ស្ពានពីរទៀតឆ្លងទន្លេមេគង្គ បើកស្ពានអាកាសតិចណូធ្វើបុណ្យអុំទូក ការឡើងប្រាក់ខែនៅឆ្នាំ ២០១៦

ព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ ក្នុងឱកាសពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារទី ២ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីដំណើរចរចារកសន្តិភាព រហូតសម្រេចបានជា កិច្ចព្រមព្រៀងប៉ារីស ហើយជម្រុញឲ្យមនុស្សមួយចំនួនយល់ឲ្យច្បាស់ពីឫសគល់នៃកិច្ចព្រមព្រៀង ដោយកុំយកតែចំណុចណាមួយមកបកស្រាយដាច់ដោយឡែក។ សម្តេចតេជោ បានរំលឹកប្រៀបធៀបថា នយោបាយឈ្នះ/ឈ្នះ ដែលមានកត្តាស្នូលបី គឺការធានាសន្តិសុខសម្រាប់បុគ្គលម្នាក់ ធានាអាជីពនិងមុខរបរ និងធានាកម្មសិទ្ធិ បានធ្វើអោយតំបន់សមាហរណកម្មមានផលិតផលក្នុងស្រុកសរុបកម្រិតខ្ពស់ ធនធានមនុស្សមានការរីកចំរើន និងមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ។

លុបពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះមួយចំនួន, ចែកអាវរងារដល់កងទ័ពឲ្យបានមុនរដូវរងារ

ក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៥ នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន គណរដ្ឋមន្ត្រីបានធ្វើការអនុម័តលើសេចក្តីព្រៀ​ងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ជាមួយនឹងការលុបចោលការយកពន្ធលើមធ្យោបាយដឹកជញ្ជូនខ្នាតតូចមួយចំនួន មានទោចក្រយានយន្ត ត្រីចក្រយាន​យន្ត ត្រាក់ទ័រ គ្រឿងយន្តប្រហាក់ប្រហែល និងជលយាន​តូចៗ ដោយប៉ះប៉ូវវិញជាការកែសម្រួលការយក​ពន្ធលើ​រថយន្តដឹកទំនិញ និងរ៉ឺម៉កសណ្តោង ដែលប៉ះពាល់​ទៅដល់​ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន។

សន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធ និងភាពប្រសើរឡើងនៃប្រាក់ចំណូល ធ្វើឲ្យប្រជាជនរីករាយបុណ្យភ្ជុំបិណ្ឌ

ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន អះអាងថា មានកត្តា ៣ ធំៗ ដែលធ្វើឲ្យស្ងាត់ទី​ក្រុង​ភ្នំពេញ កំឡុងពេលបុណ្យភ្ជុំបិណ្ឌ ពីថ្ងៃទី ១២ ដល់ ១៤ តុលា ឆ្នាំ ២០១៥។ សន្តិភាព គឺជាកត្តា​ចម្បង និងសំខាន់ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងស្រុកអាចធ្វើដំណើរទៅគ្រប់ទីកន្លែងបាន។ ប្រជាជន​លែងខ្លាចគ្រាប់មីន ឬជម្លោះប្រដាប់អាវុធ ដូចពេលដែលកម្ពុជានៅមានតំបន់ត្រួតត្រា ៤ គឺរាជរដ្ឋាភិបាល ខ្មែរក្រហម រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និង ហ៊្វុនស៊ិនប៉ិច។