ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងសិក្ខាសាលា ស្ដីពីវិនិយោគនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូដ៏ស្រស់បំព្រងនានិទាឃរដូវនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងធនាគារមីហ្ស៊ូហូរបស់ប្រទេសជប៉ុន ដែលបានសហការរៀបចំឱ្យមានកម្មវិធីនេះឡើង ស្របពេលដែលខ្ញុំនឹងចូលរួមសន្និសីទអន្តរជាតិលើកទី ២៥ «អនាគតរបស់អាស៊ី» នាថ្ងៃស្អែកនេះ។
ទន្ទឹមនឹងនេះ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះធុរជន និងវិនិយោគិនជប៉ុន ដែលបានអញ្ជើញមកចូលរួមក្នុងសិក្ខាសាលានេះ ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច-សង្គម កាលានុវត្តភាព និងសក្ដានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាជ្រាបពីការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្នសំដៅធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។
ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ ២០១៥។ ជាងនេះទៅទៀត នៅក្នុងឆ្នាំ ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើស ពីការរំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា ៧,៥% ធៀបនឹងការគ្រោងទុក ៧,១% ពីដើមឆ្នាំ ដែលជាមូលដ្ឋាននៃការបន្តភាពរឹងមាំ នៅក្នុងឆ្នាំ ២០១៩ នេះ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយក្នុងអំឡុងសបា្ដហ៍មាសនៃសករាជថ្មី «រ៉េវ៉ា» របស់ប្រទេសជប៉ុន បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ប្រមាណថា នឹងនៅតែបន្តមានកំណើនក្នុងរង្វង់ ៧% ដែលធ្វើឱ្យកម្ពុជានឹងបន្តតំណែងរបស់ខ្លួន ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា។ សូចនាករនេះបង្ហាញថា កម្ពុជាកំពុងស្ថិតនៅលើគន្លង នៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយជាតិរបស់ខ្លួន។ ជាការពិតណាស់ ការរីកចម្រើនរបស់កម្ពុជាកន្លងទៅ និងនាពេលបច្ចុប្បន្ន មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មិត្តជប៉ុនបានឡើយ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការដឹងគុណ និងការវាយតម្លៃខ្ពស់ជាថ្មីម្តងទៀតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា។
ជាក់ស្តែង នៅថ្ងៃខានស្អែកនេះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ និងខ្ញុំ នឹងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងផ្តល់អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងទំហំទឹកប្រាក់ ៣៣៩ លានយ៉េន និងគម្រោងសង់ឃ្លាំងកុងតឺន័រ នៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងទំហំទឹកប្រាក់ ២០០ លានយ៉េន។
ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១៨ មិត្តជប៉ុនបានផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការផ្លូវការយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណជាង ២,៨ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៥% នៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ទន្ទឹមនឹងនេះ មិត្តជប៉ុនបាននិងកំពុងគាំទ្រលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ការកសាងស្ពានគីហ្សូណា, ស្ពានត្សឺបាសា, ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ ១ និងលេខ ៥, ការអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មីកំពង់ផែស្វយ័តក្រុងព្រះសីហនុ, និងការធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់រាជធានីភ្នំពេញជំហានទី ៤។ ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ ១ និងលេខ ៥ បាន និងនឹងធ្វើឱ្យផ្លូវទាំងនេះ ក្លាយជាផ្លូវយុទ្ធសាស្រ្តដ៏មានសារៈសំខាន់ នៃរបៀងសេដ្ឋកិច្ចភាគខាងត្បូងតភ្ជាប់ប៉ូលសេដ្ឋកិច្ចធំពីរ នៃមហាអនុតំបន់មេគង្គ គឺរវាងទីក្រុងហូជីមិញ និងទីក្រុងបាងកក។
រាជធានីភ្នំពេញដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងក្លាយជាទីក្រុងប្រមូលផ្តុំកណ្តាលដ៏សំខាន់ស្ថិតនៅតាមបណ្ដោយរបៀងសេដ្ឋកិច្ចនេះ ហើយនឹងកាន់តែជំរុញឱ្យកម្ពុជាក្លាយជាគោលដៅ សម្រាប់ក្រុមហ៊ុនជប៉ុនទាំងធំ ទាំងតូច មកបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកនូវផលប្រយោជន៍ជាអតិបរមាពីយុទ្ធសាស្រ្ត ថៃ+១ និង វៀតណាម+១។
ស្ពានគីហ្សូណា និងស្ពានត្សឺបាសា ដែលជាស្ពានដ៏វែងជាងគេឆ្លងកាត់ទន្លេមេគង្គកម្ពុជានេះ មិនត្រឹមតែបានជួយសម្រល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម-ឡាវប៉ុណ្ណោះទេ តែក៏បានក្លាយជាទីកន្លែងទេសចរណ៍ សម្រាប់ប្រជាជនកម្ពុជាប្រកបដោយភាពទាក់ទាញផងដែរ។ លើសពីនេះ រូបស្ពានទាំងពីរត្រូវបានបោះពុម្ពនៅលើក្រដាសប្រាក់ ៥០០ រៀលថ្មី ដែលនេះជាករណីដ៏កម្របំផុតដែលទង់ជាតិ នៃប្រទេសមួយបានផុសឡើង នៅលើក្រដាសប្រាក់នៃប្រទេសមួយទៀត។ នេះសបញ្ជាក់ពីសក្ខីភាពយ៉ាងប្រត្យ័ក្ស នៃទំនាក់ទំនងទ្វេភាគីដ៏ជ្រាលជ្រៅ រវាងប្រទេសយើងទាំងពីរ។
លើសពីនេះទៅទៀត ការផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការ លើគម្រោងអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទំហំហិរញ្ញប្បទាន រហូតដល់ប្រមាណជា ២៣ ពាន់លានយ៉េន នឹងជួយប្រែក្លាយកម្ពុជាទៅជាកន្លែងប្រមូលផ្តុំទំនិញឆ្លងកាត់នៅក្នុងតំបន់អាស៊ាន ជាមួយនឹងការបង្កើនសមត្ថភាពគ្រប់គ្រងទំនិញបានដល់ ៩០ ម៉ឺនកុងតឺន័រប្រភេទ ២០ ហ្វីត (TEUs) ក្នុងមួយឆ្នាំ ដែលមានសមត្ថភាពបន្ថែម លើសពីពេលបច្ចុប្បន្ន ២ ដង។ គម្រោងនេះ នឹងអាចឱ្យនាវាដឹកទំនិញខ្នាតធំ ដែលជាចរន្តនៃការដឹកជញ្ជូនទំនិញក្នុងសមុទ្រអន្តរជាតិ ចូលមកលើកដាក់ទំនិញផ្ទាល់ដល់កំពង់ផែក្រុងព្រះសីហនុ ដែលនឹងចូលរួមចំណែកកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញអន្តរជាតិនាពេលអនាគត។ បន្ថែមពីនេះ ការទិញភាគហ៊ុនជាយុទ្ធសាស្រ្តរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ពីសំណាក់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាន់តែបញ្ជាក់ពីជំនឿទុកចិត្តរបស់រដ្ឋាភិបាលជប៉ុន មកលើអនាគតកំពង់ផែ ក៏ដូចជាអនាគតកម្ពុជាទាំងមូល។
ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពី ឆ្នាំ ១៩៩៤ រហូតដល់ត្រីមាសទី ១ ឆ្នាំ ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ ក្រុមហ៊ុនជប៉ុន ចំនួន ១៣៧ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក ដែលផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
