FN ៖ ចំពោះមុខមេដឹកនាំអាស៊ាន និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា ប្រទេសចិន គឺជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបានសម្រាប់អាស៊ាន ហើយសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-ចិន នឹងកាន់តែជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅប្រទេសសិង្ហបុរី។
កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ បានប្រព្រឹត្តទៅក្រោមប្រធានបទការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត។ ក្នុងឱកាសខួបលើកទី១៥ នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ប្រកបដោយសេចក្តីសោមនស្ស ចំពោះសមិទ្ធផលជាផ្លែផ្កាជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ហើយដែលបាននិងកំពុងចូលរួមចំណែកក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ ចំណងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ដូចគ្នានិងបណ្តាមេដឹកនាំ អាស៊ាន-ចិន សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើបទអន្តរាគមន៍ លើប្រធានបទការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងបទអន្តរាគមន៍នោះថា«កម្ពុជាមានជំនឿយ៉ាងមុតមាំថា ចិន គឺជាដៃគូយុទ្ធសាស្រ្កមួយមិនអាចខ្វះបានរបស់អាស៊ាន ទោះស្ថិតក្នុងកាលៈទេសៈ និងបរិការណ៍ណាក៏ដោយ ហើយសង្ឃឹមថា ទំនាក់ទំនងនេះនឹងកាន់តែជ្រាលជ្រៅ ក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ជូនប្រជាជាតិទាំងអស់»។
សម្តេចតេជោ ក៏បានរំលេចនូវចំណុចគន្លឹះសំខាន់ៗចំនួន៤ ក្នុងក្របខណ្ឌនៃការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិនផងដែរ។ ចំណុចគន្លឹះទាំង៤ ដែលធ្វើឲ្យអាស៊ាន-ចិន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរនោះរួមមាន៖
*ទី១៖ កម្ពុជាសូមគាំទ្រសេចក្តីថ្លែងការណ៍ ស្តីពីចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០ និងសេចក្តីប្រកាសរួម ស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនិងជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ក្នុងន័យនេះ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងចិន ដើម្បីអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវចក្ខុវិស័យយន្តការ និងទិសដៅ ខាងលើ សំដៅរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរីកចម្រើន។
*ទី២៖ កម្ពុជាសូម ស្វាគមន៍ការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំផ្លាស់ប្តូរសារព័ត៌មានអាស៊ាន-ចិន ដោយសង្ឃឹមថា សមាជិកអាស៊ាននិងចិន នឹងផ្តល់អាទិភាពខ្ពស់ក្នុងការអនុវត្ត នូវសកម្មភាពនិងគម្រោងនានា ពាក់ព័ន្ធនិងវិស័យព័ត៌មាន សំដៅជំរុញការយល់ដឹងអំពីទំនាក់ទំនងអាស៊ាន-ចិន លើគ្រប់វិស័យ ជាពិសេសរួមចំណែកដល់ការកសាងជំនឿនិងទំនុកចិត្ត ដើម្បីជាស្ពានមិត្តភាពរវាងប្រជាជន និង ប្រជាជន។
*ទី៣៖ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការពង្រឹង កិច្ចសហប្រតិបត្តិការរបស់ចិន ពាក់ព័ន្ធ និងវិស័យតភ្ជាប់ និងការបន្តគាំទ្ររបស់ចិន ក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ ២០២៥ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរិះរកភាពរួមបញ្ចូលគ្នា និងការបំពេញឲ្យគ្នាទៅវិញទៅ មក រវាងគំនិតផ្តួចផ្តើមនៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន និងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ និងវិថីមួយ របស់ចិន។
*ទី៤៖ កម្ពុជាគាំទ្រការបន្តពង្រឹងនិងពង្រីកវិសាលភាព កិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ រវាងអាស៊ាន និងចិន ឲ្យកាន់តែខ្លាំងឡើងមួយកម្រិតទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើង ប្រកបដោយ ចិរ ភាព និងបរិយាប័ន្ន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១នោះដែរ កិច្ចប្រជុំបានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសព័ត៌មានរបស់ប្រធានកិច្ចប្រជុំអាស៊ាន-ចិន លើកទី២១។ ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០, សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍អាស៊ាន-ចិន, របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព២០១៦-២០២០ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ដើម្បីសន្តិភាពនិង វិបុលភាព, បញ្ជីសកម្មភាពសម្រាប់រំលឹកខួបអនុស្សាវរីយ៍១៥ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន និងបញ្ជី សកម្មភាពសម្រាប់ឆ្នាំ នៃនវានុវត្តន៍អាស៊ាន-ចិន៕