- ឯកឧត្តម ដាមឌីន ថូសបាតា (Damdin Tsogtbaatar) ប្រធានសន្និបាត
- ឯកឧត្តម បារ៉ុន ឌីវ៉ាវេស៊ី វ៉ាហ្គា (Baron Divavesi Waqa) ប្រធានាធិបតីនៃប្រទេសនូរូ
- លោកជំទាវ ឤរមីដា សាល់ស៊ីយ៉ា ឤលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន ESCAP
- លោកជំទាវ, ឯកឧត្តម, លោកស្រី, អស់លោក!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានមកចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់ឤស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្រោមប្រធានបទ៖ ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ UN-ESCAP ដែលបានរៀបចំ និង អញ្ជើញខ្ញុំ ចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។
របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាការអំពាវនាវឱ្យមានសកម្មភាព ក្នុងការឆ្លើយតបទៅនឹងគោលដៅ៖ «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»។ ប្រធានបទនៃវេទិកាពិភាក្សានយោបាយកម្រិតខ្ពស់ឆ្នាំ ២០១៩ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងប្រធានបទនៃសន្និបាត ឆ្នាំនេះ សែ្តងចេញនូវសុឆ្ឆន្ទៈរបស់សហគមន៍ពិភពលោក ក្នុងការតម្រង់ទិសសង្គមដែលមានការបែងចែក សំដៅជំរុញឱ្យសង្គមទាំងនោះ ផ្តល់នូវសិទ្ធិអំណាច, បរិយាប័ន្ន និងការផ្តល់នូវឱកាសស្មើៗគ្នាដល់មនុស្សគ្រប់រូប។ ខ្ញុំមានការជឿជាក់ខ្ពស់ថា UN-ESCAP ក្រោមការដឹកនាំដ៏មោះមុត និងប្រកបដោយថាមវន្តរបស់ លោកជំទាវ ឤរមីដា សាល់ស៊ីយ៉ា ឤលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាប្រធាន UN-ESCAP នឹងទទួលបានជោគជ័យយ៉ាងពិតប្រាកដលើគោលដៅនេះ។
ច្បាស់ណាស់ថា, ជាទូទៅ ភាពខុសគ្នា ឬការបែងចែករវាងក្រុមសង្គមផ្សេងៗ តែងតែកើតមាននៅក្នុងគ្រប់សង្គមជាតិ។ ដោយឡែក, ចំពោះប្រជាជនកម្ពុជា, ទោះបីទទួលបានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះក្តី, ក៏នៅមានស្រទាប់ប្រជាជន ឬសហគមន៍មួយចំនួន មិនទាន់ទទួលបាននូវសិទ្ធិអំណាចសមរម្យ, នៅងាយទទួលរងគ្រោះ និងនៅមិនទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់ផងដែរ។ តើយើងគួរធ្វើបែបណា ទើបប្រជាជនយើងក្លាយជាភ្នាក់ងារក្នុងការផ្លាស់ប្តូរ និងក្នុងការកំណត់ជោគវាសនា របស់ខ្លួន ហើយទទួលបានសិទ្ធិអំណាចសមរម្យ? តើធ្វើបែបណាទើបឤចជំនះលើឧបសគ្គនានា ដើម្បីឆ្ពោះទៅសម្រេចសមភាពសង្គម សមស្របតាមបំណងប្រាថ្នារបស់យើងបាន ? ខ្ញុំមានជំនឿថា វិធីសាស្ត្រមួយដែលយើងឤចអនុវត្តបាន ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ គឺការធ្វើបរិយាប័ន្នកម្ម។ ការធ្វើបរិយាប័ន្នកម្ម ឤចសម្រេចទៅបាន តាមរយៈការផ្តល់សិទ្ធិអំណាចដល់ប្រជាជន ដោយចាប់ផ្តើមពីថ្នាក់មូលដ្ឋាន ដែលជាការអនុញ្ញាតឱ្យពួកគាត់ឤចបង្ហាញពីតម្រូវការរបស់ខ្លួន សម្រាប់ការផ្លាស់ប្តូរទៅរកសង្គមមួយដែលកាន់តែមានសមធម៌ ។ ជាលទ្ធផលត្រឡប់មកវិញ, សង្គមមួយដែលកាន់តែមានសមធម៌ ក៏នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការផ្តល់សិទ្ធិអំណាចកាន់តែពេញលេញ និងការបង្កើនបរិយាប័ន្ន នាពេលអនាគតផងដែរ។
ក្នុងន័យនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ UN-ESCAP ក្នុងការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក, ជាពិសេស តាមរយៈការគាំទ្រដល់ការអនុវត្ត SDGs ដែលចាត់ទុកបរិយាប័ន្នជាចំណុចស្នូល និងជាគោលដៅចម្បង ។ តួនាទីនេះ រឹតតែមានសារៈសំខាន់ថែមទៀតសម្រាប់តំបន់យើង ក្នុងកាលៈទេសៈបច្ចុប្បុន្ន ដែលពិភពលោក និងសកលភាវូបនីយកម្មកំពុងត្រូវបានគម្រាមកំហែងដោយចរន្តគាំពារនិយម, សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ និងវិបត្តិភូមិសាស្ត្រ នយោបាយ, ក៏ដូចជាក្នុងពេលអនាគត ដែលសកលលោកត្រូវប្រឈមដោះស្រាយនូវបញ្ហាប្រែប្រួលរចនាសម្ព័ន្ធធំៗ ជាឤទិ៍ បញ្ហាប្រជាសាស្ត្រនៃមនុស្សចាស់ និងមនុស្សក្មេង, បញ្ហាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, សន្តិសុខថាមពល, បញ្ហាទឹក និងបរិស្ថាន ព្រមទាំងការរីកចម្រើននៃបចេ្ចកវិទ្យា ដើម្បីកសាងអនាគតតំបន់មួយដ៏រុងរឿង ស្របតាមនិន្នាការនៃបដិវដ្តន៍ឧស្សាហកម្មទី ៤ ឬ សេដ្ឋកិច្ចឌីជីថល ។
លោកជំទាវ , ឯកឧត្តម , លោកស្រី , អស់លោក ជាទីមេត្រី !