ក្រៅពីគម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនទាំងធំ ទាំងតូចចំនួនប្រមាណ ១៧០០ ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យជាច្រើន ដូចជាវិស័យធនាគារ អាកាសចរណ៍ ភោជនីយដ្ឋាន ជាដើម។ ចំពោះវិស័យធនាគារ បច្ចុប្បន្នមានធនាគារដែលមានភាគហ៊ុនជប៉ុនចំនួន ៦ កំពុងមានប្រតិបត្តិការនៅកម្ពុជា ក្នុងនោះធនាគារមីហ្ស៊ូហូជាធនាគារជប៉ុនលំដាប់អន្តរជាតិដំបូងគេបង្អស់ ដែលបានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជ នៅកម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។
ចំណែកវិស័យទេសចរណ៍ ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរជប៉ុន ប្រមាណជាង ៦ ម៉ឺននាក់ ដែលតួលេខនេះមានការកើនឡើងប្រមាណ ២% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១៨។ កំណើននៃប្រជាជនកម្ពុជាមកប្រទេសជប៉ុន ក៏មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ នេះបើយោងតាមព័ត៌មានដែលយើងទទួលបាន ពីស្ថានទូតជប៉ុនប្រចាំកម្ពុជា គឺបើធៀបនឹងឆ្នាំ ២០១៧ នៅឆ្នាំ ២០១៨ កន្លងទៅ កំណើននៃការផ្តល់ទិដ្ឋាការដល់ប្រជាជនកម្ពុជា មានការកើនឡើងប្រមាណ ៣៤%។
ដើម្បីសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ក្នុងការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ដែលជារបៀបវារៈគោលនយោបាយ សង្គម សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា និងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ ដែលជាយុទ្ធសាស្ត្រ កំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ ២០២៥។
គោលនយោបាយនេះ បានកំណត់ប្រភេទឧស្សាហកម្មអាទិភាព ចំនួន ៥ រួមមាន៖ (១) ឧស្សាហកម្មឬកម្មន្តសាលថ្មីៗ ដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្ដល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់, (២) សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព, (៣) ផលិតកម្មកសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក, (៤) ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែចង្វាក់តម្លៃសកល, និង (៥) ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត។
ជាការពិតណាស់ កម្ពុជាគឺជាប្រទេសមានសក្ដានុពល និងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែកម្ពុជាក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដែលទាមទារឱ្យមានការចាត់វិធានការដោះស្រាយ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ADB ដែលខ្ញុំបានលើកឡើងអំបាញ់មិញនេះ បានបង្ហាញថាដំណាក់កាលអភិវឌ្ឍន៍ របស់កម្ពុជាបច្ចុប្បន្ន ជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដោយផ្អែកលើកម្លាំងពលកម្មដែលមានតម្លៃទាប នឹងឈានដល់ទីបញ្ចប់ ក្នុងអំឡុងពីរទសវត្សរ៍ខាងមុខ។ រាជរដ្ឋាភិបាលកម្ពុជា យល់ច្បាស់ និងទទួលស្គាល់នូវគម្លាតរវាងជំនាញដែលកំពុងមានក្នុងទីផ្សារ និងជំនាញដែលជាតម្រូវការទីផ្សារបច្ចុប្បន្ន និងអនាគតដែលនេះ ត្រូវបានរំលេចយ៉ាងច្បាស់ នៅក្នុងគោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥។ ធនាគារ ADB មានជំនឿថាគោលនយោបាយនេះ នឹងពង្រឹង និងធានាថា ជំនាញដែលបានបង្រៀន នៅក្នុងសាលាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
