ ម្យ៉ាងទៀត រឿងបងតូច បងធំ ជើងកាងនៅតាមរោងចក្រ មិនត្រូវឲ្យមានតទៅទៀតទេ។ អ្វីទៅដែលហៅថា ជើងកាងតាមរោងចក្រ? នៅត្រង់អញ្ចេះ រោងចក្រមួយមានកម្មករ ១ ពាន់នាក់ ប៉ុន្តែមាន ៣០ នាក់ ធ្វើកូដកម្ម។ ៣០ នេះក្លាយទៅជាជើងកាង ទៅរារាំងកម្មករដែលគេចង់ធ្វើការឲ្យមកចូលរួមធ្វើកូដកម្មជាមួយខ្លួន។ មិនអនុញ្ញាតឲ្យមានតទៅទៀតទេ។ ការធ្វើបែបនេះគឺខុស។ ៩៧០ នាក់ ត្រូវគោរពសិទ្ធិចំពោះ ៣០ នាក់ ដែលធ្វើកូដកម្ម ប៉ុន្តែ ៣០ នាក់ ដែលធ្វើកូដកម្មក៏ត្រូវគោរពទៅដល់សិទ្ធិរបស់កម្មករ/ការិនីដែលគេចង់ធ្វើការ ៩៧០ នាក់វិញដែរ។ ត្រូវគោរពគ្នាយ៉ាងដូច្នេះ មិនអាចឲ្យបងតូច បងធំ រារាំងទេ។ អ្នកខ្លះគេទៅចូលរួមធ្វើកូដកម្ម អ្នកខ្លះគេមិនចូលរួមធ្វើកូដកម្មទេ កុំឲ្យមានបងតូច បងធំ នៅក្នុងបណ្តារោងចក្រ ហើយបើសិនជាមានរឿងនេះ ខ្ញុំក៏ចង់សាកល្បងទៅមើលដែរ។ ខ្ញុំចុះទៅមើល តើវាយ៉ាងម៉េច។ ខ្ញុំចង់ចុះឲ្យដល់។
អ្វីដែលទាក់ទងជាមួយនឹងកម្មករ ខិតខំដោះស្រាយ
ថ្ងៃមុន ប្រហែលជានៅតំបន់នេះ ក្វាងទុង នៅត្រង់ណា? មានក្មួយណានៅតាមរោងចក្រក្វាងទុងទេ? … កាលពីមុន ថ្ងៃបិទយុទ្ធនាការ ចៃដន្យអីពូចុចមើល WhatsApp ប៉ុន្តែបែជាចុចទៅ Facebook រួច Facebook វាមិនលោតអីមកមុន លោតគេ live ផ្ទាល់ចេញពី(រោងចក្រ)ក្វាងទុង កំពុងធ្វើកូដកម្ម។ អញ្ចឹងទេ ខាងកម្មករ/ការិនីគេក៏បង្ហោះនូវលេខទូរស័ព្ទគេ អញ្ចឹងឃើញលេខទូរស័ព្ទភ្លាម ខ្ញុំក៏ចុចមកសួរជាមួយនឹងក្មួយស្រីម្នាក់ ដែលដូចជាមេការអីផង។ សួរថារឿងហ្នឹងកើតពីអង្កាល់? ថារឿងហ្នឹងកើតពីម្សិល លឺគេខ្សឹបអញ្ចេះ លឺគេខ្សឹបអញ្ចុះ គេប្រាប់អញ្ចេះ គេប្រាប់អញ្ចុះ ប៉ុន្តែពេលនោះក៏បានប្រាប់ទៅ អ៊ិត សំហេង ថាឲ្យចុះមកដោះស្រាយភ្លាម មានរឿងអី? យ៉ាងណាក៏ដោយ ក្មួយដែលនិយាយទូរស័ព្ទជាមួយពូនោះក៏បានប្រាប់ថា សម្រាប់ខ្ញុំស៊ីប្រាក់ខែ ថៅកែបានបើកប្រាក់បៀវត្សឲ្យខ្ញុំរួចហើយ ដើម្បីឲ្យទៅបោះឆ្នោត។ ឯសំរាប់អ្នកធ្វើការដទៃទៀត គេបើកពាក់កណ្តាលឲ្យ គេហៅថា បុរេប្រទានពាក់កណ្តាល ៥០%។ អញ្ចឹងបានសេចក្តីថា គេក៏បានអនុវត្តដែរ តែគាត់ក៏បានប្រាប់ចំណុចមួយទៀតថា គាត់ធ្លាប់បានវាយចូលទៅក្នុង Facebook របស់លោកពូ ប៉ុន្តែមិនដែលឃើញលោកពូឆ្លើយតបផង។ ក៏បានប្រាប់ទៅគាត់វិញថា ក្មួយអើយ! សូមមេត្តាយោគយល់ … អញ្ចឹងបានខ្ញុំឲ្យខាង admin របស់ខ្ញុំឆែកមើល បើអ្វីដែលមានទាក់ទងជាមួយនឹងដំណោះស្រាយរបស់កម្មករយើង គឺយើងអាចដោះស្រាយបាន ខិតខំដោះស្រាយ ហើយក៏អាចថា យកអារឿងហ្នឹងបញ្ជូនទៅឲ្យរដ្ឋមន្ត្រី។
ទៅពិនិត្យជំងឺ ជិះឡានក្រុង ឬរទេះភ្លើង ត្រូវមានផ្លាកសម្គាល់ជាកម្មករ, បន្តពង្រីកខ្សែឡានក្រុង
មានរឿងច្រើនហើយ ជួនកាលគេវាយចូល page គេ comment ចូល page នាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីយករឿងហ្នឹងបញ្ជូន។ ដូចរឿងកើតឡើង យកលុយដែលទៅពិនិត្យផ្ទៃពោះនៅឯស្រុកខ្សាច់កណ្តាល។ កម្មករទៅពិនិត្យផ្ទៃពោះ នៅតែគេយកលុយ។ អញ្ចឹងឲ្យពិនិត្យភ្លាម សងលុយគេភ្លាម។ មូលហេតុដោយកម្មកររបស់យើងទៅពិនិត្យផ្ទៃពោះ អត់ពាក់ផ្លាកកម្មករទៅ។ អញ្ចឹងធ្វើម៉េចគេដឹងថាកម្មករ? អញ្ចឹងក្មួយៗទៅណា ផ្លាករបស់ក្មួយៗជាកម្មករនេះត្រូវកាន់ទៅជាមួយ សូម្បីតែជិះឡានក្រុង មិនអាចទៅអះអាងថា ខ្ញុំជាកម្មករ សុំជិះឡានក្រុងអត់បង់លុយ ត្រូវតែមានអ្វីដែលគេសំគាល់បានថាជាកម្មករ។ ជិះរទេះភ្លើងក៏ដូចគ្នា រទេះភ្លើងជិះបានមួយផ្លូវ ភ្នំពេញ-ប៉ោយប៉ែត អត់បង់ប្រាក់ទេ។
ឥឡូវសុំសួរបន្តិចមើល អ្នកដែលបានជិះឡានក្រុងមានប៉ុន្មាននាក់ហើយ? សុំលើកដៃមើល។ អីយ៉ាស់! អបអរសាទរមួយ។ ជោគជ័យយើង។ ដឹងតែជោគជ័យប៉ុណ្ណោះហើយ ឡានក្រុងអត់បន្ធូរទេ។ សុខចិត្តខាត។ ដាក់ឡានក្រុងកាន់តែច្រើន ដឹកឲ្យសប្បាយចិត្ត ខែភ្ជុំ ខែចូលឆ្នាំ ពង្រាយឡានក្រុងតាមផ្លូវជាតិ ដើម្បីកុំឲ្យពួកថៅកែឡានតំឡើងថ្លៃស្រេចតែចិត្ត … ទិញឡានក្រុងហ្នឹង ១០០, ២០០ ឡានទៀត យកមកទុក … ជប៉ុនបានជួយ ៤០ ទៀត។ ឥឡូវបានប៉ុន្មានរយហើយ? ឥឡូវបាន ១៩០។ យើងចេះតែបន្ថែមបន្ត ហើយពង្រីកខ្សែរត់ ដើម្បីឲ្យកម្មករ/ការិនីរបស់យើង។ មិនចាំបាច់តែក្មួយៗជិះមកធ្វើការទេ ក្មួយៗជិះទៅជួបសង្សារក៏សុំអញ្ជើញជិះទៅ។
