ផ្ញើជូនលោកជំទាវ ឱ វណ្ណឌីន,
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនៅក្នុងគណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជាបណ្ដាមន្ទីរពេទ្យ និងបងប្អូនជនរួមជាតិ!
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតមកដល់ពេលនេះ គឺមានរយៈពេលមួយខែហើយ មិនទាន់ស្រាកស្រាន្ដនៅឡើយទេ។ ពិតមែនដែលយើងបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុបានល្អប្រសើរ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងមួយផ្នែករបស់ខេត្តកណ្ដាល ក៏កំពុងញាំញីនៅឡើយ ក្នុងពេលដែលខេត្តព្រៃវែង និងខេត្តកោះកុង ក៏កំពុងតែស្ថិតក្នុងស្ថានភាពនៃការទប់ទល់។ រយៈពេលមួយខែកន្លងទៅនេះ គឺចំនួនអ្នកឆ្លងមានរហូតទៅដល់ជាង ១០០០ នាក់ ដែលវាច្រើនជាង ២ ដងនៃចំនួនអ្នកឆ្លងជាងមួយឆ្នាំនៅក្នុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១។ ជំងឺរាតត្បាតនេះ កំពុងតែបន្តគំរាមគំហែងនៅទីក្រុងភ្នំពេញ និងផ្នែកខ្លះរបស់ខេត្តកណ្ដាល ដែលទាមទារឱ្យយើងមានការយកចិត្តទុកដាក់បន្តទៀត ទៅលើការប្រយុទ្ធប្រឆាំង កូវីដ-១៩ តាមរយៈនូវវិធានការដែលបានដាក់ចេញរួចមកហើយ ដែលបងប្អូនជនរួមជាតិបានដឹង ទាក់ទិននឹង ៣ កុំ និង ៣ ការពារ។
ចំពោះដំណើរការចាក់វ៉ាក់សាំងវិញ គឺយើងបានចាប់ផ្ដើមចាក់វ៉ាក់សាំងដំណាក់កាលទី ១ គឺតាំងពីថ្ងៃ ១០ កុម្ភៈ គឺចាក់វ៉ាក់សាំង Sinopharm ហើយបន្តទៅ នៅថ្ងៃទី ០៤ ខែមីនា យើងក៏ចាប់ផ្ដើមនូវការចាក់បន្តទៀតនូវវ៉ាក់សាំង AstraZeneca (COVISHIELD)។ សរុបទាំងផ្នែកកងទ័ព និងផ្នែកស៊ីវិល យើងចាក់បានជាង ៣០ ម៉ឺននាក់ ដែលក្នុងនោះ ក្រសួងសុខាភិបាលបានចាក់ ១៩៨ ៤៤៧ នាក់ ដោយវ៉ាក់សាំងទាំងពីរប្រភេទ ទាំង Sinopharm និង AstraZeneca។ ដោយឡែក កងទ័ព គឺចាក់បានចំនួន ១០៩ ៧៥៦ នាក់ ហើយចាក់ដូសទីពីរបាន ៨១ ៣៧១ នាក់។
ខ្ញុំសូមគូសបញ្ជាក់ថា យើងមិនមែនមានចំនួនកងទ័ពតែជាង ១០ ម៉ឺននាក់ទេ។ ប៉ុន្តែ ដោយសារក្រុមគ្រូពេទ្យមិនបានអនុញ្ញាតឱ្យមនុស្សមួយចំនួនចាក់ ដូច្នេះចំនួននេះ គឺឃើញថា ស្ថិតនៅក្នុងកម្រិតមួយ ក្នុងល្បឿនលឿន តែមិនទាន់អស់ចំនួនកងទ័ព និងនគរបាលដែលត្រូវចាក់ឱ្យនោះទេ ដោយសារការហាមឃាត់អំពីក្រុមគ្រូពេទ្យទៅលើការចាក់។
សម្រាប់វ៉ាក់សាំង AstraZeneca (COVISHIELD) វិញ ខ្ញុំសូមគូសបញ្ជាក់អំពីអាទិភាពនៃការប្រើប្រាស់ វ៉ាក់សាំង AstraZeneca ដែលយើងត្រូវប្រមូលផ្ដុំចាក់សម្រាប់អ្នកដែលមានអាយុលើសពី ៦០ ឆ្នាំឡើង ប៉ុន្តែរយៈពេលកន្លងទៅនេះ តាមមន្ទីរពេទ្យមួយចំនួននៅទីក្រុងភ្នំពេញ ក៏បានផ្ដល់ឱ្យអ្នកដែលមានអាយុក្រោម ៦០ ឆ្នាំបានចាក់ AstraZeneca ផងដែរ ដែលបញ្ហានេះខុសជាមួយនឹងគោលនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ក្នុងពេលដែលជំងឺរាតត្បាតនៅទីក្រុងភ្នំពេញធ្ងន់ធ្ងរ។
នៅក្នុងពេលខាងមុខនេះ បើគ្មានការផ្លាស់ប្ដូរទេ វ៉ាក់សាំង Sinovac នឹងមកដល់កម្ពុជានៅថ្ងៃទី ២៦ ខែមីនា។ នេះបើយោងតាមការជូនដំណឹងពីភាគីមិត្តចិន ដែលយើងបានទិញ Sinovac ចំនួន ១ លាន ៥ សែនដូស។ ក្រៅពីនោះ យើងនៅសល់ជំនួយពីមិត្តចិន សម្រាប់វ៉ាក់សាំង Sinopharm ចំនួន ៤០ ម៉ឺនដូសទៀត ដែលសង្ឃឹមថា នឹងបានទទួលនៅមុនចូលឆ្នាំខ្មែរ។
ដូច្នេះ ខ្ញុំសូមស្នើឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង (ចាក់វ៉ាក់សាំង AstraZeneca)ត្រូវផ្ដល់អាទិភាពចំពោះការចាក់ជូនប្រជាជនដែលមានអាយុ ៦០ ឆ្នាំឡើងនៅទីក្រុងភ្នំពេញ ដែលជាតំបន់រាតត្បាត ហើយសម្រាប់មនុស្សចាស់ គឺងាយនឹងការឆ្លង កូវីដ-១៩។ យោងទៅលើស្ថិតិដែលខ្ញុំបានទទួលពីលោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថា ពេលនេះ ចំនួនវ៉ាក់សាំងដែលនៅសល់សម្រាប់ AstraZeneca គឺមានចំនួន ១១១ ៤០០ ដូស ដែលអាចចាក់បានសម្រាប់ប្រជាជនចំនួន ៥៥ ៧០០ នាក់។ ក្នុងន័យនេះ ខ្ញុំបានពិភាក្សាជាមួយនឹងលោកជំទាវ ឱ វណ្ណឌីន ក៏ដូចជាឯកឧត្តម ឃួង ស្រេង ដើម្បីធ្វើយុទ្ធនាការសម្រាប់ការចាក់វ៉ាក់សាំង AstraZeneca ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ ៦០ ឆ្នាំឡើងលើនៅទីក្រុងភ្នំពេញ។
ខ្ញុំសូមឱ្យគ្រប់មន្ទីរពេទ្យដែលកំពុងដំណើរការចាក់វ៉ាក់សាំង គឺមិនបន្តចាក់វ៉ាក់សាំង AstraZeneca ជូននរណាដែលអាយុមិនដល់ ៦០ ឆ្នាំ លើកលែងដែលមានការអនុញ្ញាតរួចហើយ។ កន្លងទៅ យើងឃើញថា ឱ្យតែមានមនុស្សចូលទៅរក(ចាក់វ៉ាក់សាំង) ក្រុមគ្រូពេទ្យយើងតែងតែផ្ដល់ ដោយមិនបានគិតអំពីគោលនយោបាយវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានបែងចែកសម្រាប់ Sinopharm ចាក់ពីអាយុ ៥៩ ឆ្នាំចុះក្រោម ឯ AstraZeneca ចាក់ពី ៦០ ឆ្នាំឡើងលើ។ ដូច្នេះ ទោះបីជាមានលំដាប់អាទិភាពរួចហើយ សម្រាប់ស្ថាប័នមួយចំនួន ដូចជានៅក្នុងវិស័យអប់រំ និងផ្នែកដទៃទៀត គប្បីរង់ចាំវ៉ាក់សាំង Sinovac និង Sinopharm ដែលនឹងមកដល់។ រង់ចាំតែប៉ុន្មានថ្ងៃប៉ុណ្ណោះ គឺបងប្អូននឹងបានទទួលនូវវ៉ាក់សាំងជាបន្តបន្ទាប់ ទៅតាមលំដាប់អាទិភាព ដែលត្រូវបានរៀបចំ។ យើងមិនមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីនឹងចាក់នោះទេ ក៏ប៉ុន្តែយើងត្រូវបន្តការខិតខំ ដើម្បីរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់យើង យ៉ាងហោចឱ្យបាន ១០ លាននាក់។ ដែលនៅពេលខាងមុខនេះ វ៉ាក់សាំងនឹងបានមកជាបន្តបន្ទាប់។
សុំបងប្អូនកុំប្រកាន់ថា នេះជាវ៉ាក់សាំងចិន នេះជាវ៉ាក់សាំងឥណ្ឌា សូម្បីតែវ៉ាក់សាំង AstraZeneca (COVISHIELD) ដែលផលិតនៅប្រទេសឥណ្ឌា ហើយវ៉ាក់សាំង AstraZeneca នេះខ្លួនឯងក៏កំពុងត្រូវបានផ្អាក ឬបញ្ឈប់ការចាក់នៅឯប្រទេសខាងអឺរ៉ុបមួយចំនួន ដោយគេគិតថា មានបញ្ហាសុវត្ថិភាព។ នៅប្រទេសកម្ពុជាយើងមួយចំនួនគិតថា AstraZeneca គឺជាវ៉ាក់សាំងដែលមានសុវត្ថិភាព ហើយអង្គការសុខភាពពិភពលោក ក៏នៅតែការពារចំពោះវ៉ាក់សាំង AstraZeneca ក៏ប៉ុន្តែ បញ្ហារបស់យើងស្ថិតនៅត្រង់ថា យើងមិនមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ជូនទាំងអស់គ្នាក្នុងពេលតែមួយនោះទេ ត្រូវបែងចែក Sinopharm ចាក់អ្នកដែលមានអាយុ ៥៩ ឆ្នាំចុះ និងសម្រាប់ AstraZeneca គឺចាក់សម្រាប់អ្នកដែលអាយុ ៦០ ឆ្នាំឡើង។ បើយោងទៅតាមខ្ញុំដឹង Sinovac គឺហាក់បានដូចជាមិនកំណត់អាយុនោះទេ ព្រោះនៅប្រទេសឥណ្ឌូនេស៊ី គឺបានដំណើរការចាក់ Sinovac រាប់ទាំងប្រធានាធិបតី ឥណ្ឌូនេស៊ី ដែលជាប្រទេសលំដាប់ទី ៤ មានប្រជាជនច្រើនជាងគេ គឺប្រើប្រាស់ Sinovac ដែលនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ២៦ មីនា ២០២១ ខាងមុខនេះប្រសិនគ្មានការប្រែប្រួលអ្វីនោះទេ។
ឥឡូវនេះខ្ញុំសូមស្នើឱ្យមន្ទីរពេទ្យដែលកកកុញទៅដោយមនុស្ស ហើយដែលមនុស្សនោះអាយុមិនទាន់ដល់ ៥៩ ឆ្នាំ ហើយគ្រូពេទ្យអនុញ្ញាតឱ្យចាក់គឺសូមបញ្ឈប់ការចាក់ ប៉ុន្តែបើសិនជាបានចាក់រួចហើយត្រូវបន្តដូសទី ២ ទៅឱ្យជននោះ ត្រូវចង់ចាំថា វ៉ាក់សាំងមិនអាចចាក់តែដូសទី ១ ហើយមិនចាក់ដូសទី ២ ទេ ដូច្នេះមិនត្រូវប្រើប្រាស់វ៉ាក់សាំងឱ្យលើសពីចំនួនកំណត់នោះដែរ។ ចំនួនវ៉ាក់សាំងម្នាក់ត្រូវទទួលបាន ២ ដូស ដូច្នេះបើចាក់លើកទី ១ បាន ១០ ម៉ឺនដូស គឺស្មើនឹង ១០ ម៉ឺននាក់ ត្រូវតែមានវ៉ាក់សាំង ១០ ម៉ឺនដូសបន្ថែមទៀត ដើម្បីចាក់សម្រាប់ពួកគាត់។ ឥឡូវនេះយោងទៅលើស្ថិតិបណ្ដោះអាសន្នចំនួនវ៉ាក់សាំង AstraZeneca នៅសល់សម្រាប់មនុស្ស ៥៥ ៧០០ នាក់។ ខ្ញុំសូមស្នើលោកជំទាវ ឱ វណ្ណឌីន ឯកឧត្តម ឃួង ស្រេង ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល ១៥ ថ្ងៃ នៅរាជធានីភ្នំពេញ ហើយដែលមណ្ឌលចាក់វ៉ាក់សាំងទាំងនោះត្រូវតែធ្វើនៅតាមខណ្ឌ ដែលងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋយើងមកទទួលវ៉ាក់សាំង ហើយហាមឃាត់ការមកដណ្តើមវ៉ាក់សាំងពីមនុស្សចាស់ ពីសំណាក់បងប្អូន កូនក្មួយដែលជាក្រុមយុវជនមិនទាន់ដល់អាយុ។ យើងនឹងផែនការចាក់វ៉ាក់សាំងដោយមានរបៀបរៀបរយ និងដោយមានការអញ្ជើញការកំណត់ដោយច្បាស់លាស់ ហើយដោយគ្មានការរើសអើងសម្រាប់និន្នាការនយោបាយ។
ខ្ញុំសូមស្នើឱ្យ ឯកឧត្តម ឃួង ស្រេង ជ្រើសរើសទីកន្លែងហោចណាស់ក្នុងមួយខណ្ឌត្រូវមានមួយកន្លែង ដើម្បីចៀសវាងប្រជាពលរដ្ឋដែលមានវ័យចំណាស់ធ្វើដំណើរទៅកាន់ទីកន្លែងប្រមូលផ្តុំ ដែលវាងាយរងហានិភ័យនៃការចម្លងមេរោគទៀតផង។ ត្រូវខិតខំធ្វើកិច្ចការងារនេះក្នុងរយៈពេល ១៥ ថ្ងៃ ប៉ុន្តែមិនមែនចាប់ពីថ្ងៃនេះទេ គឺចាប់ពីពេលដែលលោកជំទាវ ឱ វណ្ណឌីន និង ឯកឧត្តម ឃួង ស្រេង រៀបចំរួចរាល់ហើយ។ ឯសម្រាប់មនុស្សមកចាក់ទៀតសោត ក៏ត្រូវមានការកោះអញ្ជើញពីសំណាក់អាជ្ញាធរ ដើម្បីចៀសវាងការមករង់ចាំដោយអត់បាយអត់ទឹក នៅតាមទីកន្លែងដែលបានចាក់ដូចជារយៈពេលកន្លងទៅ ដោយរួមមានអ្នកដែលមិនមានឈ្មោះក៏ទៅ អ្នកដែលមានឈ្មោះក៏ទៅ។ នៅទីក្រុងភ្នំពេញបានចាក់រួចមកហើយ ចំនួនជាង ១ ម៉ឺននាក់ ទាំង AstraZeneca ទាំង Sinopharm គឺសម្រាប់ទីក្រុងភ្នំពេញ។ ឥឡូវយើងបន្ថែមសម្រាប់ទីក្រុងភ្នំពេញ ៥៥ ៧០០ នាក់បន្ថែមទៀត សម្រាប់តំបន់ដែលងាយរងគ្រោះ តាមបណ្តាខេត្តនានាមួយចំនួនក៏បានបញ្ជូនវ៉ាក់សាំង សម្រាប់ខេត្តកណ្តាល ខេត្តព្រះសីហនុ ក៏បានទទួល AstraZeneca។
ខ្ញុំសូមចិត្តបងប្អូនរាប់ទាំងក្រុមគ្រូបង្រៀន គឺសូមរង់ចាំទទួលយកនូវវ៉ាក់សាំង ដែលនឹងមកដល់នៅពេលខាងមុខ។ ប៉ុន្តែខ្ញុំក៏សូមបញ្ជាក់ថា គ្រូបង្រៀន គ្រូពេទ្យ មន្ត្រីរាជការ ដែលចូលនិវត្តន៍ គឺក៏អាចនឹងទទួលបានវ៉ាក់សាំង AstraZeneca ព្រោះខ្លួនមានអាយុលើសពី ៦០ ឆ្នាំរួចទៅហើយ ប៉ុន្តែសម្រាប់អ្នកដែលមានអាយុក្រោម ៦០ ឆ្នាំ ត្រូវរង់ចាំទទួលនូវវ៉ាក់សាំង Sinopharm ឬ Sinovac ដែលសូមបញ្ជាក់ជូនថា វ៉ាក់សាំងទាំងនេះគ្មានហានិភ័យណាមួយកើតឡើងនោះទេ។ គឺអ្នកចាក់ Sinopharm បានច្រើនជាង AstraZeneca ក៏ប៉ុន្តែមកដល់ពេលនេះគ្មានការគ្រោះថ្នាក់ណាមួយសម្រាប់ប្រជាពលរដ្ឋនោះទេ។ ហើយបើប្រៀបធៀបនៅអឺរ៉ុប AstraZeneca បានសម្លាប់ប្រជាជនមួយចំនួនរួចស្រេចទៅហើយ និងបង្កឱ្យមានការភ័យខ្លាច ក៏ប៉ុន្តែសម្រាប់ប្រទេសយើងទាំង Sinopharm ទាំង AstraZeneca មិនទាន់មានការគំរាមគំហែងណាមួយដល់សុខភាពប្រជាពលរដ្ឋ ដូចប្រទេសមួយចំនួនបានលើកឡើងនៅទ្វីបអឺរ៉ុប និងទ្វីបដទៃទៀតនោះទេ។
ខ្ញុំសូមបញ្ជាក់ឡើងវិញ និងសូមចិត្តបងប្អូនជនរួមជាតិមេត្តាយោគយល់ដល់សភាពការណ៍រួមរបស់ប្រទេសជាតិ ហើយក៏សូមបន្តនូវការចូលរួម ដើម្បីធ្វើឱ្យសភាពការណ៍ស្ថិតនៅការគ្រប់គ្រងដែលមានចំនួនកើនខ្ពស់ ហើយធ្វើឱ្យចំនួននៃការឆ្លងត្រូវបានកាត់បន្ថយ និងឈានទៅដល់ការបញ្ចប់។ ឥឡូវនេះថ្ងៃទី ១៩ ខែមីនា នៅមិនដល់ ១ ខែ ទៀតទេ នឹងដល់ពេលចូលឆ្នាំក្នុងពេលដែលសភាពការណ៍រីករាលដាល នៃ កូវីដ-១៩ និងខេត្តខ្លះមិនទាន់បានធូរស្បើយនៅឡើយទេ ដែលខ្ញុំសូមស្នើឱ្យអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ទៅលើនូវការអនុវត្តទៅលើវិធានការ ៣ កុំ ដែលយើងចាំរត់មាត់រួចទៅហើយ បើទោះបីជាអ្នកធ្លាប់បានចាក់វ៉ាក់សាំងទាំង ២ ដូស ក៏មិនត្រូវធ្វេសប្រហែស ត្រូវតែបន្តអនុវត្តនូវវិធានការ ៣ កុំ ដូចគ្នាដែរ។ បើពុំដូច្នេះទេ វ៉ាក់សាំងមិនអាចការពារទាំងស្រុងនោះឡើយ។ វ៉ាក់សាំងត្រឹមតែជួយកាត់បន្ថយមិនឱ្យមានការឆ្លងតែប៉ុណ្ណោះ ប៉ុន្តែបើយើងប្រហែសគឺជំងឺនេះវានៅតែបន្តការឆ្លងដដែល ដែលធ្វើអោយបងប្អូនរងគ្រោះ។
ខ្ញុំសុំអង្វរករអោយបន្តរក្សានូវដំណើរការក្នុងសង្គមរបស់យើងតាមរបៀបថ្មី ហើយសម្រាប់តំបន់ដែលមានហានិភ័យ ខ្ញុំសុំស្នើថាប្រសិនបើគ្មានការចាំបាច់សុំកុំចេញក្រៅផ្ទះ ខ្ញុំនិយាយនេះសំដៅទៅលើមនុស្សដែលយ៉ាងហោចណាស់ មានប្រមាណជា ៧០% ដែលមិនចាំបាច់ចេញក្រៅផ្ទះក្នុងកាលៈទេសៈក៏នៅតែមានបាយទទួលទាន។ ក៏ប៉ុន្តែសម្រាប់អ្នកក្រីក្រគឺមិនអាចធ្វើបាននោះទេ។ សូម្បីតែអ្នកមានលទ្ធភាពក៏មិនអាចធ្វើបាននៅក្នុងផ្ទះ ដោយមិនចេញខាងក្រៅទាំងស្រុងនោះទេ ក៏ប៉ុន្តែនៅរាល់ពេលចាកចេញទៅក្រៅផ្ទះ ត្រូវតែមានការពាក់ម៉ាស់អោយបានម៉ត់ចត់។ ម៉ាសគឺជាវិធីការពារការឆ្លងរោគ ហើយម៉ាសក៏ត្រូវបានចែកជូនប្រជាជននៅទីក្រុងភ្នំពេញយ៉ាងច្រើនផងដែរ។ សុំមេត្តាពាក់ម៉ាសនៅតាមទីធ្លាសាធារណៈ ដើម្បីម៉ាសជួយការពារ ក្រៅពីនោះការលាងដៃ ការរក្សាគម្លាត គឺជាបញ្ហាចាំបាច់។
ខ្ញុំតែងសង្កេតឃើញថា រាល់ជំនួបនានាគឺបន្ទាប់ពីរក្សាគម្លាតនៅពេលដែលប្រជុំហើយនោះ ប៉ុន្តែបែរជាមកនាំគ្នាថតរូបអនុស្សាវរីយ៍ ដែលធ្វើអោយគម្លាតដែលធ្លាប់បានរក្សារាប់មកនៃការប្រជុំត្រូវបានបំផ្លាញចោល ត្រឹមតែការថតរូបអនុស្សាវរីយ៍។ ប្រសិនបើចៀសវាងបាន ហើយបើសិនជាមានតម្រូវការថតរូបក៏សុំអោយតម្រូវការថតរូបនោះ គឺរក្សាគម្លាតដូចពេលដែលយើងអង្គុយជាមួយគ្នា។ ប៉ុន្តែពេលកន្លងទៅនេះឃើញថាការថតរូបគឺជាការថតអនុស្សាវរីយ៍មួយភ្លែត ក្នុងពេលដែលដំណើរការប្រជុំមួយម៉ោង ឬពីរម៉ោង ប៉ុន្តែមកបំផ្លាញត្រឹមតែ ៥ នាទីនៃការថតរូប(ដែលមិនបានអនុវត្ត)ការរក្សាគម្លាត។ ដូច្នេះ បើមិនអាចចៀសវាងបានសុំអោយការថតរូបនេះក៏ថតទៅចុះ តែក៏ត្រូវរក្សាគម្លាតអោយខាងតែបាន។ នេះមិនមែនជាការចាំបាច់ហួសហេតុពេកទេនៃការថតរូប ដែលជាផ្នែកមួយនៃការចម្លងក្នុងរយៈពេលកន្លងទៅ ដោយសារតែបញ្ហាការថតរូបនេះ ក៏មានចំណែកមួយក្នុងចំណោមចំណែកនៃការឆ្លងរបស់យើង។
