នៅរសៀលថ្ងៃទី ១៤ វិច្ឆិកា ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន លើកទី ២១ ជាបន្តទៀត ដែល មានវត្តមានមេដឹកនាំអាស៊ាន និងនាយករដ្ធមន្ត្រីជប៉ុន។
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯឧ ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុនលើកទី ២១ ថ្ងៃនេះ។ ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានឃើញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន មានវឌ្ឍនភាពគួរឲ្យកត់សំគាល់នៅក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក។ ក្នុងស្មារតីនេះ មេដឹកនាំអាស៊ានទាំងអស់ ក៏បានស្វាគមន៍ និងគាំទ្រចំពោះការចេញផ្សាយសេចក្តីប្រកាសរួមស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ២១ ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ ជាមួយគ្នានេះដែរ មេដឹកនាំអាស៊ានក៏បានគាំទ្រនូវការបន្តធ្វើការយ៉ាងជិតស្និទ្ធរវាងសមាជិកអាស៊ាន និងជប៉ុន ដើម្បីអនុវត្តការកែសម្រួលផែនការអនុវត្តចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលត្រូវបានអនុម័តកាលពីខែសីហា ឆ្នាំ ២០១៧ ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងជប៉ុន ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំអាស៊ាន និងជប៉ុន បានសំដែងនូវការរីករាយដោយបានឃើញកំណើននៃទំហំពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានទឹកប្រាក់រហូតដល់ ២១៧,៩ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ជប៉ុននៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ាន។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងស្មារតីនៃការបង្កើនទំហំក៏ដូចជាពង្រីកវិសាលភាពនៃពាណិជ្ជកម្មអាស៊ាន-ជប៉ុន កម្ពុជាសូមស្វាគមន៍ការចុះហត្ថលេខាលើពិធីសារទី ១ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងអាស៊ាន និងជប៉ុន។ ទន្ទឹមនឹងនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ជប៉ុន ក្នុងការកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មអាស៊ាន តាមរយៈមូលនិធិជប៉ុនសម្រាប់សមាហរណកម្មអាស៊ាន ក៏ដូចជាក្នុងការបន្តគាំទ្រដល់ការអនុវត្តផែនការមេតភ្ជាប់អាស៊ាន ២០២៥ និងផែនការការងារទី ៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ២០១៦-២០២០ ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ ជាពិសេសការគាំទ្រដល់ការកសាងធនធានមនុស្សរបស់អាស៊ាន និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
នៅក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំអាស៊ាន ក៏បានកោតសរសើរចំពោះការគាំទ្ររបស់ជប៉ុន ដល់មជ្ឈភាពអាស៊ាន និងបានកត់សំគាល់នូវយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក បើកទូលាយ និងចំហរបស់ជប៉ុន ព្រមទាំងបានលើកទឹកចិត្តឲ្យបន្តកិច្ចសន្ទនាដើម្បីបង្កើតការយោគយល់ឲ្យកាន់តែប្រសើរឡើង។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២១ ថ្ងៃនេះ មេដឹកនាំនៃប្រទេសអាស៊ាន និងជប៉ុន បានឯកភាពគ្នាចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២១។ សេចក្តីប្រកាសរួម កិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី ២១ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៤៥ ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាព នៃការអនុវត្តសេចក្តីថ្លែងការណ៍ចក្ខុវិស័យ អំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងពិធីសារទី ១ នៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងអាស៊ាន និងជប៉ុន៕