ថ្លៃភ្លើង ថ្លៃទឹក បន្តចុះថ្លៃ, រដ្ឋ និងឯកជន ចេញម្នាក់ ២ សេន ទម្លាក់ថ្លៃសាំង
… យើងត្រូវបន្តរួមគ្នា ខិតខំឲ្យអ្វីដែលពូបានដាក់ឲ្យក្រសួងការងារ ១០ ចំណុច ដែលឯកឧត្តម អ៊ិត សំហេង លើកឡើងអម្បាញ់មិញ ត្រូវតែបន្តតាមដាន។ ប៉ុន្តែរឿងថ្មីៗ ការចរចាលើបៀវត្សរ៍ត្រូវធ្វើ។ បន្តទៅទៀត ថ្លៃភ្លើងប្រកាសហើយ នៅថ្លៃទឹក ត្រូវឲ្យឯកឧត្តម ចម ប្រសិទ្ធិ ធ្វើកិច្ចការឲ្យបានស្រូត ដើម្បីប្រកាសតម្លៃមួយ ទម្លាក់ថ្លៃទឹកបន្ថែមទៀត បន្ទាប់ពីការចុះថ្លៃកាលពីឆ្នាំទៅ។ នៅខែមករាខាងមុខ កាលណាថ្លៃភ្លើងធ្លាក់ចុះ ថ្លៃទឹកក៏ត្រូវធ្លាក់ក្នុងកម្រិតណាមួយ វាជាផ្នែកមួយនៃថ្លៃទឹកដែរ។ អញ្ចឹងប្រាក់បៀវត្សរបស់ក្មួយៗកាន់តែខ្ពស់ ការចំណាយត្រឡប់ទៅវិញទៅលើការថែទាំសុខភាព ទៅលើការចំណាយថ្លៃទឹក ថ្លៃភ្លើង ហើយអាចខ្លះថ្លៃធ្វើដំណើរក៏មានការកាត់បន្ថយ។ ឥឡូវថ្លៃសាំង រដ្ឋត្រូវចេញ ២ សេន ឯកជនត្រូវចេញ ២ សេន ដើម្បីទម្លាក់ថ្លៃសាំង។ នេះក៏ជាចំណែកដែលយើងបានគិតគូរ ដើម្បីធ្វើយ៉ាងម៉េចកាត់បន្ថយការចំណាយរបស់ពលរដ្ឋរបស់យើង ក្នុងហ្នឹងមានកម្មករ/ការិនីរបស់យើងផងដែរ។
បង្កើតចលនាប្រឡងប្រណាំងរោងចក្រមួយ សហគមន៍សុខសាន្តមួយ
ពូនិយាយរឿងនេះ សម្រាប់កម្មករ/ការិនី ពូនៅតែទទូចស្នើសុំទាំងម្ចាស់រោងចក្រ ទាំងកម្មករ ត្រូវខិតខំធ្វើយ៉ាងម៉េចឲ្យបានល្អបំផុត ហើយអាចបង្កើតក្លាយទៅជាចលនាប្រឡងប្រណាំង រោងចក្រមួយ សហគមន៍សុខសាន្តមួយ។ តើមានលក្ខណៈវិនិច្ឆ័យយ៉ាងដូចម្តេច? យើងអាចបង្កើតនូវចលនាប្រឡងប្រណាំងយ៉ាងដូចនេះ។ កន្លងទៅ យើងបង្កើតចលនាប្រឡងប្រណាំងទីក្រុងស្អាត មានប័ណ្ណសរសើរ មានផ្កាប៉ុន្មានទងៗ តែឥឡូវយើងអាចចាប់ផ្តើមបង្កើតចលនាប្រឡងប្រណាំងអំពីបញ្ហារោងចក្រ អំពីទាក់ទិនថាអ្វីទៅដែលហៅថា សហគមន៍សុខសាន្តនៅតាមរោងចក្រ។ ចំណុចនេះក៏ជាចំណុច(សំខាន់) ព្រោះរឿងនេះយើងមិនមែនធ្វើមួយថ្ងៃ ពីរថ្ងៃ ហើយការកសាងប្រទេសជាតិមួយ មិនមែនមួយថ្ងៃពីរថ្ងៃទេ។
ប្រទេសខ្លះកសាងរាប់សិបឆ្នាំហើយ នៅដើរពីក្រោយយើងនៅឡើយទេ យើងចាប់ផ្តើមពីគំនរផេះផង់ ពីបាតដៃទទេ មកកាន់ឋានៈប្រទេសប៉ុណ្ណេះ គឺចាត់ទុកថាជាជោគជ័យ។ ក៏ប៉ុន្តែ វាមិនស្កប់ទេ ប្រាក់ខែ ១៧០ ដុល្លារ វាមិនស្កប់សម្រាប់យើងទេ ប៉ុន្តែក្មួយក៏មិនត្រូវភ្លេចថា កាលពីឆ្នាំ ១៩៩៧ ពេលនោះរោងចក្រមានត្រឹមតែ ៦៤ រោងចក្រ កម្មករ ៨២.០០០ នាក់ ប្រាក់ខែពេលនោះមានតែ ៤០ ដុល្លារទេ។ ឥឡូវយើងមាន ១.១៥១ រោងចក្រ ប្រាក់ខែ ១៧០ ដុល្លារ នេះជាការកើនឡើងមួយដ៏គួរឲ្យកត់សំគាល់។ រឿងលុយនេះ វាគ្មានអ្នកណាមួយចេះស្កប់ទេ។ មហាសេដ្ឋីលើលោកនេះ គេនៅតែរកប្រាក់ចំណូលប្រចាំថ្ងៃរបស់គេតទៅទៀត។ មួយថ្ងៃមិនដឹងថាគេចំណេញប៉ុន្មានលាន ព្រោះគិតទៅ អ្នកខ្លះក្នុងមួយឆ្នាំ ប្រាក់ចំណេញរបស់គេ ៥.០០០ លានដុល្លារ។ អញ្ចឹងយើងគិតទៅមើល បើមួយឆ្នាំចំណេញ ៥.០០០ លានដុល្លារ មានន័យថា មួយថ្ងៃគេចំណេញប៉ុន្មានលានទៅ ៣៦៥ ថ្ងៃ យើងគុណទៅ។ គេមានដល់ប៉ុណ្ណឹង គេនៅតែប្រឹង យើងប៉ុណ្ណេះក៏នៅតែបន្តប្រឹង។
ក្រសួងកសិកម្មដោះស្រាយការផ្តល់ពូជស្រូវ និងដំណាំដាំដុះដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់
ឥឡូវ បកឲ្យពូនិយាយដល់រឿងសារនយោបាយខ្លះ ប៉ុន្តែ មុននឹងចូលដល់សារនយោបាយ សុំយកឱកាសនេះ អំពាវនាវជាបន្តទៅទៀតចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងបន្តដោះស្រាយបញ្ហាទាក់ទងនឹងគ្រោះធម្មជាតិ ដែលកំពុងកើតឡើងនៅក្នុងប្រទេសរបស់យើង ទាំងគ្រោះទឹកជំនន់ និងទាំងគ្រោះរាំងស្ងួត។ ខ្ញុំបានធ្វើការដាស់តឿនហើយ ហើយក៏ត្រូវប្រយ័ត្នប្រយែងទៅលើការអនុវត្ត ដូចជាក្រសួងកសិកម្មត្រូវបញ្ចេញពូជ។ តែពូជត្រូវបញ្ចេញឲ្យត្រូវទិសដៅ មិនមែនគ្រាន់តែលិចទឹក ហើយបញ្ចេញពូជទេ។ ដូចជាអ្នកធ្វើស្រែប្រដេញទឹក អ្នកធ្វើស្រែប្រាំងមិនទាន់អស់ពូជឯណា? អត់មានបានខូចឯណា … យើងត្រូវចេញពូជឲ្យកសិករដែលស្រូវស្រាលរបស់គាត់ត្រូវបានបំផ្លាញ រួចគាត់ត្រូវធ្វើឡើងវិញនោះ។ ហ្នឹងដែលជារឿងដែលយើងត្រូវផ្តល់ពូជឲ្យគាត់។ ដំណាំដាំដុះមួយចំនួន កន្លែងមួយចំនួន ពេលដែលគាត់ធ្វើស្រូវប្រដេញទឹក បែរជាចាប់ផ្តើមខ្វះទឹក ដូច្នេះអន្តរាគមន៍បូមបាចទឹកឲ្យពួកគាត់។
មិនទាន់ដឹងថា ទឹកនឹងឡើងជាលើកទី ២ ទៀតឬអត់?
