សារលើហ្វេសប៊ុក អំពីការភ្នាល់ជាមួយជនពាល សម រង្ស៊ី លើការដោះលែង កឹម សុខា

ថ្ងៃនេះ ខ្ញុំបានឃើញវីដេអូមួយ ដែលគេបានបង្ហោះតាម​ YouTube អំពី​ ជនពាល សម​ រង្ស៊ី ដែលបានសរសេរក្នុង​ Facebook បបួលខ្ញុំភ្នាល់​អំពីការដោះលែង​ កឹម​ សុខា។ ការបកស្រាយក្នុង​វីដេអូឃ្លីបនេះគឺបានបង្ហាញនូវហេតុផលត្រឹមត្រូវខាងផ្លូវច្បាប់ ដែលខ្ញុំបាននិយាយទាក់ទងជាមួយដែនសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រី ដែលគ្មានចំណុចណាមួយបំពានដល់សមត្ថកិច្ចរបស់តុលាការទាល់តែសោះ។​ នាយករដ្ឋមន្ត្រីពុំមានសិទ្ធិស្នើសុំលើកលែងទោសអោយអ្នក ដែលមិនទាន់បានកាត់ទោស ឬសាលក្រមមិនទាន់ចូលស្ថាពរនោះទេ (ទោះសេះដុះស្នែងក៏មិនកើតឡើងទេ)។ យោងតាមច្បាប់ជាធរមានទោះ ១០០០ ឆ្នាំ ទៀត ក៏មិនអាចកើតបានដែរ សម្រាប់ការលើកលែងទោសអោយអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់អោយមានទោស ឬកាត់ហើយតែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំថាឡើយត្រឹមសេះដុះស្នែង។ តែមនុស្សដែលចូលចិត្តវាយប្រហារខ្ញុំគេអត់ចេះស្តាប់ និងសិក្សាពីសំដីដែលបង្កប់ដោយន័យនយោបាយ និងផ្លូវច្បាប់ ដែលខ្ញុំបាននិយាយនោះទេ ដូចនេះទើបគេរៀបអន្ទាក់ដាក់ខ្ញុំ ពេលនេះ គេដើរជាន់អន្ទាក់ខ្លួនឯងហើយ។ ដោយសារការភ្នាល់លើកនេះ ជាការភ្នាល់ដាក់ជីវិតនយោបាយដែលអ្នកបបួលខ្ញុំភ្នាល់ គឺជាជនពាលខាងនយោបាយ ដូចនេះតម្រូវអោយខ្ញុំត្រូវមានភស្តុតាង និងសូមស្នើអោយមេធាវីខ្ញុំ រក្សាទុកភស្តុតាងនេះតាមផ្លូវច្បាប់។ វីដេអូឃ្លីបនេះ​ ខ្ញុំនឹងបង្ហោះក្នុង​ Facebook ខ្ញុំរហូតដល់ថ្ងៃទី​ ៣​ ខែ​ មីនា​ ឆ្នាំ ២០១៩​ ហើយនៅពេលនោះតើនឹងមានអ្វីកើតឡើងដូច​ដែលជនពាលនេះបានបបួលខ្ញុំភ្នាល់នៅក្នុង​ Facebook គាត់មែន ឬអត់៕

«ការឈឺចាប់ដែលមិនអាចបំភ្លេចបាន», សារលើហ្វេសប៊ុក អំពីខួបនៃការស្លាប់របស់កូន ហ៊ុន កំសត់

កូនប្រុសដ៏កំសត់របស់ពុក នៅថ្ងៃនេះគឺដល់ខួប ៤២ ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៨)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុក និងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចាកូនកំសត់ ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខ័ន្ឋកូន និងការឈឺចាប់នាពេលនោះ។ ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង ៦ ព្រឹក ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃ ត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដី គាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្ម ឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់​។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ធិតិចជាងសត្វឆ្កែ ឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ធិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជា​ការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើលម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។…

សុន្ទរកថា ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

– សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត – សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាទីគោរព – សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាទីគោរព – សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ អន្តរជាតិ – បងប្អូនជនរួមជាតិទាំងអស់ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ! ថ្ងៃនេះ ក្នុងនាម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា, ទូលព្រះបង្គំខ្ញុំមានមោទភាព និងសេចក្តីរីករាយ ដោយបានចូលរួមប្រារឰមីទ្ទីញមហាជន ដើម្បីរំលឹកខួបលើកទី ៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំកម្លាំងប្រដាប់ឤវុធ ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក្នុងការទាមទារឯករាជ្យពីឤណានិគម និយមបារាំងនាឆ្នាំ ១៩៥៣។ ទូលព្រះបង្គំខ្ញុំ ក៏ដូចជាប្រជារាស្ត្រខ្មែរគ្រប់រូប តែងតែចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រជាតិនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ។ ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលបានបែកបាក់គ្នា ឬមាននិន្នាការនយោបាយផ្សេងៗគ្នា ឱ្យរួបរួមគ្នាវិញ បានប្រឹងប្រែងបម្រើប្រជាជនអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថដ៏មានតម្លៃ ពុំឤចកាត់ថ្លៃបាន ពិសេស ព្រះអង្គបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព…