ដកស្រង់ប្រសាសន៍ សារសំឡេងបញ្ជាឲ្យបិទពិធីមង្គលការ និងពិធីជួបជុំទាំងអស់នៅទូទាំងប្រទេស

ផ្ញើជូនឯកឧត្តម លោកជំទាវ អភិបាលខេត្ត រាជធានី,​ កន្លងទៅនេះខ្ញុំបានផ្តល់អំណាចពិតប្រាកដមួយសម្រាប់រាជធានី ខេត្តទាំងអស់ ដែលនឹងមានអំណាចបិទ ឬបើកចំពោះករណីការជួបជុំ ឬក៏ពិធីអ្វីមួយនៅក្នុងខេត្តដែនដីរបស់ខ្លួន។ ខ្ញុំពិនិត្យឃើញថាមានរាជធានីខេត្តមួយចំនួនក៏បានចាត់វិធានការ ដូចជាការផ្អាកការជួបជុំការរៀបចំពិធីការជាដើម ប៉ុន្តែក៏មិនទាន់ឃើញនៅខេត្តខ្លះដែលមិនទាន់បានចាត់ចែង។ ការដែលខ្ញុំទុកសិទ្ធិបែបនេះគឺដើម្បីព្រោះស្ថានភាពវាមិនដូចគ្នាទេរវាងពីខេត្តមួយទៅកាន់ខេត្តមួយ។ ប៉ុន្តែ ឥឡូវនេះ យើងបានសង្កេតឃើញថា រាល់ការរៀបអាពាហ៍ពិពាហ៍តែងកើតឡើងនូវហានិភ័យ ដូចជាករណីថ្មីៗគឺកើតឡើងក្នុងខេត្តតាកែវ ហើយក៏មានអ្នកដែលទៅចូលរួមស៊ីការពីកន្លែងមួយទៅកាន់កន្លែងមួយ។ នេះជាបញ្ហាដែលសុំឲ្យបណ្តាខេត្តធ្វើការពិចារណាអំពីការបិទ ការផ្អាកការរៀបចំណាមួយតាមសេចក្តីសម្រេចរបស់ខេត្ត។ ខ្ញុំគិតថារឿងនេះ គឺជារឿងដែលគួរតែត្រូវបានពិនិត្យឲ្យបានម៉ត់ចត់ ហើយដាក់ចេញនូវវិធានការអង្វរកសុំចិត្តប្រជាពលរដ្ឋរបស់យើងមេត្តាយោគយល់។ ឥឡូវនេះ គ្រាន់តែករណីតាកែវមួយគឺត្រូវបិទអស់សាលាប៉ុន្មានទៅហើយ។ តើវានឹងនាំទៅដល់ហានិភ័យយ៉ាងណាទៅទៀត។ រឿងនេះខ្ញុំបានប្រ​គល់សិទ្ធិទៅដល់ឯកឧត្តមលោកជំទាវរួចស្រេចទៅហើយ នៅឡើយតែឯកឧត្តម លោកជំទាវ ចេះប្រើប្រាស់នូវសិទ្ធិដែលខ្ញុំបានផ្តល់នោះរបៀបណាតែប៉ុណ្ណោះ។ ការបើកអគារ ការបិទអគារ បិទតំបន់ខ្លះ ឬក៏បិទការជួបជុំនេះខ្ញុំបានផ្តល់ជូនហើយ។ ឥឡូវសុំពិនិត្យមើល កន្លែងណាដែលមិនទាន់មានវិធានការម៉ត់ចត់ សុំស្នើយកចិត្តទុកដាក់ ព្រោះថាឥឡូវនេះគឺដូចជាករណីអ្នកនៅភ្នំពេញទៅស៊ីការនៅខេត្ត ហើយអ្នកនោះខ្លួនឯងវិជ្ជមានកូវីដ–១៩។ ជារឿងមួយដែលផ្អើលសឹងនឹងកន្លះប្រទេស។ អញ្ចឹងទេអាពាហ៍ពិពាហ៍គួរត្រូវបានផ្អាក ហើយបើធ្វើក្នុងរង្វង់សែនព្រេនជាបណ្តោះអាសន្នសិនក៏អាចធ្វើទៅរួចដែរព្រោះមានទម្លាប់ការធ្វើបែបនេះ គឺឲ្យសែនព្រេនក្នុងពិធីតូចតាចនៅក្នុងគ្រួសារ ហើយចាំរៀបការនៅពេលក្រោយក៏មិនទាន់យឺតពេលដែរ។ ខ្ញុំគិតថាប្រពៃណីទំនៀមទំលាប់របស់យើងក៏មិនប្រកែប្រកាន់ជាមួយរឿងនេះទេ។ សូម្បីតែខ្លួនខ្ញុំការជំនាន់ ប៉ុល ពត គ្មានរកអាចារ្យ គ្មានអ្នកដឹកដៃ គ្មានភ្លេង ក៏ប៉ុន្តែទីចុងបំផុតខ្ញុំរស់នៅជាមួយប្តីប្រពន្ធខ្ញុំរហូតដល់តកូនតចៅ ប៉ុន្តែមានអាពាហ៍ពិពាហ៍ខ្លះធ្វើគគ្រឹកគគ្រេង ប៉ុន្តែមិនបានប៉ុន្មានថ្ងៃ…

ដកស្រង់ប្រសាសន៍ សារសំឡេងពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពកូវីដ-១៩ នៅ កម្ពុជាដែលបានកំពុងរីករាលដាលខ្លាំងឡើងៗ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ថ្ងៃនេះ សភាពការណ៍ក្នុងប្រទេសយើងពិតជាមិនធម្មតា។​​ រហូតមកដល់ម៉ោងនេះ ការរកឃើញអ្នកឆ្លងថ្មី កូវីដ-១៩ រហូតដល់ ៤៩ នាក់ គិតតែនៅទី​ក្រុង​ភ្នំពេញ ខេត្ដព្រះសីហនុ និងមកពីខេត្តព្រៃវែង និងអាចមានផ្នែកខ្លះនៅក្នុងខេត្តកណ្ដាលតែប៉ុណ្ណោះ​។ សភាពការណ៍នេះ បានដាក់ចេញជាចំណោទធំៗសម្រាប់យើងក្នុងការបន្ដជំហាន​ប្រយុទ្ធ​ជាមួយជំងឺដ៏កាចសាហាវនេះ​។ ក្នុងស្ថានភាពបែបនេះ ខ្ញុំសូមអំពាវនាវផង និងចេញបញ្ជាផង។​ ការចេញបទបញ្ជា គឺសុំឲ្យស្ថាប័ននីមួយរបស់រាជរដ្ឋាភិបាល និងសុំអំពាវនាវស្ថាប័ននីតិបញ្ញតិ្ដ សុំផ្អាកបណ្ដោះអាសន្ននៅស្ថាប័ន​​​ តែយ៉ាងហោចណាស់យើងត្រូវមានមនុស្សធ្វើការតិចតួច ដោយ(ឲ្យ)មនុស្សភាគច្រើនធ្វើការតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច ៧ ថ្ងៃ។ ក្រោយ ៧ ថ្ងៃ ខ្ញុំព្រះ​ករុណាខ្ញុំនឹងជូនដំណឹងទៅស្ថាប័នទាំងនោះ។ ធ្វើយ៉ាងដូច្នេះ យើងនឹងប​ញ្ចៀសបាននូវហានិភ័យ ដែលយើងមិនទាន់ស្គាល់នូវអ្នកដែលមានការពាក់ព័ន្ធ ព្រោះមានការច្របូកច្របល់ខ្លាំងណាស់​នៅពេលនេះ។ មានការឆ្លងនៅក្នុងក្របខណ្ឌនគរបាល មន្ដ្រីរាជការ រហូតដល់សិល្បករ សិល្បការិនីផងដែរ។ ដូចនេះ ការបិទស្ថាប័នជាបណ្ដោះអាសន្ននេះ មិនមែនជាការបិទទាំងស្រុង​ទេ​ ក៏ប៉ុន្ដែសុំឲ្យកាត់បន្ថយចំនួនមនុស្សយ៉ាងតិច ៩០% ហើយមានមនុស្សមួយចំនួនតួចតែប៉ុណ្ណោះ​ ដែលនៅប្រចាំការធ្វើការតាមស្ថាប័ន។ សម្រាប់វិស័យឯកជន ខ្ញុំសូមស្នើឲ្យមានការយកចិត្តទុកដាក់ បើអាចធ្វើបានសុំកាត់បន្ថយបុគ្គលិក​(មកធ្វើការ ដោយ)ផ្លាស់ប្ដូរវេនគ្នា ដើម្បីបញ្ចៀសភាពកកកុញរបស់មនុស្សនៅតាមកន្លែងធ្វើការ​ផង ​និងតាមផ្លូវផង។ ខ្ញុំសូមអំពាវនាវក្រុមគ្រួសារ សុំកុំអោយកូនៗ ចេញក្រៅផ្ទះ…

សារពិសេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីស្រឡាញ់!  “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ការឆ្លងក្នុងសហគមន៍លើកទី ៣ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានកិច្ចការបន្ទាន់ ដើម្បីនឹងប្រកាសជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញតែម្ដង។ មុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ មានការប្រជុំពិសេសមួយរបស់មន្រ្តីថ្នាក់ដឹកនាំដែលជាប់ការពាក់ព័ន្ធជាមួយនឹងការប្រយុទ្ធប្រឆាំងជាមួយនឹង កូវីដ-១៩ ​។ ឥឡូវសភាពការណ៍បានឈានដល់ដំណាក់កាលថ្មីមួយ ដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាមន្រ្តីពាក់ព័ន្ធ បានធ្វើការសន្និដ្ឋានច្បាស់ថា នេះជាការឆ្លងក្នុងសហគមន៍លើកទី ៣ បន្ទាប់ពីព្រឹត្តិការណ៍ឆ្លងសហគមន៍ ៣ វិច្ឆិកា ដែលផ្ដើមចេញដោយរដ្ឋមន្រ្តីការបរទេសហុងគ្រី។ បន្ទាប់ទៅ ពឹ្រត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ពិតមែនតែព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមពីថ្ងៃទី ១៨-១៩ ប៉ុន្តែដោយសារតែវិធានការដែលត្រូវប្រកាន់យកនិងការប្រជុំបន្ទាន់នេះ ត្រូវបានធ្វើនៅថ្ងៃទី ២០ កុម្ភៈ ខ្ញុំព្រះករុណាខ្ញុំ សម្រេចដាក់ឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ​។ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ផ្ដើមពីការរកឃើញកូវីដ-១៩ លើអ្នកសុំធ្វើតេស្ដចេញទៅក្រៅប្រទេស…