ខ្ញុំសុំអង្វរករប្រជាពលរដ្ឋរបស់យើង មេត្តាយោគយល់ ហើយការយោគយល់នេះមិនមែនសម្រាប់ខ្លួនខ្ញុំនោះទេ ក៏ប៉ុន្តែសម្រាប់បងប្អូនម្នាក់ៗ ក្រុមគ្រួសារនៃមួយៗតែប៉ុណ្ណោះ ព្រោះអ្នកដែលឈឺមិនមែនខ្លួនខ្ញុំឈឺជំនួស ហើយក៏មិនមែនអ្នកណាឈឺជំនួសអ្នកដែលត្រូវឈឺនោះទេ។ ដូច្នេះ អ្វីដែលជាការអំពាវនាវរបស់ខ្ញុំ គឺសំដៅការពារបងប្អូន បើបងប្អូនមិនអាណិតទៅដល់គ្រូពេទ្យ មិនអាណិតទៅដល់អ្នកបម្រើនៅតាមទីកន្លែងព្យាបាល មិនអាណិតទៅដល់ក្រុមគ្រួសារ ក៏គួរតែអាណិតខ្លួនឯង។ មានន័យថាអ្វីដែលជាវិធានការការពារទាំងនេះ គឺសម្រាប់មនុស្សម្នាក់ៗជាបុគ្គល មិនមែនក្រុមគ្រួសារទេ គឺផ្ដើមចេញពីបុគ្គលតែម្ដង (ព្រោះ)បន្ទាប់ពីបុគ្គលនោះឆ្លងហើយ អាចនឹងរីករាលដាលទៅដល់ក្រុមគ្រួសារផ្សេងទៀត។
នេះគឺជាការអំពាវនាវបន្ថែមទៅលើអ្នកដែលត្រូវបានចាក់វ៉ាក់សាំង ហើយក៏អំពាវនាវចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ទោះមិនទាន់បានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងក៏ត្រូវប្រើប្រាស់វិធានការការពារទាំង ៣ នេះ គឺពាក់ម៉ាស លាងដៃ រក្សាគម្លាត ហើយ ៣ កុំ គឺកុំទៅកន្លែងណាដែលមានមនុស្សច្រើនកកកុញ។ កុំទៅកន្លែងណាដែលមានការបិទជិតដែលមានរូបភាពបង្ហាញរួចមកហើយអំពីការចម្លងដោយម៉ាស៊ីនត្រជាក់ និងចៀសវាងការប៉ះពាល់គ្នាដែលខ្ញុំបាននិយាយអម្បាញ់មិញទាក់ទងនឹងការថតរូបនោះឯង សម្រាប់ទាំងថ្នាក់រដ្ឋមន្រ្តីរបស់យើង មន្រ្តីរបស់យើងថតរូបជាមួយភ្ញៀវ ឬថតរូបជាមួយសហការីរបស់ខ្លួនក្នុងពេលដែលធ្វើការ ដែលធ្វើឲ្យបាត់បង់នូវការរក្សាគម្លាតដែលខ្លួនញុំបានប្រកាសេះបានប្រកាន់យក។
ចុងក្រោយ ខ្ញុំសូមបញ្ជាក់សាជាថ្មី សុំលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចះៈកម្មាធិការចំពកិច្ចន ប្រធានាក់វ៉ាក់សាំង និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរៀបចំផែនការដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ប្រជាជន ៥៥ ៧០០ នាក់ យ៉ាងតិច ក្នុងរយៈពេល ១៥ ថ្ងៃបន្តពីការរៀបចំបញ្ជីស្នាមរួច