ក្នុងគោលដៅប្រែក្លាយកម្ពុជា ឱ្យក្លាយជាផ្នែកមួយដ៏សំខាន់ នៃខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ និងសកល ព្រមទាំងពង្រឹងភាពប្រកួតប្រជែង និងធ្វើឱ្យបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើង។ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ ខ្ញុំបានដឹកនាំវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី ១៨ ដែលវេទិកានេះផ្ដល់ឱកាសដល់ផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងមានវិធានការសមស្របដើម្បីដោះស្រាយ។
វេទិការាជរដ្ឋាភិបាល-វិស័យឯកជន ត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ហើយរាល់ការសម្រេចក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្រ្តី។ ជាលទ្ធផល រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមុតស្រួចថ្មីៗមួយចំនួន ដែលចូលរួមកាត់បន្ថយថ្លៃចំណាយធុរកិច្ច របស់អ្នកវិនិយោគសរុបប្រមាណជា ៤០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សំដៅចូលរួមធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។
វិធានការទាំងនោះ រួមមាន៖
ក៖ ការធ្វើឱ្យប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយចំណាយធុរកិច្ច
១៖ ការបញ្ចប់តួនាទីអចិន្ត្រៃយ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយរក្សាទុកតែភ្នាក់ងារគយប៉ុណ្ណោះ ក្នុងការត្រួតពិនិត្យទំនិញនៅតាមច្រកទ្វារអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀត។
២៖ ការលុបចោលភ្នាក់ងារកម្ពុជានាវាចរ ហៅកាត់ថា កាំសាប។
៣៖ ដូចបានកំណត់ក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ យើងបានចាប់ផ្តើមបញ្ចុះតម្លៃអគ្គិសនី ជំហានដំបូងចំនួន ២ សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ចាប់ពីឆ្នាំ ២០១៩ នេះតទៅ និងសិក្សាលទ្ធភាពបញ្ចុះថ្លៃជាបន្តបន្ទាប់ទៀត។ កន្លងទៅនេះ យើងក៏មានការសោកស្តាយ ចំពោះការរអាក់រអួលក្នុងការផ្គត់ផ្គង់ថាមពល តាមបរិមាណ និងគុណភាពមិនគ្រប់គ្រាន់ ដោយកត្តាអាកាសធាតុមិនអំណោយផល ធ្វើឱ្យថាមពលដែលមានប្រភពពីវារីអគ្គិសនី ផលិតក្រោមកម្រិតធម្មតា។ នៅឆ្នាំខាងមុខ យើងនឹងបន្ថែមការផ្គត់ផ្គង់ក្នុងបរិមាណប្រមាណ ៥០០ ម៉េហ្គាវ៉ាត់ ពីប្រភពនានារួមទាំង ថាមពលពន្លឺព្រះអាទិត្យ។
៤៖ ការកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកបុណ្យ និងទិវា ពី ២៨ ថ្ងៃ មក ២១ ថ្ងៃ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ ២០២០ តទៅ។
៥៖ ការបញ្ចុះថ្លៃសេវាលើកដាក់កុងតឺន័រនៅចំណត និងការមិនតម្រូវឱ្យស្កែនកុងតឺន័រ របស់ក្រុមហ៊ុនដែលមានអនុលោមភាពល្អ (Best Trader)។
ខ៖ ក្របខណ្ឌច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា
ការបញ្ចប់សេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីវិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស ឱ្យបានរួចរាល់នៅចុងខែមិថុនា ឆ្នាំ ២០១៩ នេះ ដែលច្បាប់ថ្មីទាំងពីរនេះ មានគោលបំណងបង្កើនទំនើបកម្ម និងផលិតកម្មនៃ ឧស្សាហកម្មក្នុងស្រុក ពង្រឹងការតភ្ជាប់ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់និងសកល មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសេដ្ឋកិច្ចនិងសង្គម។ ជាពិសេស ច្បាប់ថ្មីស្ដីពីវិនិយោគនេះ នឹងផ្ដល់ការលើកទឹកចិត្តបន្ថែម ចំពោះបណ្ដាសកម្មភាពមួយចំនួន លើសពីច្បាប់ចាស់ ដូចជា សកម្មភាពដែលគាំទ្រដល់ការផលិតជំនួសការនាំចូល និងការចំណាយទៅលើសុខុមាលភាពរបស់កម្មករ និយោជិត ដូចដែលក្រុមហ៊ុនជប៉ុន កន្លងមកបានអនុវត្ត ប៉ុន្តែមិនទទួលបានការលើកទឹកចិត្ត។
បន្ថែមទៅលើយន្តការរួមខាងលើ ក្នុងគោលបំណងដោះស្រាយបញ្ហាជូនអ្នកវិនិយោគនៅកម្ពុជា ប្រទេសយើងទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្ដីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលបានបង្កើតឱ្យមានយន្តការកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ហើយរហូតមកដល់ពេលនេះ កិច្ចប្រជុំត្រូវបានធ្វើឡើងជាទៀងទាត់ចំនួន ១៧ លើក រួចមកហើយ។
កិច្ចប្រជុំគណៈកម្មាធិការនេះ គឺជាកិច្ចប្រជុំទ្វេភាគីរវាងតំណាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនបរទេសតែមួយគត់ ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា មកលើអ្នកវិនិយោគជប៉ុននៅកម្ពុជា។ ដោយឡែក រូបខ្ញុំផ្ទាល់ក៏តែងតែទទួលជួបគណៈប្រតិភូធុរកិច្ចជប៉ុន និងប្រធានអង្គការ JETRO ដើម្បីស្វែងយល់ និងដោះស្រាយបញ្ហាមួយចំនួន ដែលអ្នកវិនិយោគជប៉ុនបានជួបប្រទះ។ បន្ថែមលើកិច្ចព្រមព្រៀងខាងលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចុះអនុស្សារណៈយោគយល់គ្នា រវាងធនាគារមីហ្ស៊ូហូរបស់ប្រទេសជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការវិនិយោគផ្ទាល់ និងពង្រឹងភាពជាដៃគូធុរកិច្ច រវាងសហគ្រិនកម្ពុជានិងជប៉ុន កាលពីឆ្នាំ ២០១៧ ផងដែរ ហើយនាពេលបន្តិចទៀតនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអង្គការ JETRO នឹងចុះអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការជំរុញការវិនិយោគ។
ជាមួយគ្នានេះ កម្ពុជា-ជប៉ុន កំពុងស្ថិតក្នុងដំណើរការ នៃការចរចាលើកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ និងពន្ធលើប្រាក់ចំណូល។ ខ្ញុំសង្ឃឹមថា ប្រទេសយើងទាំងពីរ នឹងអាចបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះ ឱ្យបានឆាប់រហ័សនាពេលខាងមុខ។ កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង និងទាក់ទាញការវិនិយោគ ព្រមទាំងគាំទ្រដល់សកម្មភាពវិនិយោគជប៉ុននៅកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា យល់ច្បាស់ពីសេចក្តីត្រូវការរបស់អ្នកវិនិយោគ ហើយវាពុំមែនជាការចៃដន្យនោះទេ នៅពេលដែលយើងឃើញមានការកើនឡើង នៃលំហូរវិនិយោគជប៉ុនមកកម្ពុជា។ កត្តាសំខាន់ៗ ដូចជាស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហសេដ្ឋកិច្ច សម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស និងកិច្ចសហប្រតិបតិ្តការល្អរវាងរដ្ឋាភិបាលកម្ពុជា-ជប៉ុន សុទ្ធសឹងជាកត្តាមិនអាចខ្វះ បានក្នុងការជួយជំរុញឱ្យអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុននៅកម្ពុជា។
យោងតាមរបាយការណ៍វិភាគឥណទាន ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Moody’s Investors Service គោលនយោបាយ និងវិធានការគោលនយោបាយនានា ពិសេសគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនាពេលកន្លងមក ដើម្បីធ្វើឱ្យបរិស្ថានវិនិយោគកាន់តែល្អប្រសើរឡើង ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្ម ការសម្របសម្រួលលើការទូទាត់ពន្ធ និងការពង្រឹងកម្លាំងពលកម្មជំនាញ ត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគបរទេស ការពង្រីកផលិតកម្មមានតម្លៃបន្ថែមខ្ពស់ និងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម។ របាយការណ៍វិភាគនេះក៏បានកត់សម្គាល់ផងដែរថា ចំនួនរោងចក្រដំឡើងគ្រឿងបង្គុំអគ្គិសនី កាន់តែច្រើនឡើង បាននិងកំពុងធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ចេញពីប្រទេសក្នុងតំបន់មកកាន់កម្ពុជា។
