សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន លើកទី ២១
នៅរសៀលថ្ងៃទី ១៤ វិច្ឆិកា ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន លើកទី ២១ ជាបន្តទៀត ដែល មានវត្តមានមេដឹកនាំអាស៊ាន និងនាយករដ្ធមន្ត្រីជប៉ុន។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯឧ ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុនលើកទី ២១ ថ្ងៃនេះ។ ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានឃើញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន មានវឌ្ឍនភាពគួរឲ្យកត់សំគាល់នៅក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក។ ក្នុងស្មារតីនេះ មេដឹកនាំអាស៊ានទាំងអស់ ក៏បានស្វាគមន៍ និងគាំទ្រចំពោះការចេញផ្សាយសេចក្តីប្រកាសរួមស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ២១ ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ ជាមួយគ្នានេះដែរ មេដឹកនាំអាស៊ានក៏បានគាំទ្រនូវការបន្តធ្វើការយ៉ាងជិតស្និទ្ធរវាងសមាជិកអាស៊ាន និងជប៉ុន ដើម្បីអនុវត្តការកែសម្រួលផែនការអនុវត្តចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលត្រូវបានអនុម័តកាលពីខែសីហា ឆ្នាំ ២០១៧ ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ…