FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់គណៈមេធាវីកម្ពុជា ជួយពង្រាយមេធាវីទៅតាមបណ្តាខេត្ត និងទីជនបទដើម្បីជួយការពារក្តីដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រីមិនមានលទ្ធភាពជួលមេធាវីការពារ ឬមិនសូវយល់ពីបញ្ហាផ្លូវច្បាប់នោះ។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យគណៈមេធាវីកម្ពុជា ដឹកនាំដោយលោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជាចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះនៅវិមានសន្តិភាព។
ពាក់ព័ន្ធបញ្ហានេះ លោក សួន វិសាល បានគូសបញ្ជាក់ថា បច្ចុប្បន្នគណៈមេធាវីកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ក៏ដូចជារៀបចំប្រព័ន្ធទិន្នន័យតាមដានករណីនីមួយៗផងដែរ។
នៅក្នុងជំនួបសម្តែងការគួរសមនាព្រឹកមិញនេះ លោក សួន វិសាល ក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ផងដែរអំពីសមិទ្ធផលការងារមួយចំនួនរបស់គណៈមេធាវីកម្ពុជា ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជាកំពុងធ្វើនាពេលបច្ចុប្បន្ន។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោក សួន វិសាល បានជម្រាបសម្តេចតេជោថា គណៈមេធាវី បានធ្វើការកែទម្រង់យ៉ាងច្រើន ជាពិសេសលើវិស័យរដ្ឋបាល និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យអប់រំផងដែរ។ លោកបន្តថា គណៈមេធាវី បានធ្វើការកែទម្រង់ការងារ ដើម្បីធ្វើយ៉ាងណាឲ្យសមស្របទៅតាមបរិបទនៅកម្ពុជាផង និងអន្តរជាតិ នាពេលបច្ចុប្បន្នផង ហើយក៏បង្រៀនមេធាវីកម្ពុជា នូវបច្ចេកទេសការពារក្ដីផង។
លោក សួន វិសាល ក៏បានគោរពរាយការណ៍ជូនសម្តេចតេជោ អំពីកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាមួយគណៈមេធាវីអន្តរជាតិ ដែលបានដឹកនាំកិច្ចប្រជុំហើយនឹងរៀបចំកិច្ចប្រជុំសមាគមមេធាវីអាស៊ាន នៅកម្ពុជា នាពេលខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះរបាយការណ៍ ដែលបានលើកឡើងដោយ លោក សួនវិសាល ហើយក៏បានណែនាំដល់គណៈមេធាវីកម្ពុជាថា រាល់ការកែទម្រង់ទាំងឡាយដែលគណៈមេធាវីនឹងធ្វើ ត្រូវធ្វើឲ្យស្របតាមច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជាផង និងតាមនិយាមអន្តរជាតិផង។
សម្តេចតេជោ ក៏បានណែនាំឲ្យគណៈមេធាវីកម្ពុជា ពិនិត្យមើលចំណុចមួយចំនួន ដែលលែងសមស្របទៅតាមកាលៈទេសៈ ព្រោះថាគណៈមេធាវីបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ មក ដែលចំណុចមួយចំនួន មិនសមស្របតាមបរិបទសង្គមនាពេលបច្ចុប្បន្ននេះទេ៕