អរគុណ ហុងគ្រី និងគុយបា ចំពោះការជួយជ្រោមជ្រែងរហូតមក

ថ្ងៃទី ៤ ខែ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលការងារជាមួយ លោក László Kövér ប្រធានរដ្ឋសភានៃសាធារណរដ្ឋហុងគ្រី ដែលបានកោតសរសើរការអភិវឌ្ឍ​ឆាប់រហ័សរបស់កម្ពុជា និងបញ្ជាក់ពីបំណងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសហុងគ្រី ដែលបានជួយកម្ពុជា​តាំងពីទស្សវត្សរ៍ទី ៨០ លើ​ការ​បណ្តុះបណ្តាលធនធានមនុស្ស ការបង្កើតមជ្ឈមណ្ឌលកុមារកំព្រាកម្ពុជា-ហុងគ្រី និង​​ស្នើឲ្យហុងគ្រី ពង្រីកសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយមានទំហំធំទ្វេឡើង ព្រមទាំង​ជំរុញទេសចរពីហុងគ្រីមកកម្ពុជាផង។ ក្នុងថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ លោក Jose Ramon Rodriguez Varona ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ចូលជួបសម្តែងការគួរសម និងជម្រាបលា​ពេលដែលលោកត្រូវ​បញ្ចប់​បេសកកម្មការទូតនៅកម្ពុជា។

កំពស់ទឹកទន្លេមេគង្គទាប ផ្អាកការអុំទូកក្នុងពិធីបុណ្យសំពះព្រះខែ ឆ្នាំ ២០១៥

សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខា កាលពីថ្ងៃ ៣១ តុលា ២០១៥ លើសារាចរមួយជូនដំណឹង ជាសាធារណថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកព្រឹត្តិការណ៍ប្រណាំងទូក ដែលត្រូវធ្វើនៅរាជធានី ភ្នំពេញ ពីថ្ងៃ ២៤ ដល់ ២៦ វិច្ឆិកា នៃពិធីបុណ្យអុំទូក លយប្រទីត សំពះព្រះខែ ឆ្នាំ ២០១៥ នេះ។ សារា​ចរណ៍ បានបញ្ជាក់អំពីកំពស់ទឹកទាបពេកនៃទន្លេមេគង្គជាមូលហេតុចម្បងសម្រាប់ការផ្អាកព្រឹត្តិការណ៍​នេះ និងបានបញ្ជាក់ច្បាស់ថា ព្រឹត្តិការណ៍ដ៏ទៃទៀតនៃពិធីបុណ្យសំពាះព្រះខែនឹងត្រូវធ្វើដូចធម្មតា

ស្វាគមន៍ឆ្នាំសិក្សាថ្មី ២០១៥/១៦

ក្នុងសារផ្ញើជូនជនរួមជាតិ នាឱកាសឆ្នាំសិក្សាថ្មី ឆ្នាំ ២០១៥/១៦ សម្តេចតេជោ ហ៊ុន សែន បានលើក​ឡើង​ពីការបន្តកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកំពស់វិស័យសិក្សាអប់រំ ពិសេសការ​ជម្រុញ​ការចូលសាលាសិក្សារបស់កុមារ។ សម្តេចតេជោបញ្ជាក់ថា ភារកិច្ចសិក្សា ទាមទារនូវការលើកកំពស់​ជា​បន្ត​ និងការអភិវឌ្ឍមិនកំណត់ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សជាគុណភាព ទេពកោសល្យ ផលិត​ភាព សក្តានុ​ពល សីលធម៌ និងគុណធម៌ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកប​ដោយ​និរន្តភាព។