ឈរលើចក្ខុវិស័យនេះ យើងសង្កេតឃើញថា ការបណ្តាក់ទុនរបស់ក្រុមហ៊ុនជប៉ុនធំៗ បានទាក់ទាញក្រុមហ៊ុនជប៉ុនតូចធំផ្សេងៗទៀត ដែលប្រតិបតិ្តការក្នុងវិស័យគាំទ្រផ្សេងៗឱ្យចាប់អារម្មណ៍ និងសម្រេចចិត្តធ្វើធុរកិច្ចនៅកម្ពុជាលើវិស័យនានា។ ខ្ញុំក៏មានសេចក្តីត្រេកអរក្រៃលែង ដោយបានសង្កេតឃើញថា បន្ទាប់ពីបានធ្វើប្រតិបតិ្តការមួយរយៈមក គម្រោងវិនិយោគជប៉ុនជាច្រើនបានពង្រីកសកម្មភាពរបស់ខ្លួននៅកម្ពុជា ជាក់ស្តែងដូចជា គម្រោងពង្រីកផលិតកម្មរបស់ក្រុមហ៊ុន មីនេបៀមីតស៊ូមី, គម្រោងផ្សារទំនើប អ៊ីអនម៉ល, និងមន្ទីរពេទ្យសាន់រ៉ៃ ជាដើម។ ការសម្រេចចិត្តបណ្តាក់ទុន និងបន្តពង្រីកខ្លួនរបស់ក្រុមហ៊ុនជប៉ុនទាំងនេះ សបញ្ជាក់ពីជំនឿទុកចិត្តដ៏រឹងមាំរបស់អ្នកវិនិយោគជប៉ុន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសក្ដានុពលនៃកម្ពុជា។
ជាការកត់សម្គាល់ សកម្មភាពធុរកិច្ច និងវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា សុទ្ធសឹងតែជាការវិនិយោគប្រកបដោយគុណភាព ផ្ដល់តម្លៃបន្ថែមខ្ពស់ និងផ្ដល់បរិស្ថានការងារនិងបរិស្ថានរស់នៅល្អប្រសើរ ជូនដល់កូនក្មួយកម្មករ និយោជិតកម្ពុជា ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសការងារសមរម្យ ការរក្សាកំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មកម្ពុជា។
ការវិនិយោគទាំងនេះ មិនត្រឹមតែនាំមកនូវប្រាក់ចំណេញ ដល់អ្នកវិនិយោគប៉ុណ្ណោះទេ តែថែមទាំងចូលរួមចំណែកដល់ការរក្សាស្ថិរភាព យូរអង្វែងនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ក្នុងគ្រប់បរិការណ៍នៃដំណើរអភិវឌ្ឍន៍ ឧស្សាហកម្មរបស់ខ្លួន កម្ពុជាពិតជាត្រូវការការវិនិយោគជប៉ុនបន្ថែម កាន់តែច្រើនទៀតលើគ្រប់វិស័យ ពិសេសការកែច្នៃម្ហូបអាហារដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក អេកូទេសចរណ៍ ឧស្សាហកម្មតភ្ជាប់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុកនិងតំបន់ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ធនធានមនុស្សសម្រាប់វិស័យឧស្សាហកម្ម ជាដើម។
ក្នុងឱកាសនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃ របស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេស អ្នកវិនិយោគជប៉ុនដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។
ខ្ញុំសូមអំពាវនាវដល់ធុរជន និងអ្នកវិនិយោគជប៉ុនដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងអ្នកវិនិយោគមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគី រវាងកម្ពុជា និងជប៉ុន។
ជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។ រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់កិច្ចសម្របសម្រួលរាល់នីតិវិធីរដ្ឋបាល និងនឹងអមដំណើរនៅតាមគ្រប់ដំណាក់កាល នៃប្រតិបត្តិការវិនិយោគរបស់លោកអ្នកនៅកម្ពុជា៕