ហើយគឺធ្វើនៅគ្រប់ខណ្ឌ ហើយនិងធ្វើឲ្យមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋរាប់ទាំងការធ្វើដំណើរមកចាក់ កុំឲ្យគាត់ចេញពីព្រលឹម ហើយត្រឡប់ទៅផ្ទះនៅពេលព្រលប់ ត្រូវអញ្ជើញពួកគាត់តាមលំដាប់លំដោយ។ ចាប់ផ្តើមគ្រប់មន្ទីរពេទ្យទាំងអស់មិនត្រូវទទួលការចាក់សម្រាប់អ្នកដែលមានអាយុក្រោម ៦០ ឆ្នាំ ហើយចាក់ AstraZeneca នោះទេ ក៏ប៉ុន្តែអនុញ្ញាតឲ្យចាក់សម្រាប់អ្នកដែលបានទទួល AstraZeneca ហើយនៅដូសទី ២ តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ដូសទី ១ គឺមិនត្រូវចាក់សម្រាប់អ្នកដែលមានអាយុក្រោម ៦០ ឆ្នាំនោះឡើយ។ ធ្វើយ៉ាងដូច្នេះគឺដើម្បីឲ្យស្របជាមួយនឹងគោលនយោបាយវ៉ាក់សាំងដែលបែងចែកសម្រាប់អ្នកទទួល Sinopharm អាយុក្រោម ៦០ ឆ្នាំ និង AstraZeneca សម្រាប់មនុស្សដែលមានអាយុលើស ៦០ ឆ្នាំ។
ខ្ញុំសង្ឃឹមថាឯកឧត្តម លោកជំទាវ នឹងធ្វើបាន ហើយប្រជាពលរដ្ឋរបស់យើងនឹងធ្វើការយោគយល់ព្រោះនៅក្នុងប្រទេសគ្រប់ខេត្តក្រុងហើយដែលយើងបានផ្តល់ចំពោះអ្នកដែលនៅជួរមុខ ឯសម្រាប់ប្រជាជននៅទីក្រុងភ្នំពេញក៏ទទួលបានជាង ១ ម៉ឺននាក់រួចហើយដែរ។ ឥឡូវ យើងត្រូវបន្ថែមសម្រាប់ទីក្រុងភ្នំពេញដែលជាតំបន់កំពុងរីករាលដាល កំពុងមានផលប៉ះពាល់វាយប្រហារដោយ កូវីដ-១៩ ហើយអ្នកដែលនឹងងាយរងគ្រោះគឺមនុស្សដែលមានអាយុ ៦០ ឆ្នាំឡើង។ ដូច្នេះ ពួកគាត់ត្រូវទទួលបាននូវការការពារមួយសមស្របដោយវ៉ាក់សាំង ដែលមានចេញជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវប្រមូលអ្នកដែលមានអាយុ ៦០ ឆ្នាំ ហើយត្រូវផ្តល់អាទិភាពខ្ពស់ ទៅលើប្រជាជនក្រីក្រ ដែលគ្មានអ្វីការពារខ្លួនយកមកចាក់។ ឯអ្នកដែលមានលទ្ធភាពការពារខ្លួននៅតាមវីឡា នៅតាមភូមិគ្រិះនានាសុំពន្យាបន្តិច ព្រោះវ៉ាក់សាំងយើងក៏មិនគ្រប់សម្រាប់អ្នកដែលមានវ័យ ៦០ ឆ្នាំឡើង។ ខ្ញុំសុំស្នើឲ្យផ្តល់អាទិភាពទៅតាមទីកន្លែងសម្រាប់តំបន់ក្រីក្រ ប្រជាជនក្រីក្រដែលត្រូវទទួលបានវ៉ាក់សាំងនេះ។ សូមអរគុណ ហើយសុំបញ្ជូនសារសម្លេងនេះទៅគ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ និងហ្វេសប៊ុកផេចរបស់គ្រប់តួអង្គពាក់ព័ន្ធ៕