ប៉ុន្តែ យ៉ាងណាក៏ដោយ ក៏អំពាវនាវចំពោះប្រជាពលរដ្ឋ ឥឡូវនេះ មិនដឹងថា តើទឹករបស់យើងនឹងបន្តឡើងសាជាថ្មីទៀត? គេហៅទឹកជាធម្មតាឡើង ២ ដង។ អតិបរមា លើកដំបូង បន្ទាប់ទៅគឺបានអតិបរមាលើកទី ២ គឺទទួលភ្ជុំបិណ្ឌ។ ឆ្នាំទៅវាអត់អញ្ចឹងទេ ឡើងលើកទី ១ ហើយអាឡើងលើកទី ២ ទាប។ ឥឡូវយើងមិនទាន់ប្រាកដថា ឡើងលើកទី ១ វាខ្ពស់ ឡើងលើកទី ២ វាខ្ពស់ជាងទៀត ឬក៏វាទាបជាង សម្រាប់ការទទួលភ្ជុំបិណ្ឌ។ យើងត្រូវតែពិនិត្យមើលដែរ មិនអាចប្រថុយប្រថានបានទេ។ សូម្បីតែបុណ្យអុំទូក បើសិនជាទឹកនៅទន្លេមេគង្គបែរជានៅដល់ ៨ ម៉ែត្រកន្លះ ឬ ៩ ម៉ែត្រ ដូចនេះអត់អាចអុំទូកបានទេ ត្រូវតែបញ្ឈប់ការអុំទូក។ ទឹកខ្លាំងពេកក៏អុំមិនបាន ទឹកតិចពេកក៏អុំមិនបាន។ ខ្លះគេដៀមដាមឲ្យខ្ញុំសុទ្ធតែបំបាត់ប្រពៃណី ប៉ុន្តែសួរមើល អុំទូកក្រែងអុំពេលដែលទឹកវាហូរចេញពីទន្លេសាប? ចុះបើទឹកកំពុងតែហូរចូលទន្លេសាប មានតែអុំបញ្ច្រាស? … នេះប្រឆាំងគឺផ្កាប់មុខតែម្តង។ មានពេលមួយនោះ ទឹកនៅចតុមុខ មានត្រឹមតែ ៣ ម៉ែត្រកន្លះ តែប៉ុណ្ណោះ ដែលមិនអាចអុំ(ទូក)បាន … អញ្ចឹងផ្អាកអុំទូករហូតដល់ ២ ដង (ដែល) ម្តងទឹកធំពេក ម្តងទៀតទឹកតូចពេក ដែលយើងផ្អាក។ ព្រោះយើងត្រូវធ្វើយ៉ាងម៉េចធានាជីវិតរបស់ប្រជាពលរដ្ឋរបស់យើង កុំឲ្យលង់ទឹកដោយសារទឹកកួច …។
បបួលស្បថ មិនហ៊ានស្បថជាមួយ
អ្នកប្រឆាំង កុំចេះតែប្រឆាំង។ ប៉ុន្តែ ដោយសារតែវាប្រឆាំងអញ្ចឹង ហើយបានវាស្លាប់តៃហោងនោះ។ អ្នកហ្នឹងមិនទាន់ហ៊ានស្បថរឿងមួយ … ចោទថា ខ្ញុំជួលឃាតករទៅសម្លាប់នៅស្រុកបារាំង។ បបួលអ្នកឯងស្បថទៀត ស្បថឲ្យងាប់អ្នកឯង ស្បថឲ្យងាប់ប្រពន្ធអ្នកឯង ស្បថឲ្យងាប់កូនចៅអ្នកឯង កូនចៅ ចៅទួត និងអ្នកជំនិតយ៉ាងតិច ១០០ នាក់ ហ៊ានទេ? អាហ្នឹងមកដល់ថ្ងៃហ្នឹង មិនដែលហ៊ានស្បថជាមួយខ្ញុំទេ។ អត់ដែលហ៊ានស្បថទេ វាខ្លាច ព្រោះវានិយាយភូត។ ឥឡូវ បើអ្នកឯងយល់ថាខ្ញុំជួលឃាតករទៅសម្លាប់អ្នកឯងនៅស្រុកបារាំង អ្នកឯងទៅស្បថទៅ … អត់ហ៊ានទេ។ កុំថា ស្បថជាអបិយជំនឿ ទាល់ច្រក។ អត់ទេ។ មុនចូលកាន់ដំណែង ទាំងសមាជិកសភា សមាជិកព្រឹទ្ធសភា និងរាជរដ្ឋាភិបាលស្បថទាំងអស់។ ចូលធ្វើសាក្សីនៅតុលាការ ឬក៏ចូលតុលាការ គេឲ្យស្បថសិន បានចាប់ផ្តើមនិយាយក្រោយ។
សូម្បីតែគូស្នេហ៍ក៏ស្បថ រហូតដល់ប្តីប្រពន្ធខ្លះ ប្តីហ្នឹងត្រូវទៅសូកប៉ាន់អ្នកតា។ ប្រពន្ធសង្ស័យ ឲ្យប្តីស្បថថា តាមទាំងអស់។ ប្រពន្ធថា បើខ្ញុំមានស្រី សូមឲ្យអ្នកតាកាច់។ ថាម៉េចក៏ថាតាមដែរ។ ដល់ដើរទៅផុត ទៅដល់បងភ្លេចវ៉ែនតា ប្រុចមកវិញ លោកតាអើយ លោកតា យើងជាប្រុសដូចគ្នា។ សូកប៉ាន់អ្នកតា។ សូម្បីតែក្មេងៗប្រឡងបាក់ឌុប្លិ៍នេះ ក៏ទៅបន់ស្រន់នៅព្រះអង្គដងកើ មិនតិចទេ។ ចុះហេតុអីបានអ្នកនយោបាយដែលហ៊ានចោទគេ មិនហ៊ានស្បថ? បើអ្នកឯងមិនស្បថ គឺអ្នកឯងឆបោក ហើយមិនមែនគ្រាន់តែស្រុកខ្មែរទេណា ប្រទេសណាក៏ដោយ នៅលើលោកនេះ គឺត្រូវតែស្បថទាំងអស់មុនចូលកាន់ដំណែង។ ក្នុងតុលាការក៏សុទ្ធតែដំណើរការស្បថ។
(១) លើកលែងទោស ដោយសារបានធ្វើលិខិតសុំទោស និងទទួលស្គាល់កំហុស
ឥឡូវ អនុញ្ញាតឲ្យពូបាននិយាយពីរឿងនយោបាយបន្តិច ដំបូងចង់និយាយបញ្ហាទាក់ទិនជាមួយនឹងការលើក លែងទោស។ អ្នកដែលបានរួចទោសទណ្ឌក្នុងរយៈពេលកន្លងទៅ មាន ២ ប្រភេទ។ ប្រភេទទី ១ គឺប្រភេទបាន ធ្វើលិខិតស្នើសុំមកខ្ញុំ គេបានទទួលស្គាល់នូវកំហុស ដូចជា អ៊ុំ សំអាន បានទទួលស្គាល់កំហុសទៅលើបញ្ហាទាក់ទងនឹងផែនទី ដែលជាបទល្មើស។ ស្នើសុំលើកលែងទោស។ មាជ សុវណ្ណរ៉ា និងបងប្អូនមួយចំនួន ទៀត ក៏បានផ្តិតមេដាយ ក៏បានទទួលស្គាល់ថា អ្វីដែលគេបានធ្វើនៅទីលានប្រជាធិបតេយ្យ គឺជាការខុស។ តាមរយៈលិខិតសុំទោសនោះហើយ ជាមូលហេតុធ្វើឲ្យខ្ញុំសុំព្រះរាជទានលើកលែងទោស ដែលតាមច្បាប់ពន្ធនាគារ នាយករដ្ឋមន្រ្តីសុំលើកលែងទោសពេលណាក៏បាន។ កន្លងទៅឃើញតែ Fresh News ចុះផ្សាយទេ។ សុំឲ្យវិទ្យុ និងទូរទស្សន៍ទាំងអស់ យកលិខិតរបស់ ទេព វន្នី ម្តាយ និងប្អូនរបស់ ទេព វន្នី យកមកផ្សាយ។ លើកលែងទោសឲ្យ គឺតាមរយៈការសុំទោស សុំអធ្យាស្រ័យ។ យកលិខិត អ៊ុំ សំអាន លិខិត មាជ សុវណ្ណរ៉ា និងអ្នកដទៃទៀតមកផ្សាយតាមវិទ្យ ទូរទស្សន៍ ដើម្បីឲ្យអាក្រុមនោះថា ក្រោមការគាបសង្កត់របស់អន្តរជាតិ …។ អ្នកឯងស្គាល់ ហ៊ុន សែន តិចពេកហើយ។ ហ៊ុន សែន ពេលខ្លះជន្លឆ្វេង វាយស្តាំ។ ពេលខ្លះជន្លស្តាំវាយស្តាំតែម្តង។ នេះគឺការជន្លស្តាំ វាយស្តាំ។ អាទិត្យមុន ខ្ញុំនិយាយនៅកៀនស្វាយ អានោះបញ្ឆេះថែម គោលដៅរបស់គេចង់ឲ្យខ្ញុំកុំលើកលែងទោសឲ្យក្រុម មាជ សុវណ្ណរ៉ា និង អ៊ុំ សំអាន នេះ …។
ឥឡូវត្រូវហើយ។ ខ្ញុំលើកលែងទោសអស់។ នៅសល់តែទណ្ឌិតម្នាក់គត់ដែលរត់ចោលពន្ធធនាគារ។ អញ្ចឹងសូម្បីតែជាប់គុកក៏ឯកោដែរ។ នៅតែម្នាក់ឯង ក្រៅពីនោះគេរួចអស់។ អញ្ចឹងឲ្យវាពូកែម្នាក់ឯងអញ្ចឹងទៅ។ អញ្ចឹងចំណុចនេះ ខ្ញុំសុំឲ្យអ្នកជំនួយការបញ្ជូនភ្លាម ទៅតាមវិទ្យុ ទូរទស្សន៍ ឲ្យផ្សាយ ទាំងសំបុត្រ ទេព វន្នី ទាំងសំបុត្រម្តាយ និងប្អូនស្រី ឬបងស្រី ទេព វន្នី លិខិតរបស់ អ៊ុំ សំអាន លិខិតរបស់ មាជ សុវណ្ណរ៉ា និងអ្នកឯទៀត។ ខ្ញុំអត់រង់ចាំពេលភ្ជុំទេ។ រឿងគម្រោងលើកលែងទោសទ្រង់ទ្រាយធំសម្រាប់ពេលភ្ជុំ ពេលបុណ្យទូក ពេលបុណ្យឯករាជ្យ និងពេលខួបលើកទី ២០ នៃថ្ងៃបញ្ចប់សង្រ្គាមគឺនៅតែបន្ត។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានទទួលការណែនាំឲ្យធ្វើកិច្ចការងារនេះ ដើម្បីយើងលើកលែងទោសសម្រាប់ប្រជាពលរដ្ឋ ចេញមកកសាងខ្លួន …។
អ្នកដែលត្រូវបានទទួលការលើកលែងទោស មិនត្រូវសងសំណងនោះទេ
រឿងទាក់ទងជាមួយនឹងបទល្មើសព្រហ្មទណ្ឌ ដែលរងគ្រោះដោយសារមេដឹកនាំបក្សនយោបាយ។ ខ្ញុំបានផ្តល់នូវការអនុគ្រោះលើកលែងទោសឲ្យគេចប់ហើយ។ អ្នកដែលរួចទោស ដោយការលើកលែងទោសទាំងនេះ សំណងមិនត្រូវបានសងទេ។ អញ្ចឹងសុំ ឯកឧត្តម អ៊ុំ សំអាន សុំឯកឧត្តម មាជ សុវណ្ណរ៉ា និងអ្នកដទៃទៀត សំណងដែលសុំឲ្យសងការខូចខាតនោះ មិនត្រូវបានសងទេ។ ក៏សុំពន្យល់បញ្ហានេះចំពោះបងប្អូនដែលគាំទ្រគណបក្សប្រជាជន គាំទ្ររាជរដ្ឋាភិបាលថា ហេតុអីបានជាលោក ហ៊ុន សែន ទៅលើកលែងទោសឲ្យជនរួមជាតិ។ ពេលណាដែលយើងអាចធ្វើទៅបាន យើងគួរតែធ្វើ។ បងប្អូនទាំងនោះ បានទទួលស្គាល់កំហុស ហើយគេក៏បានទទួលនូវទោសទណ្ឌរួចមួយចំនួនដែរហើយ។ អញ្ចឹងការលើកលែងទោសនេះ ក៏ជាហេតុផលមួយដើម្បីសម្រួលឲ្យបងប្អូន ឲ្យស្ថិតនៅក្នុងបរិយាកាសនៃសាមគ្គីភាព នៅក្នុងចំណោមជាតិសាសន៍របស់យើង។ ប៉ុន្តែ គេមិនត្រូវនិយាយអំពីការដាក់ការគាបសង្កត់ទេ។ អញ្ចឹងបានជាខ្ញុំតម្រូវឲ្យមានការផ្សព្វផ្សាយនូវលិខិតទាំងនោះដោយទូលំទូលាយបំផុត ទាំងតាមប្រពន្ធវិទ្យុ/ទូរទស្សន៍ ទាំងបង្ហោះតាម YouTube បង្ហោះតាម Facebook ឬក៏ស្អីផ្សេងៗគ្រប់ប្រព័ន្ធទាំងអស់ឲ្យបញ្ចេញ។ កន្លងទៅតាមតែ Fresh News មួយទេ តែអ្នកដទៃមួយចំនួនអត់មានបានមើល Fresh News ទេ។ Fresh News វាទាល់តែមាន internet បានមើលបាន តែប៉ុន្មានសិបម៉ឺននាក់ ដែលមើលបានតែប៉ុណ្ណឹង តែប្រជាជនទូទៅមិនទាន់បានដឹងទេ។
(២) អ្នករួចទោសដោយសាលក្រមផុត ត្រូវតែសងលុយសំណង
អញ្ចឹងអ្នករួចទោស តាមរយៈលើកលែងទោសរបស់នាយករដ្ឋមន្រ្តីថ្វាយព្រះមហាក្សត្រព្រះរាជទានទោស លើកលែងទោស សំណងទាំងឡាយមិនត្រូវបានសងទេ។ ក៏ប៉ុន្តែ ផ្ទុយទៅវិញអ្នករួចទោសដោយសាលក្រមផុតរលត់ ត្រូវតែសងលុយជំពាក់គេ។ អញ្ចឹងអ្នកណាដែលរួចទោសបែបនេះ គណបក្សប្រជាជនត្រូវគេជំពាក់ ៨០០ លាន។ អញ្ចឹងត្រូវរកលុយសង។ បើមិនសងលុយទេ ប្រហែលជាចូលគុកវិញ ព្រោះអ្នកឯងមិនសងលុយ។ អ្នកឯងជាប់ទោសរួចតែទោសទេ ប៉ុន្តែលុយត្រូវសង។ ករណីលើកលែងទោស ហ្នឹងត្រូវរួចទាំងអស់។ អញ្ចឹងត្រូវបែងចែកគ្នាឲ្យច្បាស់។
នីតិមាត់ វាយោងទៅតាមទិដ្ឋភាពច្បាប់ដែរ
ស្អី? នីតិមាត់? ឥឡូវខ្ញុំនិយាយ នីតិមាត់។ នីតិមាត់ វាចេញពីនីតិរដ្ឋ។ អ្នកឯងចង់និយាយថា ខ្ញុំ នីតិមាត់ ឥឡូវខ្ញុំនិយាយចង្អុលនីតិមាត់។ ខ្ញុំនិយាយដោយយោងទៅលើអ្វីដែលជាទិដ្ឋភាពច្បាប់។ អ្នកឯងមិនទាន់បានសងលុយ ដែលជាភាគីរងគ្រោះ ដែលតុលាការគេកាត់ឲ្យអ្នកឯងត្រូវសង ៨០០ លាន អ្នកឯងបានសងលុយហើយឬនៅ? អញ្ចឹង មេធាវីគណបក្សប្រជាជនត្រូវបន្ដតាមទារលុយ។ កុំអាលព្រហើន។ ទា្វរគុកនៅចំហរង់ចាំ។ តិចថា នីតិមាត់ ព្រោះអាមាត់និយាយហ្នឹងវាចេញពីច្បាប់។ ចេញពីនីតិរដ្ឋ បានវានិយាយចេញទៅអញ្ចឹង។ ប៉ុន្ដែ(អ្នកឯងនិយាយ)ដើម្បីបន្ដុះបង្អាប់ខ្ញុំ។ អ្នកឯងចង់សាកមើល … ប្រមូលលុយយកមក។ អត់លុយត្រូវចូលគុកវិញ។ (រឿង)ហ្នឹងមានច្បាប់ មានទម្លាប់។ គេកាត់ឲ្យជំពាក់លុយគេ មិនសងម៉េច? ចេញមកធ្វើជាអ្នកព្រហើន(ទៀត)។ ព្រំដែនសិទ្ធិរបស់អ្នកឯងត្រូវគិតដល់សិទ្ធិអ្នកដទៃ អាហ្នឹងករណីទី ២ …។
(៣) គ្មានការលើកលែងទោសឲ្យពិរុទ្ធជន, សូមកងកម្លាំងតាមមើល និងចាប់មេក្លោងដឹកនាំចលនា
ឯករណីទី ៣ ស្អែកនេះ គេទៅប្រជុំគ្នានៅត្រពាំងផ្លុង ដើម្បីទទួលពិរុទ្ធជន។ ហើយមេក្លោងធំជាងគេនៅចំការមន ឈ្មោះ ណុប ប៊ុនហ៊។ ផ្ដាំ ណុប ប៊ុនហ៊ ផង។ នគរបាលនៅត្បូងឃុំចាំមើលផង។ បើរកចាប់ៗ ណុប ប៊ុនហ៊ មុន។ ទៅពីចំការមន។ និយាយឲ្យចំតែម្ដងទៅ ស្អែកហ្នឹងវាចេញដំណើរ។ ហើយមួយចំនួនទៅដេកល្ងាចហ្នឹង ចាំទទួលពិរុទ្ធជន។ ខ្ញុំសូមបញ្ជាក់ អ្នកនៅត្រពាំងផ្លុង ស្ថិតនៅក្របខណ្ឌពិរុទ្ធជននៅឡើយ មិនមែនជាទណ្ឌិតទេ។ នៅជាពិរុទ្ធជនទេ។ គ្មានអ្នកណាដោះលែងទេ។ កុំទៅបង្ករឿង … ផ្ដាំទៅនគរបាលត្បូងឃ្មុំត្រៀម … ខ្ញុំធ្វើនាយករដ្ឋមន្ដ្រី យ៉ាងណាក៏ខ្ញុំមានព័ត៌មានគ្រប់គ្រាន់ដែរ។ អ្នកខ្លះទៅដេកត្បូងឃ្មុំល្ងាចនេះ ដើម្បីថ្ងៃស្អែកគេទទួលគ្នាគេចេញពីគុក។
អ្នកណាដោះលែង? បើគេមិនទាន់កាត់ទោសផង។ តើមានទោសឯណាសម្រាប់លើកឲ្យវា? ឯលើកលែងការចោទប្រកាន់? អត់មានទេ។ រឿងនេះ ក្ដីក្ដាំងក្នុងទោសក្បត់ជាតិ អ្នកណាលើកលែងអ្នកទទួលការចោទប្រកាន់? ក្នុងឋានៈខ្ញុំជារដ្ឋាភិបាល ខ្ញុំនៅតែបន្ដប្ដឹងដាច់ខាត។ អ្នកណាជាអ្នកលើកលែង បាននាំគ្នាឆ្កួតៗផ្អើលស្អែកហ្នឹងគេទៅ។ ប៉ុន្ដែបើទប់ថ្ងៃហ្នឹង ប្រហែលមិនហ៊ានទៅទេ ជាពិសេស ណុប ប៊ុនហ៊ អត់ទៅទេ។ ហើយប្រាប់ខាងនគរបាលឲ្យហើយ រកមុខ ណុប ប៊ុនហ៊ ទៅ ឬមិនទៅ? ស្គាល់ ណុប ប៊ុនហ៊ ទេ? … អន្ទិត ណុប ប៊ុនហ៊ បើហែ្អងទៅរកស៊ីដីធ្លីរកស៊ីទៅ កុំមករឿងនយោបាយតទៅទៀត … ប្រាប់ឲ្យត្រង់ៗឈ្មោះតែម្តង ឲ្យវាឆាប់ចប់។ ក្រែងលោគេវាយខ្នោះបញ្ចូលគុកត្រពាំងផ្លុងមួយទៀត។ … គេថាប្រមូលគ្នាឲ្យច្រើនទៅទទួលមេគេ ថ្ងៃ ៣០ … សណ្ដាប់ធា្នប់សង្គមណា កុំធ្វើល្ងើៗ។
ឥឡូវវនេះ អត់មានអ្នកណាមួយមានអភ័យឯកសិទ្ធិទេ សុំប្រាប់ឲ្យហើយ។ បើទោះបីមានអភ័យឯកសិទ្ធិ បទល្មើសជាក់ស្ដែងត្រូវចាប់ភ្លាម។ ផ្ដាំឲ្យហើយ … សូម្បីតែក្រុម អ៊ុំ សំអាន មានសាលក្រមចូលស្ថាពរហើយ ដូច្នេះបាន អ៊ុំ សំអាន ចេញមុន ឯ មាជ សុវណ្ណរ៉ា និងក្រុមរបស់គាត់ ទន្ទឹមនឹងលិខិតទទួលកំហុស និងស្នើសុំលើកលែងទោស ក្រោយពីបានភ្លើងខៀវហើយ គាត់ទៅដកបណ្ដឹងនៅតុលាការកំពូល ហើយបញ្ជូនមកសាលាឧទ្ធរណ៍ ដើម្បីសាលាឧទ្ធរណ៍បញ្ជាក់ថា សាលក្រមចូលស្ថាពរ ទើបយើងមានសិទ្ធិសុំលើកលែងទោស។ អ្នកឯងត្រូវស្គាល់ច្បាប់។
… ដល់តែគេដាក់គុក មូលហេតុដែលជាប់គុកមកពីបំពានច្បាប់។ អញ្ចឹងសូមផ្ដាំទៅឲ្យហើយទៅ មិនទាន់ទាំងកាត់ក្ដីផង មានទោសឯណាសម្រាប់លើកឲ្យអ្នកឯង? នៅមានឈ្មោះជាពិរុទ្ធជននៅឡើយ។ វាមិនទាន់ទណ្ឌិតទេ។ ទណ្ឌិតដែលមានសាលក្រមស្ថាពរមានតែ ទេព វន្នី និង អ៊ុំ សំអាន តែប៉ុណ្ណោះ។ ឯទណ្ឌិតដែលមិនទាន់មានសាលក្រមស្ថាពរ ហើយត្រូវដកពាក្យបណ្ដឹង ដើម្បីឲ្យសាលក្រមចូលស្ថាពរគឺ មាជ សុវណ្ណរ៉ា និងបងប្អូនប៉ុន្មាននាក់ទៀត។ ត្រូវឲ្យយល់អំពីទិដ្ឋភាពច្បាប់ខ្លះផង កុំបំពាន។ ជាពិសេសអ្នកដែលនិយាយពីនីតិមាត់ នៅជំពាក់លុយ … គេហ៊ានធ្វើប៉ុណ្ណឹង គេមិនខ្លាចអ្នកឯងទេ …។
នាយករដ្ឋមន្ដ្រីប្រើអំណាចរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សង្គម