នាឱកាសនេះ, អនុញ្ញាតឱ្យខ្ញុំសូមចែករំលែកជូនអស់លោកអ្នកទាំងអស់គ្នាជ្រាប អំពីជោគជ័យរបស់កម្ពុជា ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល និងការធ្វើបរិយាប័ន្នកម្ម តាមរយៈ គោលនយោបាយឈ្នះ-ឈ្នះ សម្រាប់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយ។
ព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាព និងការបង្រួបបង្រួមជាតិសម្រាប់ប្រទេសទាំងមូល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នៅចុងឆ្នាំ ១៩៩៨។ សង្គ្រាមដែលបានអូសបន្លាយរយៈពេលជាង ៣០ឆ្នាំ ត្រូវបានបញ្ចប់ទាំងស្រុង នៅពេលកងទ័ពខ្មែរក្រហមបានចុះចូល និងចូលរួមជាមួយរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ នេះ គឺជាលទ្ធផលទទួលបានពី គោលនយោបាយឈ្នះ-ឈ្នះ ដែលយើងបានដាក់ចេញមកដោយខ្លួនឯង ដោយគ្មានការបង្គាប់បញ្ជា ឬជំនួយពីខាងក្រៅ។
ខ្ញុំសូមជម្រាបជូនថា គោលនយោបាយឈ្នះ-ឈ្នះ មានរួមបញ្ចូលសមាសធាតុជាមូលដ្ឋានចំនួន ៣ សំខាន់ៗ គឺ៖ ទី១- ការធានាថា បុគ្គលគ្រប់រូបឤចបន្តរស់រានមានជីវិត, ទី២- ការធានាថា បុគ្គលគ្រប់រូបមានការងារ និងមុខរបរចិញ្ចឹមជីវិត, ទី៣- ការធានាការពារនូវទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់គ្នា។ ជាលទ្ធផលនៃគោលនយោបាយឈ្នះ-ឈ្នះ នេះ, សង្គ្រាម និងជម្លោះប្រដាប់ឤវុធ ត្រូវបានបញ្ចប់ទាំងស្រុង ហើយកម្ពុជាឤចដោះស្រាយបាននូវបញ្ហាគ្រប់យ៉ាង តាមរយៈការកសាងទំនុកចិត្តរវាងខ្មែរ និងខ្មែរ ដែលជាប្រការនាំមកនូវសន្តិភាពដ៏រឹងមាំ ហើយចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ។
សន្តិភាព គឺជាបុរេលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុត សម្រាប់កសាងខឿនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិ។ លើមូលដ្ឋាននេះ, កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់ ៧,៧% ក្នុងមួយឆ្នាំ, ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយ ហើយបានប្រែក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ព្រមទាំងបានឆ្លងកាត់ពីឋានៈប្រទេសចំណូលទាប មកជាប្រទេស ចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៥ កន្លងទៅ។ អត្រាភាពក្រីក្រនៅកម្ពុជា បានបន្តធ្លាក់ចុះជាលំដាប់ ពីជាង ៥៣% ក្នុងឆ្នាំ ២០០៤ មកត្រឹម ១៣,៥% ក្នុងឆ្នាំ ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់ ១០% នាបច្ចុប្បុន្ន។ វិស័យសុខាភិបាល និងអប់រំ ក៏សម្រេចបាននូវការរីកចម្រើនគួរឱ្យកត់សម្គាល់ ទោះបីនៅមានសេសសល់បញ្ហាប្រឈមមួយចំនួន ដែលរាជរដ្ឋាភិបាលត្រូវបន្តដោះស្រាយក៏ដោយ។ ជាមួយនឹងសមិទ្ធផលដ៏ធំធេងនេះ, កម្ពុជាមានមហិច្ឆិតាក្នុងការក្តាប់យកមកវិញនូវមោទនភាពជាតិ តាមរយៈការប្រែក្លាយខ្លួនទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
ជាមួយគ្នានេះផងដែរ ខ្ញុំក៏សូមយកឱកាសនេះគូសរំលេចអំពីកិច្ចប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវគោលដៅ៖ «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល» តាមរយៈការជំរុញអនុវត្តនូវគោលនយោបាយអភិវឌ្ឍន៍ជាគន្លឹះចំនួន ៣ គឺ ៖