មានអ្នកខ្លះថា ចាប់ក៏ដោយអំណាច លែងក៏ដោយអំណាច។ អំណាចគេឲ្យខ្ញុំប្រើអញ្ចឹង។ បើខ្ញុំមិនប្រើទើបវាខុស។ ច្បាប់ពន្ធនាគារ អំណាចគេផ្ដល់ឲ្យសម្រាប់នាយករដ្ឋមន្ដ្រីស្នើសុំព្រះរាជទានទោសពេលណាក៏បានដែរ។ ហ្នឹងមិនអំណាច? បើមិនប្រើអំណាចហ្នឹង ទើបវាខុស។ មួយទៀតពេលដែលអ្នកឯងធ្វើខុសច្បាប់ បើខ្ញុំមិនប្រើកងទ័ព មិនប្រើនគរបាល មិនប្រើអាវុធហត្ថ ទើបខ្ញុំបានក្លាយជាអ្នកខុស ដោយមិនបានបំពេញកាតព្វកិច្ចការពារនូវសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម បង្កឲ្យមានអំពើអនាធិបតេយ្យ។ អាហ្នឹងបានខុស។ អ្នកឯងបំពានមកលើគេ គេមិនប្តឹងអ្នកឯង ទើបបានខុស។ អាហ្នឹងទាក់ទិននឹងរឿងលើកលែងទោស រឿងជាប់ទោស និងអ្នកទៅទទួល(ពិរុទ្ធជន)នៅថ្ងៃស្អែក ខ្ញុំចង្អុលចំឈ្មោះ ណុប ប៊ុនហ៊ ដែលជាប្រធានស្អីក្រុមការងារនៅខណ្ឌចំការមន …ប្រាប់ទៅប៉ូលីសឲ្យហើយ …។
គណបក្សពីរដែលចង់ចូលរួមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ សូមធ្វើសំណើជាផ្លូវការ
រឿងទី ២ ម្សិលម៉្ងៃ ខ្ញុំមើលឃើញភ្នំពេញប៉ុស្ដិ៍បានចុះផ្សាយថា មានគណបក្សពីរផ្សេងទៀតស្នើសុំចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ ឥឡូវនេះ ខ្ញុំស្វាគមន៍ជានិច្ច ប៉ុន្ដែ មិនត្រូវប្រើត្រឹមតែសារព័ត៌មាននោះទេ។ ពេលដែលគណៈរដ្ឋមន្ដ្រីស្នើអញ្ជើញគណបក្សនានា គឺប្រើលិខិតរដ្ឋបាលផ្លូវការ ដូច្នេះអ្នកត្រូវតែឆ្លើយតបលិខិតផ្លូវការមកនាយករដ្ឋមន្ដ្រី សុំផ្លូវការមកនាយករដ្ឋមន្រ្តី។ ឥឡូវ ព្រះរាជក្រឹត្យបានព្រៀងរួចហើយ បញ្ជូនមកខ្ញុំ តែខ្ញុំអត់មើលទេ ព្រោះខ្ញុំមានកិច្ចការច្រើនដែលត្រូវធ្វើ។ ខ្ញុំប្រគល់ភារកិច្ចនឹងឲ្យ ឈឹម ផលវិរុណ អ្នកព្រៀង ប្រគល់ឲ្យ ប៊ិន ឈិន អ្នកដឹកនាំការប្រជុំ។ នឹងមានការប្រជុំជាមួយនឹងបណ្ដាបក្សនយោបាយ ដើម្បីសម្រេចនូវសេចក្ដីព្រៀងព្រះរាជក្រឹត្យមួយនេះ។ ខ្ញុំចាំតែចុះហត្ថលេខា និងថ្វាយព្រះមហាក្សត្រ ដើម្បីចុះព្រះហស្ថលេខាតែប៉ុណ្ណោះ។ អញ្ចឹងទេ ប្រសិនបើបក្សនយោបាយ ២ ផ្សេងទៀត ចង់ចូលរួមការប្រជុំផ្ដល់មតិយោបល់ ធ្វើលិខិតផ្លូវការឲ្យបានត្រឹមត្រូវ មិនអាចគ្រាន់តែនិយាយជាមួយសារព័ត៌មានគ្រប់គ្រាន់ទេ។ នេះមិនមែនជាវិធីដំណើរការរដ្ឋបាលរបស់រាជរដ្ឋាភិបាលទេ។
នៅក្នុងព្រះរាជក្រឹត្យ ថ្ងៃនោះ ខ្ញុំបាននិយាយថា ត្រូវឈរលើគោលការណ៍ស័្មគ្រចិត្ដ តែត្រូវមានការយល់ព្រមពីនាយករដ្ឋមន្ដ្រី មិនអាចប្រកាសចង់ចូលៗដោយគ្មានការអនុញ្ញាតពីនាយករដ្ឋមន្ដ្រីទេ។ ខ្ញុំត្រូវពិនិត្យលក្ខណសម្បត្ដិគណបក្សហ្នឹង មានលទ្ធភាព និងមានគុណសម្បត្ដិគ្រប់គ្រាន់ចូលរួមឬទេ? នៅពេលមុន អ្នកក៏បានថា ទុកពេលពិចារណា។ ឯខ្ញុំក៏ត្រូវការសិក្សា និងពិចារណាដែរ។ នេះវាជារឿងធម្មតាខ្លាំងណាស់។ មិនអាចធ្វើរបៀបក្រអឺតក្រទមបានទេ។ សង្ឃឹមថា គណបក្សពីរផ្សេងទៀត ដែលចង់ចូលរួម បន្ថែមលើគណបក្សទាំង ១៦ នឹងយល់អំពីការងាររដ្ឋបាល។ បើចង់ចូលរួមប្រជុំលើកទី ២ ដែលដឹកនាំដោយឯកឧត្តម ប៊ិន ឈិន ដើម្បីតាក់តែងសេចក្ដីព្រៀងព្រះរាជក្រឹត្យនេះ ព្រោះយ៉ាងណាក៏ត្រូវមានការប្រជុំដែរ (ត្រូវ)តែរង់ចាំការសម្រេចរបស់នាយករដ្ឋមន្ដ្រីសិន។ បើគេគ្រាន់តែប្រកាសតាមសារព័ត៌មាន គេអត់សរសេរសំបុត្រមកយើងផង យើងទៅហៅគេអាម៉េចមកប្រជុំបាន។ ប្រជុំហ្នឹង ហោចណាស់ត្រូវដាក់កៅអីឲ្យគេអង្គុយ រួចហើយដាក់ផ្លាកនៅខាងមុខ ដាក់ទឹកតែ ទឹកក្រូចឲ្យគេផឹក មិនមែនមកអង្គុយលេងៗទេ …។
មិនអាចតែងតាំងមនុស្សពីគណបក្ស ដែលមិនមានអាសនៈក្នុងសភា ក្នុងតំណែងណាមួយនោះឡើយ
ម្យ៉ាងទៀតសុំផ្ដាំទៅគណបក្សនយោបាយនានាដែរ គណបក្សខ្លះមានការជជែកវែកញែកថា អ្នកណាចូល អ្នកណានៅ ហើយសុំតំណែងថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ។ ខ្ញុំសូមបញ្ជាក់ទៅវិញ។ រដ្ឋធម្មនុញ្ញរបស់យើងអនុញ្ញាតជូនបានតែគណបក្ស ដែលមានអាសនៈក្នុងសភាតែប៉ុណ្ណោះ។ គណបក្សខ្លះស្នើសុំរៀបចំមន្ដ្រីរបស់ខ្លួនទៅថ្នាក់ខេត្ដ ថ្នាក់ស្រុកទៅទៀត។ មិនអាចជូនបានទេ។
មិនអាចសុំមិនយកប្រាក់ខែ តែសុំលុយទៅពង្រឹងបក្សនោះទេ
ឯគណបក្សខ្លះមិនទាន់បានចូលផង ថាមិនគួរយកបា្រក់ខែទេ តែសុំឲ្យជួយគណបក្សនយោបាយនានាជាប្រាក់យកទៅពង្រឹងបក្សវិញ … អាហ្នឹងស៊ីសងលើលោកឯងទេតើ។ លោកឯងយកប្រាក់ខែលោកឯងយកទៅចិញ្ចឹមបក្សទៅ។ ចាំបាច់ស្មុគម្ល៉េះ (មក)បង្កើតទម្លាប់ឲ្យរាជរដ្ឋាភិបាលចិញ្ចឹមបក្សនយោបាយនោះ។ គេចិញ្ចឹមតែអ្នកដែលមកធ្វើការ ដែលទៅជាខួរក្បាលរបស់នាយករដ្ឋមន្រ្តី ខួរក្បាលរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ … បើកយក(ប្រាក់ខែ)មក រួចហើយបញ្ជូនទៅឲ្យគណបក្សទៅ … ចាំបាច់ថា អ្នកធ្វើការមិនបាច់យកប្រាក់ខែ សុំដូរទៅវិញជំនួសដោយជូនលុយនឹងទៅពង្រឹងគណបក្សនយោបាយពង្រឹងខ្លួន … រួចចុះបើច្នៃបានទេ? បើកយកមក ហើយមេគណបក្សហ្នឹងមិនបាច់យកលុយទេ យកលុយហ្នឹងទៅចិញ្ចឹមបក្សទៅ។ វាមិនស្រួល? ហ្អេ! អីក៏លំបាកចាំចែងដល់ព្រះរាជ្យក្រឹត្យទៀត … អន្ទង់វែងឆ្នាំងវែងមែន។
សូមកម្មករដែលមិនទាន់បានជួបគ្នាយោគយល់ ដោយសារមានកម្មវិធីច្រើននៅខែកញ្ញា
នេះគ្រាន់តែជាការផ្តាំទេ តែយ៉ាងណាក៏ដោយ ពូមានរឿងចុងក្រោយត្រូវនិយាយ ផ្តាំផ្ញើទៅក្មួយៗទាំង ១០ កន្លែងផ្សេងទៀត និងអ្នកដែលមិនទាន់ចុះកម្មវិធី សូមយោគយល់។ បានសេចក្តីថា ម៉ាស៊ីនត្រូវវិលហើយ ថ្ងៃ ៥ (កញ្ញា) ពេលព្រឹក ត្រូវចូលប្រជុំរដ្ឋសភាក្រោមព្រះរាជាធិបតីភាព នៃព្រះមហាក្សត្រជាទីសក្ការៈរបស់យើង។ ល្ងាចចូលស្បថ ព្រឹក(បន្ទាប់)ចូលប្រជុំសភា បង្កើតរាជរដ្ឋាភិបាល ល្ងាចចូលស្បថ។ ថ្ងៃ ៧ (កញ្ញា) ថ្ងៃសុក្រ ប្រជុំគណៈរដ្ឋមន្រ្តី។ ថ្ងៃ ១០ ឡើងទៅ ណាននីង ប្រទេសចិន ថ្ងៃ ១២ វិលមកហាណូយ ប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក រួចហើយដូចចន្លោះហ្នឹង ដូចចុះជួបកម្មករនៅកន្លែងណាមួយ ថ្ងៃ ១៩ កំពង់ស្ពឺ បន្ទាប់ទៅ ចុងខែ ក្រោយមកពីញូវយ៉កវិញ ព្រោះចេញទៅញូវយ៉កថ្ងៃ ២៧ ចេញពីនេះ។ សូមរង់ចាំសិន ប៉ុន្តែ ជាធម្មតា មកយឺតប្រសើរជាងមិនបានមក។
បើនាយករដ្ឋមន្រ្តីមិនដក គ្មាននរណាគេដកនោះទេ
ថ្ងៃនេះ ប៉ុណ្ណឹងទៅចុះ ការពិតវាហត់ណាស់ទៅហើយ មិននឹកស្មានថា យប់មិញ វាស្អីវាបានជាភ្ញាក់ពីយប់ម៉េះ? ឬក៏ក្មួយៗនឹកពូ? ឬពូនឹកក្មួយៗពេក បានជាដេកមិនលក់? ភ្ញាក់ឡើងនៅហ្នឹង ហើយវាយ(សារឆ្លងឆ្លើយ) នុត ពុធដារ៉ា ក្រែងជាអភិបាលខណ្ឌពោធិសែនជ័យ? ដង្កោទេ។ រួចចុះ ហ្អែងឡប់ស្អី? ឡប់ស្អីយប់មិញហ្នឹង បានបង្ខំអញត្រូវវាយមកទាំងយប់នេះ នៅសល់ ២ ឆ្នាំទៀត ស្នើសុំបន្តការងារតទៅទៀត។ បានវាយត្រឡប់មកវិញ តើនរណាទៅដក? បានស្នើសុំបន្ត? ឃើញសញ្ញានៅអនឡាញនៅឡើយ ឃើញសញ្ញាវាយបក តែអត់ឃើញ។ ឡប់អី? អាណាទៅដក បើអញអត់ចុះអនុក្រឹត្យផង។ ម៉េចបានទៅជាឡប់អញ្ចឹង? មានរឿងអី? ឬក៏ភ័យខ្លួនឯង? ការងារអញមួយគំនរ យប់មិញម៉ោង ១១ ហើយ ឆ្លើយមកវា។ វាថាវានៅសល់ ២ ឆ្នាំ ទៀត វាសុំនៅកន្លែងហ្នឹងដដែល។ បានវាយសួរមកវិញថា នរណាទៅដក បានជាមកសុំបន្ត? ឬក៏មាននរណាទៅពន្យុះ? បើពន្យុះ បើមិនហ៊ាននិយាយនៅហ្នឹង វាយចូលទៅក្នុង WhatsApp អញវិញ ដើម្បីប្រាប់ថា មានគេទៅប្រាប់ថាអីអញ្ចេះអញ្ចុះ។ បើទោះបីជាខ្ញុំមិនកាន់មហាផ្ទៃ ក៏ប៉ុន្តែ មហាផ្ទៃត្រូវតែឆ្លងកាត់នាយករដ្ឋមន្ត្រីជាចាំបាច់ តែងតាំងចៅហ្វាយស្រុក ចៅហ្វាយខណ្ឌ អភិបាលរងខេត្ត អភិបាលខេត្ត ត្រូវមានការសម្រេចពីនាយករដ្ឋមន្ត្រី …។
ការតែងតាំងតំណែង ត្រូវមានក្របខណ្ឌ និងឋានន្តរសក្តិមន្ត្រី
ក្បែរភ្លឺយប់មិញនេះ ត្រូវវាយត ប៉ុន្តែដល់ទៅពេលអញ្ចឹង ក៏ឆ្លៀតវាយត។ មើល WhatsApp មើលស្អីឯណា ដែលយើងមិនទាន់វាយតត្រឡប់ទៅវិញ។ តបទៅ(ឲ្យ)អស់ហើយ។ បក្សនយោបាយមួយនោះ តបទៅហើយ ប្រាប់ថា រដ្ឋាភិបាលធ្វើមិនបានទេ។ ឯនៅខាងមូលដ្ឋាន ក៏កាន់តែធ្វើលែងកើតដែរ ព្រោះមានប្រអប់។ ត្រូវមានកំណត់ចំនួន អភិបាលមួយ អភិបាលរងប៉ុន្មាននាក់។ រួចហើយ ត្រូវមានក្របខណ្ឌទៀត។ ថ្នាក់ស្រុកគឺត្រូវមានអនុមន្រ្តី ឬវរៈមន្រ្តី។ ថ្នាក់ខេត្តត្រូវមានវរៈមន្រ្តី ឬឧត្តមមន្រ្តី។ យើងជាមន្រ្តីចេញពីបក្សនយោបាយ យើងមិនអាចទៅធ្វើទេ។ បើធ្វើបក្សនយោបាយគ្រាន់តែដើម្បីមុខដំណែង មិនចាំបាច់ធ្វើបក្សនយោបាយទេ។ សូម្បីតែបក្សកាន់អំណាចក៏មិនមែនចេះតែបោះមន្រ្តីនយោបាយឲ្យទៅកាន់ការងារនោះបានទេ ព្រោះសាលាផ្នែកនោះវាមានរបៀបតែងតាំងមួយដោយឡែក វាមានមន្រ្តីក្រមការ វាមានអនុមន្រ្តី វាមានវរៈមន្រ្តី ដើម្បីបម្រើការងារនៅក្នុងនោះ។
មានច្រើនគ្នា ច្រឡំថាធ្លាប់ស្គាល់គ្នាពីក្មេង
អាហ្នឹងបានថា … កុំអាងតែដឹងលេខ។ ថាដូរលេខទូរស័ព្ទ ប៉ុន្តែ អ្នកខ្លះលេខទូរស័ព្ទឯងហ្នឹងទៅចែកចាយឲ្យអ្នកដទៃ។ កាន់តែស្គាល់ វាយចូលមកកាន់តែច្រើន។ បើឯងដូរលេខទូរស័ព្ទទៅទៀត វាវង្វេងអស់ … មើលសុំរក្សាសម្ងាត់លេខ(ខ្ញុំ) មើលទៅខ្ញុំត្រូវដូរលេខទូរស័ព្ទចោលមួយសា។ បើមិនអញ្ចឹងទេ ចែករំលែកគ្នាទៅ(ពេញហ្នឹង)។ ប៉ុន្មានថ្ងៃនេះ មានអ្នកអញ្ចេះទៅទៀត ថាបើវាទៅបោកនរណា វាទៅបោកទៅចុះ បោកប៉ះកូនឯងវាឆ្កួតទៅទៀត។ វាថា ពុកមានអ្នកគេថាគេស្គាល់ពុកឯងកាលពីក្មេង រួចហើយបញ្ជូនមក ធ្វើឲ្យរំខាន ពិនិត្យចុះពិនិត្យឡើង។ “សម្តេចនៅចាំទេ ពេលដែលសម្តេចនៅដេកពេទ្យ គេរកចាប់សម្តេចៗពួននៅលើគ្រែ ហើយពេលមួយនោះ ខ្ញុំចំអន់លេងជាមួយនារីពេទ្យម្នាក់ ហើយឃើញសម្តេចឈរនិយាយជាមួយនារីពេទ្យនោះយ៉ាងយូរ តើសម្តេចនៅចាំទេ?” ដល់ចុះឡើងៗ ប៉ុន្មានទំព័រហ្នឹង គាត់នៅខេត្តកំពង់ឆ្នាំង ឯងនៅឯមេមត់ កំពង់ចាមឯណោះ។
អញ្ចឹងបានប្រាប់ទៅកូនវិញថា គាត់ច្រឡំមនុស្សហើយ ឲ្យពុកចាំបានយ៉ាងម៉េច បើអត់មានចំណុចមួយណាត្រូវសោះអញ្ចឹង។ អញ្ចឹង កូនខ្លួនឯងក៏វាមិនយល់ថា ឪពុកវានៅឯណា? កំណើតនៅឯណា? កំពង់ឆ្នាំងខ្ញុំទើបនឹងស្គាល់នៅសម័យថ្មីទេ អត់ដែលស្គាល់តាំងពីសង្គមចាស់។ ឯខ្ញុំទៅជាមានមនុស្សទៅនៅកំពង់ឆ្នាំងអីនឹងគេដែរនោះ។ ជួនកាល ខ្ញុំទៅកំពង់ទ្រាសកន្លងទៅ … ទៅដល់យករូបថតមកថា នេះរូបថតខ្ញុំជាមួយបងឯង ខ្ញុំខំមើល។ ទេ! មិនមែនខ្ញុំទេ … ខ្ញុំមិនដែលស្អប់ខ្ពើមនរណាទេ ក៏ប៉ុន្តែ ច្រឡំច្រើនពេកហើយ។ គ្រាន់តែកូនប្រុសខ្ញុំស្លាប់ ចាប់ជាតិឡើងមិនដឹងប៉ុន្មាននាក់មកហើយទេ ដែលចេះតែចង់យកមកជួបឪពុករបស់វា។ បើវានៅដល់ឥឡូវ វាអាយុ ៤២ ឆ្នាំហើយ … ប្រតិបត្តិការរបស់ខ្ញុំ ធ្លាប់ដេកពេទ្យនៅពេទ្យស្រុកក្រូចឆ្មារ ហើយដេកពេទ្យនៅអូររាំងឪ ចុងក្រោយនៅមេមត់ បន្ទាប់ទៅចេញដឹកនាំតស៊ូតែប៉ុណ្ណឹងទេ មិនដែលបានទៅដេកពេទ្យនៅកំពង់ឆ្នាំងទេ ព្រោះវាឆ្ងាយគ្នាពេក មួយនៅឯកំពង់ចាម ត្បូងឃ្មុំឯណោះ មួយនៅកំពង់ឆ្នាំង។ សុំទោសអ្នកដែលបានផ្ញើលិខិតមកខ្ញុំ … ច្រឡំមនុស្សហើយ ប្រហែលជាមានអ្នកណាឈ្មោះ សែន ដូចគ្នា ហើយអាចនឹងត្រកូល ហ៊ុន ទៅទៀត។
អំណោយជូនអ្នកចូលរួម
… ការចូលរួមរបស់កម្មករ/ការិនីរបស់យើងនៅថ្ងៃនេះ មាន ១៤.៧៩៩ នាក់ ដែលមកពី ៦ សហគ្រាស រោងចក្រ ពីខណ្ឌពោធិសែនជ័យ សូមជួនក្មួយៗជាចំណងដៃតិចតួចទេ តែ ២ ម៉ឺនរៀលក្នុងម្នាក់ៗប៉ុណ្ណោះ។ ប្រាក់ខែក្មួយៗ ក្នុងមួយខែ ប៉ុន្មានដូចជា ៨០ សិបម៉ឹនប្លាយ ទាំងអត្ថប្រយោជន៍ស្អីៗ តែក្មួយៗមិនសំដៅមករកអាប្រាក់ ២ ម៉ឺនរៀលរបស់ពូទេ សំខាន់ការជួបសំណេះសំណាលសួរសុខទុក្ខគ្នា។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៥ លានរៀល … ក្រុមតន្រ្តីសម័យ ចំនួន ៥ លានរៀលផងដែរ។ ឯក្មួយៗដែលមានផ្ទៃពោះនេះ ពូនឹងចែកជូនមួយស្រោមសំបុត្រម្នាក់ ហើយក្មួយៗដែលភ្លោះនេះនៅខាងមុខស្រាប់ ថ្ងៃនេះ មានតែ ៣ ទេ។ បន្តិចទៀត សង្ឃឹមថា កម្មការិនីមានផ្ទៃពោះច្រើន ដោយសារម្យ៉ាងបានសម្រាក ៣ ខែ ប្រាក់ខែ ១២០% និងប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈបេឡាសន្តិសុខសង្គម។ ប៉ុន្តែ មិនអីទេ ហើយសង្ឃឹមថា ក្មួយៗមានកូនដែលមានសុខភាពល្អ ដែលជាកូនគួរឲ្យស្រឡាញ់ និងវៃឆ្លាត ដែលថ្ងៃក្រោយ គេនឹងក្លាយទៅជាធនធានមនុស្សដ៏ល្អក្នុងការបម្រើប្រទេសជាតិ ហើយគេនឹងមានអនុស្សាវរីយ៍នៅពេលដែលមកបានជួបពូ ក្រោយពេលដែលកើតទៅ ពួកគេនៅសល់រូបថតដែលម្តាយគេថតជាមួយនឹងមេដឹកនាំប្រទេស។ ក្មួយៗមិនមែនគ្រាន់សំដៅចាត់ទុកថាពូជាអ្នកដឹកនាំប្រទេសទេ ឥរិយាបទរបស់ក្មួយៗចាត់ទុកពូដូចជាឪពុក ឪពុកមា ឪពុកធំ ឬជីតាផងដែរ ដែលពូសូមអរគុណ។ ចុងបញ្ចប់ ជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស ក្មួយៗកម្មករ/ការិនីទាំងអស់ សូមប្រកបនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