ទី១- ការដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដើម្បីបង្កើតផែនការយុទ្ធសាស្ត្រក្នុងការធានាឱ្យមានសុវត្ថិភាពប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងបង្កើនសុខុមាលភាពរបស់ប្រជាជន និងពង្រឹងសាមគ្គីភាពក្នុងសង្គម។
ទី២- ការផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាព និងមានតម្លៃសមរម្យ តាមរយៈមូលនិធិសមធម៌សុខាភិបាល ដែលបានផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ ព្រមទាំងការផ្តល់នូវជំនួយឧបត្ថម្ភជាសាច់ប្រាក់ដល់ស្ត្រីសម្រាលកូន ក៏ដូចជាដល់ស្ត្រីមានផ្ទៃពោះ និងកុមារឤយុក្រោម ២ ឆ្នាំ នៃ គ្រួសារក្រីក្រ។
ទី៣- ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ដែលសំដៅគាំទ្រ និងដោះស្រាយបញ្ហារបស់មនុស្សវ័យចាស់ ដោយយកចិត្តទុកដាក់លើការប្រែប្រួលនៃកត្តាប្រជាសាស្ត្រ ជាមួយ នឹងចក្ខុវិស័យនៃការធានាថា មនុស្សវ័យចាស់ឤចចូលរួមដោយសេរី និងមានសេចក្តីថ្លៃថ្នូរនៅក្នុងគ្រួសារ, សហគមន៍, សកម្មភាពសេដ្ឋកិច , សកម្មភាពសាសនា និងសកម្មភាពនយោបាយ តាមបំណងប្រាថ្នារបស់ ពួកគាត់ ហើយប្រជាជនវ័យក្មេង ក៏ត្រូវតែទទួលបានចំណេះដឹង និងជំនាញ ដែលឤចអនុញ្ញាតឱ្យពួកគេរស់នៅប្រកបដោយផលិតភាព, សុខភាពល្អ, មានភាពសកម្ម និងមានសេចក្តីថ្លៃថ្នូរ នៅពេលពួកគេឈានដល់វ័យចំណាស់។
លោកជំទាវ , ឯកឧត្តម , លោកស្រី , អស់លោក ជាទីមេត្រី !
បទពិសោធន៍របស់កម្ពុជា បានបញ្ជាក់ច្បាស់ថា សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនឤចខ្វះបានសម្រាប់ការអភិវឌ្ឍ, ហើយបញ្ច្រាសសមកវិញ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងសមធម៌ គឺជា លក្ខខណ្ឌដ៏ចាំបាច់ សម្រាប់ពង្រឹង និងធានានូវសុខសន្តិភាព និងស្ថិរភាពសង្គម ។ លើមូលដ្ឋាននៃបទពិសោធន៍នេះ, ប្រជាជាតិកម្ពុជាទាំងមូល ផ្តល់តម្លៃខ្ពស់បំផុតចំពោះការខិតខំបន្តថែរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងការជំរុញកិច្ចអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ដែលបច្ចុប្បុន្ននេះ កំពុងតែហុចផ្លែផ្កាយ៉ាងពិតប្រាកដ ជា ប្រយោជន៍ជូនដល់ពលរដ្ឋកម្ពុជា នៅគ្រប់ច្រកល្ហកក្នុងផ្ទៃប្រទេស។
មុននឹងបញ្ចប់, ខ្ញុំសូមសម្តែងជាថ្មីម្តងទៀត នូវការវាយតម្លៃខ្ពស់ជូនចំពោះអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបានបន្តកិច្ចសហការ និងគាំទ្រដល់ប្រទេស និងប្រជាជនកម្ពុជា ក្នុងពេលកន្លងមក ហើយរំពឹងយ៉ាងមុតមាំចំពោះសុឆន្ទៈនៃការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍនេះ ឱ្យកាន់ តែសកម្មខ្លាំងឡើងថែមទៀត ដើម្បីគោលដៅរួមរបស់យើងទាំងអស់គ្នា គឺ៖ ការកសាងពិភពលោកមួយ ដែល គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។
ជាចុងបញ្ចប់, ខ្ញុំសូមជូនពរឱ្យសន្និបាតប្រចាំឆ្នាំលើកទី ៧៥ នេះ ទទួលបានផ្លែផ្កាជាទីមោទនៈ និងសូមឱ្យអ្នកចូលរួម និងភ្ញៀវកិត្តិយសគ្រប់រូបនៅក្នុងអង្គសន្និបាត បានសមប្រកបតែនឹងសន្តិភាព, ភាពសុខដុមរមនា, សុខភាព, វិបុលភាព និង សុភមង្គល កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអរគុណ !